អង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី០៩ ធ្នូ ចេញផ្សាយរបាយការណ៍ ការពិនិត្យឡើងវិញរយៈពេល ១០ឆ្នាំ ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជារបាយការណ៍សិទ្ធិមនុស្សសម្រាប់ឆ្នាំ២០១៨។ ការរំលោភសិទ្ធិមនុស្ស សំខាន់ៗ សម្រាប់ឆ្នាំ២០១៨ មានដូចជា សាលាដំបូងរាជធានីភ្នំពេញ នៅខែមករា បានចោទប្រកាន់ ថ្នាក់ដឹកនាំសង្គមស៊ីវិល៣នាក់ គឺលោក ប៉ា ងួនទៀង លោក មឿន តុលា និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ពីបទរំលោភលើសេចក្ដីទុកចិត្ត ពាក់ព័ន្ធនឹងបច្ច័យចូលបុណ្យសពរបស់បណ្ឌិត កែម ឡី។ អង្គការលីកាដូ យល់ថា នេះជាការចោទប្រកាន់បែបមិនសមទំនង ហើយក្រុមគ្រួសាររបស់បណ្ឌិត កែម ឡី ចាត់ទុកថា ជា បណ្តឹងគ្មានមូលដ្ឋាន។
នៅឆ្នាំ២០១៨ សិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយ ត្រូវបានអង្គការលីកាដូ រកឃើញថា មានការរំលោភខ្លាំង ដូចជា ករណីអាជ្ញាធរប្រទេសថៃ និរទេស សកម្មជនបក្សប្រឆាំង អ្នកស្រី សំ សុខា ដែលអង្គការសហប្រជាជាតិចាត់ទុកជាជនភៀសខ្លួនមកពីប្រទេសកម្ពុជាវិញ ហើយតុលាការបានចោទអ្នកស្រី ពីបទញុះញង់ឱ្យមានការរើសអើង និងបទ ប្រមាថមន្ត្រីសាធារណៈ ក្រោយពេលអ្នកស្រី បានយកស្បែកជើងគប់លើស្លាកគណបក្សកាន់អំណាច។ ករណី សភាឯកបក្សនៅកម្ពុជា បានអនុម័តច្បាប់ស្តីពី ការប្រមាថព្រះមហាក្សត្រ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅខែកុម្ភៈ ដែលបានហាមឃាត់ ក្រុមប្រឹក្សាជាប់ឆ្នោតរបស់បក្សប្រឆាំងចូលរួម ក្រោមហេតុផល តុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិ។ ខែមីនា កើតមានករណីរំលោភសិទ្ធិដីធ្លី លើពលរដ្ឋ ៣នាក់ នៅខេត្តក្រចេះ ត្រូវបានបាញ់ និងរងរបួសនៅពេលដែលកងកម្លាំងប្រដាប់អាវុធចម្រុះប្រមាណ ១០០នាក់ បានធ្វើការបាញ់បង្ក្រាប ទៅលើពលរដ្ឋប្រមាណ ៣០០នាក់ កំពុងតវ៉ាប្រឆាំងការបណ្ដេញចេញដោយហិង្សាមួយ នៅម្ដុំចម្ការកៅស៊ូមេមត់។
នៅខែឧសភា មានការចាប់ខ្លួន ពលរដ្ឋដំបូងបង្អស់ ពីបទប្រមាថព្រះមហាក្សត្រ គឺសកម្មជនបក្សប្រឆាំងនៅខេត្តសៀមរាប លោក បាន សម្ភីរ ដែលបានចែករំលែកអត្ថបទមួយរិះគន់ ព្រះមហាក្សត្រ និងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ក្នុងបណ្ដាញសង្គម (facebook)។ ព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្សធំមួយទៀត កាលឆ្នាំនោះ គឺការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨។ គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈទាំងអស់នៃរដ្ឋសភាជាតិ នៅក្នុងការបោះឆ្នោតជាតិមួយ ដែលផាត់ចោលគណបក្សប្រឆាំង។ នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យកម្ពុជា ដែលមានតែគណបក្ស មួយគត់ គ្រប់គ្រងរដ្ឋសភាជាតិ ។ ចំនួនសន្លឹកឆ្នោតមិនបានការ ច្រើនជាងចំនួនសន្លឹកឆ្នោតបានការ ដែលគណបក្សតូចៗ ដទៃទៀតទទួលបាន។ ក្រោយការឈ្នះឆ្នោតតែម្នាក់ឯងនេះមក នៅខែសីហា អ្នកទោសមនសិការច្រើននាក់ រួមមាន សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលរងបទចោទមិនត្រឹមត្រូវ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែតុលាការបានកម្រិតសិទ្ធសេរីភាពមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងការធ្វើដំណើរ។
អង្គការលីកាដូ នឹងបង្ហាញរបាយការណ៍សង្ខេបឆ្នាំ២០១៩ នៅថ្ងៃទី១០ ធ្នូ នៅលើគេហទំព័ររបស់ខ្លួន។ ការដាក់បង្ហាញរបាយការណ៍សង្ខេបព្រឹត្តិការណ៍ ស្ដីពីសិទ្ធិមនុស្ស និងការរំលោភសិទ្ធិមនុស្សសំខាន់ៗ នានា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺដើម្បីអបអរដល់ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ឆ្នាំ២០១៩។
ទន្ទឹមគ្នានឹងអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO)ចេញរបាយការណ៍ ស្ដីពីការពិនិត្យឡើងវិញ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា រយៈពេល ១០ឆ្នាំនេះ សមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) ក៏នឹងរៀបចំពិធីរំលឹកខួបនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ធ្នូ នៅទីលានប្រជាធិបតេយ្យដែរ៕
( លោក នី សុខា ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគម អាដហុក (ADHOC) ។ រូប៖ ហ្វេសប៊ុកសមាគម )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
