លីកាដូ​​​​​ថា រដ្ឋាភិបាល​ចាប់​ខ្លួន​ពលរដ្ឋ​ជាង​១រយ​នាក់​ក្នុង​ឆ្នាំ​២០២៤​ ព្រោះ​ការ​អនុវត្ត​សិទ្ធិ

ដោយ មាន ឫទ្ធិ
2024.12.12
លីកាដូ​​​​​ថា រដ្ឋាភិបាល​ចាប់​ខ្លួន​ពលរដ្ឋ​ជាង​១រយ​នាក់​ក្នុង​ឆ្នាំ​២០២៤​ ព្រោះ​ការ​អនុវត្ត​សិទ្ធិ ប័ណ្ណ​ផ្សព្វផ្សាយស្ដីពីការចាប់ខ្លួនសកម្មជនមួយ​ចំនួន​នៅ​កម្ពុជា របស់​អង្គការលីកាដូ កាលពីថ្ងៃទី១១ ធ្នូ ២០២៤។
Screenshot/Licadho website

អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ថា ក្នុង​រយៈ​ពេល​ជិត ១​ឆ្នាំ​នេះ​​រដ្ឋាភិបាល​បាន​​​ចាប់ខ្លួន និង​ឃុំ​ខ្លួន​​​​​​​ពលរដ្ឋ ១០២​នាក់ រួម​មាន​​សកម្មជន​នយោបាយ ​សហជីព​ ​សិស្ស​និស្សិត​ ​សកម្មជន​ការពារ​បរិស្ថាន​​ អ្នកសារព័ត៌មាន​ និង​ពលរដ្ឋ​សាមញ្ញ​ដទៃ​ទៀត ដោយ​សារ​សកម្មភាព​​អនុវត្ត​សិទ្ធិ​របស់​ពួកគាត់។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​​ចេញ​​អត្ថបទ​ថា​រដ្ឋាភិបាល​​​​បន្ត​បំបិទ​សំឡេង​អ្នក​ដែល​តែង​រិះគន់​ដល់​គោល​ន​យោ​យ​បាយ​របស់​រាជរដ្ឋាភិបាល​​ដូច​ជា សកម្មជន​ដែល​តែងតែ​ធ្វើការ​តស៊ូ​មតិ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​ពលរដ្ឋ​សាមញ្ញ​ដែល​តែង​បញ្ចេញមតិ ឬ​បង្ហាញ​ពី​ការយល់​ឃើញ​របស់​ពួកគេ​ជាដើម។

តាមរយៈ​អត្ថបទ​រឿងរ៉ាវ​នៃ​ការ​ចាប់​ខ្លួន​សកម្មជន​នៅ​ក្នុង​ឆ្នាំ​ ២០២៤​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១១ ធ្នូ លីកាដូ បាន​កត់ត្រា​​​ថា ក្នុង​ចំណោម​​​អ្នក​ជាប់ឃុំ​ឃាំង​​ចំនួន​ ១០២​នាក់ អ្នក​ជាប់ឃុំ​ ៤៥​នាក់​​ ​ត្រូវ​បាន​ដោះលែង​មក​វិញ និង​អ្នក​ជាប់ឃុំ ៥៧​នាក់​ទៀត បន្ត​នៅ​ក្នុង​ពន្ធ​នាគារ​ដើម្បី​អនុវត្ត​ទោស​ ឬ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​​អាសន្ន។

អង្គការ​លីកាដូ​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​ការ​កើន​ឡើង​ដ៏​​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ចំនួន​ការ​ចាប់​ខ្លួន​​ សាលាដំបូង និង​ស្ថាប័ន​អយ្យការ​ខេត្ត​បាន​ចាប់​ផ្ដើម​​ប្រើប្រាស់​មាត្រា ៨៨ នៃ​ក្រមព្រហ្មទណ្ឌ​ ​មក​លើ​អ្នក​ទាំងនោះ។ មាត្រា​នេះ នឹង​​ធ្វើ​ឱ្យ​​​អ្នក​​ដែល​​ធ្លាប់​​ត្រូវ​​បាន​​តុលាការ​​ផ្ដន្ទាទោស​​​ពី​​បទ​ល្មើស​មជ្ឈិម ត្រូវ​ទទួល​ទោស​ទ្វេ​ដង ប្រសិន​បើ​ពួកគេ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​​ពី​បទមជ្ឈិម​ម្ដង​​ទៀត​ក្នុង​រយៈ​ពេល​ ៥ឆ្នាំ ។

អង្គ​ការ​លីកាដូ​​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​​​ធ្វើការ​សុំទោស​ជា​សាធារណៈ ដើម្បី​អាច​មាន​សេរីភាព។ ការ​សុំ​ទោស​ជា​សាធារណៈ​នេះ​​ ​ដែល​ជារឿយៗ​ត្រូវ​ធ្វើ​ដោយ​មាន​កិច្ច​សន្យា​ និង​​ថត​ជា​វីដេអូ​សុំទោស ទទួល​ស្គាល់​កំហុស​យល់​ព្រម​ទៅលើ​លក្ខខណ្ឌ​មួយ​ចំនួន​ ឬ​​ត្រូវ​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​កាន់​អ្នក​ផ្សេង​ ​ថែមទៀត​ផង។ វីដេអូ​នេះ តែង​​តែ​ត្រូវ​បាន​​ផ្សព្វ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល​។

អង្គការ​លីកាដូ​​​​​​​​កត់ត្រា​ទៀត​ថា ចាប់​ពី​ខែ​​មករា​ ដល់​ខែ​វិច្ឆិកា​​​នេះ​​​​រដ្ឋាភិបាល​បាន​ចាប់ខ្លួន និង​ឃុំ​ខ្លួន​​​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​​​ជា​ពិសេស​ការ​ចាប់​ខ្លួន​​ទ្រង់ទ្រាយ​ធំ​​នៅ​ក្នុង​ខែ​កក្កដា​ និង​ខែ​សីហា។ ក្នុង​ខែ​កក្កដា​​ រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​​មនុស្ស​ចំនួន ១៧​នាក់​ក្នុង​នោះ​រួម​មាន​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​​ចំនួន ៥​នាក់ និង​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ចំនួន​៣​នាក់​ផង​ដែរ។

ដោយ​ឡែក​ក្នុង​ខែ​សីហា​វិញ រដ្ឋាភិបាល​​បាន​ចាប់​ខ្លួន​​មនុស្ស​ចំនួន ៤៨​នាក់​​រួម​មាន​ក្រុម​យុវជន​ ​និង​បុគ្គលិក​អង្គការ​មិនមែន ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ពី​គម្រោង តំបន់​​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ចុង​ក្រោយ​គឺ​ការ​ឃុំខ្លួន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ចំនួន ៦​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ឱ្យ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​​ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី​ ១១ ខែ​ធ្នូ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​​​​​​ថា ការ​ចេញ​ផ្សាយ​​អត្ថបទ​នេះ​គឺ​ជា​ការ​បង្ហាញ​​ទៅ​កាន់​សាធារណជន​ថា អ្នក​ធ្វើ​ការងារ​ដើម្បី​សង្គម​ជា​ច្រើន​នាក់​​កំពុង​បាត់​បង់​សេរីភាព​ដោយ​សារ​តែ​ការ​ងារ​ជា​អ្នកការ​ពារ​បរិស្ថាន​ ការងារ​ជា​សហជីព​ និង​ការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ដើម។ លោក​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​​ដោះលែង​អ្នក​ទោស​​មនសិការ​ទាំង​នេះ​ ព្រោះ​ថា សកម្មភាព​របស់​ពួកគាត់​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ។

លោក អំ សំអាត«អ៊ីចឹង​អ្វី​ដែល​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​​ស្រុក​ក៏​ដូច​ជា​អង្គការ​លីកាដូ​​ចង់​ឃើញ​ហ្នឹង​គឺ​​ យើង​ចង់​ឃើញ​ធ្វើ​យ៉ាង​ណា​កម្ពុជា​យើង​​មាន​ការ​បើក​ចំហ​​ទៅ​លើ​សេរីភាព​ជា​​មូលដ្ឋាន​របស់​ពលរដ្ឋ​​​ លំហ​សេរីភាព​សង្គម​​ស៊ីវិល​ លំហ​សេរីភាព​សារព័ត៌មាន​​ លំហ​​សេរីភាព​នយោបាយ​នេះ​ឱ្យ​បាន​ចេញ​លេញ​ ហើយ​ហ្នឹង​ទាក់ទង​នឹង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​បរិស្ថាន​​ សកម្មជន​សង្គម​ ឬ​ក៏​សហជីព​គួរ​តែ​ពិនិត្យ​នឹង​ពិចារណា​ក្នុង​ការ​ដោះ​លែង​ពួកគាត់​ឱ្យ​មាន​សេរីភាព»

បញ្ហា​សិទ្ធិ​មនុស្ស​ និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ។ សភា​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា បាន​អនុម័ត​សេចក្ដី​សម្រេច​ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​ ពិនិត្យ​សើរើ​ឡើង​វិញ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន ៨០% ជាមួយ​កម្ពុជា​ និង​ពិចារណា​ដាក់​ទណ្ឌកម្ម​ជាក់​លាក់​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។