ថៅកែ​ថៃ​បញ្ឈប់​ពលករ​ខ្មែរ​ជាច្រើន​ដោយ​មិន​​បញ្ជាក់​មូលហេតុ

ដោយ យ៉ង ចាន់តារា
2023.02.07
ថៅកែ​ថៃ​បញ្ឈប់​ពលករ​ខ្មែរ​ជាច្រើន​ដោយ​មិន​​បញ្ជាក់​មូលហេតុ ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​វិចខ្ចប់​មួយ នៅ​ខេត្ត​រ៉ាក់យ៉ង(Rayong) ​ប្រទេស​ថៃ(Thailand) ​ជាង​២០​នាក់​ ត្រូវ​បាន​ថៅកែ​ថៃ ​បញ្ឈប់​ពី​ការងារ​។
Photo Provided

ពលរដ្ឋ​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​វិចខ្ចប់​មួយ នៅ​ខេត្ត​រ៉ាក់យ៉ង(Rayong) ​ប្រទេស​ថៃ(Thailand) ​ជាង​២០​នាក់​ ត្រូវ​បាន​ថៅកែ​ថៃ ​បញ្ឈប់​ពី​ការងារ​ ដោយ​មិន​បញ្ជាក់​មូលហេតុ។ មន្ត្រី​សង្គមស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ពលករ​លើកឡើង​ថា ការ​បញ្ឈប់​ការងារ​នេះ ​គឺ​ថៅកែ​ថៃ​រំលោភ​ច្បាប់​ការងារ​របស់​ប្រទេស​នេះ

ថៅកែ​ជនជាតិ​ថៃ ដែល​បញ្ឈប់​ពលករ​ខ្មែរ​ពី​ការងារ​ មិន​បាន​ផ្ដល់​ដំណឹង​ជូន​ពលករ​ជា​មុន​ទេ ហើយក៏​មិន​ទាន់​ផ្ដល់​ប្រាក់​សំណង​ឱ្យ​ពលករ​វិញ​ដែរ​។ ពេល​នេះក្រុម​ពលករ​កំពុង​ប្រឈម​បញ្ហា​ជីវភាព ក្នុង​គ្រា​ដែល​គ្មាន​ការងារ​ធ្វើ។

ពលករ​ខ្មែរធ្វើ​ការងារ​ផ្នែក​ធ្វើ​ថង់​ប្លាស្ទិក ​លោកស្រី ព្រំ សំណាង ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី០៧ ខែ​កុម្ភៈ ថា ថៅកែ​ថៃ បាន​ហៅ​លោកស្រី​ទៅ​ចុះ​ហត្ថលេខា​លើ​លិខិត​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី០៣ ខែ​កុម្ភៈ ដោយ​មិន​ប្រាប់​លោកស្រី​ថា នោះ​ជា​លិខិត​បញ្ឈប់​ពី​ការងារ​ទេ។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា ពេលនោះ​លោក​ស្រី ​និង​ពលករ​ផ្សេង​ទៀត ​មិនដឹង​ត្រូវ​ធ្វើ​បែប​ណា​ ក៏​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​ពាក្យ​លាឈប់​នោះ។ លោកស្រី​​ថា ពេលនេះ​ក្រុម​ពលករ​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួង​ការងារ​ថៃ និង​អង្គការ​សង្គមស៊ីវិល​នៅ​ប្រទេស​ថៃ​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍។

លោកស្រី ព្រំ សំណាង «គេ​(ថៅកែ)​​ហៅ​ទៅ​គេ​ឱ្យ​ស៊ីញ៉េ គេ​ថា ស៊ីញ៉េ​វីសា ដល់​ទៅ​ដល់​លើ​គេ​បង្ខំ​អ៊ីចឹង​គ្រប់​គ្នា»

ពលករ​ម្នាក់​ទៀត​ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ដែរ​នោះ ​លោកស្រី ជិន ស៊ីឡាត់ ប្រាប់​ថា ថៅកែថៃ​មិន​ទាន់​ផ្ដល់​ប្រាក់​ឈ្នួល​ចុង​ក្រោយ​ និង​ប្រាក់​ជំងឺ​ចិត្ត​នោះ​ទេ។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​បញ្ឈប់​ពី​ការងារ​ថៅកែ​ថៃ បាន​កាត់​លុយ​លោកស្រី​ចំនួន ៤ពាន់ ៥០០​បាត(​៤.៥០០​) ឬ​ប្រមាណ ១៤០ដុល្លារ ដើម្បី​រត់​ការ​ធ្វើ​ទិដ្ឋាការ​ការងារ(វីសា)។ ប៉ុន្តែ​​ពេល​ថៅកែ​បញ្ឈប់​លោកស្រី​ពី​ការងារ​ដូច្នេះ ថៅកែ​មិន​ទាន់​ផ្ដល់​ប្រាក់​ធ្វើ​ ​វីសា​នោះ​មក​វិញ​ទេ។

លោកស្រី ជិន ស៊ីឡាត់«គ្នា​ធ្វើ​ការ​មាន​អ្នក​១០​ឆ្នាំ​ មាន​អ្នក​៥​ឆ្នាំ​ទៀត​ ថា ខ្ញុំ​ទើប​បាន​១​ឆ្នាំ​អី​ហ្នឹង​ឯង បើ​ថា គ្នា​ឡើង​បួន​ប្រាំ​ឆ្នាំ​គ្នា​មិន​បាន​អី​មក​វិញ​ផង»

រោង​ចក្រ​​ថៃ​ដែល​បញ្ឈប់​ពលករ​ខ្មែរ​នេះ​ឈ្មោះ ធី ភី ប៊ី អាយ ភុបប្លីក (TPBI PUBLIC CO,LTD) មាន​ទីតាំង​នៅខេត្ត​រ៉ាក់យ៉ង(Rayong) ក្នុង​តំបន់​ឧស្សាហកម្ម​ ផាត់តានា ​ប្រទេស​ថៃ។ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ថៅកែ ឬ​តំណាង​រោងចក្រ​ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​នៅឡើយ​ទេ។

ទាក់ទង​រឿង​នេះ​ដែរ​ មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ដែល​បាន​ចុះ​អង្កេត​បញ្ហា​​នេះ​យល់​ថា ការ​បញ្ឈប់​ការងារ​នេះ ថៅកែ​ធ្វើ​ដោយ​រំលោភ​ច្បាប់​ការងារ​ប្រទេស​ថៃ។ លោក​ថា តាម​នីតិវិធី ភាគី​ថៅកែ​ត្រូវ​ជូន​ដំណឹង​ជាមុន​ក្នុង​រយៈ​ពេល៣​ខែ​ និងត្រូវ​ទូទាត់​ប្រាក់​សំណង​ជូន​ពលករ។ លោក​បន្ថែម​ថា ពេល​នេះ​ លោកបានយក​ករណី​នេះ​ដាក់​ជូន​អាជ្ញាធរថៃ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​នេះ​ដើម្បី​ជួយ​ដោះស្រាយ។

លោក លឹង សុផុន៖ «បង្ខំ​ឱ្យ​ស៊ីញ៉េ​ហើយ​បញ្ឆោត​ថា ត​ប័ណ្ណ ត​វីសា ត​ឯកសារ​អ៊ីចឹង​ណា​ ក្រដាស​ហ្នឹង​គាត់​មិន​ដឹង​ថា ក្រដាស​អី​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​បន្ទាប់​ពី​គាត់​​ស៊ីញ៉េ​លើ​ក្រដាស​ហ្នឹង​រួចរាល់​ហើយ​គេ​ថា លិខិត​បញ្ឈប់​ពី​ការងារ លក្ខណៈ​រំលោភ​បំពាន​ច្បាប់​ការងារ​ហើយ​ណាមួយ​ទៀត​រំលោភ​សិទ្ធិ​ពលករ​​អ៊ីចឹង​ធ្វើ​ឱ្យ​បង​ប្អូន​ពលករ​មួយ​ចំនួន​ហ្នឹង​មាន​ការ​ភ័យ​ខ្លាច»

លោក លឹង សុផុន ឱ្យ​ដឹង​ដែរថា លោក​បាន​ផ្ដល់​ដំណឹង​នេះ​ទៅ​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ហើយ​មន្ត្រី​ស្ថាន​ទូត​ក៏​បាន​មក​ជួប​ពលករ និង​បាន​សន្យា​ថា នឹង​ជួយ​អន្តរាគមន៍​ករណី​នេះ​ទៅ​អាជ្ញាធរ​ថៃ។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែមពី​មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ធ្វើ​ការងារ​ផ្នែកពលករ ​បាន​ទេ​នៅ​ថ្ងៃ​ទី០៧ ខែ​កុម្ភៈ។

ក្រុម​ពលករ​ស្នើ​ទៅ​ថៅកែ​ថៃ ឱ្យ​សងប្រាក់​ជំងឺ​ចិត្ត​ចំពោះ​ការ​បញ្ឈប់​ពី​ការងារ​នេះ និង​ទាមទារ​ឱ្យ​ថៅកែ​សង​ប្រាក់​ថ្លៃ​ធ្វើ​វីសា​ការងារ​ឱ្យ​ពួកគេ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​ស្រុក​សុរិន្ទ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។