លិខិត​ឆ្លងដែន​ខ្មែរ​របស់​សកម្មជន​ថៃ​បញ្ជាក់ថា​ បុរសរូប​នេះ​រស់​នៅ​កម្ពុជា​មុន​បាត់​ខ្លួន​

ដោយ ម៉ៅ សុធានី
2021-03-30
Share
លិខិត​ឆ្លងដែន​ខ្មែរ​របស់​សកម្មជន​ថៃ​បញ្ជាក់ថា​ បុរសរូប​នេះ​រស់​នៅ​កម្ពុជា​មុន​បាត់​ខ្លួន​ សកម្មជននយោបាយថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ​(Wanchalerm Satsaksit)​ ដែលត្រូវបានគេអះអាងថា មានលិខិតឆ្លងដែនខ្មែរ។
រូប៖ hrw

បងស្រីរបស់សកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ​(Wanchalerm Satsaksit)​គឺ​លោកស្រី​ ស៊ីតាណាន់​ សាត់ស័ក្ដិសិទ្ធិ (Sitanun Satsaksit) បាន​ដាក់​ភ័ស្តុតាង​ថ្មីទៅ​មន្រ្តី​ថៃ ​ដែលមាន​ទាំង​លិខិត​ឆ្លង​ដែន​ខ្មែរ​របស់លោក​ វ៉ាន់ឆាឡឺម​ សាតស័ក្ដិសិទ្ធិ ផង។​ នេះបើតាមការចុះផ្សាយ​​របស់​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ VOA កាលពីថ្ងៃទី៣០ ខែមីនា។

ប្រភព​ដដែល​បញ្ជាក់​ថា លិខិត​ឆ្លងដែន​ខ្មែរ​របស់​សកម្មជន​ថៃរូប​នោះ​ ធ្វើនៅខែសីហា ឆ្នាំ២០១៥​ និង​​មាន​សុពលភាព​រហូតដល់ឆ្នាំ២០២៥។ លោកស្រី​ ស៊ីតាណាន់ សាត​ស័ក្ដិសិទ្ធិ ថា​លិខិត​ឆ្លងដែន​នេះ គឺជា​តឹកតាង​មួយ​បញ្ជាក់ថា ប្អូនប្រុសលោកស្រី ពិតជារស់នៅ​កម្ពុជា​មុនបាត់​ខ្លួន​មែន​ គឺ​មិន​ដូចការ​អះអាង​របស់​មន្រ្តីខ្មែរ​ ដែល​ថា​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ មិន​ដែល​រស់​នៅ​ស្រុក​ខ្មែរ​នោះទេ។​

លិខិត​ឆ្លងដែន​ខ្មែរ​ដែល​មាន​រូបថត​លោក វ៉ាន់ឆាឡឺម ប៉ុន្តែដាក់​ឈ្មោះ​ជា​ភាសាខ្មែរ​ថា សុខ ហេង ភេទប្រុស កើតនៅ​ឆ្នាំ១៩៨២ នៅខេត្តកោះកុង។​

បងស្រីរបស់លោក វ៉ាន់ឆាឡឺម គឺលោកស្រី ស៊ីតាណាន់ បន្តថា លោកវ៉ាន់ឆាឡឺម បានប្រើ​លិខិត​ឆ្លងដែន​ខ្មែរ​នេះ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ជប៉ុន​ ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី​ វៀតណាម​ អារ៉ាប់រួម​ (United Arab Emirates) កេនយ៉ា​ និង​យូហ្កេនដា (Uganda)។ លោកស្រី​បានស្នើឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​​ថៃ ​បើក​ការ​ស៊ើប​អង្កេត​បន្ទាន់មួយ​ ដើម្បី​​ស្វែង​រក​ប្អូន​ប្រុស​លោក​ស្រី។

លោក វ៉ាន់ឆាឡឺម សាត់ឥស័ក្តិសិទ្ធ មាន​វ័យ​ ៣៧ឆ្នាំ ​ត្រូវ​បាន​​ជន​​ប្រដាប់​​អាវុធ​​មួយ​​ក្រុម​​ចាប់​ពង្រត់​ កាល​ពី​​ថ្ងៃ​ទី៤ ខែមិថុនា ​ក្នុង​ពេល​​ដែល​​លោក​​កំពុង​​ដើរ​​តាម​​ផ្លូវ​​ទៅ​​ទិញ​​ម្ហូប​អាហារ​នៅ​មុខ​​​​ខន់ដូ​របស់​​លោក​ឈ្មោះ​ មេគ្គងហ្កាដិន (Mekong Garden) នៅ​ក្នុង​ទីក្រុង​​ភ្នំពេញ។ អ្នក​រិះគន់​​រដ្ឋាភិបាល​​ថៃ​​រូប​​នេះ​ បាន​​រត់​​គេច​​ចេញ​​ពី​​ប្រទេស​​កំណើត​​របស់​ខ្លួន​ បន្ទាប់​ពី​​រដ្ឋប្រហារ​យោធា​ ឆ្នាំ២០១៤​ និង​​បាន​​រស់នៅ​​និរទេស​ខ្លួន​​ក្នុង​​ប្រទេស​​កម្ពុជា​ ហើយ​​លោក​​នៅ​​តែ​​បន្ត​​រិះគន់​​រដ្ឋាភិបាល​​ថៃ​​នៅ​​លើ​​ទំព័រ​​បណ្ដា​ញ​​សង្គម​​របស់​គាត់។ កន្លង​ទៅ​​អាជ្ញាធរ​ថៃ​​បាន​​បដិសេធ​​ថា ពួក​គេ​​មិន​មាន​​ជាប់​ពាក់ព័ន្ធ​​នឹង​​ការ​​បាត់​ខ្លួ​ន​​សកម្មជន​​នយោបាយ​​ថៃ​នេះ​​ទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា កម្ពុជាមិនបានចេញលិខិតឆ្លងដែនខ្មែរឱ្យលោក វ៉ាន់ឆាឡឺម សាត់ឥស័ក្តិសិទ្ធ នោះទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល