ជនភៀសខ្លួនជនជាតិដើមភាគតិចវៀតណាម ឬម៉ុងតាញ៉ា មួយក្រុមថ្មីទៀត បានលួចឆ្លងដែនចូលមកសម្ងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ដើម្បីស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយនៅកម្ពុជា។ ការរត់ភៀសខ្លួននេះ ខណៈដែលមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា ប្រទេសកម្ពុជា មិនមានគោលការណ៍បណ្ដេញជនភៀសខ្លួន ឬអ្នកសុំសិទ្ធិជ្រកកោននោះទេ។
ក្រុមថ្មីនេះមានគ្នា ១៨នាក់ ក្នុងនោះមាន ២នាក់ជានារីត្រូវបានអ្នកភូមិខ្មែរប្រទះឃើញក្នុងព្រៃក្បែរព្រំដែនកាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៨ ខែមករា ខណៈពួកគេបានឆ្លងផុតបន្ទាត់ព្រំដែនចូលមកទឹកដីខេត្តរតនគិរី។
អ្នកភូមិខ្មែរដែលអះអាងថា បានជាអ្នកទំនុកបម្រុងជនភៀសខ្លួនសុំមិនបញ្ចេញឈ្មោះរៀបរាប់ថា ក្រុមម៉ុងតាញ៉ាថ្មីនេះ ត្រូវបានអ្នកភូមិខ្មែរជួយលាក់បំពួន និងផ្គត់ផ្គង់អាហារ ហើយផ្ដល់ដំណឹងនេះមកអង្គការសិទ្ធិមនុស្សដើម្បីជួយអន្តរាគមន៍ទៅក្រុមការងារឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឲ្យរកមធ្យោបាយជួយសង្គ្រោះពួកគេពីក្នុងព្រៃ។
អ្នកភូមិខ្មែរដដែលបន្ថែមទៀតថា ក្រុមថ្មីនេះរស់នៅឃុំចំនួន៧ និងស្រុកចំនួន៥ ក្នុងខេត្តយ៉ាឡាយ ដូចគ្នា៖ «ចង់រកអ្នកណាទទួលគាត់ដាំដុះ អាចឲ្យគាត់រស់ដូចគេដូចឯង។ ពឹងយូ.អិន.អេច្ឆ.ស៊ី.អ យកពួកគាត់ឆាប់ៗ វាពិបាកដែរ ម្នាក់ខ្ញុំ បើខ្ញុំឲ្យគេចាប់ខ្លាចគេធ្វើបាបគាត់ទៀត»។
ទាក់ទិនការហូរចូលនៃក្រុមម៉ុងតាញ៉ា ថ្មីនេះ ស្នងការរងប៉ូលិសខេត្តរតនគិរី អ៊ឹម ផានី មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសគ្មានព័ត៌មានពីក្រុមថ្មីនេះទេ ហើយសូម្បីតែក្រុមជនភៀសខ្លួនផ្សេងទៀតដែលត្រូវបានអះអាងថា កំពុងលាក់ខ្លួនក្នុងព្រៃ ក៏ប៉ូលិសមិនអាចស្វែងរកទីលាក់ខ្លួនពួកគេឃើញឡើយ។ លោកបញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវករណីនេះ៖ «អ៊ីចឹងមែន ដល់យើងសិក្សារកប្រភពព័ត៌មានហ្នឹងជាក់លាក់ ដល់អ៊ីចឹងអត់ឃើញមានស្អី»។
ការមកដល់នៃក្រុមម៉ុងតាញ៉ា ១៨នាក់ថ្មីនេះ បានធ្វើឲ្យតួលេខក្រុមម៉ុងតាញ៉ា កំពុងលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី កើនដល់ ៣២នាក់។
ក្នុងការទាក់ទងសុំការអធិប្បាយតាមទូរស័ព្ទ ជនភៀសខ្លួនក្នុងក្រុមទើបមកដល់មួយរូបអះអាងថា គាត់បានរត់ចេញពីស្រុកជីព ប្រុងទៅលាក់ខ្លួនក្នុងព្រៃប្រទេសវៀតណាម ជាង ៧ខែកន្លងទៅដោយសារការបិទសេរីភាពពីអាជ្ញាធរមូលដ្ឋានវៀតណាម ទាក់ទិនសេរីភាពជំនឿសាសនា។
អ្នកភៀសខ្លួនរូបនេះបន្តថា គាត់បានប្រមូលគ្នីគ្នាដែលរងការកៀបសង្កត់បាន ១៨នាក់ ហើយចាកចេញពីប្រទេសវៀតណាម កាលពីថ្ងៃទី២០ និងចំណាយពេល ៩ថ្ងៃដើរក្នុងព្រៃទើបប្រទះឃើញភូមិខ្មែរធ្វើចម្ការក្នុងព្រៃជួយសង្គ្រោះ និងផ្ដល់ដំណឹងដល់អង្គការសង្គមស៊ីវិលពីការភៀសខ្លួនរបស់ពួកគេដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន៖ «គាត់ជឿខាងជំនឿសាសនាដេហ្គា ហ្នឹង។ យួនគេបំបិទសិទ្ធិមិនឲ្យជឿខាងហ្នឹង ជំនឿយីស៊ូហ្នឹងណា! ចាប់គំរាមកំហែងវាយចាប់គេដាក់គុក»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា វត្តមានក្រុមថ្មីនេះលោកបានផ្ដល់ព័ត៌មានសុំកិច្ចអន្តរាគមន៍ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញហើយ។ លោកកត់សំគាល់ថា ចរន្តហូរចូលនៃជនភៀសខ្លួនវៀតណាម កាន់តែកើនច្រើន ហេតុនេះរដ្ឋាភិបាលកម្ពុជា គួរបំពេញកាតព្វកិច្ចរបស់ខ្លួនជាម្ចាស់ហត្ថលេខីលើកតិកាសញ្ញាស្ដីពីជនភៀសខ្លួនឲ្យបានប្រសើរ៖ «អ្នកភូមិគាត់បញ្ជាក់ថា ជនភៀសខ្លួនរត់មកអាចនឹងមានចំនួនច្រើនទៀត។ ទទួលបានយប់មិញ ហើយយើងបានផ្តល់ព័ត៌មានឲ្យ យូ.អិន សិទ្ធិមនុស្សនៅកម្ពុជារួចហើយ»។
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានដកស្រង់ប្រសាសន៍អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ កាលពីថ្ងៃទី២៧ ខែមករា ថា បច្ចុប្បន្នមានជនសុំសិទ្ធិជ្រកកោននៅកម្ពុជា ១០២នាក់ ក្នុងនោះ ៦២នាក់ទទួលបានឋានៈជាជនភៀសខ្លួន និង ៤០នាក់ផ្សេងទៀតកំពុងដំណើរនីតិវិធីកំណត់អត្តសញ្ញាណពួកគេនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
