កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានរុញច្រានកូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ម្នាក់កៀបនឹងទ្វាររថយន្តក្រុង និងបានរារាំងកូដករជិត១រយនាក់ (៨៨) ផ្សេងទៀត មិនឱ្យឈរតវ៉ា និងលើកបដានៅក្បែរអគារក្រុមហ៊ុនឡើយ នៅថ្ងៃទី៣០ ឧសភា។ ក្រុមកូដករ រិះគន់ថារដ្ឋាភិបាល គួរតែជំរុញឱ្យភាគីថៅកែចេញមុខដោះស្រាយដោយសន្តិវិធី មិនមែនប្រើកម្លាំងសមត្ថកិច្ចបង្ក្រាបដោយហិង្សាលើពលរដ្ឋតាមទំនើងចិត្តបែបនេះឡើយ។
ក្រុមសមត្ថកិច្ចចម្រុះ បន្តដាក់កម្លាំងកាន់តែតឹងរ៉ឹងជាងមុននៅក្បែរអគារក្រុមហ៊ុនណាហ្គាវើលដ៍ និងបានរុញច្រានក្រុមស្រ្តីជាកូដករទាំងកម្រោល ដោយបង្ខំឱ្យពួកគាត់ឡើងរថយន្តរួចដឹកទម្លាក់ចោលនៅតំបន់ជាយក្រុងភ្នំពេញក្នុងខណ្ឌព្រែកព្នៅដូចសព្វដង។
កូដករម្នាក់ កញ្ញា សៀក កញ្ញា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ច និងជនស៊ីវិលជាច្រើននាក់ បានចាប់អូសកញ្ញាញាត់បញ្ចូលក្នុងរថយន្តទាំងកម្រោល និងបានបិទទ្វារឡានពេញទំហឹង បណ្ដាលឱ្យកៀបនឹងមាត់ទ្វារ ដោយមិនខ្វល់ពីក្ដីអាណិត និងសម្រែកឈឺចាប់របស់កញ្ញាឡើយ។ កញ្ញាឱ្យដឹងថា មកដល់នេះ កញ្ញាមានអាការៈឈឺក្បាលខ្លាំង និងឈឺចាប់ពេញរាងកាយ ព្រមទាំងមានស្លាកស្នាមជាំជាច្រើននៅលើដងខ្លួន។ កញ្ញា យល់ថា ទំនងអាជ្ញាធរទាំងនោះទទួលបានផ្តល់ប្រយោជន៍ច្រើនពីថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ទើបពួកគាត់ក្បត់ឧត្តមគតិខ្លួនឯង ហើយបែរជាមកបង្ក្រាបពលរដ្ឋដែលកំពុងរងភាពអយុត្តិធម៌ទៅវិញ ៖ « សំខាន់ជាក់ស្ដែង តៃកុងឡាន គាត់មើល គាត់មានកាមេរ៉ា (Camera) មើលនៅក្នុងឡាន គាត់ឃើញខ្ញុំកៀបហើយ គាត់ឱ្យព្រមបើកទ្វារកុំឱ្យកៀបខ្ញុំទេ គាត់មានតែប្រឹងបិទទ្វារថែមទៀត។ ក ខ្ញុំងាកអត់សូវកើតទេ ដោយសារ តែកៀបខ្លាំងដែរ មែនកៀបខ្លាំងធម្មតាទេ គឺកៀបឡើងចង់សំប៉ែតហើយហ្នឹង។ រឿងកម្លាំង [ កូដករ ] មិនសូវមានទេ ប៉ុន្តែ ដោយសារតែភាពអយុត្តិធម៌ ខ្លាំងពេក បានពួកខ្ញុំ ជាកូដករ ខំប្រឹងតស៊ូ ដើម្បីទាមទាររកយុត្តិធម៌ ដោយសាររឿងហ្នឹងជាវិវាទការងារ វាអត់ពាក់ព័ន្ធនឹងរឿងអីផ្សេង។ ហេតុអីដោះស្រាយឱ្យពួកខ្ញុំអត់បាន ?» ។
ស្រដៀងគ្នានេះដែរ កូដករម្នាក់ទៀតគឺ កញ្ញា ឈួន សុធា លើកឡើងថា កញ្ញាមានភាពអាម៉ាស នៅពេលឃើញអាជ្ញាធរហាក់ប្រឹងប្រែងបង្ក្រាបពលរដ្ឋខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃឥតអៀនខ្មាស ដែលគ្រាន់តែប្រើសិទ្ធស្របច្បាប់ទាមទារឱ្យក្រុមហ៊ុនបរទេសគោរពសិទ្ធកម្មករ និងច្បាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។ កញ្ញបន្តថា បើស្ថាប័នរដ្ឋពាក់គ្មានឆន្ទៈ ជំរុញឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយវិវាទការងារនេះ នៅថ្ងៃខាងមុខថៅកែក្រុមហ៊ុនណាហ្គាវើលដ៍នឹងនៅតែរំលោភសិទ្ធកម្មករខ្មែរបន្តទៀត។ កញ្ញារិះគន់ថា ការបង្ក្រាបរបស់អាជ្ញាធរលើពលរដ្ឋឥតស្រាកស្រាន្តកន្លងមកនេះ កាន់តែឆ្លុះបញ្ចាំងពីការរំលោភបំពានសិទ្ធជាមូលដ្ឋានរបស់ពលរដ្ឋ និងកាន់តែពង្រឹងនូវអំពើយុត្តិធម៌ក្នុងសង្គម ៖ « ខ្ញុំសោកស្ដាយខ្លាំងមែនទែន មន្ត្រីអាជ្ញាធរស្រុកខ្មែរ ធ្វើអ៊ីចឹងដាក់ រាស្រ្តខ្លួនឯង។ គាត់ ធ្វើទាំងដែរមានឯកសណ្ឋានការពាររាស្រ្តទៀត។ ប្រទេសយើងមានច្បាប់។ ហេតុអី អត់អាចធ្វើអីក្រុមហ៊ុនណាហ្គាវើលដ៍ហ្នឹងបាន ? ទាំងដែរក្រុមហ៊ុនហ្នឹង កំពុងតែ រំលោភបំពានច្បាប់ការងារ ហើយរំលោភសិទ្ធបុគ្គលិកកម្មករខ្មែរទៀត។ [ អាជ្ញាធរ ] បន្តសកម្មភាពលក់មុខមាត់ប្រទេសជាតិ ដល់ម្កាលទៀត ? ខ្ញុំមានអារម្មណ៍ថា សោកស្ដាយខ្លាំងណាស់។ ខ្ញុំ ចង់សួរអញ្ចេក គេកាប់ឆ្កែស៊ីហេតុរកយុត្តិធម៌ឱ្យបាន ? ចុះ ពួកខ្ញុំអត់ស្មើហ្នឹងឆ្កែហ្នឹងមែន ? បានអត់រកយុត្តិធម៌ឱ្យ។ ពួកខ្ញុំកំពុងរងភាពអយុត្តិធម៌ ពីថៅកែណាហ្គាវើលដ៍ហើយ អាជ្ញាធរស្រុកខ្មែរមកបន្ថែមភាពអយុត្តិធម៌ មកលើពួកខ្ញុំទៀត » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខ សីហា ដើម្បីឆ្លើយបំភ្លឺជុំវិញការបង្ក្រាប ក្រុមកូដករទាំងនេះបានទេនៅថ្ងៃទី៣០ ខែឧសភា។ ប៉ុន្តែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសកាលពីពេលថ្មីៗនេះ ថាក្រុមកូដករតែងតែ បង្កការរុញច្រានទៅលើក្រុមសមត្ថកិច្ចទៅវិញទេ។ទោះជាយ៉ាងណា ក្រុមកូដករចាត់ទុក ការលើកឡើងរបស់អាជ្ញាធរបែបនេះ ថាគ្មានភាពអៀនខ្មាស ទាំងជាក់ស្ដែងមហាជនបានមើលឃើញថា អាជ្ញាធរបានបង្ក្រាបដោយហិង្សាលើកូដករស្ទើរជារៀងរាល់ថ្ងៃ។ ជាពិសេស នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ កម្លាំងសមត្ថកិច្ចភាគច្រើនជាបុរសបានទះកំផ្លៀងកូដករ និងបានទាត់ធាក់ កូដករតាមទំនើងចិត្ត។ ជាងនេះទៅទៀត កូដករជាស្ត្រីម្នាក់ គឺលោកស្រី សុខ រតនា បានស្លាប់កូននៅក្នុងផ្ទៃ ហើយបច្ចុប្បន្នសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយកម្លាំងសមត្ថកិច្ចរុញច្រានបោកខ្ទប់នឹងរថយន្ត ពេលដែលលោកស្រីចេញរកដំណោះស្រាយការងារ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ(LICADO) លោក អំ សំអាត សោកស្ដាយដែលវិវាទការងារនេះនៅតែបន្តអូសបន្លាយ ដែលបណ្ដាលឱ្យកម្មករទទួលរងសម្ពាធទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោករិះគន់ ថាការដោះស្រាយវិវាទការងារនេះនៅគ្មានច្រកចេញ គឺដោយសារតែអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ខ្វះភាពយោគយល់ និងបន្តចោទប្រកាន់លាបពណ៌កូដករ ដើម្បីមានលេសបង្ក្រាបទាំងផ្ទុយពីច្បាប់ ៖ « អ៊ីចឹងសិទ្ធរបស់កូដករ ការធ្វើកូដករម្មដោយអហិង្សា វាជាសិទ្ធរបស់កូដករនីមួយៗ។ មួយទៀត បញ្ហាដំណោះស្រាយនេះ វាគឺជារឿងវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយ បុគ្គលិក និងអតីតបុគ្គលិកណាហ្គាវើលដ៍ ដែរត្រូវ ស្វែងរកការដោះស្រាយតាមបែរវិវាទការងារ មិនមែន ដោះស្រាយតាមរបៀបប្រើប្រាស់នូវអំពើហិង្សា ឬការរុញច្រាន ឬការទប់ស្កាត់ ណាមួយទេ។ អ្វីដែរ សំខាន់ អាជ្ញាធរពាក់ព័ន្ធ ក្រុមហ៊ុន ត្រូវតែពន្លឿនក្នុងការដោះស្រាយ » ។
អស់រយៈពេលជាង៥ខែមកហើយ ដែរកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់បាត់បង់ការងារដោយសារតែភាគីថៅកែបញ្ឈប់ពួកគាត់ទាំងមិនត្រឹមត្រូវតាមច្បាប់។ មកដល់ពេលនេះ គ្រប់ស្ថាប័នពាក់ព័ន្ធមិនត្រឹមតែមិនជួយរកដំណោះស្រាយឱ្យពួកគាត់ទទួលបានយុត្តិធម៌នោះទេ ប៉ុន្តែបែរជាប្រើកម្លាំងសមត្ថកិច្ចបង្ក្រាបពួកគាត់ឥតឈប់ឈរ។ ក្រុមកូដករថា ថ្វីត្បិតពួកគាត់កំពុងមានបញ្ហាផ្នែកជីវភាព និងខ្សោះអស់កម្លាំងយ៉ាងណាក្ដី ក៏ពួកគាត់នឹងបន្តចេញធ្វើកូដកម្មតទៀត ដោយសារតែពួកគាត់មានគោលជំហររួមគ្នាទាមទារថៅកែបនល្បែងណាហ្គាវើលដ៍ បញ្ឈប់ការរើសអើងសហជីព និងការកេងប្រវ័ញ្ចកម្លាំងកម្មករខ្មែរតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
