បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) រាប់ពាន់នាក់ បន្តប្រមូលផ្ដុំគ្នាតវ៉ា នៅខាងមុខ ក្រុមហ៊ុន នៅថ្ងៃទី១០ មករា ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងស្នើសុំឲ្យក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ ទទួលយកប្រធានសហជីពម្នាក់ចូលធ្វើការវិញ ក្រោយពីក្រុមហ៊ុនព្យួរការងារគាត់អស់រយៈពេលជាង ៤ខែមក។
កាលពីថ្ងៃទី៩ មករា អាជ្ញាធរបានហៅតំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុន ជួបពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែពុំបានលទ្ធផលសះជានឹងគ្នាទេ ដោយសារក្រុមហ៊ុន នៅតែមិនទទួលយកសំណើសុំរបស់កម្មករនិយោជិត។
លក្ខខណ្ឌទាមទាររបស់បុគ្គលិកនៅក្នុងការតវ៉ាទ្រង់ទ្រាយធំនេះ មាន ៦ចំណុច ក្នុងនោះមាន ប្រាក់ឈ្នួលសមរម្យ, ធានាលក្ខខណ្ឌការងារល្អប្រសើរ និងសុំឱ្យក្រុមហ៊ុនទទួលយកប្រធានសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការដូចដើមវិញ។
នៅក្នុងការតវ៉ានេះ ក្រុមបុគ្គលិកបានលើកបដាដែលសរសេរថា “បញ្ឈប់ការកេងប្រវ័ញ្ចនៅ ណាហ្គា វើលដ៍ បញ្ឈប់គំរាមកំហែង បញ្ឈប់ការរើសអើងមកលើសហជីព និងការទាមទារប្រាក់ឈ្នួល គឺជាសិទ្ធិមិនមែនជាបទល្មើសទេ ព្រមទាំងបដារូប ថតកញ្ញា ឈឹម ស៊ីថរ អមសំណេរថា ពួកគេត្រូវការប្រធាន សហជីពចូលធ្វើការវិញ”។