កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ការងារ

ដោយ ម៉ៅ សុធានី
2024.02.23
កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ការងារ កូដករណាហ្គាវើលដ៍ (Naga World) តវ៉ានៅខាងមុខក្រុមហ៊ុន កាលពីថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

ក្រុម​កូដករ​ណាហ្គាវើលដ៍​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ​ការងារ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ឱ្យ​បាន​ឆាប់ៗ​។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​របស់​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) មិន​ត្រឹមតែ​ជា​ការ​ស្វែងរក​យុត្តិធម៌​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​ទេ តែ​ជា​និមិត្តរូប​លើកកម្ពស់​ការគោរព​ច្បាប់​ការងារ​ផង​ដែរ។

ក្រុម​កូដករ​សហជីព​ណាហ្គាវើលដ៍ អិល.អរ.អេស.យូ (LRSU) ប្រមាណ​៣០​នាក់ បន្ត​ការ​ធ្វើ​កូដកម្ម​នៅ​ខាងមុខ​អគារ​កាស៊ីណូ​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​កាស៊ីណូ និង​ភាគី​ពាក់ព័ន្ធ​ផ្ដល់​ដំណោះស្រាយ​ការងារ។

ក្រុម​កូដករ​ណាហ្គាវើលដ៍​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម​ចាប់ពី​ម៉ោង ២​រសៀល ដោយ​ការ​លើក​បដា វាយ​ស្គរ ផ្លុំត្រែ និង​ស្រែក​ទាមទារ​ឱ្យ​ថៅកែ​កាស៊ីណូ​ណាហ្គាវើលដ៍ និង​ក្រសួង​ការងារ​ផ្ដល់​ដំណោះស្រាយ​ការងារ។

«ដោះលែង​ប្រធាន​សហជីព​របស់​ពួក​យើង បងស្រី ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ការ​ធ្វើ​កូដកម្ម​មាន​ចែង​នៅក្នុង​ច្បាប់ ហើយ​ការ​ធ្វើ​កូដកម្ម ក៏​មិនមែន​ជា​បទឧក្រិដ្ឋ​ដែល​ត្រូវ​គេ​ផ្ដន្ទាទោស​ដោយ​អយុត្តិធម៌​នោះ​ដែរ»

សមាជិក​សហជីព​ទ្រទ្រង់​បុគ្គលិក​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) លោក ណាំ ទីវ័ន្ត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ថា អះអាង​ថា ការ​ធ្វើ​កូដកម្ម​កន្លង​មក​នេះ គឺជា​ការ​ទាមទារ​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​គោរព​សិទ្ធិ​ការងារ​សុទ្ធសាធ និង​មិន​មាន​ពាក់ព័ន្ធ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នោះ​ឡើយ។

លោក ណាំ ទីវ័ន្ត៖ «បើសិនជា​ទុក​ឱ្យ​វិវាទ​ការងារ​នេះ​បន្ត​ទៅមុខ​ទៀត គឺ​ប្រៀប​បាន​នឹង​ឱ្យ​ថៅកែ​ណាហ្គាវើលដ៍​ជាន់ឈ្លី និង​មើលងាយ​ទៅ​ដល់​ប្រទេស​ខ្មែរ និង​មើលងាយ​ទៅ​ដល់​ច្បាប់​ខ្មែរ ហើយ​មិន​ត្រឹមតែ​មើលងាយ​ទៅដល់​ប្រទេស និង​ច្បាប់​ទេ គឺ​អាច​នឹង​មើលងាយ​ទៅដល់​ប្រមុខ​រដ្ឋាភិបាល ដែល​សម្ដេច​ដែល​ទើបតែ​ឡើង​ថ្មី​នេះ​ទៀត​ផង»

ក្រៅ​តែ​ពី​ប្រឈម​នឹង​អំពើ​ហិង្សា និង​ការ​លាប​ពណ៌ ក្រុម​កូដករ​ណាហ្គាវើលដ៍ ដែល​ចេញ​តវ៉ា​ទាមទារ​ការ​បញ្ឈប់​បុគ្គលិក និង​សមាជិក​សហជីព​ណាហ្គាវើលដ៍​ហើយ​នោះ ក្រុម​កូដករ​ណាហ្គាវើលដ៍​ជិត ១០​នាក់ ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ផង​ដែរ។ បន្ថែម​ពី​នេះ ប្រធាន​សហជីព​របស់​ពួក​គេ គឺ កញ្ញា ឈឹម ស៊ីថរ ក៏​ត្រូវ​បាន​តុលាការ កាត់ក្ដី​ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ​ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដោយសារ​ការ​ការពារ​សិទ្ធិ​កម្មករ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើលដ៍​មិន​ត្រឹមតែ​ជា​ការ​ស្វែងរក​យុត្តិធម៌​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​លើកកម្ពស់​ការគោរព​ច្បាប់​ការងារ​នៅ​កន្លែង​ដទៃ​ទៀត។ អ្នកស្រី​បន្ត​ថា ភាគី​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​វិវាទ​ការងារ​របស់​សហជីព​ណាហ្គាវើលដ៍​ឱ្យ​បាន​ឆាប់ៗ ដើម្បី​លើកកម្ពស់​មុខមាត់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ ជាជាង​បន្ត​ទុក​ឱ្យ​អង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំមុខ​លទ្ធិប្រជាធិបតេយ្យ វាយតម្លៃ​ស្ថានភាព​គោរព​សិទ្ធិ​ពលកម្ម​នៅ​កម្ពុជា កាន់តែ​អាក្រក់​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «អ៊ីចឹង​បើសិន​ជា​មាន​សាច់​រឿង​នេះ​កើតឡើង ខ្ញុំ​គិតថា​វា​ដូចជា​យើង​បាន​កែប្រែ​មុខមាត់​ជាតិ​យើង​ឡើងវិញ ហើយ​និង​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​របស់​អ្នកដឹកនាំ អាណត្តិ​ថ្មី ដើម្បី​ប្រជាជន​ខ្លួនឯង ហើយ​និង​ដើម្បី​ប្រទេសជាតិ​របស់​យើង ព្រោះ​រដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង​ប្រជាជន​ខ្លួនឯង មិន​គួរ​ឱ្យ​ប្រជាជន​ខ្លួនឯង ជា​អ្នករងគ្រោះ​នៅក្នុង​ប្រព័ន្ធ​មួយ​ដែល គាត់​រងគ្រោះ​ពី​ការ​បញ្ឈប់​ហើយ មក​រងគ្រោះ​ទៅលើ​រឿង​ភាព​អយុត្តិធម៌​នេះ​ទៀត​នោះ​ទេ»

ក្រុម​កូដករ​លើកឡើង​ថា បើ​ទោះ​បី​ជា​ប្រឈម​នឹង​ជីវភាព​ខ្វះខាត ត្រូវ​ធ្វើការ​ក្រៅ​ម៉ោង​នៅ​កន្លែង​ផ្សេងៗ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្ដី ពួកគេ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​រហូត​ទទួល​បាន​ដំណោះស្រាយ​ពី​ថៅកែ​កាស៊ីណូ​ណាហ្គាវើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។