បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

ដោយ សុជីវី
2024.10.14

បុគ្គលិក​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០​នាក់ នៅ​រសៀល​ថ្ងៃទី១៣ ខែ​តុលា បាន​ជួបជុំ​គ្នា​នៅ​ខាង​មុខ​អាគារ​កាស៊ីណូ​ណាហ្គាវើលដី ទី២ ដើម្បី​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ ពី​ថៅកែ​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ។

ពួកគាត់​បាន​នាំគ្នា​ផ្លុំ​ប៉ី វាយ​ស្គរ និង​លើក​បដា​ចម្រុះ​ចំនួន​៨ ផ្ទាំង ដែល​រៀបរាប់​ពី​លក្ខខណ្ឌ​ចំនួន​៨​ចំនុច ដូចជា ទាមទារ​ឲ្យ​ថៅកែ​ណាហ្គាវើលដ៍ ទទួលយក​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​សហជីព​ចូល​ធ្វើការ​វិញ និង​បញ្ឈប់​ការ​កេង​ប្រវ័ញ្ច​បុគ្គលិក​ក្រោម​ស្លាក​កម្មសិក្សា​ជាដើម។

តំណាង​បុគ្គលិក​ណាហ្គាវើលដ៍ លោក ណាំ ទីវ័ន្ត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា ថា ក្រសួង​ការងារ និង​អ្នក​ពាក់ព័ន្ធ​គួរតែ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ឲ្យ​បាន​តឹង​រឹង ដើម្បី​ការពារ​ផលប្រយោជន៍​បុគ្គលិក កម្មករ​ខ្មែរ ពី​ការ​ជិះជាន់​ពី​ថៅកែ​បរទេស។

លោក ណាំ ទីវ័ន្ត៖ «តវ៉ា​យូរ​ហើយ អត់​ទាន់​ឃើញ​មាន​ពន្លឺ​អ្វី​ទាល់តែសោះ ជាពិសេស​ពី​ភាគី​ពាក់ព័ន្ធ ហើយ​ក្រសួង​ការងារ ក៏​មិន​គួរ​អោបដៃ​ឈ​មើល​ថៅកែ​ណាហ្គាវើលដ៍​រំលោភ​ច្បាប់​ប្រទេស រំលោភ​សិទ្ធិ​កម្មករ​ដែល​ជា​ប្រជាជន​ខ្មែរ​របស់​ខ្លួនឯង ហេតុ​អ្វី​បាន​ជា​ត្រូវ​ឈ​ឱបដៃ​មើល​ថៅកែ​ដែល​ជា​ជនជាតិ​បរទេស​មក​រកស៊ី​លើ​ទឹកដី​របស់​ខ្មែរ​ហើយ​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ​បែប​នេះ​ទៅ​វិញ»

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៣ ខែ​តុលា។

បុគ្គលិក កម្មករ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ បាន​តវ៉ា​ទាមទារ​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ពី​ថៅកែ ក្រសួងការងារ រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​អស់​រយៈពេល​ជិត​៣ឆ្នាំ​ហើយ ។ ប៉ុន្តែ ពួកគាត់​មិន​ត្រឹម​តែ​មិន​ទទួល​បាន​ដំណោះស្រាយ​សមរម្យ​នោះ​ទេ ថែម​ទាំង​ទទួលរង​អំពើ​ហិង្សា ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ ការ​ចោទ​ប្រកាន់​លាប​ពណ៌​បម្រើ​បរទេស​ពី​ប្រមុខ​រដ្ឋាភិបាល និង​ការ​ចាប់​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ដាក់​ពន្ធនាគារ​ចំនួន​២លើក​ជាដើម ។ ក្រោយ​ចេញ​ពី​ពន្ធនាគារ កញ្ញា ឈឹម ស៊ីថរ ប្រកាស​រក្សា​ជំហរ​ថា​នឹង​បន្ត​ការ​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៏​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។