ក្រុមកូដករថា ថៅកែណាហ្គាវើលដ៍ រើសបុគ្គលិកថ្មីតែរើសអើងសមាជិកសហជីពចូលធ្វើការវិញ
2023.03.24

ក្រុមកូដករណាហ្គាវើលដ៍ (Naga World) មួយចំនួនខកចិត្តដែលថៅកែរើសបុគ្គលិកថ្មីតែមិនយកសមាជិកសហជីពចូលធ្វើការវិញ ដែលទង្វើនេះបង្ហាញយ៉ាងច្បាស់ថា ថៅកែរើសអើងសហជីព និងមានចេតនាចង់បំបិទសំឡេងសហជីពឯករាជ្យ។ រីងមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ថៅកែណាហ្គាវើលដ៍ គួរតែដោះស្រាយវិវាទការងារនេះឱ្យឆាប់រហ័សដើម្បីអាចស្ដារមុខមាត់របស់ខ្លួនឡើងវិញ។
ក្រុមកូដករណាហ្គាវើលដ៍ និងជាសមាជិក សហជីពទ្រទ្រង់សិទ្ធិការងារ (L.R.S.U) មិនពេញចិត្តចំពោះថៅកែបនល្បែងកាស៊ីណូណាហ្គាវើលដ៍ ដែលរើសបុគ្គលិកថ្មីចូលធ្វើការជាបន្តបន្ទាប់ ប៉ុន្តែមិនព្រមទទួលយកសមាជិកសហជីព។ ពួកគេចាត់ទុកទង្វើរបស់ថៅកែបនល្បែងរូបនេះថាគឺជារឿងអយុត្តិធម៌ និងរំលោភសិទ្ធិការងារ។
កូដករម្នាក់នៅក្នុងបនល្បែងណាហ្គាវើលដ៍ កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែមីនា ថាថៅកែគ្មានសិទ្ធិរើសបុគ្គលិកថ្មីកំឡុងពេលសមាជិកសហជីពចាស់កំពុងធ្វើកូដកម្មទាមទាររកយុត្តិធម៌ទេ ពីព្រោះទង្វើនេះខុសពីច្បាប់ការងារ ។ កញ្ញាបន្តថា ថៅកែមានចេតនាចង់បញ្ឈឺចិត្តក្រុមកម្មករឱ្យឈប់ធ្វើកូដកម្មរួចដើរចេញដោយខ្លួនឯង។
កញ្ញា ច័ន្ទ ស្រីរ័ត្ន៖ «ខ្ញុំនៅតែទទូចទៅទទូចមកដដែលគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់មេត្តាជួយជំរុញឱ្យថៅកែណាហ្គាវើលដ៍ គោរពសិទ្ធិការងារកម្មករខ្មែរហើយថៅកែណាហ្គាវើលដ៍ គាត់ក៏ជារដ្ឋមន្ត្រីមួយរូបដែលអ៊ីចឹងគាត់រំលោភសិទ្ធិការងារ រំលោភសិទ្ធិមនុស្សនិយាយទៅរំលោភសិទ្ធិកម្មករខ្មែរ អ៊ីចឹងស្ថាប័នពាក់ព័ន្ធគាត់គួរតែជំរុញឱ្យថៅកែណាហ្គាវើលដ៍ដោះស្រាយវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះទៅ»។
ក្រុមហ៊ុនណាហ្គាវើលដ៍ដែលទំព័រហ្វេសប៊ុកមានឈ្មោះ Naga World Careers/Naga Academy តែងតែប្រកាសជ្រើសរើសបុគ្គលិកថ្មីចូលជាប្រចាំដោយក្នុងការជ្រើសរើសបុគ្គលិកនោះក្រុមហ៊ុនបានបញ្ជាក់ថា ដាក់ពាក្យភ្លាមសម្ភាសន៍ភ្លាមហើយថា ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ដ៏ច្រើនកំពុងរង់ចាំអ្នក ។ ក្រុមកូដករណាហ្គាវើលដ៍យល់ថា អ្វីដែល ថៅកែក្រុមហ៊ុនកំពុងធ្វើនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ថៅកែបញ្ឈប់បុគ្គលិកជាង ១ពាន់ (១.៣២៩នាក់ ) កន្លងមកមិនមែន ដោយសារជួបវិបត្តិហិរញ្ញវត្ថុអំឡុងពេលមានជំងឺរីករាលដាលកូវីដ-១៩ នោះទេ។ ប៉ុន្តែកូដករអះអាងថា ការបញ្ឈប់នេះគឺដោយសារថៅកែមានចេតនារំលាយសហជីពដែលតែងចេញការពារសិទ្ធិកម្មករ។
មកទល់ពេលនេះ វិវាទរវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយពេលជាង១ឆ្នាំមកហើយ ហើយក្រុមបុគ្គលិក តែងតែចេញធ្វើកូដកម្មអហិង្សាជាបន្តបន្ទាប់ ដើម្បីទាមទារចូលធ្វើការវិញ និងទាមទារឲ្យលុបចោលការចោទប្រកាន់ និងដោះលែងតំណាងសហជីព កញ្ញា ឈឹម ស៊ីថរ ឲ្យមានសេរីភាពឡើងវិញ។ នៅរសៀលថ្ងៃទី២៣ មីនា កូដករប្រមាណ៥០នាក់ ក៏បន្តប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យថៅកែណាហ្គាវើលដ៍ដោះស្រាយវិវាទការងារ បើទោះបីជាពួកគាត់ ទទួលរងនូវការគំរាមកំហែង ការប្រើហិង្សា ការចោទប្រកាន់តាមផ្លូវតុលាការ និងការលាបពណ៌ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្ដី។ ពួកគេនាំគ្នាវាយស្គរ កាន់រូបថត កញ្ញា ឈឹម ស៊ីថរ ហើយអ្នកចំនួនទៀតស្រែកឱ្យថៅកែគោរពសិទ្ធិការងារ ។ ក្រុមកូដករត្អូញត្អែរថា សព្វថ្ងៃពួកគាត់ អាចបន្តធ្វើកូដកម្មបាន និងមានអាហារហូបចុកគឺដោយសារមានសមាជិកសហជីពខ្លះធ្វើការស៊ីឈ្នួល លាងចាន រត់តុ អ្នកខ្លះទៀតលក់នំបញ្ចុកដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងវិភាគទានដល់ក្រុមកូដករ។
កូដករណាហ្គាវើលដ៍ម្នាក់ទៀតគឺ កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែងថា ថៅកែក្រុមហ៊ុនគួរតែពិចារណាម្ដងទៀត ពីព្រោះថៅកែរកលេសកូវីដដើម្បីបញ្ឈប់បុគ្គលិកគឺជារឿងមិនត្រឹមត្រូវដោយសារថៅកែប្រកាសរើសបុគ្គលិកថ្មីចូលជារៀងរាល់ថ្ងៃ ចំណែកបុគ្គលិកជាសមាជិកសហជីពវិញត្រូវរងអំពើអយុត្តិធម៌ និងជាប់បណ្ដឹងតុលាការ។
កញ្ញា ម៉ែន សុធីវឌ្ឍនៈ៖ «បញ្ឈប់បុគ្គលិកគឺជារឿងមិនត្រឹមត្រូវទេព្រោះជាក់ស្តែងនៅឆ្នាំ២០២០ ២០២១ ហ្នឹងនៅពេលជួបវិបត្តិកូវីដក្រុមហ៊ុននៅតែចំណេញប៉ុន្តែចំណេញមិនច្រើនដូចរាល់ឆ្នាំហើយគាត់បានយកលេសហ្នឹងដើម្បីបញ្ឈប់បុគ្គលិក១៣០០នាក់ជាងគឺក្នុងការរំលាយសហជីពទេវាមិនមែនជាលេសលើកឡើងថា គាត់ហ្នឹងមានវិបត្តិសេដ្ឋកិច្ចទេជាក់ស្ដែងចង់បញ្ឈប់សហជីពយើងមើលថាដោយសារសហជីពទាមទារអត្ថប្រយោជន៍ផ្សេងៗពីក្រុមហ៊ុនដើម្បីឱ្យអត្ថប្រយោជន៍ហ្នឹងដល់ដៃបុគ្គលិកដោយពិតប្រាកដ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការស្រាយបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសម្រាប់ដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា លោក ទេស រុក្ខាផល បានទេ ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
ជុំវិញរឿងនេះអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក យល់ឃើញថា ថៅកែណាហ្គាវើលដ៍ មិនព្រមទទួលយកសមាជិកសហជីពចូលធ្វើការគឺជាការរំលោភសិទ្ធិការងារ និងមិនចង់ឱ្យមានសហជីពជួយការពារសិទ្ធិនៅពេលកម្មកររងការធ្វើបាបពីថៅកែ។ លោកបញ្ជាក់ថាថៅកែ និងក្រសួងពាក់ព័ន្ធគួរតែដោះស្រាយបញ្ចប់វិវាទការនេះព្រោះអាចធ្វើឱ្យកម្មករជួបជីវភាពខ្វះខាត ហើយធ្វើឱ្យសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ។
លោក គៀន ពន្លក៖ «មែនទែនទៅចំពោះការផ្តល់តាមការទាមទាររបស់សហជីពពីសំណាក់ថៅកែណាហ្គាវើលដ៍យើងដឹងហើយណាហ្គាវើលដ៍គឺជាកាស៊ីណូមួយដ៏ធំហើយក្នុងមួយឆ្នាំៗគឺចំណេញរាប់លានដុល្លារអ៊ីចឹងមិនមែនដោយសារកូវីត១៩ហើយមិនមានប្រាក់បៀវត្សរ៍បើកជូនកម្មករនោះទេ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺគាត់លេសមានន័យថា គាត់ខ្លាចការបង្កើតសហជីពនៅក្នុងកាស៊ីណូដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ហ្នឹងឯង»។
ទោះបីជាក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) អះអាងថា ក្រុមហ៊ុនកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយក៏ប៉ុន្តែក្រុមហ៊ុនមេ ដែលមានមូលដ្ឋាននៅទីក្រុងម៉ាកាវ (Macau) ប្រទេសចិនមានឈ្មោះណាហ្គាខប (NagaCorp) ដែលជាម្ចាស់ និងជាប្រតិបត្តិករនៅកម្ពុជា រាយការណ៍ថា ក្នុងឆ្នាំ២០២២ ប្រាក់ចំណូលសរុបនៃវិស័យល្បែងបាន ៩៩.៥ ភាគរយ (៩៩.៥%) ដែលមានចំនួនដល់ទៅជិត ៤រយ សែសិបប្រាំបួន លានដុល្លារ (៤៤៥.៩)។ ក្នុងនោះប្រាក់ចំណេញសុទ្ធដែលក្រុមហ៊ុនទទួលបានមានចំនួនជាង ១រយលានដុល្លារ (១០៧.៣)។
ថ្វីដ្បិតតែក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្ដីក៏ រដ្ឋាភិបាល លោក ហ៊ុន សែន និងក្រុមហ៊ុនណាហ្គាវើលដ៍ រងការរិះគន់ថា កំពុងតែសហការគ្នារំលោភសិទ្ធិរបស់បុគ្គលិកណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រី។ ក្រុមកូដករនៅតែប្រកាន់ជំហរមិនបោះបង់ការតស៊ូរបស់ពួកគេឡើយប្រសិនបើគ្មានដំណោះស្រាយសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។