កូដករ​ណាហ្គាវើលដ៍​ធ្វើ​ពិធី​កាន់បិណ្ឌ​នៅ​មុខ​ក្រុមហ៊ុន​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ

នៅក្នុង​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ ពុទ្ធបរិសទ្យ​តែងតែ​យក​ចង្ហាន់​ទៅ​វត្ត​ដើម្បី​ប្រគេន​ព្រះសង្ឃ តែ​ខុសប្លែក​អី​តែ​កូដករ​ណាហ្គាវើលដ៍ នៅ​ថ្ងៃទី​២ នៃ​ពិធី​កាន់បិណ្ឌ​នេះ ពួកគេ​នាំគ្នា​ធ្វើ​ពិធី​កាន់បិណ្ឌ​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​វិវាទ​ការងារ។

កូដករ​ប្រមាណ ៣០​នាក់ នៅ​ថ្ងៃទី​១ តុលា នាំគ្នា​កាន់​បដា និង​ចានស្រាក់ ដែល​ធ្វើ​ពី​ក្រដាស ហើយ​មាន​ចំនួន ៤​ថត ដោយ​សរសេរ​ថា ដោះស្រាយ ដោះលែង ទទួល​យក និង​បញ្ឈប់​ការ​រើសអើង សំដៅ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​រដ្ឋាភិបាល​ដោះស្រាយ​វិវាទ​ការងារ ដោះលែង​តំណាង​សហជីព​ណាហ្គាវើលដ៍ គឺ​កញ្ញា ឈឹម ស៊ីថរ ទទួល​យក​កម្មករដែល​នៅ​សេសសល់​ចូល​ធ្វើ​ការ​ឡើងវិញ និង​បញ្ឈប់​ការ​រើសអើង​នៅ​កន្លែង​ការងារ។

កូដករ​ណាហ្គាវើលដ៍​កញ្ញា ផាត ចាន់ណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១ តុលា ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំ កញ្ញា​ក៏​ចង់​ត្រឡប់​ទៅ ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​ដែរ ក៏ប៉ុន្តែ​ពួកគេ​គ្មាន​លទ្ធភាព​ត្រឡប់​ទៅវិញ។ កញ្ញា​ស្នើ​ដល់​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដើម្បី​ឲ្យ​កម្មករ​មាន​លទ្ធភាព ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត។

កញ្ញា ផាត ចាន់ណា៖ «បច្ចុប្បន្ន​អ្វី ដែល​យើង​ធ្វើ​នេះ គឺ​យើង​ចង់បាន​ដំណោះស្រាយ​ពី​ថៅកែ​ណាហ្គា និង​ក្រសួង​ពាក់ព័ន្ធ​ឲ្យ​ឆាប់​ជួយ​ពន្លឿន​រក​ដំណោះស្រាយ​ឲ្យ​ពួក​យើង ដើម្បី​ឲ្យ​ពួក​យើង​អាច​មាន​ពេលវេលា​ចូល​ធ្វើ​ការ​ជាមួយនឹង​ថវិកា​ទៅ​ជួបជុំ​គ្រួសារ​ទៅកាន់​បិណ្ឌ​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​អី​ហា​ណា​បង​ចា៎»។

វិវាទ​ការងារ ដែល​អូស​បន្លាយពេល​ជាង​២​ឆ្នាំនេះ ធ្វើ​ឲ្យ​កម្មករ​មួយចំនួន​ធ្លាក់ខ្លួន​ក្រីក្រ​ជំពាក់​បំណុល​ធនាគារ អ្នក​ខ្លះទៀត​បង្ខំចិត្ត​លក់​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​ចុងក្រោយ​ដោយសារ​ពួកគេ​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល។ កូដករ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ថៅកែ​ក្រុមហ៊ុន ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ត្រឡប់​ទៅ​ស្រុកកំណើត​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។