កូដករ​ណាហ្គាវើលដ៍​គ្រោង​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ដែល​ប្រើ​ហិង្សា​ទាំង​កំរោល​មក​លើ​ពួកគេ

ដោយ ម៉ៅ សុធានី
2022.08.13
Share on WhatsApp
Share on WhatsApp
កូដករ​ណាហ្គាវើលដ៍​គ្រោង​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​ដែល​ប្រើ​ហិង្សា​ទាំង​កំរោល​មក​លើ​ពួកគេ ស្ត្រីកូដករ​ណាហ្គាវើលដ៍ ដែល​អាជ្ញាធរ​ដាល់​ចំ​ច្រមុះ​រហូត​ចេញ​ឈាម​ពេញ​មុខ និង​ដួល​សន្លប់មួយរយៈខ្លី ក្នុង​ពេល​ធ្វើ​កូដកម្ម​រក​ដំណោះស្រាយ​ពី​ក្រុមហ៊ុន នៅ​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

កូដករ​ណាហ្គាវើលដ៍ ដែល​អាជ្ញាធរ និង​ក្រុម​សន្តិសុខ បាន​វាយ​ទាត់​ធាក់​ឲ្យ​រង​របួស​ធ្ងន់ កាលពី​ថ្ងៃទី​១១ ខែ​សីហា អះអាង​ថា ពួកគេ កំពុង​ពិគ្រោះគ្នា​ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​នគរបាល ដែល​បាន​ប្រើ​ហិង្សា​ទាំង​កំរោល​ហក់​មក​ទាត់​ធាក់​និង​ដាល់​កូដ​ករ​ចំ​ផ្ទៃមុខ​ហូរឈាម​ខ្លាំង និង​កូដករ​ខ្លះ​សន្លប់​បាត់ស្មារតី​។ អំពើ​ហិង្សា​នេះ ផ្ទុះឡើង​ពេល​ដែល​ក្រុម​កូដករ​ព្យាយាម​រុលទៅ​មុខ ដើម្បី​ឆ្លង​កាត់​រនាំង​ដែក បំណង​ទៅមុខ​អគារ​ណាហ្គាវើលដ៍​តវ៉ា​ទាមទារ​ដោយ​អហិង្សា​ឲ្យ​ថៅកែ​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយពេល​មិន​ចេះ​ចប់​នេះ។

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ដែល​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​មិន​សុខ​ចិត្តនឹង​ទង្វើ​របស់​អាជ្ញាធរ ដែល​ប្រើ​អំពើ​ហិង្សា​វាយដំ ហក់​ធាក់​លើ​រាងកាយ​ពួកគាត់ បណ្ដាល​ឲ្យ​អ្នកខ្លះ​បែក​ឈាម​ពេញ​មុខ អ្នកខ្លះ​សន្លប់​មិន​ដឹង​ខ្លួន និង​អ្នក​ខ្លះទៀត​រង​របួស​ក្រំ​ក្នុង​មក​ដល់​ពេល​នេះ​។ ក្រុម​កូដករ​ថា ពួកគាត់​នឹង​ប្ដឹង​ទៅ​តុលាការ​ឲ្យ​រក​យុត្តិធម៌ ចាប់​ជន​ដៃដល់​មក​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​ឲ្យ​សង​ជំងឺចិត្ត ដែល​ជនល្មើស​បាន​វាយដំ​មក​លើ​ខ្លួនប្រាណ​របស់​ពួក​គាត់។

កូដករ​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់ ដែល​អាជ្ញាធរ​បាន​ធាក់​ត្រូវ​ជើង​នៅ​ឈឺ​ស្នាម​របួស​មិន​ទាន់​បាត់​អ្នកនាង ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ថា ក្រុម​កូដករ​ពិត​ជា​មិនអាច​ទទួល​យក​បាន​ទេ នូវ​ហិង្សា​ទាំង​កំរោល​របស់​មន្ត្រី​ប៉ូលិស ដែល​បាន​ជះ​កំហឹង​មក​លើ​កូដករ ដែល​គ្រាន់តែ​ក្រុម​កូដករ​តវ៉ា​ដោយ​សន្តិវិធី​ជាមួយ​ក្រុមហ៊ុន មិនមែន​តវ៉ា​នឹង​មន្ត្រី​ប៉ូលិស​ទេ។ អ្នកនាង​បញ្ជាក់​ថា ពួកគាត់​នឹង​ពិភាក្សា​គ្នា​ជាមួយ​សហជីព​ដើម្បី​រក​អ្នក​ជំនាញ​ខាង​ច្បាប់ ឲ្យ​ជួយ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ចាប់​អ្នក​ដែល​បាន​វាយ​កូដ​ករ​ឲ្យ​របួសធ្ងន់​មក​ផ្ដន្ទាទោស​ឲ្យ​ខាងតែ​បាន បើ​ទោះបី​ពួកគាត់​មាន​សង្ឃឹម​តិចតួច​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ក៏ដោយ​៖ «ទាំងអស់គ្នា​ម្នាក់ៗ​មាន​បិទ​ស្លាក​អរគុណ​សន្តិភាព ក៏ដូចជា​កាន់​បដា​រូប​សម្ដេច ហ៊ុន សែន ក៏ដោយ ក៏​ពួកគាត់ នៅតែ​វៃ​ពួក​ខ្ញុំ​ទាំង​កម្រោល ហើយ​យក​រូប យក​រូប​សម្ដេច​ហ្នឹង​ហែក​ចោល​ទៀត ខាង​អាជ្ញាធរ​គាត់​យក​រូប​សម្ដេច​ហ្នឹង​ហែក​ចោល​ទៀត។ អីចឹង ខ្ញុំ​មិនដឹង​ថា ទៅ​ហៅ​អ្នកណា​ឲ្យ​មក​ជួយ​ទៀត​ទេ ព្រោះ​អស់​ធំ​ត្រឹម​សម្ដេច​តេជោ​ហើយ ហើយ​បើ​សម្ដេច​តេជោ​អត់​អន្តរាគមន៍​ទៀត ខ្ញុំ​មិន​ដឹង​ថា ទៅ​ពឹង​អ្នកណា​ទៀត​ទេ​ចាស»

ស្រដៀង​គ្នា​នេះ​ដែរ ស្ត្រី​កូដ​ករ​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់ទៀត ដែល​អាជ្ញាធរ​ហក់​ដាល់​ចំ​មុខ​បែប​ឈាម​និង​ដួលសន្លប់ គឺ​អ្នកនាង ស៊ិន ស្រីនិច្ច អាយុ​៣១​ឆ្នាំ ប្រាប់​ថា ក្រុមហ៊ុន​មិន​បាន​បញ្ឈប់​អ្នកនាង​ពី​ការងារ​ទេ ប៉ុន្តែ​ដោយ​ហេតុតែ​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ធ្វើ​ឲ្យ​អ្នកនាង​ទ្រាំ​មិនបាន ទើប​ចេញ​មក​ទាមទារ​តវ៉ា​ជាមួយ​ក្រុម​កូដករ​ណាហ្គាវើលដ៍​ផ្សេងទៀត​ដែរ។ អ្នកនាង​បន្ត​ថា អ្នកនាង​មិន​នឹកស្មាន​អាជ្ញាធរ​ដែល​មាន​តួនាទី​ការពារ​សេចក្ដីសុខ​ជូន​ពលរដ្ឋ បែរជា​ហ៊ាន​លើកដៃ​វាយ​កូដករ​ដែល​ប្រៀប​ដូចជា​បងស្រី​ប្អូនស្រី និង​យ៉ាងហោចណាស់​ក៏​ជា​ឈាមជ័រ​ដូចគ្នា​ដូច្នេះ​ទេ ។ អ្នកនាង​ស្នើ​ដល់​ក្រសួង​មាន​សមត្ថកិច្ច​ជួយ​ចាប់​ជន​បង្ក​ហិង្សា​មក​លើ​ពួកគាត់ ទៅ​ដាក់​ទោស​តាមច្បាប់ ដែល​មាន​ចែង​ជា​ធរមាន ហើយ​អ្នកនាង​បញ្ជាក់​ថា អ្នកនាង​នឹង​ចេញ​ធ្វើ​កូដកម្ម​ដរាបណា​ទទួល​បាន​ការ​ដោះស្រាយ​ដោយ​សមរម្យ ទោះជា​រង​ការប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ ក៏​អ្នកនាង​មិន​រាថយ​ដែរ​៖ «អត់​ទេ​បង​! អត់​ទេ​! នៅតែ​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​មួយ​ហ្នឹង​ទាល់តែ​បាន​បង សូម្បីតែ​ខ្ញុំ​ក៏ដោយ ខ្ញុំ​ចង់​និយាយ​ថា អីចេះ ក្នុងអំឡុងពេល​ហ្នឹង ទោះ​គេ​វាយ​ខ្ញុំ​ប៉ុណ្ណឹង សួរ​ថា ខ្ញុំ​បញ្ឈប់​ឬ​អត់​? អត់​ទេ​បង​! ខ្ញុំ​នៅតែ​ទាមទារ​យក​សិទ្ធិ​សេរីភាព​ទាល់តែ​បាន​អីចឹង​បង។ ខ្ញុំ​សួរ​បង​ឯង​ថា ខ្ញុំ​អាយុ​ប៉ុណ្ណឹង​ហើយ គួរតែ​ដឹង​ថា អ្វី​ល្អ​អ្វី​អាក្រក់​ដូចគ្នា​ត្រូវ​ទេ​បង? អីចឹង​គេ​វាយ​ប៉ុណ្ណឹង​ស្អែក​ឡើង​ត្រូវ​ឈប់ អូយ​!​អញ ខ្ញុំ​ឈប់​ហើយ​ខ្លាច ត្រូវ​ឈប់​ទៅ​? អត់​ទេ​បង ខ្ញុំ​នៅតែ​ទៅ​ដដែល​បង ទោះ​ជា​ខ្ញុំ​អត់​មាន​បាយ​ញ៉ាំ​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ទៅ​ដែរ​បង ខ្ញុំ​ចង់​បាន​សិទ្ធិ​សេរីភាព​ការងារ​នេះ​ទាល់តែ​បាន​បង»

ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​ក្រុម​កូដករ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ប្រាប់​ថា ករណី​បង្ក្រាប​លើ​ក្រុម​កូដករ មកពី​ក្រុម​កូដករ​ទាំងអស់​មិន​ព្រម​ស្ដាប់​ការ​សម្របសម្រួល​របស់​មន្ត្រី​អាជ្ញាធរ ហើយ​ថែមទាំង​ប្រើ​ពាក្យ​ជេរប្រមាថ​ដល់​មន្ត្រី​អាជ្ញាធរ និង​បាន​ប្រើ​ហិង្សា​មក​លើ​អាជ្ញាធរ​មុន ទើប​អាជ្ញាធរ​គ្រាន់តែ​ប្រើ​វិធី​ដើម្បី​ការពារ​ខ្លួន​៖ «​ញុះញង់​បង្ក​ឲ្យ​មាន​បញ្ហា​ដើម្បី​រៀបចំ​ផែនការ ដើម្បី​ឲ្យ​បង្កើត​ឲ្យ​មាន​ហិង្សា ហើយ​ស្របពេល​ជាមួយគ្នា​នោះ​ដែរ គឺ នៅ​ពេល​ដែល​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​បាន​ណែនាំ​ឲ្យ​គាត់​បញ្ឈប់​ទាក់ទង​នឹង​ការ​បុក​ទម្លុះ​បារ៉ាស​ដែល​បាន​សមត្ថកិច្ច​ហាមឃាត់ គាត់​នៅតែ​មិន​ស្ដាប់​ការណែនាំ ហើយ​ថែមទាំង​ប៉ុក​ទម្លុះ​បារ៉ាស​ដែល​សមត្ថកិច្ច​ដាក់​ហាម​ឃាត់​ហ្នឹង ជា​ពីរ​បី​បួន​ដំណាក់កាល​ជា​បន្ត​ទៀត ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ គឺ​ថែមទាំង​បង្ក​ហិង្សា​ដូច​ដែល​រូប​បាន​ចុះផ្សាយ​ក្នុង​ផេក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ហ្នឹង រង​របួស​មួយចំនួន​ទៀត​ផង​បាទ»

ទោះជា​យ៉ាងណា ក្រុម​កូដករ ចាត់ទុក​ការ​លើកឡើង​របស់​អាជ្ញាធរ​នេះ គឺជា​លេស​ដោះសា​មិន​ទទួលខុសត្រូវ​លើ​ទង្វើ​បំពាន​ច្បាប់​របស់​ខ្លួន​និង​ថែមទាំង​ទម្លាក់កំហុស​លើ​ពួកគាត់​ជា​ជនរងគ្រោះ​ថែម​ទៀត​។ ពួកគាត់​យល់​ថា ទង្វើ​និង​ពាក្យ​សម្ដី​អាជ្ញាធរ​នេះ គឺជា​ការ​លើកទឹកចិត្ត​ឲ្យ​មាន​ការប្រើ​អំពើ​ហិង្សា​ទាំង​បំពាន​ច្បាប់​មក​លើ​កូដករ​ណាហ្គាវើលដ៍​ជា​ស្ត្រី​ថែម​ទៀត។

ជុំវិញ​រឿង​នេះ​ដែរ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើង​ថា បើ​តាម​ច្បាប់​ធ្វើ​កូដកម្ម គឺ​កូដករ​មាន​សិទ្ធិ​ទៅ​ឈរ​ជិត​អគារ​ក្រុមហ៊ុន ដើម្បី​ទាមទារ​ដោយ​សន្តិវិធី​នូវ​អ្វី​ដែល​ក្រុម​កូដករ​ចង់បាន ប៉ុន្តែ​កន្លងមក​គេ​ឃើញ​តែ​ក្រុម​អាជ្ញាធរ​ទេ ដែល​មិន​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់ ព្រោះ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុម​កូដករ​ដើរ​ដល់​មុខ​ក្រុមហ៊ុន ថែមទាំង​ប្រើ​ហិង្សា​មក​លើ​ពួកគាត់​ជា​ស្ត្រី​ទៀត។ លោក​ស្នើ​ដល់​អាជ្ញាធរ​សុំ​ធ្វើជា​អាជ្ញាកណ្ដាល ទុក​ឱកាស​ឲ្យ​កូដ​ករ និង​ក្រុមហ៊ុន​តស៊ូ​មតិ​ជាមួយគ្នា ដើម្បី​រក​ច្រកចេញ​ឲ្យ​បាន​សមរម្យ អាច​ទទួល​យក​បាន​ទាំង​ភាគី​កូដករ និង​ភាគី​ក្រុមហ៊ុន បើ​មិន​ដូច្នោះ​ទេ​វិវាទ​នេះ​នឹង​អូស​បន្លាយ​រក​ទី​បញ្ចប់​គ្មាន​។​លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​មន្ត្រីរាជការ​គួរតែ​មាន​ភាព​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ មិនមែន​គ្រាន់តែ​ប៉ះពាល់​ពាក្យ​សម្ដី​បន្តិចបន្តួច រួច​អាង​ធ្វើការ​បង្ក្រាប​មក​លើ​កូដករ​ដូច្នេះ​ទេ​៖ «ក្រុមហ៊ុន​មិន​ចង់​ទទួល អ៊ីចឹង​អត់​អាច​ដោះស្រាយ​បាន​ទេ លុះត្រាតែ​មានការ​ដាក់​សម្ពាធ​ពី​ខាង​ស្ថាប័ន​ពាក់ព័ន្ធ ឬក៏​ខាង​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ខាង​ក្រុមហ៊ុន​គោរព​ច្បាប់ ហើយ​ទទួល​យក​ពួកគាត់​នេះ យក​ទៅ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​។ ហើយ​សម្របសម្រួល​ឲ្យ​ពួកគេ​មាន​ការ​ទទួលយក​អំពី​អ្វី​ដែល​ជា​កំហុសឆ្គង​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ​ហ្នឹង ឲ្យ​ពួកគេ​ទទួល​យក​បាន អាហ្នឹង​ខ្ញុំ​គិតថា​អាច​បញ្ចប់​ហើយ​បាទ»

គិត​មក​ត្រឹម​ពេល​នេះ គឺ​អស់​រយៈពេល​៨​ខែ​មក​ហើយ ដែល​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រាប់​រយ​នាក់​បាត់បង់​ការងារ​ដោយសារតែ​ភាគី​ថៅកែ​បញ្ឈប់​ពួកគាត់​ទាំង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​។ មក​ដល់​ពេល​នេះ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ត្រឹមតែ​មិន​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួកគាត់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ប៉ុន្តែ​បែរជា​ប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ពួកគាត់​ឥត​ឈប់ឈរ ធ្វើ​ឲ្យ​ស្ត្រី​កូដករ​ជាច្រើន​នាក់​របួសធ្ងន់ ស្រប​ពេល​នោះ​ក៏​មាន​ស្ត្រី​កូដ​ករ​ម្នាក់​បាន​ខូច​កូន​ក្នុង​ផ្ទៃ​ផង​ដែរ​។ ក្រុម​កូដ​ករ​ថា ថ្វី​ត្បិត​ពួកគាត់​កំពុង​មាន​បញ្ហា​ផ្នែក​ជីវភាព និង​ខ្សោះ​អស់កម្លាំង​យ៉ាងណាក្ដី ក៏​ពួកគាត់​នឹង​បន្ត​ចេញ​ធ្វើ​កូដកម្ម​ត​ទៀត ដោយសារតែ​ពួកគាត់​មាន​គោលជំហរ​រួមគ្នា​ទាមទារ​ឲ្យ​ថៅកែ​បន​ល្បែង​ណាហ្គាវើលដ៍ បញ្ឈប់​ការរើស​អើង​សហជីព និង​ការ​កេងប្រវ័ញ្ច​កម្លាំង​កម្មករ​ខ្មែរ​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
សិទ្ធិ​មនុស្ស
លោក ហ៊ុន សែន ប្រកាស​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ឲ្យ​អស់​លទ្ធភាព
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។