ក្រុម​កូដករ​ណាហ្គាវើលដ៍ ធ្វើ​ពិធី​អុំ​ទូក​នៅ​ខាង​មុខ​ក្រុមហ៊ុន ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ

ដោយ យ៉ង ចាន់តារា
2023.11.21
ក្រុម​កូដករ​ណាហ្គាវើលដ៍ ធ្វើ​ពិធី​អុំ​ទូក​នៅ​ខាង​មុខ​ក្រុមហ៊ុន ទាមទារ​ដំណោះស្រាយ​វិវាទ​ការងារ ក្រុម​កូដករ នៃ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ជិត ៤០នាក់ ធ្វើ​ទូក​ឧបកិច្ច​អុំ នៅ​ខាង​មុខ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ក្នុង​ពេល​តវ៉ា​នឹង​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ទាមទារ​​រក​ដំណោះស្រាយ​សម្រាប់​វិវាទ​ការងារ​រ៉ាំរ៉ៃ​។
រូបពីពលរដ្ឋ

ក្រុម​កូដករ នៃ​ក្រុម​ហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) ជិត ៤០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី២១ វិច្ឆិកា ប្រារព្ធ​ពិធី​អុំទូក នៅ​ខាង​មុខ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការងារ​រ៉ាំរ៉ៃ​នេះ។

កូដកម្ម​នៅ​លើក​នេះ ក្រុម​កូដករ បាន​ជិះទូក និង​ស្លៀក​ពាក់​អាវ ២ពណ៌​ផ្សេងគ្នា ដែល​អាវ​ពណ៌​ខៀវ តំណាង​ឲ្យ​ភាគី​សហជីព​ណាហ្គាវើលដ៍ ដៃ​កាន់​ច្រវា​ពណ៌​បៃតង និង​សៀវភៅ​ច្បាប់​ស្ដីពី​ការងារ ហើយ​អាវ​ពណ៌​ក្រហម តំណាង​ឲ្យ​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដៃ​កាន់​ច្រវា​ពណ៌ខ្មៅ ភ្ជាប់​ជា​មួយ​លុយ​ដុល្លារ។ បើ​ទោះ​ជា ការ​ប្រកួត​ មាន​បន្លឺ​សំឡេង​ស្គរ​ឡើង អម​នឹង​សំឡេង​ស្រែក​គាំទ្រ​ក្រុម​កូដករ​ថា ស៊ូៗ យ៉ាង​ណា​ក៏​ដោយ ក៏​ទូក​របស់​ក្រុម​កូដករ នៅ​តែ​មិន​អាច​យក​ឈ្នះ​ទូក​របស់​ក្រុម​ថៅកែ​បាន​នោះ​ដែរ ដោយ​សារ​អំណាច​លុយ​ដុល្លារ។

តំណាង​កូដករ​ណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅថ្ងៃទី២១ វិច្ឆិកា​ថា ​កូដកម្ម​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​បង្ហាញ​ថា ទឹក​លុយ​អាច​យក​ឈ្នះ​ផ្លូវ​ច្បាប់​បាន ខណៈ​ថៅកែ​ណាហ្គាវើលដ៍ យក​លុយ​ ដើម្បី​ទិញ​ទឹក​ចិត្ត​សហជីព ឲ្យ​លា​ឈប់​ពី​កន្លែង​ការងារ​ទាំង​អយុត្តិធម៌។

អ្នកនាង ម៉ម សុវឌ្ឍិន៖ «បង​បន្ត​លើក​រូប​ថត​នេះ គឺ​ដើម្បី​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ផង ព្រោះ​ប្រហែល​ជា​មន្ត្រី​ថ្នាក់​ក្រោម​របស់​គាត់​ហ្នឹង គឺ​ប្រហែល​ជា​អត់​សមត្ថភាព​ទេ នៅ​ពេល​មើល​ឃើញ​ជាក់​ស្ដែង​ថា សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​អត់​មាន​ទេ មានតែ​សមត្ថភាព​ក្នុង​ការ​ដោះ​សារ។ អញ្ចឹង​យើង​សង្ឃឹម​ថា គាត់​ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី នឹង​សាង​ស្នាដៃ​ថ្មី​ហើយ​អស្ចារ្យ​សម្រាប់​ប្រជាជន​ខ្មែរ ក៏ដូចជា​អ្នក​កំពុង​រងគ្រោះ រង​ភាព​អយុត្តិធម៌»

នៅថ្ងៃទី២១ វិច្ឆិកា នេះ​ដែរ សហជីព​ទ្រទ្រង់​សិទ្ធិ​កម្មករ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍( LRSU) បាន​ចេញ​លិខិត​ចំហ ស្ដីពី​ការ​បញ្ឈប់​បុគ្គលិក ដោយ​មាន​ការ​រើសអើង ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ សហជីព​ណាហ្គាវើលដ៍​ឲ្យ​ដឹង​ថា កម្មករ​ចំនួន៧៣ នាក់​ត្រូវ​បាន​ក្រុមហ៊ុន​ណាហ្គាវើលដ៍ យក​ទៅ​ទុក​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល(Naga Academy) និង​មិន​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​វិញ។ ក្នុង​នោះ កម្មករ៧២នាក់ ត្រូវ​បាន​ក្រុមហ៊ុន​បង្ខំ​ឲ្យ​បញ្ចប់​កិច្ចសន្យា​ការងារ ក្នុង​រយៈពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយ​បុគ្គលិក​ម្នាក់​ទៀត​នោះ ជាប់​លំហែ​មាតុភាព ក្រុមហ៊ុន​មិន​ទាន់​ទាក់​ទង​បញ្ចប់​កិច្ច​សន្យា​ការងារ​នៅ​ឡើយ។ ក្នុង​ចំណោម​បុគ្គលិក​៧២នាក់​នោះ មាន​កម្មករ​ជា​ស្រ្តី​កំពុង​មាន​ផ្ទៃ​ពោះ​ចំនួន​៥នាក់ ។

សហជីព​ណាហ្គាវើលដ៍​លើកឡើង​ថា ការ​រំលាយ​កិច្ចសន្យា​ការងារ ក្រោម​ហេតុផល​ក្រុមហ៊ុន​មិន​ចង់​បន្ត​កិច្ចសន្យា​ការងារ បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍​កំពុង​តែ​បញ្ឈប់​បុគ្គលិក​ដោយ​រើសអើង។

សហជីព​ណាហ្គាវើលដ៍ ស្នើ​ឲ្យ​ថៅកែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​ទទួលយកបុគ្គលិកទាំង៧២នាក់ រួម​ទាំង​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព ដែល​នៅ​សេស​សល់​ចូល​ធ្វើការ​វិញ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។