គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអះអាងថាការស្លាប់របស់លោក ពេជ្រ ធារ៉េត កាលពីដើមឆ្នាំ២០២១ គឺពាក់ព័ន្ធប៉ូលិសស្រុកសង្កែ ខេត្តបាត់ដំបង។ សាច់ញាតិជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សស្នើដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបង្ហាញលទ្ធផលស៊ើបអង្កេតចំពោះការស្លាប់របស់ជនរងគ្រោះដោយយុត្តិធម៌ និងសុក្រឹត ដើម្បីយកជនប្រព្រឹត្តទៅអនុវត្តតាមច្បាប់ ។
ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៨ ខែវិច្ឆិកាដោយលោកអះអាងថា សំណុំរឿងទាក់ទងការស្លាប់របស់ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត នៅអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង ជាងមួយឆ្នាំមុននោះ គណៈកម្មការជាតិប្រឆាំងអំពើទារុណកម្មគ្រោងចេញសេចក្ដីសន្និដ្ឋានពីលទ្ធផលនៃស៊ើបអង្កេតចុងក្រោយ និងផ្សព្វផ្សាយជាសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆាប់ៗ ខាងមុខនេះ។ លោកបង្ហើបឱ្យដឹងថា ក្នុងសេចក្ដីសន្និដ្ឋានចុងក្រោយនោះបានរកឃើញថា ប៉ូលិសស្រុកសង្កែជាប់ពាក់ព័ន្ធការស្លាប់ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត ហៅ ស្នា ហើយមន្រ្តីទាំងនោះបានដកចេញពីតួនាទី និងផ្ទេរពីកន្លែងចាស់ដាក់ទៅកាន់តួនាទីថ្មីអស់ហើយ៖
លោក នុត សាអាន « បាទខ្ញុំកំពុងធ្វើ ( សេចក្តីសន្និដ្ឋានចុងក្រោយ ) នឹងចេញនៅថ្ងៃស្អែក ខានស្អែកនេះ ខ្ញុំនឹងធ្វើការផ្សព្វផ្សាយជូន។ ករណីនេះមានជាប់ពាក់ព័ន្ធមន្ត្រីមានសមត្ថកិច្ច ឥឡូវមន្ត្រីទាំងអស់នេះយើងបានដក និងផ្ទេរចេញកន្លែងហ្នឹងអស់ហើយ » ។
ឆ្លើយតបរឿងនេះ អតីតអធិការនគរបាលស្រុកសង្កែលោក ស៊ុន សុវណ្ណ ប្រាប់លោកត្រូវបានផ្ទេរពីមេប៉ូលិសស្រុកសង្កែមកកាន់មុខតំណែងជាស្នងការរងនគរបាល ខេត្តបាត់ដំបងជំនួស។ ទោះយ៉ាងណាលោកបដិសេធឆ្លើយតបនឹងសំនួរវិទ្យុអាស៊ីសេរីជុំវិញការការស្លាប់លោក ពេជ្រ ធារ៉េត កន្លងទៅដោយក្រោមហេតុផលថាលោកបានឆ្លើយបញ្ជាក់ទៅក្រសួងរួចហើយ បន្ទាប់មកលោកក៏ចុចផ្ដាច់ទូរស័ព្ទ។
លោក ស៊ុន សុវណ្ណ៖« សួរខ្ញុំរួចហើយរឿងហ្នឹង ពេលនេះក៏ខ្ញុំអត់ឆ្លើយដែរ ហើយវាហួសតួនាទីរបស់ខ្ញុំហើយ រឿងហ្នឹងដល់ក្រសួងអីអស់ហើយ » ។
ទោះយ៉ាងណា បងស្រីបង្កើតរបស់ជនរងគ្រោះដែលសកម្មក្នុងការស្វែងរកយុត្តិធម៌ជូនប្អូនប្រុស គឺលោកស្រី ពេជ្រ លីណា ថ្លែងថា រយៈពេល ៥៨៣ថ្ងៃ មកហើយ ដែលប្អូនប្រុសលោកស្រីមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ប៉ុន្តែប៉ូលិសស្រុកសង្កែដែលសង្ស័យជាប់ពាក់ព័ន្ធក្រោមអំពើទារុណកម្មលើប្អូនលោកស្រីបែរជានៅក្រៅសំណាញ់ច្បាប់ និងថែមទាំងដំឡើងតួនាទីទៅវិញ។ លោកស្រីស្នើយ៉ាងទទូចដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបង្ហាញលទ្ធផលខាងមុខនេះ ឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌ ហើយបើសិនរកឃើញថា ករណីនេះជាប់ពាក់ព័ន្ធប៉ូលិសស្រុកសង្កែត្រូវយកជនប្រព្រឹត្តទាំងនោះដាក់ទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោកស្រី ពេជ្រ លីណា៖ «បើសិនក្រសួងមហាផ្ទៃ បើសិនលោកចេញសេចក្ដីប្រកាសជាសាធារណៈ ហើយថាជាប់ពាក់ព័ន្ធសមត្ថកិច្ចស្រុកសង្កែ ដែលយកប្អូនខ្ញុំទៅសួរចម្លើយវាយធ្វើទារុណកម្ម សូមឱ្យក្រសួងចាត់វិធានការតាមផ្លូវច្បាប់ទៅសមត្ថកិច្ចទាំងអស់នោះឱ្យសមទៅនឹងទង្វើរបស់គាត់ មិចបានជាគាត់យកជនសង្ស័យទៅវាយរហូតដល់ស្លាប់អ៊ីចឹ ង»។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ មានមុខរបរជាជាងផ្សារដែក រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ បានស្លាប់បាត់បង់ជីវិត ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ម៉ោង ពាក់ព័ន្ធនឹងការសង្ស័យថា គាត់រាយខ្សែភ្លើងអគ្គិសនី ដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារភ្លើងប្រច័ណ្ឌ ប៉ុន្តែសាក្សីអះអាងថា ក្នុងពេលកើតហេតុ គឺបុរសជាប្តីរូបនេះ មិនបាននៅផ្ទះឡើយ។ ប៉ូលិសខេត្តបាត់ដំបង បកស្រាយថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។ ប៉ុន្តែនៅពេលសាច់ញាតិ ពិនិត្យសាកសពឃើញមានស្នាមរបួស និងជាំពេញខ្លួនចាប់តាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក ព្រមទាំងស្នាមខូងនៅកន្លែងដាក់ខ្នោះ និងស្នាមជាំខ្លាំងនៅកជើងទាំងពីរ។ លើសពីនេះ សំលៀកបំពាក់របស់ជនរងគ្រោះ ត្រូវបានផ្លាស់ប្ដូរ ហើយសាច់ញាតិ អះអាងថា សមត្ថកិច្ចបានព្យាយាមរារាំងមិនឲ្យសាច់ញាតិ និងអ្នកកាសែត ពិនិត្យសាកសពទៀតផង។ អ្នកជំនាញ និងគ្រួសារជនរងគ្រោះសន្និដ្ឋានថា ស្នាមជាំ និងរបួសនៅលើដងខ្លួនសាកសពលោក ពេជ្រ ធារ៉េត ជាស្នាមរងទារុណកម្មដោយការវាយដំ និងឆក់ខ្សែភ្លើង ។ ខាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក៏បានចុះស៊ើបអង្កេតរកឃើញថា ការស្លាប់របស់ជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មរបស់នគរបាលស្រុកសង្កែដែរ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ក្រុមនគរបាលស្រុកសង្កែ ដែលជាប់សង្ស័យក្នុងករណីនេះ នៅតែមានសេរីភាពនៅឡើយ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា អំពើទារុណកម្ម គឺជាបទល្មើសឧក្រិដ្ឋដែលមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា និងច្បាប់អន្តរជាតិ ដែលហាមប្រាមមិនឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើទារុណកម្មលើលើជនសង្ស័យ ឬជនណាមួយដើម្បីទទួលបានចម្លើយសារភាពនោះទេ។ ទោះយ៉ាងណាលោកមើលឃើញថា កន្លងមកការអនុវត្តជាក់ស្ដែងរបស់សមត្ថកិច្ចមួយចំនួន គឺប្រព្រឹត្តផ្ទុយពីច្បាប់កំណត់ ហើយលោកជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឡើងវិញ។
លោក យិន ម៉េងលី៖ «ស្លាកស្នាមហ្នឹងដែលគ្រួសារជនរងគ្រោះសង្ស័យថា ធ្វើទារុណកម្ម ប៉ុន្តែយើង ( សមត្ថកិច្ច ) បំភ្លឺគេ ( គ្រួសារជនរងគ្រោះ ) មិនបាន ហើយនេះគឺជាបញ្ហា។ ទោះបីជាយ៉ាងណាយើងចង់ឱ្យក្រុមសមត្ថកិច្ចចេញរបាយការណ៍មក ដើម្បីពិនិត្យមើលលើរបាយការណ៍ហ្នឹង»។
ករណីមន្ត្រីនគរបាលរងការចោទថា ធ្វើទារុណកម្មលើជនសង្ស័យក្នុងពេលចាប់ឃុំខ្លួន ឬពេលសួរចម្លើយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់នេះ តែងកើតមានជាហូរហែ ប៉ុន្តែគ្រួសារជនរងគ្រោះ កម្រទទួលបានយុត្តិធម៌ណាស់ ប្រសិនបើគ្មានការស្រែកបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។