មន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មទូរស័ព្ទសាកសួរសាច់ញាតិបុរសម្នាក់ដែលស្លាប់ក្នុងពេលជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ឧសភា ដើម្បីស្រាវជ្រាវរកការពិតលើរឿងនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា វិធានការនេះជារឿងល្អ ដែលអាចជួយរកយុត្តិធម៌ជួនដល់សាច់ញាតិជនរងគ្រោះបាន។
សាច់ញាតិបុរសម្នាក់ដែលស្លាប់ក្នុងពេលជាប់ឃុំនៅពន្ធនាគារខេត្តបាត់ដំបងចង់ឱ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មចាត់វិធានការលើរឿងនេះឱ្យបានលឿន ដើម្បីកុំឱ្យជនល្មើសចេះតែវាយធ្វើបាបពលរដ្ឋទន់ខ្សោយតាមអំពើចិត្តបន្តទៀត។
ម្ដាយជនរងគ្រោះរស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកស្រី មេត សុខសាន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១១ ឧសភាថា មន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៃក្រសួងមហាផ្ទៃបានសាកសួរលោកស្រីតាមទូរស័ព្ទ ពាក់ព័ន្ធនឹងរឿងការស្លាប់កូនរបស់គាត់រួចហើយ។ ស្ត្រីវ័យ ៤១ឆ្នាំរូបនេះបន្តថា លោកស្រីបានរៀបរាប់ប្រាប់មន្ត្រីទាំងនោះថា កូនរបស់គាត់បានស្លាប់ដោយសារការធ្វើវាយធ្វើទារុណកម្មនៅក្នុងពន្ធនាគារ ព្រោះសាកសពមានស្នាមហើមប៉ោងត្រង់ក្បាល ចេញឈាមតាមត្រចៀក និងទន់កខុសប្រក្រតីប្រៀបដូចគេវាយបាក់ឆ្អឹងក។ ក្រោយពេលសាកសួរលោកស្រីចប់ហើយ មន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានប្រាប់គាត់ថា សមត្ថកិច្ចនឹងធ្វើការងារនេះឱ្យបានឆាប់បំផុត៖ «បើសិនជាកូនខ្ញុំរោគសួតមែនម៉េចមិនទូរស័ព្ទប្រាប់ខ្ញុំមុនថា កូនឈឺ ចុះពេលដែលគេទូរស័ព្ទមកសុំលុយខ្ញុំម៉េចក៏បាន ត្រង់កូនខ្ញុំឈឺម៉េចមិនបានដល់ពេលកូនខ្ញុំស្លាប់បានគេឱ្យខ្ញុំទៅទទួលសាកសព។ កូនខ្ញុំមានកំហុសអី បានធ្វើទារុណកម្មគ្នាដល់ស្លាប់។ ខ្ញុំអត់ចង់បានអ្វីទេ ប៉ុន្តែខ្ញុំចង់រកវា ព្រោះថា ឧបមាថា ក្មេងដទៃទៀតជាប់ពន្ធនាគារ ហើយធ្វើទារុណកម្មដល់ស្លាប់អីចឹងទៀត តើម៉ែឪណាគេមិនខូចចិត្ត គេក៏ស្រលាញ់កូនគេដែរ » ។
ជនរងគ្រោះលោក ពិន គឹមសេង ត្រូវបានប៉ូលិសខេត្តបាត់ដំបងចាប់ខ្លួន បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តនេះ កាលពីដើមខែកុម្ភៈកន្លងទៅ ពាក់ព័ន្ធនឹងរឿងការបាត់ម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងរបស់ពលរដ្ឋនៅស្រុកកំរៀងខេត្តបាត់ដំបង។ ជនរងគ្រោះបានស្លាប់ក្រោយពេលប៉ូលិសចាប់ខ្លួនដាក់ពន្ធនាគារប្រហែល ៣ខែប៉ុណ្ណោះ។ នៅក្នុងវីឌីអូឃ្លីប ដែលអាស៊ីសេរីទទួលបានបង្ហាញថា សាកសពជនរងគ្រោះមានឈាមហូរចេញតាមត្រចៀកប្រឡាក់ពេញក្បាល និងមានស្នាមហើមប៉ោងត្រង់ក្បាល។
អាស៊ីសេរីមិនអាចទាក់មន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក តុប សំភី ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១១ ឧសភា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទាក់ទងនឹងការស្លាប់បុរសម្នាក់ក្នុងពេលជាប់ឃុំនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សវនា មានប្រសាសន៍ថា មន្ត្រីពន្ធនាគារខេត្តបាត់ដំបងពុំបានវាយធ្វើទារុណកម្មជនជាប់ឃុំដូចការចោទប្រកាន់របស់សាច់ញាត់នោះឡើយ។ លោកបញ្ជាក់ថា ការស្លាប់របស់ជនជាប់ឃុំបណ្ដាលមកពីជំងឺហើមសួតធ្ងន់ធ្ងរ៖ «អីចឹងខាងខ្ញុំមិនទទួលស្គាល់ថា វាជាអំពើធ្វើទារុណកម្មទេ គឺអានេះជាអាការៈដែលសបង្ហាញអំពីជំងឺសួត ហើយបុគ្គលគាត់ហ្នឹងមានប្រវត្តិប្រើគ្រឿងញៀន។ អីចឹងសួតគាត់ហ្នឹងប៉ះពាល់ដោយសារការប្រើប្រាស់គ្រឿងញៀនពីមុនមក ហើយខ្ញុំសួរទៅខាងជំនាញខាងគ្រឿងញៀនទៀតក៏គេពន្យល់ថា ប្រហែលជាគាត់ប្រើប្រាស់ ប្រភេទគ្រឿងញៀនមួយប្រភេទទៀតនោះដែលវាជះឥទ្ធិពលដល់សុខភាពខ្លាំងនៅពេលដែលយើងផ្ដាច់វា » ។
ការលើករបស់មន្ត្រីជាន់ខ្ពស់ពន្ធនាគារនេះត្រូវបានគ្រូពេទ្យរិះគន់ថា គ្រាន់តែជាលេសដោះសាខុសពីការពិត។
គ្រូពេទ្យប្រចាំគ្លីនិកនៅទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក (USA) លោកវេជ្ជបណ្ឌិត ឆាន់ ទូច មានប្រសាសន៍ថា ជំងឺសួតមិនបណ្ដាលឱ្យសាកសពទន់ក ហើមក្បាល និងហូរឈាមតាមត្រចៀកនោះឡើយ។
ជុំវិញរឿងនេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី នៅតែយល់ថា ការស្លាប់នេះ មានមន្ទិលសង្ស័យជាច្រើន ដែលអាជ្ញាធរពាក់ព័ន្ធគួរតែស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀត។ ចំណែកឯការចុះសាកសួររបស់មន្ត្រីគណៈកម្មការជាតិប្រឆាំងទារុណកម្មនោះ លោកថា ជារឿងល្អដើម្បីស្រាវជ្រាវរកការពិតលើរឿងនេះ។ លោកជឿថា ប្រសិនបើស្រាវជ្រាវរកឃើញថា រឿងនេះពិតជាការធ្វើទារុណកម្មមែននោះ មន្ត្រីគណៈកម្មាធិការប្រឆាំងទារុកម្មនឹងដាក់របាយការណ៍រឿងនេះទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការចាត់វិធានការតាមច្បាប់បន្តទៀត៖ «ខ្ញុំបានបញ្ជាក់ថា សូមឱ្យគណៈកម្មាធិការហ្នឹងកាន់តែសកម្មឡើងថែមទៀត ហើយកាន់តែធ្វើការងារឱ្យបានសុក្រឹតថែមទៀត ឈរនៅលើគោលការណ៍ឯករាជ្យថែមទៀត ដើម្បីមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ដើម្បីឱ្យមានគណៈកម្មាធិការមួយដែលជាក្ដីសង្ឃឹមរបស់ប្រទេសយើង » ។
រយៈពេលជាង ១ឆ្នាំមកនេះ នៅបាត់ដំបងមានជនជាប់ឃុំចំនួន ៣នាក់ហើយ ដែលបានស្លាប់ក្នុងពេលសមត្ថកិច្ចចាប់ឃុំខ្លួន។ ក្នុងនោះបុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា អាយុ ៣១ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ បានស្លាប់ដោយមានស្លាកស្នាមជាំពេញខ្លួនដែរ ក្រោយពេលប៉ូលិសចាប់ខ្លួនយកទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី៣ មេសាកន្លងទៅ ពាក់ព័ន្ធនឹងរឿងចោទថា លោកបានឆក់ខ្សែភ្លើងបណ្ដាលឱ្យប្រពន្ធស្លាប់។ ចំណែកម្នាក់ទៀត ឈ្មោះ អន ទិត្យ អាយុ ៣៨ឆ្នាំរស់នៅភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង បានស្លាប់ដោយមានស្នាមជាំដៃ ជើង ខ្នង និងចង្កេះមានស្នាមជាំឆូតៗ ដូចជា ត្រូវគេវាយដំនឹងដំបង ឬខ្សែភ្លើង ហើយករបស់ជនរងគ្រោះទន់ខុសប្រក្រតីដូចគ្នាដែរ។ ការស្លាប់ទាំង ៣ករណីនេះ ត្រូវបានសាច់ញាតិចាត់ទុកថា ជាការវាយធ្វើទារុណកម្មក្នុងពេលសមត្ថកិច្ចចាប់ឃុំខ្លួន ហើយរហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។