សង្គម​ស៊ីវិល​​៨​ស្ថាប័ន​ស្នើ​ឲ្យ​គ.ជ.ប​ផ្ដល់​ឲ្យ​មាន​ការ​ចូល​រួម​ពី​ស្ត្រី​លើ​ដំណើរការ​បោះឆ្នោត

ដោយ អ៊ុំ រង្សី
2015-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
RFA

អង្គការ​សង្គម​ស៊ីវិល​ដែល​មក​ពី​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ប្រមាណ ៨​ស្ថាប័ន លើក​ឡើង​ថា វិសមភាព​យេនឌ័រ​នៅ​កម្ពុជា នៅ​មាន​កម្រិត​ឡើយ ហើយ​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ស្ត្រី និង​បុរស​នៅ​ពុំ​ទាន់​ស្មើភាព​គ្នា​ក្នុង​ដំណើរ​ការ​បោះឆ្នោត។ បញ្ហា​នេះ សង្គម​ស៊ីវិល​បាន​ស្នើ​ទៅ​កាន់ គ.ជ.ប ឲ្យ​ដាក់​អនុសាសន៍​ចំនួន ៧​ចំណុច ទៅ​លើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

សង្គម​ស៊ីវិល​ចង់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) យក​អនុសាសន៍ ៧​ចំណុច​របស់​ខ្លួន​បញ្ចូល​ទៅ​ក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បំណង​ឲ្យ​ស្ត្រី និង​បុរស​មាន​ឱកាស​ស្មើ​គ្នា​នៅ​ក្នុង​ដំណើរ​ការ​ចូលរួម​ចុះ​ឈ្មោះ​បោះឆ្នោត។

ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រវាង គ.ជ.ប និង​អង្គការ​ធ្វើការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ស្ដីពី​ការ​ពិភាក្សា​សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា។

​អនុសាសន៍​សំខាន់ៗ ៧​ចំណុច​ដែល​សង្គម​ស៊ីវិល​ដាក់​ជូន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​រួម​មាន ស្នើ​ចាត់តាំង​គណៈកម្មការ​ចំពោះ​កិច្ច​យេនឌ័រ ក្នុង​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ស្នើ​ឲ្យ​ជ្រើសរើស​ក្រុម​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​មាន​ស្ត្រី​យ៉ាងតិច​មួយ​រូប ទៅ​ពីរ​រូប គ្រប់​តួនាទី​ដែល​ត្រូវ​ជ្រើសរើស​ត្រូវ​តែ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​រយៈពេល ១០​ថ្ងៃ​យ៉ាង​តិច​នៃ​ថ្ងៃ​ធ្វើការ ហើយ​រាល់​ការ​ផ្សព្វផ្សាយ​ជ្រើសរើស​ស្ត្រី ជន​ពិការ និង​ស្ត្រី​ជនជាតិ​ភាគ​តិច​ត្រូវ​តែ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម រាល់​ក្រុម​សង្កេតការណ៍​លើ​ការងារ​បោះ​ឆ្នោត ទាំង​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ ត្រូវ​តែ​មាន​ស្ត្រី​ចូលរួម​ចំនួន ៥០% និង​ចុង​ក្រោយ​ស្នើ​សុំ​ឲ្យ​រយៈពេល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​ផ្ដល់​សុពលភាព​លើ​បញ្ជី​បោះឆ្នោត ត្រូវ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ នាយិកា​អង្គការ​សិលការ និង​ជា​ប្រធាន​គ្រប់គ្រង និង​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សង្គម​ស៊ីវិល​ដាក់​អនុសាសន៍ ៧​ចំណុច​ជូន គ.ជ.ប នៅ​ពេល​នេះ ដោយសារ​ស្ត្រី​កម្ពុជា ភាគ​ច្រើន​មិន​សូវ​មាន​ឱកាស​ចូល​រួម​អនុវត្ត​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត​នោះ​ទេ។ អ្នកស្រី​បន្ត​ថា បញ្ហា​វិសមភាព​នេះ​កើត​ឡើង​ដោយសារ​កម្ពុជា ខ្វះ​គោលនយោបាយ​ជួយ​ស្ត្រី​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ដូច​បុរស។

​អ្នកស្រី ធីតា ឃិះ លើក​ឡើង​ទៀត​ថា វិសមភាព​យេនឌ័រ នៅ​ក្នុង​ដំណើរការ​បោះឆ្នោត គឺជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​រយៈពេល​វែង​នៅ​កម្ពុជា។ អ្នកស្រី​ថា បេសកកម្ម​របស់ គ.ជ.ប ដែល​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ គ.ជ.ប ត្រូវ​តែ​ពិចារណា​អនុសាសន៍​ទាំង ៧​ចំណុច​នេះ៖ «បុគ្គលិក​រាជការ​ដែល​ធ្វើការ​នៅ​ក្នុង គ.ជ.ប ត្រូវ​តែ​មាន​សមធម៌ និង​តុល្យភាព​ផង ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​នយោបាយ​ទាំង​នោះ​ដាក់​បញ្ចូល​ចំនួន​ស្ត្រី​នៅ​កិច្ចការ​បោះឆ្នោត»

ឆ្លើយ​តប​នឹង​ការ​ផ្តល់​អនុសាសន៍​ទាំង ៧​ចំណុច​របស់​សង្គម​ស៊ីវិល​ទាំង​នេះ អ្នក​​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា កន្លង​មក គ.ជ.ប មិន​បាន​រើសអើង​ស្ត្រី ស្ត្រី​ជនពិការ និង​ស្ត្រី​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​វិស័យ​នយោបាយ​នោះ​ទេ។ លោក​ថា ចំពោះ​សំណើ​នេះ គ.ជ.ប បាន​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​ស្ត្រី​រួច​ហើយ​ដែរ ហើយ​សំណើ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ គឺ​ជា​គន្លឹះ​សំខាន់​សម្រាប់ គ.ជ.ប យក​ទៅ​ពិនិត្យ និង​សិក្សា​បន្ត​ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​តម្លាភាព៖ «រាល់​អនុសាសន៍​របស់​អង្គការ​ស្ត្រី គ.ជ.ប នឹង​ពិនិត្យមើល​លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​នេះ ដើម្បី​ឲ្យ​ស្ត្រី​កម្ពុជា អាច​មាន​ឱកាស​នៅ​ក្នុង​កិច្ចការ​នយោបាយ»

រាល់​រដូវ​ចុះ​ឈ្មោះ​បោះឆ្នោត និង​យុទ្ធនា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ម្តងៗ អង្គការ​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ តែងតែ​ត្អូញត្អែរ​អំពី​កង្វះ​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ហើយ​ពួកគេ​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពី​ស្ត្រី​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​កិច្ចការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល