សង្គម​ស៊ីវិល​២០​ស្ថាប័ន​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ដើម្បី​យុត្តិធម៌​សង្គម

ដោយ យ៉ង ចាន់តារា
2023.11.26
សង្គម​ស៊ីវិល​២០​ស្ថាប័ន​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ដើម្បី​យុត្តិធម៌​សង្គម យុទ្ធនាការ​១៦​ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ និង​យុត្តិធម៌​សង្គម​ រៀបចំដោយក្រុមអង្គការសង្គមស៊ីវិល។
Screenshot

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ស្ថាប័ន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ស្ត្រី សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​២៥ វិច្ឆិកា បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​ក្នុង​គោលបំណង​លើកកម្ពស់​សិទ្ធិ និង​យុត្តិធម៌​សង្គម​។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​សិទ្ធិ​សកម្មជន និង​អ្នកការពារ​សិទ្ធិមនុស្ស​ជា​ស្ត្រី ដើម្បី​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព ជាពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​មាន​តម្លាភាព។

អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព ចំនួន​២០​ស្ថាប័ន​រួមគ្នា​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្ត្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម» នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​កម្មវិធី​ធំ​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៣ ខែធ្នូ ខាងមុខ​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​៥០០​នាក់ ។ យុទ្ធនាការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០​ស្ថាប័ន​នោះ រួមមាន សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ (LRSU) សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។

ប្រធាន​សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា យុទ្ធនាការ​នេះ​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​ការប្រើ​អំពើ​ហិង្សា ការចោទប្រកាន់ និង​ការ​លាប​ពណ៌​សកម្មជន​ជា​ស្ត្រី​ដែល​តស៊ូ​មតិ​ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ពី​រដ្ឋាភិបាល​។ លោកស្រី​កត់សំគាល់​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​អនុវត្ត​សិទ្ធិ​គ្មាន​តម្លាភាព និង​តែង​យក​ច្បាប់​មក​រឹតត្បិត​សេរីភាព​សកម្មជន​ជា​ស្ត្រី​ទៅវិញ​នៅពេល​ពួកគាត់​តស៊ូ​មតិ​ដើម្បី​ទាមទារ​រក​យុត្តិធម៌។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ខ្ញុំ​ជឿ​ថា នៅ​ប្រទេស​ជាច្រើន​នៅ​ប្រទេស​ដែល​ជឿនលឿន​ហ្នឹង​គេ​ស្ដាប់​មតិ​របស់​ពលរដ្ឋ​ខ្លួន ហើយ​កែសម្រួល​ទៅតាម​តម្រូវការ​ពលរដ្ឋ​ជាពិសេស​ស្ថាប័នរដ្ឋ​ដែល​យកពន្ធ​ពី​ពលរដ្ឋ​បើក​ប្រាក់ខែ​ឱ្យ​អ្នក​ទាំងនោះ​រឹតតែ​ត្រូវ​គោរព​ពលរដ្ឋ និង​ស្ដាប់​ពលរដ្ឋ​ទៅទៀត ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេស​មួយ​មិន​ឱ្យ​តម្លៃ​ទៅ​ពលរដ្ឋ​របស់​ខ្លួន ហើយ​កេង​ចំណេញ​ឬក៏​រំលោភបំពាន​ទៅ​ពលរដ្ឋ​របស់​ខ្លួន ពលរដ្ឋ​របស់​ខ្លួន នឹង​ក្លាយជា​ទាសករ និង​ក្លាយទៅជា​អ្នក​ដែល​ត្រូវ​បាន​កេងប្រវ័ញ្ច​តទៅទៀត ប៉ុន្តែ​បើ​ស្ដាប់​ពលរដ្ឋ​របស់​ខ្លួន​បញ្ហា​ធំ​ប៉ុន​មេឃ​ក៏​ដោះស្រាយ​បាន​ដែរ»

យុទ្ធនាការ​រយៈពេល​១៦​ថ្ងៃនេះ គឺ​រៀបចំឡើង​ដោយមាន​សកម្មជន​សហជីព និង​ពលរដ្ឋ​នាំគ្នា​ប្ដូរ​ស៊ុម​រូបថត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ដដែល​នេះ ។ ចំណែក​នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ នឹង​មាន​ការ​ចាក់​ផ្សាយ​ពី​កម្រង​វីដេអូ​ចំនួន​៧ បង្ហាញ​ពី​ការ​តម្រូវ​របស់​ស្ត្រី និង​ក្មេងស្រី ព្រមទាំង​ចេញ​សេចក្ដីថ្លែងការណ៍​រួម​អំពី​តម្រូវការ និង​សំណូមពរ​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កំពុង​កើតមាន​លើ​ស្ត្រី និង​ក្មេង​ស្ត្រី។ ដោយឡែក​នៅ​ថ្ងៃទី​០៣ ខែធ្នូ អង្គការ​សង្គម​ស៊ីវិល​នឹង​ធ្វើ​កម្មវិធី​ជួបជុំគ្នា​សម្ដែង​មតិ​ដោយមាន​ការចូលរួម​ពី​ស្ត្រី​ដែល​រង​ការ​រំលោភបំពាន​សិទ្ធិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្ត្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម» ហើយ​ចាប់​ពី​ថ្ងៃទី​៤ ដល់ទី​ថ្ងៃទី​១០​ធ្នូ នឹង​ដាក់​ឱ្យ​មាន​ការ​បង្ហាញ​ពី​វីដេអូ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​ចង់​បាន​របស់​ស្ត្រី។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ។

ជុំវិញ​បញ្ហា​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា​ការ​ធ្វើ​យុទ្ធនាការ​នេះ​គឺជា​រឿង​ល្អ​ដើម្បី​ជា​សារ​ដាស់តឿន​ដល់​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​។ លោក​បន្ត​ថា អំពើ​និទ្ទណ្ឌភាព​នៅក្នុង​សង្គម​នឹង​កាន់តែ​កើតមាន​ប្រសិនបើ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងយុត្តិធម៌​មិន​ឈរ​លើ​គោលការណ៍​ឯករាជ្យ​នោះ។

លោក នី សុខា៖ «ខ្ញុំ​គិតថា​រឿង​អ្វី​ក៏ដោយ​វា​ត្រូវតែ​ពង្រឹង​អំពី​បញ្ហា​នីតិរដ្ឋ ជាពិសេស​ពង្រឹង​បញ្ហា​ប្រព័ន្ធ​យុត្តិធម៌​នេះ​ឱ្យ​បាន​អនុវត្ត​នៅ​ធ្វើ​យ៉ាងណា​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ស្មើគ្នា​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​មិន​មាន​ការរើសអើង​ដោយ​មិន​មានការ​ផាត់​ចោល​ក្រុម​ណាមួយ​ដែល​យើង​គិតថា ជា​បញ្ហា​នៃ​ការ​ចាត់ទុក​ក្រុម​ណាមួយ​ជា​ក្រុមប្រឆាំង​ឬក៏​ក្រុម ស្រប​ឬក៏​ក្រុម​រើសអើង​នយោបាយ»

កន្លងទៅ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់ លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត តែង​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​គំរាមកំហែង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជា​ស្ត្រី ដើម្បី​កុំឱ្យ​ពួកគាត់​ចេញ​តវ៉ា​រក​យុត្តិធម៌​។ ជាង​នេះ​ទៅទៀត​ស្ត្រី​ជា​កូដករ​ណាហ្គាវើលដ៍ សកម្មជន​នយោបាយ និង​សកម្មជន​ដីធ្លី បាន​រង​ការ​វាយដំ ការ​ចាប់​ឃុំខ្លួន ការ​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ ការ​ផ្ញើ​សារ​គំរាម​សម្លាប់​ជាដើម ដោយ​គ្រាន់តែ​ពួកគាត់​អនុវត្ត​សិទ្ធិ​ស្របតាម​ច្បាប់​របស់​ខ្លួន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​លុបបំបាត់​ការប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​ស្ត្រី ដោយ​ងាក​មក​លើ​កម្ពស់​សិទ្ធិ​ស្ត្រី​និង​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​ចូលរួម​ការងារ​សង្គម​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។