អ្នក​សិទ្ធិមនុស្ស​​ថា​​ លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ​ ទើប​​អាច​​ធានា​ការគោរព​សិទ្ធិស្រ្តី​

ដោយ សុជីវី
2021-03-08
Share
អ្នក​សិទ្ធិមនុស្ស​​ថា​​ លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ​ ទើប​​អាច​​ធានា​ការគោរព​សិទ្ធិស្រ្តី​ ស្ត្រីចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក (Central)

អ្នកការពារ​សិទ្ធិ​មនុស្ស​មើលឃើញ​ថា ​ការធានា​បាន​នូវ​សង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ នឹង​ជំរុញ​ការបង្កើត​ច្បាប់ និង​វិធានការ​ទាំងឡាយ​ដែល​គិតគូរ​ពិត​ប្រាកដដ​ល់អត្ថប្រយោជន៍​​សម្រាប់​ស្រ្តី។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជាអ្នកស្រី ចក់ សុភាព មានប្រសាសន៍​ថា ការដើរចាកពី​គន្លង​ប្រជាធិបតេយ្យ​ដូចស្ថានភាព​បច្ចុប្បន្ន​នេះ​ធ្វើ​ឱ្យសិទ្ធិសេរីភាព​ជាមូលដ្ឋានរបស់​ពលរដ្ឋត្រូវ​រិតត្បិត និង​សិទ្ធិ​ចម្បងៗ ​ផ្សេងទៀត​ត្រូវ​រំលោភបំពាន​ ដូចជា​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ​ ហើយសកម្មជនធ្វើការការពារយុត្តិធម៌សង្គម ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មជន​​នយោបាយ ​ត្រូវរងការ​ធ្វើទុក្ខបុកម្នេញ។ អ្នកស្រី​ថា​ ទាំង​នេះ​មាន​ឥទ្ធិពល​ធ្វើ​អោយ​សំឡេង​ស្រ្តី ដែល​មាន​តិចតួច​នោះ​ត្រូវ​កាត់បន្ថយ​ថែម​ទៀត៖ «ការបង្កើតវប្បធម៌ការចាប់ពិរុទ្ធខ្លួនឯង​ គឺ​នៅ​ក្នុង​ចំណោមសាធារណៈជន ប្រសិនបើស្ថានភាព​នេះ​នៅ​តែវិវឌ្ឍន៍ បានន័យថា​ បញ្ហា​ជាច្រើន​ដែល​ស្រ្តី​បាន​ប្រឈម​​​នឹង​មិនត្រូវបានដឹងឮ ព្រោះថា សង្គម យើង​លំហសេរីភាព​ហ្នឹង​ចាប់ផ្ដើមរួមតូចទៅៗ»

អ្នកស្រី​ថា កង្វះខាតសំឡេង​តំណាងឱ្យ​ស្រ្តី​បាន​ជំរុញ​ឱ្យមាន​ការបង្កើត​ច្បាប់ និង​វិធានការដែល​​ធ្វើ​ឱ្យ​ការ​រើសអើង​​ស្រ្តី​នៅ​​តែ​បន្ត៖ «​ស្រ្តីដែល​​គាត់​ជា​ជន​រងគ្រោះ​​ហ្នឹង​​គឺគាត់​ងាយ​នៅក្នុង​ការទំនាក់ទំនង​ ហើយ​​ប្រហែល​​ជាពួកគាត់​​នឹង​ងាយ​យល់​បញ្ហា​ ហើយ​ដឹង​​វិធី​ដោះស្រាយ​​ជាង​ចៅក្រម​ជាបុរស ​ជាង​មេធាវី​ជាបុរស​ ឬ​ប៉ូលីស​ជា​បុរស​ ដែល​​ជា​ញឹកញយ​​គាត់​បែរ​ជាថែម​បន្ទុក​ទ្វេដង​ទៅលើ​ជន​រងគ្រោះ ​ដែល​​ធ្វើ​ឱ្យ​​ជនរងគ្រោះ​​បាក់ស្បាត​ ឬ​ខ្លាច​បន្ថែមទៀត​។​ ការ​ប្រឈម​មួយ​ទៀត​​គឺ​​ទិដ្ឋភាព​ច្បាប់ ​ដែល​​រដ្ឋាភិបាល​​បាន​ដាក់​ចេញ​​នូវ​ទិដ្ឋភាព​ច្បាប់​មួយចំនួន​ដែល​​រិតត្បិត​ដល់​សិទ្ធិស្រ្តីដែរ​ ហើយការ​រើសអើងទៅ​លើ​ស្រ្តីដោយ​ការ​ទម្លាក់​នូវ​តម្លៃ​​ដល់​ស្រ្តី​ធ្វើឱ្យកា​រលើកតម្កើង​វប្បធម៌​ប្រពៃណី ​ឬ​​ក៏​សេចក្ដីថ្លៃថ្នូរ​​របស់​​សង្គ​ម​​ហ្នឹង​​ទៅ​ជា​គំនាប​​មកលើ​ស្រ្តីទៅវិញ​»

ជាមួយ​គ្នា​នេះ​ ​គណៈកម្មាធិការ​​នៃ​អង្គការ​មិន​រដ្ឋាភិបាល​​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់ទំរង់​នៃការ​រើសអើង​លើ​ស្រី្ត​ (NGO-CEDAW) ​និង​អង្គការ​សង្គម​ស៊ីវិល​ជាដៃ​គូ​​ចំនួន ​២១​ បាន​ចេញ​សេចក្តីថ្លែងការណ៍រួម​លើកឡើង​នូវ​បញ្ហា​ចំនួន ​៥ចំនុច​ ដែលចាំបាច់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ ក្នុងនោះ​មានដូចជា ​សូមឲ្​យទម្លាក់​ចោល​នូវ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ  ​និង​​អនុក្រឹត្យថ្មី ​ស្តីពី​​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណែត​ជាតិ ​ការបែងចែក​ផ្តល់​ថវិកាជាតិ​ឲ្យបាន​គ្រប់គ្រាន់​ សម្រាប់​ការអនុវត្ត​​ផែនការ​សកម្មភាព​ជាតិ ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សាលើ​ស្រី្ត ​និង​បញ្ហាផ្សេងៗ​មួយចំនួន​ទៀត​។​

158002858_1512370102302541_2805295109911126760_o.jpg
ស្ត្រីជាអ្នកតំណាងសហជីពនានាបានចូលរួមទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២១ នៅភ្នំពេញ។ (Central)

បើទោះជា​យ៉ាងណា​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​លើកឡើង​ថា ​រដ្ឋាភិបាល​​យក​ចិត្ត​ទុកដាក់​​ជានិច្ច​​ក្នុង​​ការ​លើក​កម្ពស់​​ស្រ្តី​រហូត​​បង្កើត​​បាន​ជា​​ពាក្យ​​ស្លោក​​ថា​ «​ស្រ្តី​ជាឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ​»​។ លោក​​សរសេរ​លើ​​ហ្វេសប៊ុក​​កាល​ពី​​ខួបលើកទី​១១០ ​នៃ​ទិវាសិទ្ធិនារី​​អន្តរជាតិ​​នេះ​​ថា​ សិទ្ធិ​ទាំង​ឡាយ​​រួមទាំង​សិទ្ធិនារី ​ដែល​ទទួល​បាន​ឡើងវិញ​ពេលនេះ​គឺដោយសារ​​គុណបុណ្យ​ថ្ងៃរំដោះ ថ្ងៃទី៧ ខែ​មករា ​ឆ្នាំ១៩៧៩​។

បើ​ទោះជាយ៉ាងណា​​ចំពោះ​​ក្រុម​សហជីព ​និង​​ក្រុមអង្គការ​ សមាគម​​ផ្នែក​​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ដែល​បាន​​នាំគ្នា​​ជួប​​ប្រជុំ​ប្រារព្ធទិវា​​នារី​អន្តរជាតិ​​នេះ​ក្នុង​​ចំនួន​​មនុស្ស​​​ចូល​រួម​​តិចដោយសារ​​ការពារ​​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩​ បាន​ទាមទារ​​ឱ្យ​​រដ្ឋាបាល​​យកចិត្ត​ទុក​ដាក់​​ដល់​​ពួកគេ ​ដោយ​ស្ដាប់​​តម្រូវការ ​និង​​ដោះស្រាយ​​បញ្ហា​​​របស់​​ពួកគេ​​ជា​​ពលរដ្ឋទៅតាម​លំអាន​​នៃ​​ប្រទេស​​ប្រជាធិបតេយ្យដែរ ​ទើប​បញ្ជាក់​​ថា ​រដ្ឋាភិបាល​​យកចិត្ត​ទុកដាក់​​ដល់​សិទ្ធិស្រ្តី​​ពិតប្រាកដ ​និង​​មាន​​យុត្តិធម៌។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី​ យ៉ាង សុភ័ណ្ឌ​ មាន​​ប្រសាសន៍​​ថា ​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ពលរដ្ឋ​​អាច​​អនុវត្ត​​សិទ្ធិបាន​តាមច្បាប់​ធានាដែល​​ផ្ទុយ​គ្នា​​ពី​​ស្ថានភាព​​បច្ចុប្បន្ន​នេះ៖ «ក្នុង​​ច្បាប់​បាន​ចែងថា​គាំទ្រ​យើង​​អោយ​យើង​មានសិទ្ធិសេរីភាព​គ្រប់គ្រាន់​​នៅ​ក្នុង​​ការតស៊ូមតិ​​ដើម្បី​ទាមទារ​សិទ្ធិ ​ប៉ុន្តែ​​ពេល​​ដែល​​យើង​​ទៅទាមទារ​មានគេសំពង​យើង ​មាន​គេ​ចាប់​យើងដាក់គុក ​ចឹង​ស្នើអោយ​​រដ្ឋាភិបាល​មើលអំពី​ចំណុច​ហ្នឹងឡើងវិ​ញ»​

​មិន​ខុសគ្នា​​នេះ​ដែរ​​ ប្រធាន​​សហព័ន្ធ​​សហជីព​​កម្មករ​​សំណង់និង​​ព្រៃ​ឈើ​​​​កម្ពុជា​លោក ​សុខ គីន ​មាន​​ប្រសាសន៍​​ថា​ ស្រ្តី​ក្នុង​​វិស័យ​​សំណង់​កំពុង់​​បាត់បង់​សិទ្ធិ​ទទួល​​បាន​ប្រាក់​ឈ្នួល​ស្មើគ្នា​​ក្នុង​​ការងារ​​ដូចគ្នា​​ជាមួយ​​បុរស​។ ​លោកថា​​សំឡេង​​របស់​​ស្រ្តី​​ក្នុ​ង​​ផ្នែក​​នេះ​​ត្រូវ​​គេ​មើល​រំលង៖ «​វិស័យសំណង់​​ជា​ឧស្សាហកម្ម​ធ្ងន់ធ្ងន់​បំផុត​មួយ ​ប៉ុន្តែ​​ប្រាក់​ឈ្នួល​ខុសគ្នា​ពីបុរស និងស្រ្តីប្រហែល​ជា ៥០ភាគរយ បុរសបាន ​១០ដុល្លារ ស្រ្តីបានតែ ៥ដុល្លារទេ ហើយការងារដូចគ្នា​ចងដែក​ដូចគ្នា ​យួរកំបោរ​ដូចគ្នា​។​ សួរ​ថាហេ​តុអី? ​គាត់​ទទួល​បាន​​យុត្តិធម៌​​ចំពោះមុខច្បាប់ទេ​?​ ​គឺអត់​សូម្បីតែ​សម្ភារៈសុខភាព​ សម្ភារៈសុវត្ថិភាព​ក៏គាត់​អត់​ទទួល​បាន​ទេ​»​។​

ជាមួយនេះ​​អ្នកការពារ​សិទ្ធិស្រ្តី​​អ្នកធ្វើការងារ​​ក្រៅ​​ប្រព័ន្ធ​​ផ្សេង​​ទៀត​​មាន​​អ្នករើស​សំរាម​ អ្នកលក់ដូរ​តាម​​ដងផ្លូវ​ និង​​អ្នកធ្វើការ​ផ្នែក​​សេវាកម្ម​ទូទៅ ​ព្រមទាំង​​អ្នកផ្នែក​​សេវា​កម្សាន្ត​​ទាមទារ​​ឱ្យ​​រដ្ឋាភិបាល​​ផ្ដល់​​សេវា​គាំពារ​​សង្គ​ម​​ដល់​​ពួកគេ។​

ប្រធាន​​សហព័ន្ធ​​សហជីព​កម្មករ​​ចំណីអាហារ​ និង​​សេវាកម្ម​​កម្ពុជា​អ្នកស្រី អ៊ូ ទេពផល្លីន ​ថ្លែង​ថា ​អ្នក​ធ្វើការ​ផ្នែក​​សេវាកម្ម​ ដែល​ភាគ​ច្រើន​​ជាស្រ្តី ​ក៏​ជា​ពលរដ្ឋ​ដែរ​​គឺគួរ​តែ​ទទួល​​បាន​​ការគាំពារ​សង្គម ​ឬការធានា​រ៉ាប់រង​​សុខភាព​​ពេល​មាន​​ជំងឺ ​មាន​​ប្រាក់​​ឧបត្ថម្ភ​​ពេល​ពិការ​​ដោយ​សារ​ការងារ ​និង​​ប្រាក់​​ផ្សេង​ទៀត​​ពេល​​ជួប​​គ្រោះ​ថ្នាក់​​ដល់​​ជីវិត​​ជាដើមឱ្យ​​ដូចគ្នា​​នឹង​​កម្មករ​​នៅ​ក្នុង​​វិស័យ​​ផ្សេងៗ​​ ដូចជា​ ​វិស័យ​កាត់ដេរ​ជាដើម៖ «ត្រូវ​ទៅ​ធ្វើការស្រាប់តែមានគ្រោះថ្នាក់ចៃដន្យណាមួយ​ពិការភាព បើស្លាប់តែម្ដងរៀងធូរបន្តិច តែបើពិការត្រូវការការគាំពារ​ពីរដ្ឋ មិនមែនពិការហើយបោះយើងចោលទេ គឺត្រូវជួយគាំពា​រដល់ពួកយើងហ្នឹង។ មិនមែនឱ្យយើងគិតអាក្រក់ទេ ប៉ុន្តែ​ក្នុង​នាម​ជាមនុស្ស វាមិនអាចគេចផុតតេអារឿងអស់ហ្នឹង។ ដល់ពេលពិការ​ហើយ​ស្រាប់តែទៅធ្វើការ​ចៃដន្យអី​អត់ការងារ​ធ្វើ​ដោយសារមាន​វិបត្ត​​សេដ្ឋកិច្ច​ពិភពលោក​កើតឡើង​ រដ្ឋត្រូវតែជួយកុំឱ្យ​ពលរដ្ឋវេទនាអត់មានអីហូប ព្រោះយើងអត់ប្រាថ្នា​ពាក់នាឡិការ​តម្លៃរាប់លាន អត់ប្រាថ្នាពាក់ខ្សែក្រវ៉ាត់តម្លៃរាប់ពាន់ទេ គឺយើងសុំតែអាហារ ៣ពេល ពេល​ណាយើងឈឺបាន​ទៅព្យាបាល។ នេះជាក្ដីសុបិន្ត​របស់ពលរដ្ឋ»

156771049_1512371072302444_3703466453739421597_o.jpg
អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ឡើងថ្លែងនៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២១។ (Central)

ក្រសួង​កិច្ចការនារី​ក្នុង​ឆ្នាំនេះ​បាន​រើសយកប្រធានបទ​ស្រ្តី និង​ការអភិវឌ្ឍ ក្នុង​បរិកាណ៍​កូវីដ-១៩ ដោយ​បញ្ជាក់​ថា ក្នុង​ស្ថានភាព​នៃ​ការរាលដាល​ជំងឺ​កូវីដ-១៩​នេះ​​ស្រ្តី និង​ក្មេងស្រី​រង​ផលប៉ះពាល់​ខ្លាំង​ជាងបុរស និង​ក្មេងប្រុស ទាំង​ផលប៉ះពាល់ផ្នែក​សេដ្ឋកិច្ច អំពើហិង្សា សេវា​ថែទាំ​សុខភាព។ ក្រសួងកិច្ចការនារី​អះអាង​ថា រដ្ឋាភិបាល​បាន​ដាក់ចេញ​វិធានការភ្លាមៗ​ឆ្លើយ​តប​ជួយ​សម្រួល​ដល់​ស្រ្តី និង​ក្រុមជន​ងាយរងគ្រោះ ជាពិសេស​ តាម​គោលនយោបាយ​គាំពារសង្គម​ផ្ដល់ប្រាក់​ឧបត្ថម្ភ​​ទៅដល់​អ្នកធ្វើការផ្នែក​កាត់ដេរ សេវាកម្ម និងទេសចរណ៍ ព្រមទាំង​ជួយ​ទៅ​ដល់​អាជីវកម្ម​សហគ្រាស​ធុនតូច និង​មធ្យម ជាដើម។

តែទោះជាយ៉ាងណាចំពោះ​អ្នការពារសិទ្ធិ​មនុស្ស​មើលឃើញ​ថា​គោលនយោបាយ​នោះ​មិន​បាន​រាប់​បញ្ចូល​ក្រុម​អ្នក​ធ្វើ​ការងារ​ក្រៅ​ប្រព័ន្ធ​ឡើយ។

ពួកគេ​បន្ត​ទទូច​អោយ​រដ្ឋាភិបាល​ងាកមក​អនុវត្ត​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ធានា​សិទ្ធិសេរីភាព​ពលរដ្ឋ​ទៅតាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ជាគោល ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ទៅ​អោយ​ពលរដ្ឋ​គ្រប់រូប​នៅ​ក្នុង​សង្គម​ទាំង​បុរស​ទាំង​ស្រ្តី ដោយសមភាព​គឺ​ធានា​ថា​នឹង​គ្មាន​នរណាម្នាក់ត្រូវ​ទុក​ចោល​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល