ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយជំរុញឱ្យរដ្ឋាភិបាលបើកលំហសិទ្ធិសេរីភាពសារព័ត៌មានឱ្យបានពេញលេញ សម្រាប់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។ ប៉ុន្តែតំណាងបក្សកាន់អំណាចបកស្រាយថា រដ្ឋាភិបាលមិនបានបិទសិទ្ធិសេរីភាពសារព័ត៌មាននោះទេ។
ក្រុមអ្នកជំនាញ និងគណបក្សនយោបាយលើកឡើងស្របគ្នាថា ប្រជាពលរដ្ឋត្រូវការព័ត៌មានពិត និងចម្រុះទាក់ទងនឹងដំណើរការបោះឆ្នោត ដើម្បីពួកគាត់សម្រេចចិត្តបានត្រឹមត្រូវក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ ហេតុដូច្នេះ រដ្ឋាភិបាលត្រូវបើកលំហ និងធានាសិទ្ធិសេរីភាពសារព័ត៌មានឱ្យបានពេញលេញ មិនមែនគាបសង្កត់ ឬរឹតត្បិតដូចពេលបច្ចុប្បន្ននេះឡើយ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយទេ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់។ លោកពន្យល់ថា ពលរដ្ឋត្រូវការព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ មិនមែនជាការឃោសនា ឬលើកជើងតែមួយមុខនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវតែធានាឱ្យបានពេញលេញនូវសេរីភាពសារព័ត៌មាន និងការពារនូវការបំពេញវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៖ «សេរីភាពសារព័ត៌មាននេះ ជារឿងមួយសំខាន់ណាស់ អ៊ីចឹងហើយបានជាសង្គមស៊ីវិលទាមទារ ហើយស្នើសុំឱ្យសេរីភាពនេះ គឺពេញបរិបូណ៌ មិនមានឧបសគ្គ ឬក៏ជាព័ត៌មានមួយដែលអាចនឹងយកទៅពិចារណាជាប្រយោជន៍សម្រាប់អ្នកបោះឆ្នោត»។
ស្រដៀងគ្នានេះ ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា សេរីភាពសារព័ត៌មានកំពុងស្ថិតក្រោមការគាបសង្កត់របស់រដ្ឋាភិបាល ដែលធ្វើឱ្យស្ថាប័នព័ត៌មានឯករាជ្យមួយចំនួនមិនអាចបើកប្រតិបត្តិការបាននៅក្នុងប្រទេស។ ម្យ៉ាងវិញទៀត លោកថា ពលរដ្ឋជាច្រើននាក់បានក្លាយជាជនរងគ្រោះតាមផ្លូវតុលាការដោយការបញ្ចេញមតិ និងចែកចាយព័ត៌មាននៅលើបណ្ដាញសង្គម ស្របពេលរដ្ឋាភិបាលកំពុងបង្កើនការគ្រប់គ្រងកាន់តែខ្លាំងលើប្រព័ន្ធអ៊ីនធឺណិត៖ «គ្រាន់តែព័ត៌មាន យើងចង្អៀតបែបហ្នឹងហើយ ធ្វើម៉េចការផ្សព្វផ្សាយបានទូលំទូលាយទៅ ? បើនិយាយពីប្រព័ន្ធផ្សព្វផ្សាយវិញ រដ្ឋាភិបាលមានលទ្ធភាពច្រើនណាស់ ទូរទស្សន៍រាប់ភ្លេច ខាងវិទ្យុផង ស្អីផង។ ឥលូវហ្នឹងបង្កើតស្អេកស្កះពាសពេញទៀត ហើយទៅខ្លាចអ្វីព័ត៌មានសេរី។ អ៊ីចឹងហើយ សូមឱ្យ ( រដ្ឋាភិបាល ) បើកលំហហ្នឹងមក»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃទី២០ កុម្ភៈ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា រដ្ឋាភិបាលមិនបានបិទលំហសេរីភាពសារព័ត៌មាននោះទេ។ លោកបកស្រាយថា រដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន តួយ៉ាង ជំនួបរវាងប្រមុខរដ្ឋាភិបាលជាមួយក្រុមអ្នកសារព័ត៌មាន និងការអនុញ្ញាតឱ្យមានស្ថាប័នព័ត៌មានដ៏ច្រើនលើសលប់ ជាដើម។ លោកចាត់ទុកការវាយតម្លៃរបស់ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សមួយចំនួនថា ជាការលម្អៀងបែបនយោបាយ៖ «បើយើងជាសារព័ត៌មានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ អាហ្នឹងវាអត់មានបញ្ហាអ្វីទេ។ យើងដឹងហើយថា ទូទាំងប្រទេសកម្ពុជាមានប្រហែលរាប់ពាន់អង្គភាពសារព័ត៌មាន ដោយមិនទាន់គិតពីរឿងព័ត៌មានសង្គម រាប់ម៉ឺន រាប់សែនទៅទៀតនោះ»។
របាយការណ៍របស់ក្រសួងព័ត៌មានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ កន្លងទៅ កម្ពុជាមានវិទ្យុ និងទូរទស្សន៍ជិត ៥រយ (៤៦៨) ស្ថានីយ៍ កាសែត និងទស្សនាវដ្ដីជាង ៦ រយ (៦៤៦) អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញជិត ៧រយ (៦៦៩) អង្គភាព និងសមាគមសារព័ត៌មានចំនួន ៥១។ រដ្ឋាភិបាល លោក ហ៊ុន សែន បានយកចំនួនស្ថាប័នព័ត៌មានដ៏ច្រើននេះធ្វើជាមូលដ្ឋានដើម្បីបកស្រាយប្រាប់សហគមន៍ជាតិ និងអន្តរជាតិថា កម្ពុជាមានសេរីភាពសារព័ត៌មានទូលំទូលាយ ពលរដ្ឋទទួលបានព័ត៌មានចម្រុះ និងសម្បូរបែប ហើយអ្នកសារព័ត៌មានអាចប្រកបវិជ្ជាជីវៈបានដោយសេរី គ្មានការរើសអើង និងគ្មានការបៀតបៀន។
ទោះជាយ៉ាងណា អង្គការអន្តរជាតិ និងសមាគមសារព័ត៌មានឯករាជ្យអះអាងថា បរិមាណ ឬចំនួនស្ថាប័នព័ត៌មានមិនអាចឆ្លុះបញ្ចាំងអំពីស្ថានភាពសេរីភាពសារព័ត៌មាននោះទេ។ ករណីជាក់ស្ដែងនៅកម្ពុជា ស្ថាប័នព័ត៌មានមានច្រើនមែន តែស្ថាប័នទាំងនោះភាគច្រើនជាម៉ាស៊ីនឃោសនាឱ្យគណបក្សប្រជាជនកម្ពុជា ឬរដ្ឋាភិបាលលោក ហ៊ុន សែន ឬជាស្ថាប័នសារព័ត៌មានដែលមិនហ៊ានផ្សាយការពិត ខណៈស្ថាប័នឯករាជ្យមានចំនួនតិចតួច ហើយជានិច្ចកាលត្រូវបានអាជ្ញាធរលាបពណ៌ថា ផ្សាយព័ត៌មានមិនពិត គាំទ្រក្រុមប្រឆាំង ឬផ្សាយញុះញង់ ជាដើម។ ធ្ងន់ធ្ងរជាងនេះទៀតនោះ អាជ្ញាធរបានចាប់ខ្លួន ចោទប្រកាន់ ឬផ្ដន្ទាទោសអ្នកសារព័ត៌មានជាច្រើននាក់ ដោយសារតែការបំពេញមុខងាររបស់ពួកគេ ឬក៏ដោយសារពួកគេមានអតីតភាពជាអ្នកសារព័ត៌មានឯករាជ្យ ដូចជា ករណីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន ជាដើម។
នាយកប្រតិបត្តិសម្ពន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) លោក ណុប វី សង្កេតឃើញថា ស្របពេលការបោះឆ្នោតកាន់តែខិតជិតមកដល់ អ្នកសារព័ត៌មានឯករាជ្យនៅតែរងការរើសអើង និងការគំរាមកំហែងពីសំណាក់អាជ្ញាធរជាហូរហែ។ លោកបារម្ភថា បើករណីបែបនេះនៅតែបន្តកើតមានទៀត នោះអ្នកសារព័ត៌មានទំនងជាមិនអាចបំពេញការងារផ្ដល់ព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយជូនដល់ពលរដ្ឋម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធបាននោះឡើយ៖ «យើងមិនអាចបានដឹងនូវអ្វីដែលជាការពិត អ្វីដែលជាបញ្ហាផ្សេងៗដែលកើតមានឡើងនៅជុំវិញយុទ្ធនាការឃោសនាបោះឆ្នោត ឬមួយក៏អំឡុងពេលនៃការបោះឆ្នោតហ្នឹងទេ វាលុះត្រាតែអ្នកសារព័ត៌មានមានឯករាជ្យភាពគ្រប់គ្រាន់ក្នុងការបង្ហាញនូវអ្វីដែលជាការលើកឡើងរបស់គណបក្សនយោបាយគ្រប់និន្នាការគណបក្សនយោបាយ ។ ទីពីរ ការលើកឡើងហ្នឹង ទទួលបានការគាំទ្រ ឬមួយក៏សេរីភាពនៅក្នុងការផ្សព្វផ្សាយដោយមិនមានរូបភាពនៃការគំរាមកំហែងតាមរយៈទិដ្ឋភាពណាមួយ»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ មិថុនា ពោលគឺនៅសល់តែជាង ៣ខែទៀតប៉ុណ្ណោះ។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍មើលឃើញថា បរិយាកាសនយោបាយនៅតែស្ថិតក្នុងភាពអាប់អួរដដែល ស្របពេលរដ្ឋាភិបាល លោក ហ៊ុន សែន បន្តបង្ក្រាបលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងរឹតត្បិតលំហសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) រកឃើញថា ក្នុងរយៈពេល ១០ខែនៃឆ្នាំ ២០២១ អ្នកសារព័ត៌មាន ៨១ នាក់ បានក្លាយជាគោលដៅនៃការយាយី ក្នុងនោះ ២០ ករណីជាអំពើហិង្សា ១៦ករណីជាការគំរាមកំហែង ហើយ ១៤ករណីជាការឃាត់ខ្លួនសួរនាំ និងប្រឈមវិធានការតុលាការ។ ចំពោះចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានវិញ កម្ពុជាបានជាប់ឈ្មោះជាប្រទេសមានស្ថានភាពអាក្រក់ផ្នែកសេរីភាពសារព័ត៌មានរយៈពេល ៤ឆ្នាំមកហើយ ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បានបើកយុទ្ធនាការកម្ចាត់ស្ថាប័នព័ត៌មានឯករាជ្យធំៗនៅក្នុងប្រទេសកាលពីចុងឆ្នាំ ២០១៧ នោះមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
