សង្គម​ស៊ីវិល និង​បក្ស​នយោបាយ​ស្នើ​រដ្ឋាភិបាល​ធានា​សេរីភាព​សារព័ត៌មាន​សម្រាប់​ការបោះឆ្នោត

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ពេញលេញ សម្រាប់​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ​តំណាង​បក្ស​កាន់អំណាច​បកស្រាយ​ថា រដ្ឋាភិបាល​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ។

ក្រុម​អ្នកជំនាញ និង​គណបក្ស​នយោបាយ​លើកឡើង​ស្របគ្នា​ថា ប្រជាពលរដ្ឋ​ត្រូវការ​ព័ត៌មាន​ពិត និង​ចម្រុះ​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត ដើម្បី​ពួកគាត់​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​ពេល​បោះឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ទាំង​នៅ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ។ ហេតុដូច្នេះ រដ្ឋាភិបាល​ត្រូវ​បើក​លំហ និង​ធានា​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ពេញលេញ មិនមែន​គាប​សង្កត់ ឬ​រឹតត្បិត​ដូច​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស កត់សម្គាល់​ថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​មិនទាន់​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នៅឡើយ​ទេ ខណៈ​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់។ លោក​ពន្យល់​ថា ពលរដ្ឋ​ត្រូវ​ការ​ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ មិនមែន​ជា​ការឃោសនា ឬ​លើកជើង​តែមួយ​មុខ​នោះ​ទេ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​ធានា​ឱ្យ​បាន​ពេញលេញ​នូវ​សេរីភាព​សារព័ត៌មាន និង​ការពារ​នូវ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន៖ «សេរីភាព​សារព័ត៌មាន​នេះ ជា​រឿង​មួយ​សំខាន់​ណាស់ អ៊ីចឹង​ហើយ​បាន​ជា​សង្គម​ស៊ីវិល​ទាមទារ ហើយ​ស្នើ​សុំ​ឱ្យ​សេរីភាព​នេះ គឺ​ពេញ​បរិបូណ៌ មិន​មាន​ឧបសគ្គ ឬក៏​ជា​ព័ត៌មាន​មួយ​ដែល​អាច​នឹង​យក​ទៅ​ពិចារណា​ជា​ប្រយោជន៍​សម្រាប់​អ្នក​បោះឆ្នោត»។

ស្រដៀង​គ្នា​នេះ ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា សេរីភាព​សារព័ត៌មាន​កំពុង​ស្ថិត​ក្រោម​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​មិន​អាច​បើក​ប្រតិបត្តិការ​បាន​នៅក្នុង​ប្រទេស​។ ម្យ៉ាងវិញ​ទៀត លោក​ថា ពលរដ្ឋ​ជាច្រើន​នាក់​បាន​ក្លាយជា​ជនរងគ្រោះ​តាមផ្លូវ​តុលាការ​ដោយ​ការ​បញ្ចេញមតិ និង​ចែកចាយ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម ស្រប​ពេល​រដ្ឋាភិបាល​កំពុង​បង្កើន​ការគ្រប់គ្រង​កាន់តែ​ខ្លាំង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត៖ «គ្រាន់តែ​ព័ត៌មាន យើង​ចង្អៀត​បែប​ហ្នឹងហើយ ធ្វើ​ម៉េច​ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ទៅ​ ? បើ​និយាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ រដ្ឋាភិបាល​មាន​លទ្ធភាព​ច្រើន​ណាស់ ទូរទស្សន៍​រាប់​ភ្លេច ខាង​វិទ្យុ​ផង ស្អី​ផង​។ ឥលូវ​ហ្នឹង​បង្កើត​ស្អេក​ស្កះ​ពាសពេញ​ទៀត ហើយ​ទៅ​ខ្លាច​អ្វី​ព័ត៌មាន​សេរី​។ អ៊ីចឹង​ហើយ សូម​ឱ្យ​ (​ រដ្ឋាភិបាល​ )​ បើក​លំហ​ហ្នឹង​មក»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ទេ នៅ​ថ្ងៃទី​២០ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន ថ្លែង​ថា រដ្ឋាភិបាល​មិន​បាន​បិទ​លំហ​សេរីភាព​សារព័ត៌មាន​នោះ​ទេ​។ លោក​បកស្រាយ​ថា រដ្ឋាភិបាល​យកចិត្តទុកដាក់​ក្នុង​ការ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន តួយ៉ាង ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន និង​ការអនុញ្ញាត​ឱ្យ​មាន​ស្ថាប័ន​ព័ត៌មាន​ដ៏​ច្រើន​លើសលប់ ជាដើម​។ លោក​ចាត់ទុក​ការ​វាយតម្លៃ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​មួយចំនួន​ថា ជា​ការ​លម្អៀង​បែប​នយោបាយ៖ «បើ​យើង​ជា​សារព័ត៌មាន​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ អាហ្នឹង​វា​អត់​មាន​បញ្ហា​អ្វី​ទេ​។ យើង​ដឹង​ហើយ​ថា ទូទាំង​ប្រទេស​កម្ពុជា​មាន​ប្រហែល​រាប់​ពាន់​អង្គភាព​សារព័ត៌មាន ដោយ​មិនទាន់​គិត​ពី​រឿង​ព័ត៌មាន​សង្គម រាប់​ម៉ឺន រាប់​សែន​ទៅ​ទៀត​នោះ»។

របាយការណ៍​របស់​ក្រសួង​ព័ត៌មាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ កន្លង​ទៅ កម្ពុជា​មាន​វិទ្យុ និង​ទូរទស្សន៍​ជិត ៥​រយ (៤៦៨) ស្ថានីយ៍ កាសែត និង​ទស្សនាវដ្ដី​ជាង ៦ រយ (៦៤៦) អង្គភាព គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​ជិត ៧​រយ (៦៦៩) អង្គភាព និង​សមាគម​សារព័ត៌មាន​ចំនួន ៥១​។ រដ្ឋាភិបាល លោក ហ៊ុន សែន បាន​យក​ចំនួន​ស្ថាប័ន​ព័ត៌មាន​ដ៏​ច្រើន​នេះ​ធ្វើជា​មូលដ្ឋាន​ដើម្បី​បកស្រាយ​ប្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា កម្ពុជា​មាន​សេរីភាព​សារព័ត៌មាន​ទូលំទូលាយ ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ចម្រុះ និង​សម្បូរ​បែប ហើយ​អ្នកសារព័ត៌មាន​អាច​ប្រកប​វិជ្ជាជីវៈ​បាន​ដោយ​សេរី គ្មាន​ការរើសអើង និង​គ្មាន​ការ​បៀតបៀន។

ទោះជា​យ៉ាងណា អង្គការ​អន្តរជាតិ និង​សមាគម​សារព័ត៌មាន​ឯករាជ្យ​អះអាង​ថា បរិមាណ ឬ​ចំនួន​ស្ថាប័ន​ព័ត៌មាន​មិនអាច​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នោះ​ទេ​។ ករណី​ជាក់ស្ដែង​នៅ​កម្ពុជា ស្ថាប័ន​ព័ត៌មាន​មាន​ច្រើន​មែន តែ​ស្ថាប័ន​ទាំងនោះ​ភាគច្រើន​ជា​ម៉ាស៊ីន​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឬ​ជា​ស្ថាប័ន​សារព័ត៌មាន​ដែល​មិន​ហ៊ាន​ផ្សាយ​ការពិត ខណៈ​ស្ថាប័ន​ឯករាជ្យ​មាន​ចំនួន​តិចតួច ហើយ​ជានិច្ចកាល​ត្រូវ​បាន​អាជ្ញាធរ​លាប​ពណ៌​ថា ផ្សាយ​ព័ត៌មាន​មិន​ពិត គាំទ្រ​ក្រុមប្រឆាំង ឬ​ផ្សាយ​ញុះញង់ ជាដើម​។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ អាជ្ញាធរ​បាន​ចាប់ខ្លួន ចោទ​ប្រកាន់ ឬ​ផ្ដន្ទាទោស​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ ដោយសារតែ​ការ​បំពេញ​មុខងារ​របស់​ពួកគេ ឬក៏​ដោយសារ​ពួកគេ​មាន​អតីត​ភាពជា​អ្នកសារព័ត៌មាន​ឯករាជ្យ ដូចជា ករណី​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ និង​លោក អ៊ួ​ន ឈិន ជាដើម។

នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ណុប វី សង្កេត​ឃើញ​ថា ស្រប​ពេល​ការបោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់ អ្នកសារព័ត៌មាន​ឯករាជ្យ​នៅតែ​រង​ការរើសអើង និង​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ជា​ហូរហែ។ លោក​បារម្ភ​ថា បើ​ករណី​បែប​នេះ​នៅតែ​បន្ត​កើតមាន​ទៀត នោះ​អ្នកសារព័ត៌មាន​ទំនងជា​មិនអាច​បំពេញការងារ​ផ្ដល់​ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ​ជូន​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​ភាគី​ពាក់ព័ន្ធ​បាន​នោះ​ឡើយ៖ «​យើង​មិន​អាច​បានដឹង​នូវ​អ្វី​ដែល​ជា​ការពិត អ្វី​ដែល​ជា​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​នៅ​ជុំវិញ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ឬមួយ​ក៏​អំឡុង​ពេល​នៃ​ការបោះឆ្នោត​ហ្នឹង​ទេ វា​លុះត្រាតែ​អ្នកសារព័ត៌មាន​មាន​ឯករាជ្យភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​នូវ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​គណបក្ស​នយោបាយ​គ្រប់​និន្នាការ​គណបក្ស​នយោបាយ ។ ទី​ពីរ ការ​លើកឡើង​ហ្នឹង ទទួល​បាន​ការ​គាំទ្រ ឬមួយ​ក៏​សេរីភាព​នៅក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​មិន​មាន​រូបភាព​នៃ​ការ​គំរាមកំហែង​តាមរយៈ​ទិដ្ឋភាព​ណាមួយ»។

ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​/​សង្កាត់​អាណត្តិ​ទី ៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៥ មិថុនា ពោល​គឺ​នៅ​សល់​តែ​ជាង ៣​ខែ​ទៀត​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​មើលឃើញ​ថា បរិយាកាស​នយោបាយ​នៅតែ​ស្ថិត​ក្នុង​ភាព​អាប់អួរ​ដដែល ស្រប​ពេល​រដ្ឋាភិបាល លោក ហ៊ុន សែន បន្ត​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​រឹតត្បិត​លំហ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​។​

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) រកឃើញ​ថា ក្នុង​រយៈពេល ១០​ខែ​នៃ​ឆ្នាំ ២០២១ អ្នកសារព័ត៌មាន ៨១ នាក់ បាន​ក្លាយជា​គោលដៅ​នៃ​ការ​យាយី ក្នុងនោះ ២០ ករណី​ជា​អំពើ​ហិង្សា ១៦​ករណី​ជា​ការ​គំរាមកំហែង ហើយ ១៤​ករណី​ជា​ការ​ឃាត់ខ្លួន​សួរនាំ និង​ប្រឈម​វិធានការ​តុលាការ​។ ចំពោះ​ចំណាត់ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​វិញ កម្ពុជា​បានជាប់​ឈ្មោះ​ជា​ប្រទេស​មាន​ស្ថានភាព​អាក្រក់​ផ្នែក​សេរីភាព​សារព័ត៌មាន​រយៈពេល ៤​ឆ្នាំ​មក​​ហើយ ក្រោយពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ចាត់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ធំៗ​នៅក្នុង​ប្រទេស​កាលពី​ចុងឆ្នាំ ២០១៧ នោះ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។