ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពដែលធ្វើសកម្មភាពលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិការងាររបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាចំនួន១៣៤ស្ថាប័ន នៅថ្ងៃទី៧ ខែកុម្ភៈ បានរួមគ្នាដាក់លិខិតចំហជូនក្រសួងមហាផ្ទៃ និងរដ្ឋសភា ក្នុងគោលបំណងទាមទារឱ្យមានការដោះលែងជាបន្ទាន់នូវថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង ៨រូបដែលតុលាការកំពុងឃុំខ្លួន និងកូដករ ៣នាក់ដែលតុលាការចោទប្រកាន់ពីបទរារាំងវិធានសុខាភិបាល។
ការដាក់លិខិតនេះ ធ្វើឡើងស្របពេលបណ្ដាសហជីពអន្តរជាតិនានានៅក្នុងពិភពលោក ចាប់ផ្ដើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហជីពនៃកម្មករណាហ្គាវើលដ៍ ៨នាក់ ដោយឥតលក្ខខណ្ឌ ហើយក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ត្រូវទទួលយកបុគ្គលិក ៣៦៥នាក់ចូលធ្វើការវិញ។ ទន្ទឹមគ្នានេះ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនណាហ្គាខប៍ (NagaCorp Ltd) ក៏មានកិច្ចប្រជុំបិទទ្វារមួយដែរ។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា លិខិតជំហរដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ខេង ពីបណ្ដាសហជីព និងក្រុមអង្គការសង្គមស៊ីវិល នៅពេលនេះ ចង់បញ្ជាក់ថា ពួកគាត់គាំទ្រប្រសាសន៍របស់លោក ស ខេង កន្លងមក ដែលជំរុញឲ្យភាគីពាក់ព័ន្ធក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ពន្លឿនការដោះស្រាយដោយសន្តិវិធីនិងតាមច្បាប់ស្ដីពីការងារ។
អ្នកស្រីបន្តថា ការចាប់តំណាងសហជីព ៨នាក់ដាក់ពន្ធនាគារកន្លងមក ហើយថ្មីៗ នេះ អាជ្ញាធរបន្តចាប់ក្រុមកូដករជាច្រើននាក់ទៀត គឺបង្ហាញថា អាជ្ញាធរគ្មានឆន្ទៈពិតប្រាកដដោះស្រាយរឿងនេះទេ ក្រៅពីរកវិធីដាក់សម្ពាធ បំបាក់ស្មារតីក្រុមកម្មករណាហ្គាវើលដ៍ ដែលគ្រាន់តែប្រើប្រាស់សិទ្ធិធ្វើកូដកម្មដោយសន្តិវិធី ដើម្បីឆ្នាំងបាយរបស់ពួកគេ។
អ្នកស្រី អ៊ូ ទេពផល្លីន ស្នើសុំរដ្ឋាភិបាលនិងរដ្ឋសភា ជួយអន្តរាគមន៍ដោះលែងតំណាងសហជីព និងកម្មករដែលត្រូវចាប់ខ្លួនឃុំទាំងអស់ឲ្យមានសេរីភាពវិញ ដោយឥតលក្ខខណ្ឌ ហើយក្រុមហ៊ុនត្រូវទទួលយកប្រតិភូតំណាងបុគ្គលិកណាហ្គាវើលដ៍ និងកម្មករដែលធ្វើកូដកម្មឲ្យចូលបម្រើការងារវិញ៖ «បើសិនជាគ្រាន់តែថ្នាក់ដឹកនាំសហជីព គាត់ចេញមកចរចាជាមួយថៅកែ ប្រឈមមុខនឹងការចាប់ខ្លួន។ ថាតើនៅក្នុងស្រុកយើងស្ថិតនៅក្នុងស្ថានភាពបែបណា? អ៊ីចឹង ! សូមឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យមែនទែន។ ប្រសិនបើរដ្ឋាភិបាលចង់ឲ្យមានការកាត់បន្ថយភាពក្រីក្រ លុះត្រាតែកម្មករមានសិទ្ធិស្មើគ្នាជាមួយនឹងនិយោជក ដែលអាចអង្គុយចរចាជាមួយថៅកែបាន។ ទាមទារដំឡើងប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗ។ លក្ខខណ្ឌការងារសមរម្យ ថ្លៃថ្នូរក្នុងនាមជាមនុស្ស មិនមែនជាទាសករនៅក្នុងសម័យទំនើប»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា វិវាទការងាររវាងកម្មករនិយោជិតណហា្គវើលដ៍ជាមួយក្រុមហ៊ុន ជាង ១០ខែមកនេះ ប្រែក្លាយជាជម្លោះរវាងអាជ្ញាធររាជធានីភ្នំពេញ ជាមួយនឹងក្រុមកម្មករដែលធ្វើកូដកម្មទៅវិញ។
លោកយល់ថា អាជ្ញាធររដ្ឋគួរប្រកាន់ជំហរអព្យាក្រឹត្យ ហើយបន្តដោះស្រាយវិវាទការងារមួយនេះ ដោយភាពស្មោះត្រង់ តម្លាភាព យុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ ដើម្បីបញ្ចៀសការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជុំវិញជម្លោះការងារនេះបន្ថែមទៀត៖ «ឫសគល់នៃបញ្ហា គឺត្រូវដោះស្រាយចេញពីវិវាទការងារ មិនមែនរឿងការចាប់តំណាងសហជីព ចាប់កម្មករយកទៅដាក់គុក។ អាហ្នឹង ! មិនមែនជាដំណោះស្រាយ គឺជាការបង្កបញ្ហា ហើយបណ្ដោយបញ្ហាហ្នឹង ឲ្យបានវែងឆ្ងាយ។ យើងឃើញហើយរឿងរ៉ាវ វាកើតឡើងជាបន្តបន្ទាប់។ អ៊ីចឹង ! បើយើងបញ្ចប់រឿងវិវាទការងារហ្នឹងឲ្យឆាប់ គ្មានទេកូដកម្មកើតឡើង។ គ្មានទេដែលយកហេតុផលវិធានការសុខាភិបាលដើម្បីការពារ ឬក៏អនុវត្តចំពោះពួកគាត់។ វាអត់មានទេ។ ប្រសិនបើភាគីទាំងអស់ជាពិសេសអាជ្ញាធរពាក់ព័ន្ធហ្នឹងធ្វើការសម្របសម្រួល ដើម្បីបញ្ចប់ឲ្យបានលឿន។ វាអត់មានរឿងទាំងអស់ហ្នឹងកើតឡើងទេ»។

សមត្ថកិច្ចរាជធានីភ្នំពេញ បន្តតាមចាប់ខ្លួនស្ត្រីកូដករ ៤នាក់បន្ថែមទៀត ក្រោយពីចាប់ខ្លួនកូដករបុរស ៣នាក់ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ។ សមត្ថកិច្ចថា ការចាប់ខ្លួនមនុស្ស ៨នាក់នេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងលោក សេង ហៀង ដែលចោទពួកគេថា មិនគោរពវិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩។
ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល ថាការប្រើប្រព័ន្ធតុលាការ ចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់បន្ថែមទៀតនេះ គឺមានចេតនារបស់អាជ្ញាធរ ដើម្បីបំបិទមាត់ពួកគេ និងបំបែកកុំឲ្យមានសកម្មភាពធ្វើកូដកម្មទាមទារដំណោះស្រាយការងារតទៅទៀត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ការប្រើច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដាក់ទៅលើក្រុមកូដករដែលធ្វើកូដកម្មគោរពតាមវិធានសុខាភិបាលត្រឹមត្រូវកន្លងមកនេះ គឺជារឿងមិនសមហេតុផល និងមិនអាចទទួលបានទេ។
អ្នកស្រីស្នើឲ្យអាជ្ញាធរដោះលែងក្រុមកូដករ ៨នាក់ ឲ្យមានសេរីភាពវិញ ដោយទម្លាក់ការបទចោទតាមផ្លូវតុលាការចំពោះពួកគេ៖ «ការឃាត់ខ្លួនកូដករមួយចំនួនដោយសារផលកូវីដនេះខ្ញុំយល់ថា កូវីដយើងកើត ២ឆ្នាំហើយ មិនគួរមានករណីប្រើប្រាស់វិធានការច្បាប់ហួសហេតុដល់កូដករ ដែលពួកគាត់មិនបានគេចវេះ ហើយគាត់ចូលរួមសហការ។ គាត់បានប្រកាសជំហរពួកគាត់សហការ។ គាត់អត់មានគេចវេះទៅណាទេ ប៉ុន្តែផ្ទុយទៅវិញ ពេលដែលគាត់សហការផ្ដល់សំណាក បែរជាមានចេញនូវដីកាចាប់ខ្លួន ឬសាកសួរពួកគាត់។ នេះជារឿងមួយអយុត្តិធម៌។ ហើយជាការអនុវត្តស្ដង់ដារច្រើនមែនទែន ចំពោះបញ្ហាកូវីដនេះ»។

សាលារាជធានីភ្នំពេញ ចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទាំងរដ្ឋបាល និងវិធានការច្បាប់ចំពោះក្រុមកូដករណាហ្គាវើលដ៍ ដែលបន្តការប្រមូលផ្ដុំគ្នាឬជួបជុំ ដែលអាជ្ញាធរចាត់ទុកថា ជាការមិនអនុវត្តតាមវិធានការសុខាភិបាល និងរាំងស្ទះដល់ការបំពេញការងាររបស់ក្រុមគ្រូពេទ្យ។
សាលារាជធានីភ្នំពេញដាក់ចេញចំណាត់ការនេះ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ពីក្រសួងសុខាភិបាលអះអាងថា បានរកឃើញកូដករចំនួន ២៩នាក់ឆ្លងជំងឺកូវីដ១៩ ជាប្រភេទ អូមីក្រុង (Omicron) កាលពីថ្ងៃដដែលនោះ ដែលអាជ្ញាធរហៅថា វិធានការដើម្បីការពារថែរក្សាអាយុជីវិតក្រុមបាតុករ ក្រុមគ្រួសារ សាច់ញាតិ និងចៀសវាងសោកនាដកម្មនៃការឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ។
អាជ្ញាធររាជធានីភ្នំពេញ បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធមានទាំងនគរបាល និងកងរាជអាវុធហត្ថត្រូវចាត់វិធានការបន្ទាន់ភ្លាមៗ ប្រសិនបើមានករណីលើ្មសវិធានការសុខាភិបាល ដោយការផាកពិន័យ និងទោសដាក់ពន្ធនាគារដោយគ្មានការលើកលែង។
បើទោះជាយ៉ាងណា ក្រុមកូដករដែលជាបុគ្គលិកកម្មករ នៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍អះអាងថា ពួកគេមិនបានរារាំងវិធានការរបស់អាជ្ញាធរឡើយ ហើយពួកគេនៅតែប្រកាន់ជំហរតវ៉ា ដោយអហិង្សាតទៅទៀត ដើម្បីអោយមានការដោះលែងតំណាងសហជីព៨នាក់ ដែលកំពុងជាប់ពន្ធនាគារ ព្រមទាំងកូដករផ្សេងទៀត ដែលទើបចាប់ខ្លួន និងបញ្ចប់វិវាទរវាងពួកគេ និងភាគីក្រុមហ៊ុនដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។