អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ សេរីភាព​​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ កំពុង​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ឃ្លាំង ទាំង​សេរីភាព​នៃ​ការ​ជួប​សម្ដែង​មតិ​ និង​សិទ្ធិ​ជួប​ប្រជុំ​ដោយ​សន្តិវិធី។ ចំណែក​អង្គការ​សង្គម​ស៊ីវិល​ខ្លួន​ឯង ក៏​ត្រូវ​បាន​អាជ្ញាធរ​រារាំង និង​ជ្រៀតជ្រែក​ការងារ​របស់​ពួក​គេ​ផង​ដែរ។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មិនដែល​មើល​ឃើញ​ភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​ទេ។

នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំនួន ៩ទំព័រ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​រួម​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​រង​គ្រោះ​ដីធ្លី​ គ្រូបង្រៀន​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ កម្មករ​ កម្មការិនី​ ជន​ពិការ​ យុវជន​ និង ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​ព្រម​ទាំង​ប្រជាពលរដ្ឋ​ចំនួន ២៦៨​នាក់​បាន​រក​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ និង​ការ​ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ការ​ដឹកនាំ​ពី​របប​ក្រុង​ភ្នំពេញ​រយៈពេល​កន្លង​មក​ ជា​ពិសេស ក្រោយ​ពី​ការ​បោះឆ្នោត២០១៨ ​មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​បញ្ជាក់​ថា សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​រិត​បន្តឹង​យ៉ាង​ខ្លាំង​។ រដ្ឋាភិបាល​ហាក់​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ប៉ុន្តែ​មិន​បាន​ខិតខំ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​យន្តការ​ធានា​ការ​គោរព​សិទ្ធិមនុស្ស​ ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ទេ។

ការ​ចូល​រួម​សកម្មភាព​សង្គម​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ រួមមាន​សេរីភាព​ បញ្ចេញ​មតិ​ សិទ្ធិ​ការ​ជួប​ប្រជុំ​ដោយសន្តិវិធី​ សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ សិទ្ធិ​ដើរ​ហើរ​ របស់​ប្រជាពលរដ្ឋ​ និង​ អង្គការ​សង្គម​ស៊ីវិល​ ត្រូវ​បាន​ជ្រៀតជ្រែក​ និង​ រារាំង​ដោយ​អាជ្ញាធរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ បាន​ការពារ​ទង្វើ​របស់​រដ្ឋាភិបាល​ថា ​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ គឺ​ខុស​ពី​ការ​ពិត​ជាក់​ស្ដែង ដែល​កើត​មាន​នៅ​កម្ពុជា។ លោក​ប្រាប់​ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី៩ កញ្ញា​ថា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ​មិន​ដែល​មើល​ភាព​វិជ្ជមាន​របស់​រដ្ឋាភិបាល​ទេ គឺ​មើល​ឃើញ​តែ​ភាព​ខ្មៅ​ងងឹត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។