អង្គការជាង៥០ស្ថាប័នថាស្ត្រីកម្ពុជានៅតែទទួលបានយុត្តិធម៌មិនស្មើគ្នា
2015.07.28
សង្គមស៊ីវិលដែលមកពីគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ជាង ៥០ស្ថាប័ន លើកឡើងថា វិសមភាពយេនឌ័រ នៅកម្ពុជា នៅតែមានកម្រិតទាបនៅឡើយ។ បញ្ហានេះធ្វើឲ្យស្ត្រីប្រឈមទៅនឹងអំពើហិង្សា មានការរើសអើងពីសង្គម ដែលអាចឲ្យស្ត្រីកម្ពុជា ទទួលបានយុត្តិធម៌មិនស្នើភាពគ្នា។ ករណីនេះ សង្គមស៊ីវិលស្នើឲ្យស្ត្រីកម្ពុជា ត្រូវតែក្លាហានក្នុងការតស៊ូមតិ ដើម្បីឈានទៅបញ្ចប់វប្បធម៌និទ្ទណ្ឌភាពចំពោះស្ត្រី។
សង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធបញ្ចប់អំពើហិង្សា និងវប្បធម៌និទណ្ឌភាពលើស្ត្រីកម្ពុជា ដើម្បីឲ្យសម្រេចនូវសមភាពយេនឌ័រ និងផ្ដល់អំណាចដល់ស្ត្រី និងកុមារទាំងអស់ទទួលបានយុត្តិធម៌ក្នុងសង្គម។
ការលើកឡើងរបស់សង្គមស៊ីវិលជាង ៥០ស្ថាប័ន ដែលធ្វើការពាក់ព័ន្ធនឹងស្ត្រីនៅពេលនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី ផែនការសកម្មភាពប៉េកាំង+២០ និងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ នៅថ្ងៃទី២៨ ខែកក្កដា។
ថ្លែងទៅកាន់សិក្ខាសាលា តំណាងឲ្យសង្គមស៊ីវិលជាង ៥០ស្ថាប័ននោះ នាយិកាអង្គការសីលការ និងជាប្រធានគ្រប់គ្រង និងលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា មូលហេតុដែលសង្គមស៊ីវិលចាត់ទុកអំពើហិង្សា ការរើសអើងលើស្ត្រី ជាបញ្ហាចម្បង ព្រោះបញ្ហានេះមិនត្រឹមតែធ្វើឲ្យស្ត្រីទទួលបានយុត្តិធម៌មិនស្នើភាពប៉ុណ្ណោះទេ បញ្ហានេះក៏បានរាំងស្ទះដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព។
អ្នកស្រី ធីតា ឃិះ ឲ្យដឹងបន្តថា រយៈពេលចុងក្រោយនេះ ស្ត្រីកម្ពុជា បានទទួលរងអំពើហិង្សាពីសំណាក់បុរសជាច្រើនករណី ដូចជាករណីអំពើហិង្សាលើអតីតពិធីការិនីទូរទស្សន៍ កញ្ញា សាសា ករណីអំពើហិង្សាលើកម្មករនៅស្វាយរៀង និងករណីជាច្រើនទៀត។ អ្នកស្រីថា បើទោះជាករណីខ្លះ ជនរងគ្រោះចេញមុខស្វែងរកយុត្តិធម៌ក៏ដោយ តែផ្ទុយទៅវិញ នៅតែមានជនរងគ្រោះស្ត្រីជាច្រើនទៀត មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ប្រធានគ្រប់គ្រង និងលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយរូបនេះ ក៏បានអំពាវនាវឲ្យស្ត្រីកម្ពុជា ទាំងអស់ដែលរងការរំលោភបំពាន អំពើហិង្សា ការរើសអើង ត្រូវតែមានភាពក្លាហាន ចេញមុខរកយុត្តិធម៌ជូនខ្លួនឯង ហើយសូមឲ្យបុរស ពិសេសសង្គមបញ្ចប់ វប្បធម៌និទណ្ទភាពលើស្ត្រីកម្ពុជា៖ «ស្ត្រីដែលរងគ្រោះដទៃទៀត ដែលភាគច្រើនទទួលរងគ្រោះ ហើយស្ងាត់ស្ងៀម អ៊ីចឹងទៅការដែលនៅស្ងៀមស្ងាត់មិនមែនជាការដោះស្រាយបញ្ហានោះទេ ត្រូវតែហ៊ានកសាងសំណុំរឿងកសាងភស្តុតាង បង្ហាញឲ្យសាធារណជនបានឃើញ ដើម្បីអ្នកប្រព្រឹត្តទាំងអស់នោះមានការរឿងចាល់»។
ករណីនេះត្រូវបានអ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី ឲ្យដឹងនៅក្នុងសិក្ខាសាលានោះដែរថា បើមើលទៅលើគោលដៅអភិវឌ្ឍសហស្សវត្សទាំង៨ ដែលមានតាំងពីឆ្នាំ២០០០ រហូតមកដល់ពេលនេះ ឃើញថា កម្ពុជាសម្រេចបានតិចតួចប៉ុណ្ណោះ។
លោកបន្តថា មូលហេតុចម្បងដែលធ្វើឲ្យស្ត្រីកម្ពុជា ទទួលបានយុត្តិធម៌មិនស្នើគ្នា ភាគច្រើនដោយសារកត្តាអភិបាលកិច្ចល្អ និងបក្សពួកនិយម ប្រើប្រព័ន្ធយុត្តិធម៌ធ្វើជាឈ្នាន់របស់អ្នកមានអំណាច ហើយដើម្បីលុបបំបាត់បញ្ហានេះ រដ្ឋាភិបាលត្រូវតែចាត់វិធានការ និងអន្តរាគមន៍លើករណីស្ត្រីកម្ពុជា ឲ្យទទូលបានយុត្តិធម៌ស្មើគ្នា៖ «បើសិនជារដ្ឋាភិបាលនៅតែផ្អៀងចំពោះជនខិលខូចណាដែលខុសច្បាប់ នឹងធ្វើឲ្យស្ត្រីកម្ពុជា នៅតែមិនទទួលបានយុត្តិធម៌ស្មើភាពគ្នានោះទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងរបស់អង្គការសង្គមស៊ីវិលស្ត្រីជាង ៥០ស្ថាប័ននេះ បាននៅឡើយនៅថ្ងៃទី២៨ ខែកក្កដា។
ទោះជាយ៉ាងណា សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងស្ត្រី ដែលបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីផែនការសកម្មភាពប៉េកាំង+២០ និងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ ក្រៅពីលើកឡើងបញ្ហាស្ត្រីកម្ពុជា ទទួលបានយុត្តិធម៌មិនស្នើគ្នា សង្គមស៊ីវិលទាំងនោះក៏បានលើកយកបញ្ហាប្រឈមរបស់ស្ត្រី ១៦ចំណុចផ្សេងទៀត ដែលក្នុងនោះមានស្នើឲ្យបញ្ចប់ភាពក្រីក្រគ្រប់ទម្រង់ ស្នើឲ្យលើកកម្ពស់កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខភាព លើកកម្ពស់សង្គមមួយដែលមានសន្តិភាព ផ្ដល់សិទ្ធិក្នុងការទទួលបានយុត្តិធម៌ ព្រមទាំងចំណុចមួយចំនួនទៀត ដាក់ជូនស្ថាប័នរដ្ឋាភិបាលដើម្បីដាក់បញ្ចូលចំណុចទាំងអស់នោះទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់កម្ពុជា សម្រាប់ ១៥ឆ្នាំខាងមុខ៕