សង្គម​ស៊ីវិល​ចាប់​ផ្ដើម​យុទ្ធនាការ​ធម្មយាត្រា

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ព្រះសង្ឃ​ប្រហែល ៥០០​នាក់ ចាប់​ផ្ដើម​ចេញ​ដំណើរ​ធ្វើ​យុទ្ធនាការ​ធម្មយាត្រា សិទ្ធិ​យាត្រា ចាប់​ពី​ថ្ងៃ​ទី​១ ធ្នូ នេះ​ត​ទៅ ដែល​ក្បួន​ហែ​នេះ​មាន​រយៈពេល ១០​ថ្ងៃ។

0:00 / 0:00

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (Licadho) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា៖ «នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ​ធម្មយាត្រា យើង​មាន ៥​ខ្សែ យុទ្ធនាការ​ចេញ​ដំណើរ​ពី​ខេត្ត​៥។ ក្នុង​ខ្សែ​នីមួយៗ បាន​កំណត់​ដើរ​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន ១៦​គីឡូម៉ែត្រ ធ្វើ​ដូច្នេះ​ទើប​ក្នុង​រយៈ​ពេល ១០​ថ្ងៃ យើង​បាន​មក​ដល់​ភ្នំពេញ តាម​ការកំណត់។ លើក​លែង​តែ​ខេត្ត​កំពង់ស្ពឺ នៅ​ជិត​ភ្នំពេញ»

លោក អំ សំអាត ឲ្យ​ដឹង​ថា អ្នក​ធម្មយាត្រា​ចេញ​ដំណើរ​ពី​ខេត្ត​៥​នោះ មក​កាន់​រាជធានី​ភ្នំពេញ មាន​​ខេត្ត​កំពង់ស្ពឺ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ពី​ខេត្ត​កំពត តាម​ផ្លូវ​ជាតិ​លេខ​៣ ពី​ស្វាយរៀង ចេញ​តាម​ផ្លូវ​ជាតិ​លេខ​១ កំពង់ធំ តាម​ផ្លូវ​ជាតិ​លេខ ៦​អា និង​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវ​ជាតិ​លេខ​៥។ លោក​ថា ក្នុង​ខ្សែ​នីមួយៗ​មាន​អ្នក​ធម្មយាត្រា ៥០ ទៅ ៦០​នាក់ ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ផ្លូវ​ណា​ដែល​ចង់​ចូល​រួម​ធម្មយាត្រា​អាច​ចូល​រួម​ដោយ​ស្ម័គ្រចិត្ត។

ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា ដែល​រៀបចំ​ឡើង​ដោយ​ព្រះ​សង្ឃ ដូន​ជី និង​ប្រជាពលរដ្ឋ​ហែ​ចេញ​ពី​តាម​បណ្ដា​ខេត្ត​នានា ឆ្ពោះ​មក​រាជធានី​ភ្នំពេញ បាន​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ធ្នូ ​បាន​ប្រព្រឹត្ត​ទៅ​ធម្មតា ទោះ​ជា​មាន​បញ្ហា​ខ្លះ​អំពី​ការ​ស្នាក់។

ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដើម្បី​រំឭក​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ បាន​ចាប់​ផ្ដើម​ព្រមៗ​គ្នា ហែ​ចូល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ធ្នូ។

ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​ពី​ខេត្ត​ទាំង​នេះ ធ្វើ​ដំណើរ​តាម​ច្រក​ផ្លូវ​ជាតិ​ចំនួន ៥ គឺ​ពី​ស្រុក​ច័ន្ទ្រា ខេត្ត​ស្វាយរៀង តាម​ផ្លូវ​ជាតិ​លេខ​១ ពី​ខេត្ត​កំពត តាម​ផ្លូវ​ជាតិ​៣ ពី​ខេត្ត​កំពង់ស្ពឺ តាម​ផ្លូវ​ជាតិ​លេខ​៤ ពី​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវ​ជាតិ​៥ និង​ពី​ខេត្ត​កំពង់ធំ ដង្ហែ​តាម​ផ្លូវ​ជាតិ​៦។

ក្រុម​អ្នក​រៀបចំ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​​ទាំង​នោះ ថ្លែង​ថា ការ​ដើរ​ហែ​ក្បួន​ដែល​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​សហគមន៍​ចំនួន​ពី ៧០ ទៅ ១០០​អង្គ​និង​នាក់ មាន​កាន់​បដា​ពាក្យ​ស្លោក​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ផង បាន​ប្រព្រឹត្ត​ទៅ​ធម្មតា មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទេ។

សមាជិក​គណៈកម្មការ​រៀបចំ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា​មួយ​អង្គ គឺ​ព្រះ​តេជគុណ ព្រឹម ហួន ដែល​ហែ​ក្បួន​ចេញ​ពី​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ ដើម្បី​ឡើង​មក​ផ្លូវ​ជាតិ​លេខ​៤ មាន​ថេរដីកា​ថា ក្រុម​របស់​អង្គ​ចេញ​ដំណើរ​បាន​ជិត ២០ គីឡូ​ម៉ែត្រ​ហើយ៖ «គឺ​មាន​ដំណើរការ​ល្អ​ប្រសើរ​ដែរ អត់​មាន​បញ្ហា​អី​ទេ គ្រាន់​តែ​មាន​ខាង​សមត្ថកិច្ច​ស្លៀក​ពាក់​ជា​ស៊ីវិល​ជា​ឯកសណ្ឋាន ដើម្បី​ស៊ើប​អង្កេត​តាម​ដង​ផ្លូវ​ខ្លះៗ តែ​ប៉ុណ្ណឹង​ឯង។ មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ ២០ អង្គ​ជាង ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​តាម​ផ្លូវ​ដែល​យើង​ឆ្លង​កាត់​ហ្នឹង គឺ​ចូលរួម​ប្រហែល​ជា ២០​នាក់​ជាង រួម​ជាមួយ​អង្គការ​សមាគម សហគមន៍ ដែល​អញ្ជើញ​មក​ពី​ភ្នំពេញ ជិត ៣០​នាក់។ អ៊ីចឹង​បូក​ទៅ​ប្រហែល​ជា ៥០​នាក់ បូក​នឹង​ព្រះសង្ឃ ២០​អង្គ គឺ ៧០ អង្គ នាក់»

ទោះ​ជា​ការ​ដង្ហែ​ក្បួន​ទាំង​អស់​បាន​ប្រព្រឹត្ត​ទៅ​ល្អ​ក្ដី ក៏​ក្រុម​ខ្លះ​មាន​បញ្ហា​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​យប់​ទី​១ ធ្នូ។ គណៈកម្មការ​រៀបចំ​ក្រុម​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា នៅ​ខេត្ត​កំពត លោក ទិប ទាវ ថ្លែង​ថា ក្រុម​របស់​លោក​ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត​ចក្រីទីង ដេញ​ចេញ​ពី​វត្ត ដោយ​មិន​ឱ្យ​ស្នាក់​នៅ​ក្នុង​ទេ៖ «ក្បួន​បាន​មក​ដល់​វត្ត​ចក្រីទីង។ ចូល​ទៅ​វត្ត ជា​អកុសល ព្រះចៅ​អធិការ​វត្ត​មិន​បាន​​ឱ្យ​ស្នាក់​នៅ​ទេ។ ទោះ​បី​យើង​សុំ​សម្របសម្រួល​ពី​លោក​យ៉ាង​ណា ក៏​លោក​មិន​មាន​ការ​អនុញ្ញាត​ឱ្យ​នៅ​ដែរ។ ដូច្នេះ ក្បួន​ក៏​ចាកចេញ​ពី​វត្ត​ទៅ​វិញ»

​​លោក​បន្ត​ថា ដំណោះស្រាយ​ចុង​ក្រោយ គឺ​ក្រុម​របស់​លោក​បាន​ស្នាក់​នៅ​វត្ត​ក្នុង​វត្ត​សុខុមមនោរម្យ ដែល​នៅ​ចម្ងាយ ៤​គីឡូម៉ែត្រ​ពី​វត្ត​ចក្រីទីង។

ប្រធាន​គណៈកម្មការ​ដឹកនាំ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង គឺ​លោក ម៉ៃ ទិត្យ ឱ្យ​ដឹង​ថា ក្រុម​លោក​ក៏​មាន​បញ្ហា​នៅ​ក្នុង​វត្ត​ដូច​គ្នា​ដែរ ហើយ​ក្រុម​លោក​បាន​ស្នាក់​នៅ​នឹង​ផ្ទះ​អ្នក​ភូមិ។

កាល​ពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ក្រុម​ធម្មយាត្រា​នៅ​ខេត្ត​ពោធិ៍សាត់ បាន​រាយការណ៍​ថា វត្ត​បន្ទាយក្ដី​មិន​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​ក្នុង​សាលាឆាន់ ឬ​ព្រះវិហារ​ទេ។ ក៏​ប៉ុន្តែ ក្រុម​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នាក់​ក្រោម​ដើម​ឈើ​ក្នុង​ទីធ្លា​វត្ត។

ទោះ​ជា​ដូច្នេះ​ក្ដី សមាជិក​គណៈកម្មការ​រៀបចំ​ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា ព្រះតេជព្រះគុណ អ៊ុន ឡុង មាន​ថេរ​ដីកា​ថា អ្នក​ភូមិ​បាន​ស្វាគមន៍​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា ហើយ​នៅ​យប់​ថ្ងៃ​ទី ១ ធ្នូ ក្រុម​នេះ ស្នាក់​នៅ​វត្ត​សាមគ្គី​រតនៈ​សោភ័ណ។

ជា​រួម ការ​ដើរ​ហែ​ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា នៅ​ថ្ងៃ​ទី​មួយ មិន​មាន​បញ្ហា​ធំដុំ​ទេ ហើយ​ភាគ​ច្រើន​មាន​នគរបាល​ជួយ​ការពារ​ផង។ ក្រុម​ក្បួន​ធម្មយាត្រា​ទាំង​អស់​គ្រោង​ធ្វើ​ដំណើរ ២០ គីឡូ​ម៉ែត្រ​ទៀត នៅ​ថ្ងៃ​ទី​ពីរ ឆ្ពោះ​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១០ ធ្នូ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ទី ៦៥។

ខេត្ត​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា

ព្រះ​សង្ឃ ដូន​ជី និង​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​រំលោភ​សិទ្ធិមនុស្ស​ជាង ៧០​អង្គ​និង​នាក់ បាន​ហែ​ក្បួន​ធម្មយាត្រា-​សិទ្ធិ​យាត្រា ចេញ​ពី​ក្រុង​ពោធិ៍សាត់ តាម​បណ្ដោយ​ផ្លូវ​ជាតិ​៥ ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ ខួប​លើក​ទី​៦៥។ មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ថា ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ដឹង និង​ចូល​រួម​ក្នុង​ពិធី​នេះ​តិចតួច​បំផុត ខណៈ​ដែល​សេរីភាព​ក្នុង​ការ​ជួប​ជុំ​នៅ​ក្នុង​ខេត្ត​នេះ​មាន​ការ​រឹតត្បិត​ខ្លាំង។

ព្រះសង្ឃ​និង​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់ និង​បុរី​កីឡា បាន​ទៅ​ដល់​វត្ត​បន្ទាយដី ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ដើម្បី​រៀបចំ​ហែ​ក្បួន​ធម្មយាត្រា​-សិទ្ធិ​យាត្រា​ថ្ងៃ​ដំបូង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ ក៏​ប៉ុន្តែ​ពួក​គាត់​អះអាង​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ មាន​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ព្យាយាម​រំខាន​ការ​ស្នាក់​នៅ​របស់​ពួកគាត់។

ព្រះសង្ឃ​មួយ​អង្គ​គង់​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ បាន​មាន​ថេរដីកា​ថា កាល​ពី​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​វត្ត​បន្ទាយដី ពី​ព្រោះ​ថា ទ្វារ​សាលាឆាន់ និង​ព្រះវិហារ​ត្រូវ​បាន​គេ​ចាក់​សោ​ជាប់ ហើយ​មាន​កម្លាំង​សមត្ថកិច្ច ដូចជា​ប៉ូលិស ប៉េអឹម និង​ទាហាន​ជាដើម បាន​មក​សួរ​នាំ និង​ព្យាយាម​​រំខាន​ការ​ជួបជុំ​របស់​ពួកគាត់។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​សហគមន៍​បុរីកីឡា អ្នកស្រី សំ ចាន់ណារី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា ចំនួន ២១​នាក់ និង​បឹងកក់​ចំនួន ៤​នាក់ បាន​ចូល​រួម​ក្នុង​ការ​ដើរ​ក្បួន​ធម្មយាត្រា​នេះ។ អ្នកស្រី​គិត​ថា ការ​ដើរ​ក្បួន​នេះ​មាន​សារសំខាន់ និង​អាច​ធ្វើ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​រឹតត្បិត​សិទ្ធិ​ជួប​ជុំ ឬ​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ធម្មយាត្រា​របស់​ក្រុម​សង្គម​ស៊ីវិល ព្រះសង្ឃ ហែ​ក្បួន​ចេញ​ពី​ខេត្ត​កំពង់ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។
ធម្មយាត្រា​របស់​ក្រុម​សង្គម​ស៊ីវិល ព្រះសង្ឃ ហែ​ក្បួន​ចេញ​ពី​ខេត្ត​កំពង់ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣។ (Licadho Photo)

ទាក់​ទង​នឹង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចន្ធី មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​សមត្ថកិច្ច​មិន​បាន​បង្ក​ការ​លំបាក ឬ​រំខាន​ដល់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើយ គឺ​គ្រាន់​តែ​ចង់​ដឹង​អំពី​គោលបំណង និង​ការ​ស្នាក់​នៅ​របស់​ពួកគាត់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ចំពោះ​សកម្មភាព​ចាក់​សោ​ទ្វារ​ព្រះវិហារ ឬ​សាលា​ឆាន់ មិន​ឲ្យ​ក្រុម​ធ្វើ​ធម្មយាត្រា​បាន​ចូល​ទៅ​សម្រាក​នោះ គឺ​លោក​មិន​អាច​ក្ដាប់​បាន​​ទេ ព្រោះ​វា​ជា​កម្មសិទ្ធិ​របស់​វត្ត។

លោក​បញ្ជាក់​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ជួយ​សម្រួល​ដល់​ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ ដែល​ហែ​ក្បួន​ធម្មយាត្រា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ទាំង​ផ្នែក​សន្តិសុខ និង​ចរាចរណ៍​នៅ​តាម​ឃុំ​មួយ​ចំនួន​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា បញ្ហា​សិទ្ធិមនុស្ស ជា​ពិសេស​សេរីភាព​ក្នុង​ការ​ជួប​ជុំ​នៅ​ខេត្ត​ពោធិ៍សាត់ នៅ​មាន​ការ​រឹតត្បិត​ខ្លាំង​នៅ​ឡើយ។

ក្បូន​ដង្ហែ​ធម្មយាត្រា-​សិទ្ធិ​យាត្រា នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំ​២០១៣ នេះ មាន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ព្រះ​សង្ឃ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ ត្រូវ​ចំណាយ​ពេល​ចំនួន ១០​ថ្ងៃ គឺ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ធ្វើ​ដំណើរ​រហូត​ដល់​មុខ​វិមាន​រដ្ឋសភា​ជាតិ រាជធានី​ភ្នំពេញ។ ក្បួន​នេះ​បាន​ចេញ​ដំណើរ​ពី​បណ្ដា​ខេត្ត និង​ក្រុង​សំខាន់ៗ​មួយ​ចំនួន កាត់​តាម​​ផ្លូវ​ជាតិ​ចំនួន​៥ គឺ​ផ្លូវ​ជាតិ​លេខ​១ ចាប់​ផ្ដើម​ពី​ទី​រួម​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយ​រៀង។ ផ្លូវ​ជាតិ​លេខ​៣ ចាប់​ផ្ដើម​ចេញ​ពី​ទី​រួម​ក្រុង​កំពត ខេត្ត​កំពត។ ផ្លូវ​ជាតិ​លេខ​៤ ចាប់​ផ្ដើម​ចេញ​ពី​ឃុំ​អមលាំង ស្រុក​ថ្ពង កំពង់​ស្ពឺ។ ផ្លូវ​ជាតិ​លេខ​៥ ចាប់​ផ្ដើម​ចេញ​ពី​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ និង​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ផ្ដើម​ចេញ​ពី​ក្រុង​កំពង់ធំ ខេត្ត​កំពង់ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។