អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៦ ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ

ដោយ ទីន ហ្សាការីយ៉ា
2023.12.14
អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៦ ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​លោក ស ខេង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ (ស្ដាំ) ចូលរួមកិច្ចប្រជុំសភា កាលពីថ្ងៃទី១៣ ធ្នូ​ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ចំនួន​៦ សំដែង​ការ​ព្រួយ​បារម្ភ​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្លាក់ចុះ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។ អង្គការ​ទាំងនេះ បាន​ចាត់ទុក​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​របប​ផ្ដាច់ការ ក្រោយ​ពី​រៀបចំ​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០២៣។

អង្គការ​ទាំង​នេះ រួមមាន​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Hunman Rights Watch) បណ្ដាញ ប្រជាធិបតេយ្យ​អាស៊ី (ADN) វេទិកា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ (Forum-Asian) សមាជិកសភា​អាស៊ាន និង អង្គការ​អាន់ហ្វ្រែល (ANFREL) ជាដើម។

អង្គការ​ទាំង​នេះ បាន​ធ្វើ​លិខិត​ចំហ​រួមគ្នា ដាក់​ទៅ​សភា​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ដូចជា ជប៉ុន (Japan) អាមេរិក ( United Stated) កាណាដា (CANADA) អូស្ត្រាលី (Australia)​និង​ប្រទេស​មួយ​ចំនួន​ទៀត។

ក្រុម​អង្គការ​អន្តរជាតិ​ទាំង​៦ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងនេះ ចាត់​វិធានការ​ជា​បន្ទាន់ នៅ​មុន​ពេល​រដ្ឋាភិបាល របស់​លោក ហ៊ុន ម៉ាណែត រៀបចំ​ការបោះឆ្នោត​នៅ​ដើមឆ្នាំ​២០២៤ ហើយ​នៅតែ​ផាត់ ចោល​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្សប្រឆាំង​នៅ​កម្ពុជា​នោះ។

លិខិត​ចំហ​បញ្ជាក់​ទៀត​ថា កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​របប​ផ្ដាច់ការ រាប់​ចាប់​តាំង​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​តុលាការ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៧​។ អាជ្ញាធរ​រដ្ឋាភិបាល​គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មាន​ករណី​លួច​វាយ​សកម្មជន​បក្ស​ប្រឆាំង​តាមផ្លូវ​ឥត​ត្រា​ប្រណី​ជាច្រើន​ករណី តែ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​បាន​រក​យុត្តិធម៌ ជូន​ជន​រងគ្រោះ​ទាំង​នោះ​ឡើយ។

នៅ​ពេល​កូនប្រុស លោក ហ៊ុន សែន គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​បន្ត​នោះ លោក​គ្មានអ្វី​ផ្លាស់ប្ដូរ​របៀប​នៃ​ការដឹកនាំ​ឡើយ​។ រដ្ឋបាល​ដឹកនាំ របស់​លោក ហ៊ុន ម៉ាណែត នៅតែ​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន ចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា និង​នៅ​តែ​មាន​ករណី​ប្រើ​អំពើ​ហិង្សា លួច​វាយ​សកម្មជន​តាម​ផ្លូវ​គ្មាន​ត្រា​ប្រណី មិន​ខុស​ពី​រដ្ឋបាល​ដឹកនាំ របស់​ឪពុក​នោះ​ឡើយ។

ក្រុម​អង្គការ​អន្តរជាតិ​ទាំងនេះ ទទួល​ឲ្យ​រដ្ឋបាល​របស់​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទំរង់​ជា​បន្ទាន់ និង​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​នយោបាយ ដោយ​ឥត​លក្ខខណ្ឌ។ ពួកគេ​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នៅ​ឆ្នាំ​២០២៤ ដោយ សេរី និង​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ហែ​ក្បួន​បាតុកម្ម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។