អ្នកចូលរួម​កម្មវិធី​សេរីភាព​ព័ត៌មាន​ពិភពលោក​ស្នើ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន

ដោយ ទីន ហ្សាការីយ៉ា
2023.04.28
អ្នកចូលរួម​កម្មវិធី​សេរីភាព​ព័ត៌មាន​ពិភពលោក​ស្នើ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ។
រូប៖ ក្រសួង​ព័ត៌មាន

អ្នកចូលរួម​កម្មវិធី​សេរីភាព​ព័ត៌មាន​ពិភពលោក ស្នើ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការអនុវត្ត​ច្បាប់​ស្ដីពី របប​សារព័ត៌មាន ដើម្បី​លើកកម្ពស់​យុត្តិធម៌​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ឯករាជ្យ រដ្ឋាភិបាល​គួរតែ​អនុញ្ញាត​ឱ្យ​សារព័តមាន​វីអូឌី បើក​ដំណើរការ​ឡើងវិញ។

ក្រុម​អ្នក​សារព័ត៌មាន​ដែល​បាន​ចូលរួម​កម្មវិធី សេរីភាព​សារព័ត៌មាន​ពិភពលោក លើកឡើង​ថា ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ឯករាជ្យ កាន់តែ​រង​ការ​គំរាមកំហែង ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បាន​អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន។

អ្នក​យក​ព័ត៌មាន​ស្ថាប័ន ខេមបូចា (Camboja) កញ្ញា សុវណ្ណ ស្រីពេជ្រ ដែល​បាន​ចូលរួម​កម្មវិធី​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃទី​២៧ ខែ​មេសា លើកឡើង​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​ឯករាជ្យ កាន់តែ​ប្រឈម​នឹង​ហានិភ័យ គឺ​បណ្ដាលមកពី​រដ្ឋាភិបាល​មិនបាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​។ កញ្ញា​បន្ថែម​ថា អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​តែងតែ​គំរាមកំហែង​ទៅលើ​អ្នកសារព័ត៌មាន នៅពេល​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​ពី​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ និង​ការរំលោភ​សិទ្ធិមនុស្ស ហើយ​នេះ​គឺជា​មូលហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន។ កញ្ញា សុវណ្ណ ស្រីពេជ្រ បន្ត​ថា ការ​រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន​ឯករាជ្យ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​តែប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឱ្យ​អយុត្តិធម៌​សង្គម​កាន់តែ​កើនឡើង​ផង​ដែរ ដោយសារ​រដ្ឋាភិបាល​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​នានា។

កញ្ញា សុវណ្ណ ស្រីពេជ្រ៖ «ប្រកាស​យើង​ធ្វើ​យុទ្ធនាការ​អី​ផ្សេងៗ​តាមតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬក៏​មានតែ​ក្នុង​សៀវភៅ ឬក៏​អនុក្រឹត្យ ឬក៏​សេចក្ដីប្រកាស​ផ្សេងៗ​ទេ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​ហ្នឹង គឺ​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​អ្នក​អនុវត្ត​មូលដ្ឋាន​ខាងក្រោម គឺ​គាត់​យល់​ច្បាប់​អស់ហ្នឹង​ឱ្យ​ច្បាស់ កុំឱ្យ​ការ​ប្រកាស​ផ្សេង ហើយ​ការ​អនុវត្ត​ផ្សេង»

សេចក្ដីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ មេសា​ថា នៅ​ចន្លោះ​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២២ មាន​អ្នកសារព័ត៌មាន​ចំនួន ២០​នាក់ ត្រូវ​បាន​យាយី​តាមផ្លូវ​តុលាការ ដោយសារ​ការ​បំពេញ​ការងារ​របស់​ពួកគេ ហើយ​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៤​ត្រូវ​បាន​ដកហូត​។ អង្គការសិទ្ធិមនុស្ស​មួយ​នេះ​បន្ត​ថា អាជ្ញាធរ​កម្ពុជា​ក៏​បរាជ័យ​ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយនេះ ក្នុង​ការ​បើកចំហ​សេរីភាព​សម្រាប់​អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៧ ខែ​មេសា។ ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ផុស សុវណ្ណ បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​សារព័ត៌មាន យ៉ាង​ទូលំទូលាយ នៅ​ពេល​បច្ចុប្បន្ន។

ទោះបីជា​មានការ​អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ពុំ​មាន​សេរីភាព​ក្នុង​ការ​ចុះផ្សាយ និង​ចុះ​យក​ព័ត៌មាន​នោះ​ឡើយ។

ទាក់ទង​បញ្ហា​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា ដើម្បី​បង្ហាញ​ថា រដ្ឋាភិបាល​ពិត​ជា​មាន​ចេតនា​លើក​កម្ពស់​ការអនុវត្ត​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ពិតប្រាកដ​មែន រដ្ឋាភិបាល​គួរ​ទម្លាក់​រាល់​បទ​ចោទ​ទៅលើ​អ្នកសារព័ត៌មាន​ឯករាជ្យ​ទាំងអស់ ហើយ​បើក​ឱ្យ​ស្ថាប័ន​ព័ត៌មាន​វីអូឌី (VOD) បើក​ដំណើរការ​ឡើងវិញ​។ អ្នកស្រី​បន្ថែម​ថា ការ​រឹតត្បិត​សេរីភាព​អ្នកសារព័ត៌មាន គឺ​ប្រៀប​ដូចជា ការ​បិទ​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ហើយ​អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ដើម្បី​លើកកម្ពស់​អភិបាល​កិច្ច ជាជាង​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ។

អ្នកស្រី ចក់ សុភាព៖ «យើង​ឃើញ​ករណី​ខ្លះ​មានការ​ដកហូត​សម្ភារៈ ឬក៏​ការ​គំរាម​ចំពោះ​អ្នកកាសែត​មិន​ឱ្យ​ធ្វើ​បទ​យកការណ៍​អី​ជាដើម​ហ្នឹង អ៊ីចឹង​ទាំងអស់​នេះ​គឺជា​ទម្រង់​នៃ​ការ​យាយី​ទៅ​ដល់​ការ​បំពេញ​ភារកិច្ច​របស់​អ្នកសារព័ត៌មាន ដែល​ផ្ទុយ​អំពី​អ្វី​ដែល​រដ្ឋាភិបាល​តែងតែ​អះអាង​ថា យើង​មាន​សេរីភាព​សារព័ត៌មាន​ពេញលេញ អ៊ីចឹង​ខ្ញុំ​គិត​ថា ជា​ការ​ចាំបាច់​ណាស់ ជា​ពិសេស​ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​នេះ ដែល​រដ្ឋាភិបាល​លោក​គួរតែ​ធ្វើ​កិច្ចការ​ចាំបាច់ ដើម្បី​ធានា​ដល់​សេរីភាព​សារព័ត៌មាន តាមរយៈ​ការ​ផ្ដល់​នូវ​អាជ្ញាប័ណ្ណ​ឡើងវិញ ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ណា​ដែល​បាន​ដកហូត តួយ៉ាង​ដូចជា វីអូឌី ជាដើម»។

មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​កម្ពុជា CCHR បាន​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ។ ក្រោម​ប្រធានបទ «ការកំណត់​អនាគត​នៃ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​កម្លាំង​ចលករ នៃ​សិទ្ធិមនុស្ស​ដទៃទៀត»។ ទន្ទឹម​នឹង​នេះ មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​សរសេរ​ប្រវត្តិរូប​សង្ខេប និង​ផលិត​ជា​វីដេអូ​អំពី​បុគ្គល ដែល​បាន​ចូលរួម​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ចំនួន ១៥​នាក់ ដោយ​ពួកគេ​ទាំងនោះ​ភាគច្រើន​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ និង​អ្នកសារព័ត៌មាន​តាម​សហគមន៍ ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម ក្នុង​ការ​លើកកម្ពស់​យុត្តិធម៌​សង្គម និង​ការពារ​ព្រៃឈើ។

សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​កាន់តែ​រង​ការ​រឹតត្បិត ដោយសារតែ​លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រើប្រាស់​អំណាច​តាម​ទំនើងចិត្ត ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​ហ៊ាន​រិះគន់​អំពី​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​របស់​លោក។ ជាក់ស្ដែង លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​បិទ​ដំណើរការ​សារព័ត៌មាន វីអូឌី ទាំង​បំពាន​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន កាលពី​ខែកុម្ភៈ ២០២៣។ អ្នកវិភាគ​នយោបាយ​លើកឡើង​ថា សេរីភាព​សារព័ត៌មាន​នឹង​មិន​អាច​ប្រសើរ​ឡើងវិញ​បាន​នោះ​ទេ ដរាប​ណា​តុលាការ​នៅ​កម្ពុជា នៅតែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​គ្រួសារ​លោក ហ៊ុន សែន នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។