លោក ហ្វីល រ៉ូប៉ឺតសុន គ្រោង​លាឈប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ

ដោយ យ៉ង ចាន់តារា
2024.04.18
លោក ហ្វីល រ៉ូប៉ឺតសុន គ្រោង​លាឈប់​ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
AP

នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​១៧ ខែ​មេសា ថា លោក​នឹង​លាឈប់​បម្រើការ​នៅ​អង្គការ​អន្តរជាតិ​មួយ​នេះ បន្ទាប់ពី​បាន​បំពេញ​ការងារ​ក្នុង​រយៈពេល ១៥​ឆ្នាំ។ កន្លង​មក អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ តែងតែ​រិះគន់​ចំៗ ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ។

បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន មាន​តួនាទី​សំខាន់ៗ ជាច្រើន​ក្នុង​នោះ​គឺ​ការទទួលខុសត្រូវ​លើ​ការងារ​របស់​អង្គការ​នៅ​បណ្ដា​ប្រទេស​អាស៊ី និង​ផ្ដោត​ជាពិសេស​លើ​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​រួមមាន​មាន​ប្រទេស​កម្ពុជា ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ជាដើម។

លោក ហ្វីល រ៉ូប៊ឺតសុន ជា​អ្នក​អ្នកតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​នៅ​អាស៊ី និង​សហការ​ជាមួយ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ ហើយ​លោក​តែងតែ​ផ្ដល់​បទសម្ភាសន៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​នានា​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ក្នុង​នោះ​ក៏​មាន​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​។ លោក ហ្វីល រ៉ូប៊ឺតសុន ក៏​ជា​អ្នកស្រាវជ្រាវ អ្នក​ចងក្រង​ក្រង​លើ​ប្រធានបទ​សិទ្ធិមនុស្ស​ដូចជា​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ជនភៀសខ្លួន និង​ការ​ធ្វើ​ចំណាកស្រុក​ជាដើម។

មុនពេល​ចូលរួម​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ឆ្នាំ​២០០៩ លោក ហ្វ៊ីល រ៉ូ​ប៉ឺ​ត​សុន ក៏បាន​ធ្វើការ​អស់​រយៈពេល​ដប់​ប្រាំ​ឆ្នាំ​នៅ​អាស៊ីអាគ្នេយ៍​លើ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ ការពារ​ពលករ​ចំណាកស្រុក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ជាមួយ​អង្គការ​តំបន់ និង​អង្គការ​អន្តរជាតិ​ផ្សេងទៀត​។ លោក​ក៏​ធ្លាប់​ជា​មន្ត្រី​គ្រប់គ្រង​កម្មវិធី​នៃ​គម្រោង​អន្តរ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ជួញដូរ​មនុស្ស (UNIAP) ហើយ​លោក​បាន​ធ្វើ​ការ​ជោគជ័យ​ស្ដី​លើ​កិច្ច​ព្រមព្រៀង​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​លើកដំបូង​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅក្នុង​មហា​អនុ​តំបន់​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។