កម្មករណាហ្គាវើលដ៍ ៤នាក់ ចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការចោទថា ពួកគាត់រារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ ប៉ុន្តែ សមត្ថកិច្ចថារឿងនេះ ដល់ដំណាក់កាលតុលាការហើយ។ សង្គមស៊ីវិល ស្នើតុលាការទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងអ្នកជាប់ឃុំទាំងអស់ ដើម្បីឲ្យពួកគេវិលចូលតុចរចាដោះស្រាយបញ្ចប់វិវាទការងារជាមួយក្រុមហ៊ុនបនល្បែងកាស៊ីណូណហា្គវើលដ៍។
កម្មករណាហ្គាវើលដ៍ ៤នាក់ រួមមាន កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា កញ្ញា ម៉េង កាក់នីកា អ្នកនាង អេង ស្រីបូ និងអ្នកស្រី ខេង ចិន្តា នៅរសៀលថ្ងៃទី១៨ កុម្ភៈ នាំគ្នាចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគាត់រារាំងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្រោយពេលពួកគេចូលបំភ្លឺ អមដោយមេធាវីម្នាក់ មន្ត្រីនគរបាលប្រាប់ថា សំណុំរឿងនេះ ផុតពីដៃរបស់សមត្ថកិច្ច ហើយចូលដល់នីតិវិធីរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញហើយ។
ទន្ទឹមគ្នានេះ មានកម្មករណាហ្គាវើល៍ប្រមាណ ៥០នាក់ នាំគ្នាតាមដានការចូលបំភ្លឺរបស់កម្មករទាំង ៤នាក់ ដោយម្នាក់ឈរលើកក្រដាស សរសេរថា ខ្ញុំធ្វើជាសាក្សី។
មេធាវីការពារក្ដីឲ្យកម្មករណាហ្គាវើលដ៍ គឺអ្នកស្រី សាម សុគន្ធា ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកស្រីស្នើសុំសមត្ថកិច្ចជួយសរសេរបញ្ជាក់លើដីការបស់តុលាការ ដើម្បីបង្ហាញថាពួកគេពិតជាបានចូលខ្លួនបំភ្លឺ តាមកាលកំណត់របស់តុលាការមែន ប៉ុន្តែសំណើនេះត្រូវបានសមត្ថកិច្ចបដិសេធ។
អ្នកស្រីបញ្ជាក់ថា ការចូលខ្លួនបំភ្លឺនៅតុលាការ ទាល់តែមានការចេញដីកាពីតុលាការជាថ្មី ព្រោះសំណុំរឿងនេះ ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ គឺផុតពីសមត្ថកិច្ចនិងតំណាងអយ្យការហើយ៖ «ប្អូនបានចូលមកមែន មិនបានរត់គេចទេ។ ខ្ញុំបានស្នើសុំខាងស្នងការឲ្យគាត់ជួយចារថាផុតដៃគាត់ ដែលបានប្អូនបានមក ប៉ុន្តែគាត់ប្រាប់ថា គាត់អត់ចារទេ។ អ៊ីចឹង ! តាមខ្ញុំយល់ ប្អូនគួរចាំ ដីកាកោះពីតុលាការ ហើយមានដីកាកោះពីតុលាការ ប្អូនជម្រាបមកមេធាវីមក ។ មេធាវីនឹងទៅការពារប្អូនៗតាមការស្នើសុំ ដូចដែលប្អូនបានស្នើសុំថ្ងៃហ្នឹង»។
កម្មករណាហ្គាវើលដ៍ ៤នាក់ លើកឡើងថា ពួកគេនឹងចូលខ្លួនបំភ្លឺតាមនីតិវិធីរបស់តុលាការ ប្រសិនបើ មានការកោះហៅពួកគេឲ្យចូលបំភ្លឺនៅពេលខាងមុខ។ ពួកគេថា ការចោទប្រកាន់ពីព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង គឺជារឿងមិនពិត ព្រោះពួកគេ និងកម្មករផ្សេងទៀត ដែលធ្វើកូដកម្មនៅក្បែរស្ថានទូតអូស្ត្រាលីកន្លងមក បានចូលរួមផ្ដល់សំណាករកជំងឺកូវីដ១៩ ជូនក្រុមគ្រូពេទ្យនៅកោះពេជ្រ តាមការណែនាំរបស់ក្រសួងសុខាភិបាល រួចរាល់ហើយ។
វិទ្យុអាស៊ីសេរីមិនសុំការឆ្លើយបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញ លោក អ៊ី រិន្ទ នៅថ្ងៃទី១៨ កុម្ភៈ បានទេ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ដែលតាមឃ្លាំមើលរឿងនេះ មានប្រសាសន៍ថា ការប្រែក្លាយពីវិវាទការងាររវាងក្រុមកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៍ ទៅជារឿងចេញដីកាចាប់ខ្លួនតំណាងសហជីព និងកម្មករទៅតុលាការនេះ គឺកើតចេញពីជម្លោះការងារ ដែលក្រសួងពាក់ព័ន្ធអសមត្ថភាពដោះស្រាយបញ្ចប់បញ្ហានេះ ត្រឹមត្រូវតាមច្បាប់។
លោកបន្តថា ការប្រើប្រព័ន្ធតុលាការដើម្បីដាក់គំនាប គាបសង្កត់ គំរាមកំហែងក្រុមកម្មករណាហ្គាវើលដ៍ឲ្យឈប់ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទទួលតំណាងពួកគេនិងកម្មករជាង៣០០នាក់ចូលធ្វើការវិញនោះ មិនមែនជាដំណោះស្រាយដែលអាចបញ្ចប់បញ្ហានេះបានទេ។
លោកយល់ថា វិវាទការងារនេះគួរដោះស្រាយតាមយន្តការច្បាប់ ដែលក្រសួងការងារមានតួនាទីសម្របសម្រួលជាមួយភាគីក្រុមហ៊ុន ពន្លឿនការរកដំណោះស្រាយ៖ «ខ្ញុំគិតថារឿងណាហ្គាវើលដ៍ល្មមដល់ពេលដែលត្រូវរួមគ្នាបញ្ចប់បញ្ហាហ្នឹងហើយ។ ការដោះស្រាយវិវាទការងារហ្នឹងទៅ ដូចសម្ដេចក្រឡាហោម ស ខេង ដែលលោកបានលើកឡើងសុំឲ្យភាគីពាក់ព័ន្ធទាំងអស់នាំគ្នាដោះស្រាយបញ្ចប់វិវាទណាហ្គាវើលដ៍ ដោយសន្តិវិធីទៅ។ ហើយបើមិនអ៊ីចឹងទេ គឺបង្កផលលំបាកកាន់តែច្រើនសម្រាប់បុគ្គលិកណាហ្គាវើលដ៍ដែលធ្វើកូដកម្ម។ ដូចអតីតបុគ្គលិកណាហ្គាវើលដ៍ដែលគាត់ធ្វើកូដកម្មហ្នឹង មិនមានដំណោះស្រាយហើយ បែរជាត្រូវចាប់ខ្លួនជាបន្តបន្ទាប់ទៅវិញនោះ»។
កាលពីថ្ងៃទី៩ កុម្ភៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា ចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ចំពោះកូដករណាហ្គាវើលដ៍ ៣នាក់ មានលោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធិ និងលោក សោក សម្បត្តិ ដាក់ពន្ធនាគាររាជធានីភ្នំពេញ ហៅ កាត់ថា ប៉េហ្ស៊ី (PJ) ក្រោមបទបទចោទរារាំងវិធានសុខាភិបាល ត្រង់មាត្រាទី១១ នៃច្បាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ការសម្រេចឃុំខ្លួននោះ ធ្វើឡើងក្រោយពេលសមត្ថកិច្ចរាជធានីភ្នំពេញបានស្ទាក់ចាប់ខ្លួនពួកគេ តាមដីការបស់ព្រះរាជអាជ្ញារងលោក សេង ហៀង កាលយប់ពីថ្ងៃទី៥ កុម្ភៈ នៅពេលពួកគេចេញពីកន្លែងផ្ដល់សំណាករកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ចំណែក តំណាងសហជីពនិងសកម្មជនសហជីព ៨នាក់ទៀត ពួកគេកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ក្រោមបទចោទ ញុះញង់បង្កឲ្យមានវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងសកម្មភាពធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១។
ក្រុមអង្គការខាងសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលដោះលែងតំណាងសហជីពសកម្មជនសហជីព និងកម្មករណាហ្គាវើលដ៍ចំនួន ១១នាក់ ឲ្យមានសេរីភាពវិញ ដោយឥតលក្ខខណ្ឌ។ ពួកគេស្នើឲ្យក្រសួងពាក់ព័ន្ធបន្តដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយភាពស្មោះត្រង់ យុត្តិធម៌ តម្លាភាព និងតាមច្បាប់ស្ដីពីការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
