កម្មករ​ណាហ្គាវើ​លដ៍​ ៤​នាក់​ចូល​ខ្លួន​បំភ្លឺ​រឿង​អាជ្ញាធរ​ចោទ​ថា រារាំង​វិធាន​សុខាភិបាល

0:00 / 0:00

កម្មករ​ណាហ្គាវើលដ៍ ៤នាក់ ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ​ក្រុង​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ថា ពួកគាត់​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ សមត្ថកិច្ច​ថា​រឿង​នេះ ដល់​ដំណាក់​កាល​តុលាការ​ហើយ។ សង្គម​ស៊ីវិល​ ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ហើយ​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ ដើម្បី​ឲ្យ​ពួក​គេ​វិល​ចូល​តុចរចា​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ណហា្គវើលដ៍។

កម្មករ​ណាហ្គាវើលដ៍ ៤នាក់ រួម​មាន កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា កញ្ញា ម៉េង កាក់នីកា អ្នកនាង អេង ស្រីបូ និង​អ្នកស្រី ខេង ចិន្តា នៅ​រសៀល​ថ្ងៃ​ទី១៨ កុម្ភៈ នាំ​គ្នា​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ពួកគាត់​រារាំង​វិធានការ​សុខាភិបាល​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩។ ក្រោយ​ពេល​ពួកគេ​ចូល​បំភ្លឺ អម​ដោយ​មេធាវី​ម្នាក់ មន្ត្រី​នគរបាល​ប្រាប់​ថា សំណុំរឿង​នេះ ផុត​ពី​ដៃ​របស់​សមត្ថកិច្ច ហើយ​ចូល​ដល់​នីតិវិធី​របស់​ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ។

ទន្ទឹម​គ្នា​នេះ មាន​កម្មករ​ណាហ្គាវើល៍​ប្រមាណ ៥០នាក់ នាំ​គ្នា​តាម​ដាន​ការ​ចូល​បំភ្លឺ​របស់​កម្មករ​ទាំង ៤នាក់ ដោយ​ម្នាក់​ឈរ​លើក​ក្រដាស​ សរសេរ​ថា ខ្ញុំ​ធ្វើ​ជា​សាក្សី។

មេធាវី​ការពារ​ក្ដី​ឲ្យ​កម្មករ​ណាហ្គាវើលដ៍ គឺ​អ្នកស្រី សាម សុគន្ធា ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោកស្រី​ស្នើ​សុំ​សមត្ថកិច្ច​ជួយ​សរសេរ​បញ្ជាក់​លើ​ដីកា​របស់​តុលាការ​ ដើម្បី​បង្ហាញ​ថា​ពួកគេ​ពិត​ជា​បាន​ចូល​ខ្លួន​បំភ្លឺ តាម​កាល​កំណត់​របស់​តុលាការ​មែន ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បដិសេធ។

អ្នក​ស្រី​បញ្ជាក់​ថា ការ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ ទាល់តែ​មានការ​ចេញ​ដីកា​ពី​តុលាការ​ជា​ថ្មី ព្រោះ​សំណុំ​រឿង​នេះ ស្ថិត​ក្នុង​ដំណាក់​កាល​ចៅ​ក្រម​ស៊ើប​សួរ គឺ​ផុត​ពី​សមត្ថកិច្ច​និង​តំណាង​អយ្យការ​ហើយ៖ «ប្អូន​បាន​ចូល​មក​មែន មិន​បាន​រត់​គេច​ទេ។​ ខ្ញុំ​បាន​ស្នើ​សុំ​ខាង​ស្នង​ការ​ឲ្យ​គាត់​ជួយ​ចារ​ថា​ផុត​ដៃ​គាត់​ ដែល​បាន​ប្អូន​បាន​មក ប៉ុន្តែ​គាត់​ប្រាប់​ថា​ គាត់​អត់​ចារ​ទេ។ អ៊ីចឹង ! តាម​ខ្ញុំ​យល់​ ប្អូន​គួរ​ចាំ​ ដីកា​កោះ​ពី​តុលាការ ហើយ​មាន​ដីកា​កោះ​ពី​តុលាការ ប្អូន​ជម្រាប​មក​មេធាវី​មក ។ មេធាវី​នឹង​ទៅ​ការពារ​ប្អូន​ៗ​តាម​ការ​ស្នើ​សុំ​ ដូច​ដែល​ប្អូន​បាន​ស្នើ​សុំ​ថ្ងៃ​ហ្នឹង»។

កម្មករ​ណាហ្គាវើលដ៍ ៤នាក់ លើក​ឡើង​ថា ពួកគេ​នឹង​ចូល​ខ្លួន​បំភ្លឺ​តាម​នីតិវិធី​របស់​តុលាការ ប្រសិន​បើ មាន​ការ​កោះ​ហៅ​ពួកគេ​ឲ្យ​ចូល​បំភ្លឺ​នៅ​ពេល​ខាង​មុខ។ ពួកគេ​ថា ការ​ចោទ​ប្រកាន់​ពី​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង គឺ​ជា​រឿង​មិន​ពិត​ ព្រោះ​ពួកគេ និង​កម្មករ​ផ្សេង​ទៀត ដែល​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ស្ថាន​ទូត​អូស្ត្រាលី​កន្លង​មក​ បាន​ចូល​រួម​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩​ ជូន​ក្រុម​គ្រូពេទ្យ​នៅ​កោះ​ពេជ្រ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​រួច​រាល់​ហើយ។

វិទ្យុ​អាស៊ី​សេរី​មិន​សុំ​ការ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ី រិន្ទ នៅ​ថ្ងៃ​ទី១៨ កុម្ភៈ បាន​ទេ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក អំ សំអាត ដែល​តាម​ឃ្លាំ​មើល​រឿង​នេះ មាន​ប្រសាសន៍​ថា ការ​ប្រែ​ក្លាយ​ពី​វិវាទ​ការងារ​រវាង​ក្រុម​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ទៅ​ជា​រឿង​ចេញ​ដី​កា​ចាប់​ខ្លួន​តំណាង​សហជីព​ និង​កម្មករ​ទៅ​តុលាការ​នេះ គឺ​កើត​ចេញ​ពី​ជម្លោះ​ការងារ​ ដែល​ក្រសួង​ពាក់ព័ន្ធ​អសមត្ថភាព​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ត្រឹម​ត្រូវ​តាម​ច្បាប់។

លោក​បន្ត​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​គំនាប​ គាប​សង្កត់​ គំរាមកំហែង​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ឲ្យ​ឈប់​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​តំណាង​ពួកគេ​និង​កម្មករ​ជាង​៣០០​នាក់​ចូល​ធ្វើ​ការ​វិញ​នោះ មិន​មែន​ជា​ដំណោះស្រាយ​ដែល​អាច​បញ្ចប់​បញ្ហា​នេះ​បាន​ទេ។

លោក​យល់​ថា វិវាទ​ការងារ​នេះ​គួរ​ដោះ​ស្រាយ​តាម​យន្ត​ការ​ច្បាប់ ដែល​ក្រសួង​ការងារ​មាន​តួនាទី​សម្របសម្រួល​ជាមួយ​ភាគី​ក្រុមហ៊ុន ពន្លឿន​ការ​រក​ដំណោះស្រាយ៖ «ខ្ញុំ​គិត​ថា​រឿង​ណាហ្គាវើលដ៍​ល្មម​ដល់​ពេល​ដែល​ត្រូវ​រួម​គ្នា​បញ្ចប់​បញ្ហា​ហ្នឹង​ហើយ។ ការ​ដោះស្រាយ​វិវាទ​ការងារ​ហ្នឹង​ទៅ ដូច​សម្ដេច​ក្រឡា​ហោម​ ស ខេង ដែល​លោក​បាន​លើក​ឡើង​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នាំ​គ្នា​ដោះស្រាយ​បញ្ចប់​វិវាទ​​ណាហ្គាវើលដ៍ ដោយ​សន្តិវិធី​ទៅ។ ហើយ​បើ​មិន​អ៊ីចឹង​ទេ គឺ​បង្ក​ផល​លំបាក​កាន់​តែ​ច្រើន​សម្រាប់​បុគ្គលិក​​ណាហ្គាវើលដ៍​ដែល​ធ្វើ​កូដកម្ម។ ដូច​អតីត​បុគ្គលិក​​ណាហ្គាវើលដ៍​ដែល​គាត់​ធ្វើ​កូដកម្ម​ហ្នឹង​ មិន​មាន​ដំណោះស្រាយ​ហើយ បែរ​ជា​ត្រូវ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅ​វិញ​នោះ»។

កាល​ពី​ថ្ងៃ​ទី៩ កុម្ភៈ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ចំពោះ​កូដករ​ណាហ្គាវើលដ៍ ៣នាក់ មាន​លោក ជួប ចាន់ណាត លោក សេង វណ្ណារិទ្ធិ និង​លោក សោក សម្បត្តិ ដាក់​ពន្ធនាគារ​រាជធានី​ភ្នំពេញ ហៅ កាត់​ថា ប៉េហ្ស៊ី (PJ) ក្រោម​បទ​បទ​ចោទ​រារាំង​វិធាន​សុខាភិបាល ត្រង់​មាត្រា​ទី១១ នៃ​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩។

ការ​សម្រេច​ឃុំ​ខ្លួន​នោះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ស្ទាក់​ចាប់​ខ្លួន​ពួកគេ​ តាម​ដីកា​របស់​ព្រះរាជអាជ្ញា​រង​លោក សេង ហៀង កាល​យប់​ពី​ថ្ងៃ​ទី៥ កុម្ភៈ នៅ​ពេល​ពួក​គេ​ចេញ​ពី​កន្លែង​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

ចំណែក​ តំណាង​សហជីព​និង​សកម្មជន​សហជីព ៨នាក់​ទៀត ពួកគេ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ ញុះញង់​បង្ក​ឲ្យ​មាន​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កាល​ពី​ពាក់​កណ្ដាល​ខែធ្នូ ឆ្នាំ២០២១។

ក្រុម​អង្គការ​ខាង​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​តំណាង​សហជីព​សកម្មជន​សហជីព និង​កម្មករ​ណាហ្គាវើលដ៍​ចំនួន ១១នាក់ ឲ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខណ្ឌ។ ពួកគេ​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដោយ​ភាព​ស្មោះ​ត្រង់ យុត្តិធម៌ តម្លាភាព និង​តាម​ច្បាប់​ស្ដី​ពី​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។