តុលាការ​លើក​ពេល​សវនាការ​ក្រុម​សហជីព​ណាហ្គាវើលដ៍

តុលាការ​លើក​ពេល​សវនាការ​លើ​សំណុំរឿង​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម របស់​សហជីព​ណាហ្គាវើលដ៍​ទៅ​ពេល​ក្រោយ។ សវនាការ​នេះ​មាន​ក្រុម​កូដករ​ជាង ១០០នាក់​តាមដាន​ឃ្លាំមើល​នៅ​មុខ​តុលាការ ដោយ​អ្នក​ខ្លះ​កាន់​បដា​ជាប់​ដៃ ដែល​មាន​ខ្លឹមសារ​ថា «ខ្ញុំ​មក​ធ្វើ​ជា​សាក្សី» ដើម្បី​បង្ហាញ​ដល់​តុលាការ​ថា ពួក​គាត់​ចូលរួម​ធ្វើ​កូដកម្ម​ដោយ​ស្ម័គ្រចិត្ត​មិន​មាន​នរណា​ម្នាក់​ញុះញង់ ឬ​បង្ខិតបង្ខំ​ឡើយ។

អគ្គលេខាធិការ​សហជីព​ណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ​នេះ​ថា សវនាការ​នៅ​ថ្ងៃ​នេះ​តុលាការ​មិន​បាន​សាកសួរ​ក្រុម​កូដករ​ណាហ្គាវើលដ៍ ដែល​នៅ​ក្រៅ​ឃុំ នោះ​ទេ ប៉ុន្តែ​តុលាការ​បាន​សួរ​កញ្ញា ឈឹម ស៊ីថរ តែ​ម្នាក់​ប៉ុណ្ណោះ។ លោកស្រី​បន្ត​ថា អ្នក​ដែលចូល​ស្ដាប់​សវនាការ​បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង បាន​សាកសួរ​កញ្ញា ឈឹម ស៊ីថរ ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ន័យ​ដាក់​បន្ទុក​លើ​កញ្ញា​ពាក់ព័ន្ធ​នឹង​ប្រភព​ថវិកា​ជំនួយ​មនុស្សធម៌ ដោយ​មិន​បាន​សាកសួរ​អំពី​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះ​ស្រាយ​វិវាទ​ការងារ​នោះ​ទេ។

លោកស្រី​បញ្ជាក់​ថា ពេល​ដែល​តុលាការ​ឲ្យ​ជន​ត្រូវ​ចោទ​ចេញ​ក្រៅ​បន្ទប់​សវនាការ គឺ​មិន​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​រង់ចាំ​នោះ​ទេ ដោយ​ប៉ូលិស​នៅ​តុលាការ មិន​ឲ្យ​និយាយ ឬ​សួរ​នាំ​ជាមួយ​អ្នក​ផ្សេង ហើយ​ម្ដង​ដេញ​ឲ្យ​ទៅ​អង្គុយ​នៅ​ទី​នេះ ម្ដង​ដេញ​ឲ្យ​អង្គុយ​នៅ​ទី​នោះ។ សូម្បី​តែ​អង្គុយ​ក្បែរ​បង្អួច​សម្លឹង​មើល​ក្រុម​សហជីព ដែល​មក​លើក​ទឹក​ចិត្ត ក៏​សមត្ថកិច្ច​មិន​អនុញ្ញាត​ដែរ។

តុលាការ​បាន​លើក​ពេល​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​បទ​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​អន្តិសុខ​សង្គម ចំពោះ​ក្រុម​សហជីព​ណាហ្គាវើលដ៍​ទៅ​ថ្ងៃ​ទី២៨ ខែកុម្ភៈ​ខាង​មុខ។

សវនាការ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​សហជីព​ណាហ្គាវើលដ៍​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះ​ស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយ​តាំង​ជាង​មួយ​ឆ្នាំ​មក​ហើយ តាំង​ពី​ចុង​ឆ្នាំ២០២១ មក​ដល់​បច្ចុប្បន្ន៕