អ្នកយកព័ត៌មានបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថ្ងៃថ្មី ប្រចាំនៅបន្ទាយមានជ័យ គឺលោក ទៀវ សំអុល បានចូលបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៦ ធ្នូ តាមការកោះហៅរបស់នគរបាល។ ការចូលបំភ្លឺនេះ គឺបន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបានចុះផ្សាយព័ត៌មានថា ឧកញ៉ា ឡាច ប៊ុនលឹម ធ្វើរបងរំលោភលើដីរបស់ប្រជាពលរដ្ឋមួយគ្រួសារ នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត កាលពីដើមសប្ដាហ៍នេះ។
លោក ទៀវ សំអុល ថ្លែងថា មូលហេតុដែលលោកចូលបំភ្លឺ ដោយសារលោកមិនបានប្រព្រឹត្តខុសច្បាប់ និងមិនចង់មានបញ្ហាជាមួយប៉ូលិស៖ «ខ្ញុំក៏មិនបានចោទប្រកាន់លោកឧកញ៉ា ឡាច ប៊ុនលឹមដែរ អីចឹងខ្ញុំផ្សាយតាមតែពលរដ្ឋរងគ្រោះដែលគាត់ផ្ដល់បទសម្ភាសន៍ប៉ុណ្ណាខ្ញុំផ្សាយប៉ុណ្ណឹង។នៅក្នុងហ្នឹងឃើញថាលោក ឡាច ប៊ុនលឹម ក៏គាត់បានបំភ្លឺដែរ ថាហ្នឹងឱ្យគេចុះវាស់វែងនៅថ្ងៃច័ន្ទនិងថ្ងៃអង្គរកន្លងមក ប៉ុន្តែរហូតមកទល់ថ្ងៃ នេះអត់ឃើញមានការចុះវាស់វែងនោះទេ » ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន សិនដេត បានកោះហៅ លោក ទៀវ សំអុល រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែតឱ្យចូលបំភ្លឺរឿងផ្ទាល់ខ្លួននៅរសៀលថ្ងៃ២៦ ធ្នូ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ចាត់ទុកការកោះហៅរបស់ប៉ូលិសនេះថា ជាទង្វើខុសច្បាប់ និងជាការគំរាមកំហែងដល់អ្នកសារព័ត៌មានធ្វើឱ្យភ័យខ្លាច ហើយមិនអាចបំពេញវិជ្ជាជីវៈរបស់ខ្លួនបាន។ លោកបញ្ជាក់ថា តាមច្បាប់ស្ដីពីរបបសារព័ត៌មាន ចែងថា ប្រសិនបើអ្នកសារព័ត៌មានចុះផ្សាយព័ត៌មានខុស គឺអាចផ្សាយកែតម្រូវឡើងវិញបាន ដោយមិនត្រូវកោះហៅទៅសាកសួរបែបនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។