សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ជនជាតិចិនតៃវ៉ាន់ម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីរកឃើញស្ត្រីខ្មែរម្នាក់ក្នុងស្ថានភាពសន្លប់ ក្នុងឃ្លុបរថយន្តរបស់គាត់នៅផ្ទះសំណាក់មួយកន្លែង នៅសង្កាត់ព្រែកលៀប ក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែមករា។
អធិការនគរបាលខណ្ឌជ្រោយចង្វារលោក សៀម សុត្ថាវុធ បានប្រាប់អាស៊ីសេរី នៅថ្ងៃទី១៧ ខែមករាថា ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីម្ចាស់ផ្ទះសំណាក់មហាលាភរាយការណ៍ថា បុរសជនជាតិចិនម្នាក់នេះបានបីស្ត្រីខ្មែរយកទៅដាក់ក្នុងឃ្លុបរថយន្តតូយូតា កាមារី (Toyota Camry) ហើយបម្រុងបើកចេញ។
លោកថា ទាំងរថយន្តនិងជនជាតិចិនតៃវ៉ាន់នេះ ត្រូវបានរក្សាទុកនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ហើយនគរបាលកំពុងសាកសួរ។ ចំណែកស្ត្រីខ្មែរវិញត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ ដោយសារគាត់រងរបួសធ្ងន់ធ្ងរ។
លោកអធិការនិយាយថា បើតាមចម្លើយរបស់ជនជាតិចិនបានឱ្យនគរបាលដឹងថា គាត់និងស្ត្រីខ្មែរម្នាក់នេះ គឺជាសង្សារនឹងគ្នា រយ:ពេល៥ខែមកហើយ ប៉ុន្តែជម្លោះបានកើតឡើងហើយបានវាយដុំគ្នាទៅវិញទៅមក បន្ទាប់ពីគាត់បានសុំបែកផ្លូវគ្នា។ លោកថា ជនសង្ស័យបានសារភាពថា គាត់បានជ្រុលដៃវាយស្ត្រីឱ្យសន្លប់ ហើយបានរុំជាមួយភួយ ដាក់ចូលទៅក្នុងឃ្លុបរថយន្ត បម្រុងបើកចេញ តែម្ចាស់ផ្ទះសំណាក់បានឃាត់៖ «បុរសតៃវ៉ាន់ហ្នឹងគាត់សុំម្នាក់ស្រីហ្នឹងបែកគ្នា នេះជាចម្លើយគាត់ព្រឹកមិញ។ នៅពេលសុំបែកគ្នាអ៊ីចឹង ម្នាក់ស្រីហ្នឹងអត់ចង់បែកទេ ដល់ពេលហើយក៏មានការឈ្លោះប្រកែកគ្នា វ៉ៃតប់គ្នាគាត់ក៏ច្របាច់ក សង្កត់កអីចឹងទៅ ហើយគាត់ច្របាច់កខ្លាំងពេក ខាងស្រីនោះក៏សន្លប់ទៅ»។
លោកបន្តថា សមត្ថកិច្ចមិនទាន់មានគម្រោងបញ្ជូនជនសង្ស័យនេះទៅតុលាការនៅឡើយទេ ព្រោះចាំរង់ចាំសួរចម្លើយស្ត្រីរងគ្រោះដែលឥឡូវនេះនៅសន្លប់នៅឡើយ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សង្ស័យថា ជនជាតិចិនតៃវ៉ាន់នេះបានប៉ុនប៉ងសម្លាប់ស្ត្រីរងគ្រោះ ហើយលោកស្នើសុំឲ្យអាជ្ញាធរបញ្ជូនជនល្មើសនេះទៅតុលាការ ព្រោះវាមិនជាជម្លោះធម្មតាទេ៖ «យើងទុកឱ្យសមត្ថកិច្ចគាត់ធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់ ទៅលើករណីហ្នឹង ពីព្រោះយើងគិតមើលបើជម្លោះតិចតួច ហេតុអីបានជាឥឡូវហ្នឹងក៏ស្ត្រីហ្នឹងអត់ទាន់ដឹងខ្លួនផង វាមិនមែនជារឿងតូចតាចទេ»។
លោកថា បើទោះបីជាជម្លោះក៏មិនមែនជារឿងតូចតាចដែរ ព្រោះស្ត្រីរងគ្រោះត្រូវបានចងដៃចងជើង ហើយនេះវាជាអំពើទារុណកម្មធ្ងន់ធ្ងរមួយ ដែលមិនគួរដោះលែងជនល្មើសនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។