របាយការណ៍របស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR ស្ដីពីនិន្នាការសាកលនៃការបន្លាស់ទីលំនៅដោយបង្ខំ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី១៩ មិថុនា ឱ្យដឹងថា ពលរដ្ឋខ្មែរ ឬពលរដ្ឋមានប្រភពមកពីប្រទេសកម្ពុជា សរុបចំនួន ៧៥២នាក់ បានសុំសិទ្ធិជ្រកកោននយោបាយ គិតត្រឹមឆ្នាំ២០១៨។ របាយការណ៍ដដែលឱ្យដឹងដែរថា ជនភៀសខ្លួនសរុបមកពីកម្ពុជាមានជាង ១២.០៩៤នាក់ក្នុងនោះអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយមានចំនួន ៧៥២នាក់ ដែលសំណុំរឿងរបស់ពួកគេកំពុងពិចារណាដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR។ ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងមួយថ្ងៃមុនពេលពិភពលោកប្រារព្ធទិវាជនភៀសខ្លួនពិភពលោក (World Refugees Day) ថ្ងៃទី២០ មិថុនា។
ក្នុងសារផ្ញើទៅកាន់ពិភពលោក ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោកថ្ងៃទី២០ មិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) គូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបង្កើតឱ្យមានឡើងវិញនូវប្រព័ន្ធសុចរិតភាពជាអន្តរជាតិ នៃរបបគាំពារជនភៀសខ្លួន។ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស មានប្រសាសន៍ថា ពិភពលោកទទួលស្គាល់នូវសកម្មភាពមនុស្សធម៌របស់ប្រទេសនានាដែលទទួលយកជនភៀសខ្លួនឱ្យមកតាំងទីលំនៅ បើទោះបីជាប្រទេសទាំងនោះកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងកង្វល់នានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក៏ដោយ។ លោកថា ជាការគួរឱ្យសោកស្ដាយដែលគំរូប្រកបដោយភាពមនុស្សធម៌របស់ប្រទេសទាំងនោះ មិនត្រូវបានប្រទេសដទៃយកគំរូតាមនោះទេ។ ដូច្នេះហើយ លោកថា ពិភពលោក ចាំបាច់ត្រូវតែបង្កើតឡើងវិញនូវប្រព័ន្ធសុចរិតភាពជាលក្ខណៈអន្តរជាតិ ស្ដីពីរបបគាំពារជនភៀសខ្លួន។ លោកថ្លែងថា អ្វីដែលជនភៀសខ្លួនត្រូវការជាបន្ទាន់បំផុតនោះ គឺសន្តិភាព។
ផ្អែកតាមរបាយការណ៍ស្ដីពីនិន្នាការសាកលនៃការបំឡាស់ទីលំនៅដោយបង្ខំ ឆ្នាំ២០១៨ ឱ្យដឹងថា នៅទូទាំងពិភពលោក មានមនុស្សជិត ៧១លាននាក់ បានបង្ខំចិត្តផ្លាស់ទីលំនៅ ក្នុងនោះ ជាង ២០លាននាក់ ជាជនភៀសខ្លួន ជាង ៤១លាននាក់ជាជនផ្លាស់ទីលំនៅដោយបង្ខំក្នុងស្រុក និង ៣,៥ លាននាក់ជាអ្នកសុំសិទ្ធិជ្រកកោននយោបាយ ដោយសារតែពួកគេរងការធ្វើទុក្ខបុកម្នេញ ជម្លោះ អំពើហិង្សា ឬការរំលោភបំពានផ្នែកសិទ្ធិមនុស្ស។ ចំនួននេះ នៅតែមានចំនួនខ្ពស់បំផុតដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
