សមត្ថកិច្ច​ឃាត់ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ

ដោយ សេក បណ្ឌិត
2024.04.05
សមត្ថកិច្ច​ឃាត់ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក កើត សារ៉ាយ (រូបអាវពណ៌ផ្ៃមេឃអង្គុយកណ្ដាល) លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ឃុំស្រយង់ ស្រុកគូលេន ខេត្ត​ព្រះ​វិហារ ដែល​កំពុង​សម្ងំ​រស់នៅ​ក្នុង​ព្រៃ​ ដើម្បី​រត់​គេច​ពី​អាជ្ញាធរ​តាម​ចាប់​ខ្លួន។
រូប៖ ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ KSILA

នគរបាល​ប្រមាណ ១០នាក់ បាន​ចុះ​ឃាត់​ខ្លួន​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ កាល​ពី​វេលា​ម៉ោង ៤រសៀល នៅ​ថ្ងៃ​ទី៥ ខែមេសា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ការ​ឃាត់​ខ្លួន​លោក កើត សារ៉ាយ នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​បន្ថែម​ទៀត។

អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ថន ស័ក្កិដា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្លាំង​នគរបាល​ប្រមាណ ១០នាក់ ដែល​មាន​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ ៦គ្រឿង បាន​ចុះ​ឃាត់​ខ្លួន​លោក កើត សារ៉ាយ រួច​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សួរនាំ។ លោក​បន្ត​ថា ដោយសារ​តែ​នគរបាល​បាន​អាន​ដីកា​ឱ្យ​នាំ​ខ្លួន​ត្រឹមតែ​មួយ​បន្ទាត់​តែ​ប៉ុណ្ណោះ ដូច្នេះ លោក​មិន​ទាន់​ដឹង​អំពី​បទ​ចោទ ឬ​មូលហេតុ ដែល​នាំ​ឱ្យ​មាន​ការ​នាំ​ខ្លួន​លោក កើត សារ៉ាយ ទៅ​សួរ​នាំ​នោះ​ឡើយ​ទេ។

លោក ថន ស័ក្កិដា៖ «ដំបូង​ឡើយ​ខ្ញុំ​ស្មាន​តែ​គាត់​មក​សួរ​នាំ​អី​ធម្មតា ហើយ​ខ្ញុំ​អញ្ជើញ​គាត់ (ប៉ូលិស) ចូល គាត់​ថា អត់​ចូល​ទេ ហើយ​គាត់​ថា អញ្ជើញ​លោក កើត សារ៉ាយ ចុះ​មក។ ខ្ញុំ​អាន​អត់​ទាន់​ទេ គ្រាន់​តែ​អាន​បាន​បន្តិច មិន​ទាន់​ចប់​សេចក្ដី​ផង គេ​ចាប់​គាត់​ចូល​ទៅ​ឡាន​តែ​ម្ដង​ហ្នឹង ហើយ​គាត់​ឆ្លើយ​ចុង​ក្រោយ​មក​ថា នាំ​ខ្លួន​ទៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ»

លោក កើត សារ៉ាយ គឺ​អតីត​សង្ឃ​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​ញុះញង់ ដោយសារ​លោក​គ្រោង​តវ៉ា​ដោយ​អហិង្សា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន កាល​ពី​ខែកញ្ញា ឆ្នាំ២០២០។ លោក​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាល​ពី​ចុង​ឆ្នាំ២០២១ ក្រោយ​ពី​ជាប់​ពន្ធនាគារ​ប្រមាណ ១ឆ្នាំ ២ខែ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ ខែមេសា។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ដោយសារ​តែ​លោក កើត សារ៉ាយ គឺ​ជា​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ដូច្នេះ​តិច ឬ​ក៏​ច្រើន ការ​ឃាត់​ខ្លួន​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថានភាព​លំហ​សេរីភាព​ការងារ​សង្គម​ស៊ីវិល​បន្ថែម​ទៀត។ លោក​បន្ត​ថា បើ​ទោះបីជា​សមត្ថកិច្ច​បាន​អាន​ដីកា​ឃាត់​ខ្លួន​មួយ​បន្ទាត់​មុន​ឃាត់​ខ្លួន​លោក កើត សារ៉ាយ ក្ដី ក៏​ការ​ឃាត់​ខ្លួន​នេះ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ ព្រោះ​តាម​ច្បាប់ មន្ត្រី​នគរបាល​ត្រូវ​អាន​ដីកា​ឱ្យ​នាំ​ខ្លួន​ឱ្យ​ចប់​មុន​នឹង​នាំ​ខ្លួន​បុគ្គល​ណា​ម្នាក់​ទៅ​សាកសួរ។

លោក អំ សំអាត៖ «បើ​មើល​ទៅ​លើ​សកម្មភាព​របស់​លោក កើត សារ៉ាយ កន្លង​មក​នេះ គឺ​មិន​មាន​អ្វី​ក្រៅ​ពី​ការ​ចូលរួម​ក្នុង​ការងារ​សង្គម ការងារ​សិទ្ធិមនុស្ស បរិស្ថាន ដីធ្លី​នោះ​ទេ អ៊ីចឹង​ការ​ឃាត់​ខ្លួន​នេះ​ក៏​វា​ជា​ផល ជះ​ឥទ្ធិពល​មួយ​សម្រាប់​យុវជន ដែល​ធ្វើ​ការងារ​សង្គម ការងារ​បរិស្ថាន ការងារ​សិទ្ធិមនុស្ស​ផង​ដែរ»

បើ​ទោះបីជា​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ផ្សឹក និង​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្ដី ប៉ុន្តែ​លោក កើត សារ៉ាយ មិន​បាន​បោះបង់​ចោល​ការងារ​សង្គម​នោះ​ឡើយ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​វិញ។ ជាក់​ស្ដែង ក្រៅ​ពី​ភាព​សកម្ម​ការងារ​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ ហើយ​នោះ លោក កើត សារ៉ាយ ក៏​ពហិការ​មិន​ពាក់​ស្បែក​ជើង​នោះ​ឡើយ ដរាប​ណា​សង្គម​នៅ​តែ​សម្បូរ​រឿង​អយុត្តិធម៌។ ដោយ​ឡែក កាល​ពី​ពេល​ថ្មីៗ នេះ អភិបាល​រង​ខេត្តព្រះវិហារ ក៏​បាន​បង្ហោះ​រូប​ភាព​លោក កើត សារ៉ាយ ដោយ​បាន​ភ្ជាប់​ជា​មួយ​លិខិត​រដ្ឋបាល​ខេត្តព្រះវិហារ ចោទ​ប្រកាន់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ខេត្តព្រះវិហារ​ថា មាន​បំណង​ទុច្ចរិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ អត្ថបទនេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ដោយ​ដាក់​បញ្ចូល​ព័ត៌មាន​ពេញលេញ

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។