សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ដីកា​សំណុំ​រឿង​មន្ត្រី​អាដហុក​ទាំង ​៥​រូប​ទុក​ជា​បាន​ការ​ដដែល

0:00 / 0:00

តុលាការ​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលដីកា​សំណុំរឿង​មន្ត្រី​អាដហុក ៤នាក់ និង សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ម្នាក់ ទុក​ជា​បាន​ការ​ដដែល នៅ​ថ្ងៃ​ទី២៣ ឧសភា។ មន្ត្រី​អាដហុក ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​បែប​នេះ​ថា ជា​រឿង​អយុត្តិធម៌ ខណៈ​ដែល​សាក្សី​ដាក់​បន្ទុក​មិន​មាន​វត្តមាន ដើម្បី​សួរ​ដេញដោល​រក​ហេតុផល​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ។

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស លើកឡើង​ថា រឿង​នេះ សាលា​ឧទ្ធរណ៍​គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើ​ពួក​គេ​ទាំង ៥នាក់ ឱ្យ​មាន​សេរីភាព​វិញ ដោយ​មិន​ត្រូវ​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​បែប​នេះ​ឡើយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឃន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក លោក នី សុខា ដែល​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំរឿង «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ដែល​នោះ​បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​របស់​តុលាការ​ជាន់​ទាប​ទុក​ជា​បាន​ការ​ដដែល​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​លោក រួម​នឹង​សមាជិក​ផ្សេង​ទៀត ព្រោះ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ណា​មួយ ដែល​អាច​ទទួល​យក​បាន​នោះ​ទេ។

លោក​បន្ត​ថា ការ​បដិសេធ​របស់​លោក ស៊ិន វិសាល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ចំពោះ​ការ​មិន​កោះហៅ​ដើម​បណ្ដឹង គឺ​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ និង​អ្នកស្រី ទ្រី ឈួន ចូលរួម​សវនាការ ជា​ការ​បំពាន​នីតិវិធី​ធ្ងន់ធ្ងរ ខណៈ​ដែល​ការ​សម្រេច​ចោទ​ប្រកាន់​របស់​តុលាការ​ថ្នាក់​ក្រោម​ដោយ​ឱ្យ​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤នាក់ និង​សមាជិក គ.ជ.ប ម្នាក់ ជាប់ពន្ធនាគារ ៥ឆ្នាំ ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ៖ «អ៊ីចឹង​ពួក​យើង​ធ្វើ​ការ​ក្នុង​គោលដៅ​តែ​លើក​កម្ពស់​សិទ្ធិមនុស្ស លើក​កម្ពស់​បញ្ហា​ច្បាប់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​តុលាការ​បែរ​ទៅ​ជឿ​លើ​សាក្សី ដែល​និយាយ​ម្ដង​ចេះ ម្ដង​និយាយ​ចុះ។ និយាយ​ខ្វះ​ការ​ទទួល​ខុសត្រូវ ខ្វះ​ការ​ពិត ហើយ​យក​មក​ដាក់​បន្ទុក យក​មក​ចោទ​ប្រកាន់​យើង នេះ​ជា​រឿង​អយុត្តិធម៌​បំផុត ដែល​យើង​មិន​អាច​ទទួល​យក​បាន​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​តម្កល់​សាលក្រម​របស់​សាលាដំបូង ដែល​ជា​សាលក្រម​មួយ​មាន​ភាព​អយុត្តិធម៌ »

លោក នី សុខា បន្ថែម​ថា ការ​សម្រេច​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ចន្ទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បើក​សវនាការ​សួរ​ដេញដោល​លើ​បណ្ដឹង​សាទុក្ខ​សំណុំរឿង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤នាក់ និង​សមាជិក គ.ជ.ប ម្នាក់​គឺ​លោក នី ចរិយា កាល​ពី​ថ្ងៃ​ទី២៨ ខែមេសា​កន្លង​ទៅ។

បុគ្គលិក គ.ជ.ប និង​មន្ត្រី សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៥រូប ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ចំនួន ៥ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា កាល​ពី​ខែកញ្ញា ឆ្នាំ២០១៨ កន្លង​មក​ទៅ។ ប៉ុន្តែ​ទោស ៥ឆ្នាំ​នេះ ដោយ​តុលាការ​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈ​ពេល ១៤ខែ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​បាន​ព្យួរ។

មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​អាដហុក​ទាំង ៥រូប លោក សំ ទិត្យសីហា ដែល​ចូលរួម​ស្ដាប់​ប្រកាស​សាលដីកា ប្រាប់​អាស៊ី​សេរី​ថា លោក​សោកស្ដាយ ដែល​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​មក​លើ​កូនក្ដី​របស់​ខ្លួន។ លោក​អះអាង​ថា ការ​កាត់ក្ដី​នេះ​មាន​ភាព​លំអៀង​ទៅ​លើ​ដើម​បណ្ដឹង ដែល​ផ្ទុយ​នឹង​នីតិវិធី​ច្បាប់៖ « ចំពោះ​ការ​សម្រេច​សេចក្ដី​នេះ យើង​អត់​មាន​ឃើញ​ភស្តុតាង​អ្វី​ផ្សេង ដែល​ក្រៅ​តែ​ពី​ចម្លើយ​របស់​កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ និង​អ្នកស្រី ទ្រី ឈួន ទេ ហើយ​វិនិច្ឆ័យ​ថា កូន​ក្ដី​ខ្ញុំ​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​សូកប៉ាន់​សាក្សី ​តាម​បញ្ញត្តិ​តាម​មាត្រា៥៤៨ ផ្ដន្ទាទោស​ពួក​គាត់​ដល់ ៥ឆ្នាំ ចំពោះ​ការ​ផ្ដន្ទាទោស​នេះ ហាក់​ដូច​ជា​ធ្ងន់ធ្ងរ និង​អយុត្តិធម៌ »

លោក​មេធាវី សំ ទិត្យសីហា បន្ត​ថា ការ​ប្រកាស​សាលដីកា​របស់​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី២៣ ឧសភា មិន​មាន​វត្តមាន​ចុង​ចោទ លោក នី សុខា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុនី្ន លោក ណៃ វ៉ងដា និង​លោក នី ចរិយា នោះ​ទេ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ស៊ិន វិសាល ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៣ ឧសភា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

សមាជិក គ.ជ.ប ម្នាក់ និង​មន្រ្តី​សមាគម​ការពារ​សិទ្ធិមនុស្ស​​​អាដហុក​ទាំង ៤រូប ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿង​ផ្ដល់​ប្រាក់​ជាង ២០០ដុល្លារ​ទៅ​ឱ្យ​នាង ស្រីមុំ ក្នុងនាម​ជន​រងគ្រោះ ដែល​រត់​មក​រក​អាដហុក​ឱ្យ​ជួយ កាល​ពី​ខែមេសា ឆ្នាំ២០១៦។ បុគ្គលិក គ.ជ.ប និង​មន្ត្រី​អាដហុក​ទាំង ៥នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​ព្រៃ​ស ​កាលពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ២០១៦ រហូត​ដល់​មាន​ការ​ដោះ​លែង​ពួក​គេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​វិញ កាល​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។