មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី អះអាងថា មន្ត្រីមួយចំនួនក្នុងពន្ធនាគារខេត្តព្រះវិហារ ហាមឃាត់កញ្ញាមិនឱ្យធ្វើពិធីសាសនា ខណៈកញ្ញាជាគ្រិស្តសាសនិក។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការគោរពជំនឿសាសនានៅក្នុងពេលជាប់ឃុំជារឿងមួយដែលត្រូវលើកទឹកចិត្តឱ្យធ្វើ និងមិនត្រូវមានការរឹតត្បិតនោះទេ។
មេធាវីការពារក្ដីកញ្ញា សេង ធារី លោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីឱ្យដឹងនៅថ្ងៃទី២១ កក្កដា ថា មន្ត្រីក្នុងពន្ធនាគារខេត្តព្រះវិហារមិនអនុញ្ញាតឱ្យកញ្ញា សេង ធារី ធ្វើពិធីគោរពសាសនាគ្រិស្ត ខណៈកញ្ញាជាគ្រិស្តសាសនិកមួយរូប ហើយត្រូវការបួងសួងរាល់ចុងសប្ដាហ៍ ដោយមន្ក្រីពន្ធនាគារមិនបញ្ជាក់ពីមូលហេតុឡើយ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកបានទៅសួរសុខទុក្ខកញ្ញា សេង ធារី នៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ កក្កដា។ លោក មេធាវី ជូង ជូងី បញ្ជាក់ថា មន្ត្រីពន្ធនាគារអនុញ្ញាតឱ្យកញ្ញា សេង ធារី ចូលរួមក្នុងពិធីសាសនាបានត្រឹមតែពីរដងប៉ុណ្ណោះ ចាប់តាំងពីកញ្ញាជាប់ឃុំនៅទីនោះអស់រយៈពេលជាងមួយខែមកហើយនេះ។ លោកបន្ថែមថា មន្ត្រីមួយចំនួនបានអនុញ្ញាតឱ្យកញ្ញា សេង ធារី ចូលរួមក្នុងពិធីគ្រិស្តសាសនា ប៉ុន្តែមានមន្ត្រីមួយចំនួនទៀតព្យាយាមរារាំង៖ «រាល់ពេលដែលគាត់ចូលរួមពីរដងហ្នឹង គឺមានបញ្ហាប្រទាំងប្រទើសរវាងមន្ត្រីនិងមន្ត្រី ហើយគាត់ ( កញ្ញា សេង ធារី ) ព្យាយាមជួបប្រធាន ( ពន្ធនាគារ ) ដើម្បីសួរបញ្ជាក់ថា តើអនុញ្ញាតឱ្យគាត់ចូលរួម ឬមិនឱ្យ ប៉ុន្តែគាត់មិនទាន់បានជួបប្រធាននៅឡើយទេ ពេលដែលខ្ញុំជួបគាត់ម្សិលមិញព្រឹកនឹង»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា ឱ្យដឹងនៅថ្ងៃទី២១ កក្កដានេះ ថា លោកមិនទាន់ទទួលបានដំណឹងពីបញ្ហានេះនៅឡើយទេ។ លោកអះអាងថា នេះជាការយល់ឃើញរបស់មន្ត្រីថ្នាក់ក្រោម ហើយលោកនឹងធ្វើការសាកសួរទាក់ទិននឹងបញ្ហានេះ។ លោកបញ្ជាក់ថា រាល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារមិនត្រូវបានហាមឃាត់ក្នុងការគោរពពិធីសាសនាដែលខ្លួនគោរពនោះឡើយ។ លោកជំរុញឱ្យ មេធាវីកញ្ញា សេង ធារី ធ្វើលិខិតដាក់មកកាន់អគ្គនាយកដ្ឋានពន្ធនាគារអំពីរឿងនេះ៖ «គាត់មានសិទ្ធិតវ៉ា ប្រសិនបើមានបញ្ហាអី ដែលមន្ត្រីយើងគាត់ធ្វើទៅវាអត់ត្រូវ។ ប្រសិនបើគាត់មានអារម្មណ៍មិនស្រួលអី អាហ្នឹងគាត់អាចធ្វើលិខិតបាន ព្រោះនៅក្នុងច្បាប់យើងអត់មានហាម ( មិនឱ្យធ្វើការគោរពពិធីសាសនា ) ឯណា»។
ចំណែកអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក សឹង សែនករុណា យល់ឃើញថា ករណីនេះ អាស្រ័យលើការគ្រប់គ្រងរបស់ប្រធាន និងមន្ត្រីនៅពន្ធនាការ។ លោកសង្កេតឃើញថា កន្លងទៅ នៅតាមពន្ធនាគារនីមួយៗតែងមានកន្លែងគោរពបូជាពិធីសាសនា សម្រាប់ពុទ្ធសាសនិក គ្រិស្តសាសនិក និងអ៊ីស្លាមសាសនិក សម្រាប់ធ្វើការគោរពប្រណិប័តន៍។ លោកបន្តថា មន្ត្រីពន្ធនាគារគួរបញ្ជាក់មូលហេតុឱ្យបានច្បាស់លាស់ និងបើកសិទ្ធិសេរីភាពដល់អ្នកជាប់ឃុំឱ្យបានគោរពសាសនារបស់ពួកគេ ដោយមិនមានការរឹតត្បិតណាមួយនោះឡើយ៖ «បើសិនជាគាត់មិនបានធ្វើអ្វីផ្ទុយពីវិន័យនៅក្នុងពន្ធនាគារទេ គ្មានអីដែលត្រូវទៅរារាំងគាត់ទេ ហើយជាពិសេសសិទ្ធិខាងសាសនានេះ គឺគួរតែមានការលើកទឹកចិត្ត។ អ៊ីចឹងបញ្ហាទាំងអស់នេះវាគួរតែជារឿងលើកទឹកចិត្តទៅវិញទេ មិនគួរមានការរារាំងអ៊ីចឹងទេ»។
លោក មេធាវី ជូង ជូងី ថា ស្ថានភាពសុខភាព និងផ្លូវចិត្តរបស់កញ្ញាសេង ធារី នៅតែរឹងមាំដដែល កូនក្ដីលោកកំពុងពិចារណាលើរឿងស្នើសុំប្ដូរពីពន្ធនាគារខេត្តព្រះវិហារ មកកាន់ពន្ធនាគារព្រៃសនៅភ្នំពេញវិញ ខណៈតុលាការកំពុងសិក្សាទៅលើសំណើនេះ។
កញ្ញា សេង ធារី ត្រូវបានតុលាការសម្រេចបញ្ជូនខ្លួនយកទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ នៅថ្ងៃទី១៥ មិថុនា ក្រោយពីចាប់ខ្លួនបានមួយថ្ងៃ។ កញ្ញាត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្នុងសំណុំរឿង រួមគំនិតក្បត់ ប្រឆាំងរដ្ឋាភិបាល និងគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ជាមួយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែកញ្ញាបដិសេធការចោទប្រកាន់ទាំងអស់នេះ ដោយចោទបកវិញថា តុលាការកម្ពុជាបច្ចុប្បន្នជាតុលាការឆាកល្ខោនឡប់ឡែចាំតែធ្វើតាមនយោបាយបក្សកាន់អំណាច។ ចំណែកក្រុមសិទ្ធិមនុស្សសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតនៃប្រទេសប្រជាធិបតេយ្យវិញ ហៅសាលក្រមផ្ដន្ទាទោសដាក់គុកកញ្ញា សេង ធារី ៦ឆ្នាំ ជាសាលក្រមនយោបាយ និងអយុត្តិធម៌។ ពួកគេទាមទារឱ្យមានការដោះលែង សេង ធារី ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។