សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ថា​ជា​រឿង​នយោបាយ

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០​ស្ថាប័ន​ផ្សេង​គ្នា ចាត់​ទុក​ថា សកម្មភាព​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាប់​និង​ឃុំ​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចេតនា​នយោបាយ​ជា​ជាង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ពិសេស​កំពុង​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយ​ក្រោយ។

អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ ខណៈ​ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​ណាត់​គ្នា​ចរចា​ផ្លូវ​ការ ដើម្បី​ទម្លុះទម្លាយ​ភាព​ទ័ល ច្រក​នយោបាយ។

​ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃ​ទី​២១ កក្ដដា។

​អង្គការ​សង្គម​ស៊ីវិល​គិត​ថា ការ​គោរព​សិទ្ធិ​មនុស្ស និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់​តែ​រួម​តូច​ចង្អៀត ដែល​ជា​ការ​ជះ​ឥទ្ធិពល​ដល់​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស ដូចជា​ការ​ប្រើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សកម្មភាព​ជួប​ប្រជុំ​គ្នា​ជាដើម។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​និង​ច្បាប់​នៃ​អង្គការ​អាដហុក លោក នី ចរិយា ថ្លែង​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ គឺជា​និមិត្តរូប​នៃ​ការ​បិទ​សេរីភាព ហើយ​ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នក​តំណាងរាស្ត្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​មូលហេតុ​តែ​មួយ​គត់ គឺ​យក​បញ្ហា​ទាំង​នោះ​ជា​ចំណាប់​ខ្មាំង​នៃ​ដំណោះស្រាយ​បញ្ហា​នយោបាយ។ លោក​បន្ត​ថា ប្រសិនបើ​ការ​ចរចា​​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ដំណើរ​ការ​ល្អ​នោះ ទីលាន​ប្រជាធិបតេយ្យ​អាច​នឹង​បើក​ឲ្យ​ប្រើប្រាស់​ឡើង​វិញ ហើយ​បេក្ខជន​តំណាងរាស្ត្រ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៨​រូប ក៏​ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដែរ៖ «សំឡេង»។

​កាលពី​ថ្ងៃ​ទី​១៥ កក្កដា បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ ៧​នាក់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប​ទៀត ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម បទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ក្រៅ​ពី​នោះ ចៅក្រម​តុលាការ​បាន​ចេញ​ដី​ការ​ស្វែង​រក​ចាប់​ខ្លួន​អញ្ញាតជន ឬ​ជន​ដែល​គេ​មិន​ស្គាល់​សាវតារ​ជាតិ​មួយ​ចំនួន​ទៀត។

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល លោក គល់ បញ្ញា ទទូច​ឲ្យ​រាជរដ្ឋាភិបាល​ដោះលែង​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​ទាំង​អស់​ឲ្យ​មាន​សេរីភាព និង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ពិសេស​សូម​ឲ្យ​បើក​ឲ្យ​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «សំឡេង»។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រាជរដ្ឋាភិបាល​កំពុង​ចេញ​បម្រាម​ជា​ច្រើន​ទប់ស្កាត់ រារាំង​មិន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ឲ្យ​បាន​ពេញលេញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អំពើ​ហិង្សា​ដែល​កើត​មាន​កន្លង​មក រួម​មាន​ព្រឹត្តិការណ៍​នៅ​លើ​ស្ពាន​ស្ទឹងមានជ័យ ស្ពាន​អាកាស​ក្បាល​ថ្នល់​នៅ​ផ្លូវ​វ៉េង ស្រេង និង​នៅ​រោងចក្រ​យ៉ាកជីន​ជាដើម អាជ្ញាធរ​បាន​ខកខាន​ស្វែង​រក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ រី​ឯ​ក្រុម​សន្តិសុខ​ស៊ី​ឈ្នួល​របស់​ខណ្ឌ​ដូនពេញ ដែល​បាន​វាយ​ពលរដ្ឋ​និង​អ្នក​កាសែត​ជា​ច្រើន​លើក​ឲ្យ​រង​របួស​នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។