ជីវប្រវត្តិ​សង្ខេប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​លោក ចាន់ សុវ៉េត

ដោយ ខែ សុណង និង សុ ជីវី
2014-12-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ចាន់ សុវ៉េត (ពី​ស្ដាំ​ទី​ពីរ) អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ រៀបចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ នា​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤។
លោក ចាន់ សុវ៉េត (ពី​ស្ដាំ​ទី​ពីរ) អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ រៀបចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ នា​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤។
RFA/Vann Vichar

មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត បាន​ទទួល​មរណភាព​កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ នេះ ក្នុង​ជន្មាយុ ៥១​ឆ្នាំ។ លោក​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់​ក្នុង​សំណុំ​រឿង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ការ​ស្លាប់​នេះ គឺ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០​ធ្នូ លើក​ទី​៦៦ នៅ​បន្ទាប់​ពី​លោក​បាន​ចូលរួម​ឃ្លាំ​មើល​ទិវា​នេះ​ចប់​សព្វគ្រប់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី ផ្ទាល់​ពី​ទី​ប្រារព្ធ​ពិធី​បុណ្យ​សព​លោក ចាន់ សុវ៉េត៖

ជីវប្រវត្តិ​សង្ខេប

ឈរ​នៅ​ក្រោម​ដើម​ឈើ​ម្នាក់​ឯង សម្លឹង​ទៅ​កាន់​អ្នក​ចូលរួម និង​វេទិកា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដែល​សាលា​រាជធានី​ភ្នំពេញ​រៀបចំ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ ធ្នូ នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ គឺ​ជា​បេសកកម្ម​ដែល លោក ចាន់ សុវ៉េត តែង​តែ​បំពេញ​មិន​ថា​ថ្ងៃ​ឈប់​សម្រាក​នោះ​ទេ។ បន្ទាប់​ពី​នេះ លោក​ក៏​បាន​ចេញ​ទៅ​ឃ្លាំ​មើល​ការ​ដើរ​ក្បួន​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ សហគមន៍​រងគ្រោះ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទៀត។ នៅ​ឯ​ទីលាន​ប្រជាធិបតេយ្យ លោក​បាន​និយាយ​លេង​លែបខាយ​ជាមួយ​អ្នក​កាសែត មិត្តភ័ក្ដិ​រួម​ការងារ និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ពលរដ្ឋ​សហគមន៍​រងគ្រោះ​ដីធ្លី នៅ​ទីលាន​ប្រជាធិបតេយ្យ​ទៀត។ ជា​អកុសល មិន​នឹក​ស្មាន​ថា នេះ​គឺ​ជា​ឱកាស​ការងារ​ចុង​ក្រោយ​របស់​លោក​សោះ​ឡើយ។

លោក ចាន់ សុវ៉េត បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ប្រមាណ ៣​រសៀល ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​បឹងកេងកង​៣ ខណ្ឌ​ចំការមន បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​ការងារ នៅ​ពេល​ដែល​ភរិយា​របស់​លោក​កំពុង​កោស​ខ្យល់ ដោយសារ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ដោយ​មិន​ទាន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​នោះ។

ម្ដាយ​មីង​របស់​លោក គឺ​អ្នកស្រី និត ស៊ីនន ថ្លែង​ថា ពេទ្យ​បាន​ប្រាប់​ថា លោក ចាន់ សុវ៉េត ស្លាប់​ដោយ​គាំង​បេះដូង៖ «មក​ពី​ធ្វើ​ការ​អត់​ទាន់​ញ៉ាំ​បាយ​ផង គាត់​មាន​អាការៈ​ចុក​ទ្រូង រួច​លោក​ឲ្យ​ប្រពន្ធ​កោស​ខ្យល់​ឲ្យ ក៏​ស្លាប់​ពេល​នោះ​តែ​ម្ដង»

ក្រុម​គ្រួសារ​កំពុង​ធ្វើ​ពិធី​បុណ្យ​សព​ជូន​វិញ្ញាណក្ខន្ធ លោក ចាន់ សុវ៉េត ដែល​កំពុង​តម្កល់​នៅ​វត្ត​គល់ទទឹង ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ធ្វើ​ពិធី​បុណ្យ​ខួប ៧​ថ្ងៃ នៅ​ថ្ងៃ​ច័ន្ទ ៩​រោច ខែ​មិគសិរ ត្រូវ​ថ្ងៃ​ទី​១៥ ឆ្លង​ចូល​ថ្ងៃ​អង្គារ ទី​១៦ ធ្នូ។

លោក ចាន់ សុវ៉េត អាយុ ៥១​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​កណ្ដាល ឃុំ​ព្រែករៃ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល មាន​ភរិយា​ឈ្មោះ ប៊ី សុភាព។ លោក​មាន​កូន ៣​នាក់ ជា​ចំណង​អាពាហ៍ពិពាហ៍ គឺ​ប្រុស ២​នាក់ និង​កូន​ស្រី​ម្នាក់។ លោក ចាន់ សុវ៉េត ធ្លាប់​រៀន​ឯកទេស​សិទ្ធិ​មនុស្ស​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន (Chulalongkorn) ប្រទេស​ថៃ និង​រៀន​បរិញ្ញាបត្រ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ន័រតុន ភ្នំពេញ។ លោក ចាន់ សុវ៉េត គឺ​ជា​អតីត​មន្ត្រី​រាជការ​មួយ​រូប។ លោក​ជា​គ្រូបង្រៀន​មុខវិជ្ជា​រូបវិទ្យា និង​គីមីវិទ្យា នៅ​សាលា​មធ្យម​សិក្សា​សំពៅមាស ក្នុង​រាជធានី​ភ្នំពេញ និង​ធ្លាប់​បម្រើ​ការ​ជា​ទាហាន​កាន់​កាំភ្លើង​ធំ ហើយ​ក៏​ជា​មន្ត្រី​បញ្ជាការ​ហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៀត។ នៅ​ក្នុង​ជីវិត​ការងារ​ចុង​ក្រោយ​របស់​លោក​នៅ​ឆ្នាំ​១៩៩៥ លោក​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ការងារ​សិទ្ធិ​មនុស្ស នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ក្នុង​ឋានៈ​ជា​មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការពារ​ដីធ្លី រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

សព​មន្ត្រី​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​គល់ទទឹង ស្ថិត​ក្នុង​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១១ ធ្នូ ២០១៤។ RFA/Keo Nimol
សព​មន្ត្រី​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ត្រូវ​បាន​ក្រុម​គ្រួសារ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​គល់ទទឹង ស្ថិត​ក្នុង​សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១១ ធ្នូ ២០១៤ RFA/Keo Nimol

 

លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ដឹង​ជាទូទៅ​ថា លោក​បាន​រិះគន់​ឥត​សំចៃ​មាត់ និង​មិន​ខ្លាច​ញញើត​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​ផ្ទះ​សម្បែង ដីធ្លី អំពើ​ពុក​រលួយ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បញ្ហា​និទ្ទណ្ឌភាព រួម​ទាំង​ករណី​ជា​ច្រើន​ទៀត​នៅ​កម្ពុជា។ យ៉ាង​ណា​មិញ លោក​ក៏​បាន​ជាប់​បណ្ដឹង​ជា​ច្រើន​នៅ​តុលាការ​ដែរ។ លោក​បាន​ជាប់​សង្ស័យ​ពី​បទ​ជា​ច្រើន​ដូច​ជា បទ​ផ្ដល់​ជំនួយ​ចារី ឬ​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្តិ​បទល្មើស​ពាក់ព័ន្ធ​ជាមួយ​សំណុំ​រឿង លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ទាក់ទង​នឹង​ចលនា​ទាមទារ​ដីធ្លី​របស់​ពលរដ្ឋ ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​ចលនា​បង្កើត​តំបន់​អបគមន៍ ដើម្បី​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ឆ្នាំ​២០១២។

លោក​ត្រូវ​បាន​សង្ស័យ​ថា ក្រុម​ការងារ​បង្ខំ​ឲ្យ​ភៀស​ខ្លួន​មួយ​រយៈ​ខ្លី​ចេញ​ទៅ​ប្រទេស​ស៊ុយអែត។ ទោះ​យ៉ាង​ណា លោក​មិន​គេចវេះ​នោះ​ទេ។ លោក​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​កន្លង​មក​មាន​ពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​គាំទ្រ និង​លើក​ទឹក​ចិត្ត ហើយ​អបអរ​សាទរ​នៅ​ពេល​ដែល​តុលាការ មិន​សម្រេច​ឃុំ​ខ្លួន។

«សំឡេង​ខាង​មុខ​តុលាការ»

កាល​ពី​នៅ​មាន​ជីវិត​នៅ​ឡើយ លោក ចាន់ សុវ៉េត ធ្លាប់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ដោយ​រិះគន់​ពី​បញ្ហា​និទ្ទណ្ឌភាព​ចេះ​តែ​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ដោយសារ​តែ​ភាព​មិន​ឯករាជ្យ​របស់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៖ «បើ​សិន​ជា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​ល្អ​ប្រសើរ​នោះ ទាល់​តែ​មាន​ការ​ដោះ​លែង​សកម្មជន​អ្នក​ការពារ​ដីធ្លី​មួយ​ចំនួន ដែល​កំពុង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់ ហើយ​និង​ករណី​មួយ​ចំនួន​ដែល​តុលាការ​ធ្វើ​មិន​ត្រឹមត្រូវ ដូច​ជា ករណី ឈូក បណ្ឌិត លោក ឈុត វុទ្ធី ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​មិន​ទទួល​បាន​យុត្តិធម៌»

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារាយ បាន​កោត​សរសើរ​ដល់ លោក ចាន់ សុវ៉េត ថា ជា​បុគ្គលិក​ឆ្នើម​សកម្ម​នឹង​ការងារ ស្រឡាញ់​ការងារ​វិស័យ​សិទ្ធិ​មនុស្ស មាន​ចរិត​ស្លូតបូត។ លោក​ថា លោក សុវ៉េត ហ៊ាន​ពុះពារ​រាល់​បញ្ហា​គ្រប់​ឧបសគ្គ នៅ​ពេល​ចុះ​ធ្វើ​ការ​មិន​ខ្លាច​រអា មិន​ខ្វល់​ពី​បាយ​ទឹក និង​ថ្ងៃ​ឈប់​សម្រាក​ឡើយ។ លោក ធន សារាយ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​បុគ្គលិក​ដ៏​ឆ្នើម​នេះ៖ «លោក សុវ៉េត ធ្លាប់​បាន​ប្រាប់​ខ្ញុំ​ម្ដង​ថា ទោះ​បី​ជា​គាត់​ឈប់​ពី​ការងារ​នៅ​សមាគម​ក៏ដោយ ក៏​គាត់​មាន​គំនិត​បង្កើត​មជ្ឈមណ្ឌល​មួយ ដើម្បី​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ ឲ្យ​បាន​យល់​ដឹង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ទូលំទូលាយ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

panha

ពី phnom penh

បាត់បង់មន្រ្តីល្អប្រជាពលរដ្ធខ្វះភាពកក់ក្តៅ។

Dec 11, 2014 06:21 AM

Komsot

ពី Phnom Penh

មនុស្សល្អ ហើយបាត់បង់យ៉ាងនេះ ពិតជាសោកស្តាយណាស់ អ្នកនឹងនៅចាំក្នុងប្រវត្តសាស្ត្រ និង​​ យើងគ្រប់គ្នា

Dec 11, 2014 03:00 AM

Chean

ពី Phnom Penh

ខ្ញុំសោកស្ដាយណាស់ កាលពីព្រឹកថ្ងៃទី១០ ធ្នូខ្ញុំបានចូលរូមក្នុងកម្មវិធីនោះដែរ តែខ្ញុំមិនបានស្គាល់គាត់ច្បាស់សោះ។ ខ្ញុំសង្ឃឹមថា នឹងមានសកម្មជនការពារសិទ្ធិមនុស្សក្នុងកម្ពុជាដទៃទៀត នឹងដូចគាត់។ ហើយសង្ឃឹមថាប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចូលរូមផ្ដល់សិទ្ធីអំណាចឱ្យខ្លួនឯង។។។

Dec 10, 2014 07:16 PM

spottagus

ពី lowell,ma

I was feeling shock while I was listening to RFA stating that Mr. Chan Saveth who worked for ADHOC passed away which his wife and kids with no one to support them. He is a good person and will always be in our hearts. I am going to ask all my relatives to chip money to send to his family. How do I send in money through RFA? To all khmer patriot, please try to help his family small or large because Mr. Chan Saveth is a good person that risked his life to protect for human right in our country. His family is really in big help. Please rest in peace, Mr. Chan Saveth. You are one of a Cambodian hero that will always live in Cambodian hearts.

Dec 10, 2014 06:37 PM

អ្នក​អាន​អនាមិក

I feel sorry for his death. He had worked hard to protect the Human Rights in Cambodia. I am sorry for Mr. chan Sawate that he won't see the real Democracy rings in Cambodia yet.

Dec 10, 2014 12:26 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល