មេធាវីការពារក្តីឱ្យ លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងថា លោកនឹងដាក់បណ្ដឹងទាស់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបន្តផ្ដន្ទាទោសកូនក្តីរបស់លោក ទៅតុលាការកំពូលនៅថ្ងៃច័ន្ទ ទី១៦ ធ្នូ ស្អែកនេះ តាមសំណើរបស់កូនក្តី។ លោករំពឹងថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ដល់កូនក្តីរបស់លោក ព្រោះគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
តុលាការក្រុងភ្នំពេញបានកាត់ទោសសកម្មជនសិទ្ធិការងារលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" និងត្រូវបង់សំណងដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៧០លានរៀល ឬស្មើនឹងជិត ២ម៉ឺនដុល្លារអាមេរិក។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសនេះទុកជាបានការដដែល បន្ទាប់ពីបើកសវនាការដោយគ្មានវត្តមានដើមបណ្ដឹង និងអ្នកពាក់ព័ន្ធផ្សេងទៀត កាលពីពាក់កណ្ដាលខែវិច្ឆិកា កន្លងទៅ។
គិតត្រឹមពាក់កណ្ដាលខែធ្នូនេះ ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃអស់រយៈពេល១ ឆ្នាំមកហើយ។ សហគមន៍ជាតិ និងអន្តរជាតិនៅតែទទូចឱ្យអាជ្ញាធរទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យមានសេរីភាពវិញ ព្រោះលោកមិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។
លោក រ៉ាត់ រត្នមុនី ជាប់ទោសដោយសារតែលោកបានជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ឱ្យសារព័ត៌មានរុស្ស៊ី ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ដែលអាជ្ញាធរចាត់ទុកថា ជាវីដេអូប្រឌិតប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។