សាច់ញាតិ​​បុរស​ដែល​​ស្លាប់​​ពេល​​ជាប់​ឃុំ​​នៅ​​ខេត្ត​បាត់ដំបង​​ប្រតិកម្ម​​នឹង​​ការ​​សម្រេច​​របស់​​គណៈ​កម្មាធិ​ការ​​​ជាតិ​​​ប្រឆាំង​​ទារុណកម្ម​​ថា​ ​ជា​រឿង​​អយុត្តិធម៌​

0:00 / 0:00

សាច់ញាតិ​របស់​​លោក ពេជ្រ ធារ៉េត ​ដែល​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ស្រុក​សង្កែ​នោះ ថ្លែង​ថា ​​វិធាន​ការ​របស់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​​​​​​​​នេះ​ គឺ​មិន​​បាន​​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​​នោះ​ទេ ព្រោះ​ធ្វើ​ឱ្យ​ជនល្មើស​នៅ​តែ​បន្ត​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល។​​

បងស្រី​បង្កើត​របស់​ជនរងគ្រោះគឺ​លោកស្រី ពេជ្រ លីណា ​ប្រាប់​វិទ្យុអាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា​ថា​ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​​​​​បំពេញ​ការងារ​​លំអៀង​ទៅ​ខាង​សមត្ថកិច្ច​ ពី​ព្រោះ​ប្អូន​ប្រុស​របស់​គាត់​​ត្រូវ​បាន​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ក្នុង​ពេល​ឃុំ​ខ្លួន​សួរចម្លើយ​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ​យ៉ាង​ពិត​ប្រាកដ។​​​ ប៉ុន្តែ​ស្ថាប័ន​នេះ​បែរ​រុញ​​ទៅ​អង្គភាព​ផ្សេង​ទៀត​ ដើម្បី​​ចាត់​វិធាន​ការ​បន្ត​ទៅ​វិញ​។ លោក​ស្រី​​ចាត់​ទុក​​​​​​ចំណាត់​ការ​របស់​​ស្ថាប័ន​​ថ្នាក់​ជាតិ​មួយ​​នេះ​​ថា ជា​ការ​​ធ្វើ​​រួម​ដៃ​គ្នា​ឱ្យ​​ប៉ូលិស​ដែល​ជា​ជនល្មើស​បាន​រួច​ផុត​ពី​​​ការ​ចោទ​ប្រកាន់​៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​គណៈកម្មការ​លោក​បាន​ចុះ​​ស៊ើបអង្កេត​តាំង​ពី​ថ្ងៃ​ទី​៨​ ខែមេសា​ ហើយ​បាន​បញ្ចប់​តាំង​ពី​ថ្ងៃ​ទី​១៣​ ខែមេសា​។ ​ប៉ុន្តែ​គណៈកម្មាធិការ​មិន​បង្ហាញ​របាយការណ៍​ជា​ឯករាជ្យ​សូម្បី​តែ​ខ្ញុំ​ជា​សាច់​ញាតិ​ក៏​មិន​បាន​ដឹង​ដែរ​។សូម​​លោក​ហ៊ាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ទោះ​បី​អ្នក​ប្រព្រឹត្ត​ជា​សមត្ថកិច្ច​ក៏​ដោយ សូម​លោក​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្អូន​ខ្ញុំ​ដែល​ស្លាប់​ដោយ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បែប​​នេះ​ សូម​លោក​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្អូន​ខ្ញុំ​ផង​មក »

​ប្រតិកម្ម​របស់​សាច់​ញាតិ​ជនរងគ្រោះ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​​​ ចេញ​របាយការណ៍​ស្រាវជ្រាវ​​​នៅ​ថ្ងៃ​ទី​១៦​ ខែមិថុនា ​ដោយ​​​សន្និដ្ឋាន​ថា ជនរងគ្រោះ​​អាច​ស្លាប់​បណ្ដាល​មក​ពី​ការ​វាយ​ធ្វើ​ទារុកម្ម​ស្រាល​ឬ​ធ្ងន់​ ក្នុង​ពេល​ប៉ូលិស​ឃុំ​ខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ ប៉ុន្តែ​មិន​​បាន​ចាប់​​ជនល្មើស​​ផ្ដន្ទាទោស​តាម​ច្បាប់​ឡើយ។ ​​បន្ថែម​ពី​នេះ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បែរ​ជា​​រុញ​សំណុំ​រឿង​នេះ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​អគ្គស្នងការ​នគរបាល​ជាតិ​ ដើម្បី​​ស៊ើបអង្កេត​បន្ថែម​​ទៅ​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​លោក នុត សា​អាន ដើម្បី​សុំ​អត្ថាធិប្បាយ​​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

បុរស​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​ ៣១ ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០​ ឆ្នាំ បាន​ស្លាប់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា កាល​ពី​ថ្ងៃទី​៣ ខែ​មេសា ហើយ​បាន​បន្សល់​ទុក​កូនស្រី​តូចៗ​ចំនួន​ ២ ​នាក់​។ ពួកគាត់រស់នៅ​ក្នុង​ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង​។ លោក ពេជ្រ ធារ៉េត បាន​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​សួរចម្លើយ​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈពេល​ជាង​ ៣ ​ម៉ោង ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា លោក​រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ។ ប៉ុន្តែ​សាក្សីអះអាង​ថា ក្នុង​ពេល​កើតហេតុ ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅ​ផ្ទះ​ឡើយ​។ ប៉ូលិស​ខេត្ត​បាត់ដំបង បក​ស្រាយ​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត។

ជុំ​វិញ​រឿង​នេះ ​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ​​ការ​ដែល​គណៈ​កម្មាធិការ​​​ជាតិ​​​ប្រឆាំង​​ទារុណកម្ម​សន្និដ្ឋាន​​បែប​នេះ ​ស​បញ្ជាក់​ថា ​​មន្ត្រី​ប៉ូលិស​​ថ្នាក់​ក្រោម​បាន​ឃុបឃិត​គ្នា​​​​ធ្វើ​របាយការណ៍​ដាក់​បន្ទុក​ទៅ​លើ​ជនរងគ្រោះ​​ខុស​ពី​​ការ​​ពិត។​ ដូច្នេះ​លោក​ថា ​ពួកគេ​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​​​មុខ​ច្បាប់​​។​ ទោះ​ជា​យ៉ាង​ណា ​លោក​​យល់​ថា ​ពន្លឺ​យុត្តិធម៌​​ហាក់​​នៅ​វែង​ឆ្ងាយ​​ទៅ​មុខ​ទៀត​ ពីព្រោះ​​​​​រឿង​នេះ​ ពុំ​ថា ​អគ្គស្នងការ​នគរបាល​ជាតិ​​នឹង​ចាត់​វិធានការ​​បែប​ណា​នោះ​ទេ៖ «ត្រូវ​តែ​មាន​ការ​អត់​ធ្មត់​ទៀត គ្រាន់​តែ​វា​យូរ​ ពីព្រោះ​លើក​មុន​យើង​ទន្ទឹង​ឱ្យ​គណៈកម្មការ​នេះ​បង្ហាញ​របាយការណ៍​ ឥឡូវ​គណៈកម្មការ​បាន​បង្ហាញ​ហើយ ​ជា​សាធារណៈ​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នៃ​ការ​ធ្វើ​ទារុណកម្ម ហើយ​គណៈកម្មាធិការ​បាន​សន្និដ្ឋាន​ថែម​ទៀត ថា​ការ​ធ្វើ​ទារុណកម្ម​កម្រិត​ធ្ងន់​និង​កម្រិត​ស្រាល។​ អីចឹង​គ្រាន់​តែ​ថា ​ទម្រាំ​តែ​អគ្គស្នងការ​នគរបាល​លោក​បង្កើត​គណៈកម្មការ​បន្ថែម​ទៀត​នឹង​កាន់​តែ​យូរ​បន្ថែម​ទៀត​។ ​តែ​អានេះ​មិន​ដឹង​ថា​ តួនាទី ​​ឬ​ អំណាច​របស់​គណៈកម្មការ​ប្រឆាំង​ទារុណកម្ម​គាត់​អាច​ធ្វើ​បាន​តែ​ប៉ុណ្ណឹង​ ឬ​ក៏​យ៉ាង​ម៉េច »។

លោក​ យិន ម៉េង​លី​ បញ្ជាក់​ទៀត​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាត់​វិធាន​ការ​លើ​រឿង​នេះ​​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្ដល់​យុត្តិធម៌​​ជូន​ដល់​គ្រួសារ​របស់​ជនរងគ្រោះ​ផង និង​​ជា​ការ​​ព្រមាន​ដល់​សមត្ថកិច្ច​​ផ្សេង​ទៀត​កុំឱ្យ​​​តែ​​​ចេះ​តែ​វាយ​ធ្វើ​​ទារុណកម្ម​មក​លើ​ប្រជាពលរដ្ឋ​​ស្លូត​ត្រង់​តាម​អំពើ​ចិត្ត​បន្ត​ទៀត​។

ក្នុង​រយៈ​ពេល​ជាង​ ១ ឆ្នាំ​កន្លង​មក​នេះ​ នៅ​ខេត្ត​បាត់ដំបង​​មាន​ជន​ជាប់​ឃុំ​ចំនួន ​៣ នាក់​ហើយ​ ដែល​បាន​ស្លាប់​ក្នុង​​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន។ ការ​ស្លាប់​ទាំង​៣ ករណី​នេះ​​​​ សាកសព​សុទ្ធតែ​មាន​ស្នាម​ជាំ​នៅ​ដង​ខ្លួន​ ដៃ និង​ជើង​ ហើយ​​ក​របស់​ជនរងគ្រោះ​ភាគ​ច្រើន​ទន់​​ខុស​ប្រក្រតី​ប្រៀប​ដូច​​គេ​វាយ​បាក់​ឆ្អឹង​ក​។ ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា ក្នុង​ឆ្នាំ២០២០ កន្លងទៅ មាន​ករណី​រំលោភបំពាន​សិទ្ធិ​មនុស្ស​គួរឲ្យ​កត់សម្គាល់​ ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធររដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​ទៅនឹង​ករណី​ធ្វើ​ទារុណកម្មក្នុងពេលឃុំខ្លួន ការដាក់ទោសទណ្ឌ ការឃុំឃាំង​មនុស្ស​តាម​ទំនើងចិត្ត និង​ការប្រព្រឹត្ត​ប្រឆាំង​នឹង​អ្នកទោស​នយោបាយ ជាដើម ស្របពេល​ដែលកម្ពុជា​នៅតែ​គ្មាន​ប្រព័ន្ធ​តុលាការ​​ឯករាជ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។