សាច់ញាតិ និងមន្ត្រីសហជីព លើកឡើងថា ទោះបីជាពួកគាត់ គ្មានជំនឿលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការរកយុត្តិធម៌ជូនមេសហជីពដ៏ល្បីល្បាញ លោក ជា វិជ្ជា ក្តី ក៏ពួកគាត់មិនបញ្ឈប់ការទាមទារយុត្តិធម៌ឡើយ។ ការលើកឡើងនេះ នៅគ្រាដែលឃាតកម្មលើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គិតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានរយៈពេល១៨ឆ្នាំគត់ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនអាចរកឃាតកឃើញដដែល។
សម្រែកទាមទារយុត្តិធម៌ជូនមេសហជីព លោក ជា វិជ្ជា ចាប់ផ្ដើមកក្រើកឡើងវិញ ក្នុងខួប១៨ឆ្នាំនៃការបាញ់សម្លាប់រូបលោក។ ប្រជាពលរដ្ឋ កម្មករ មន្ត្រីសហជីព និងមន្ត្រីសង្គមស៊ីវិល នាំគ្នាចែកចាយរូបថតរបស់លោកនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដើម្បីរំលឹកវីរភាព និងទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ដែលពួកគាត់ចាត់ទុកថា ជាវីរជនកម្មករ។
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជា គឺលោក ជា មុនី លើកឡើងថា យុត្តិធម៌សម្រាប់បងប្រុសរបស់លោកគ្មានពន្លឺទាល់តែ សោះ ដោយសារតែអាជ្ញាធររដ្ឋាភិបាល មិនបានស្វែងរកចាប់ខ្លួនឃាតកពិតមកផ្ដន្ទាទោសតាមច្បាប់។ លោក យល់ថា មូលហេតុដែលដំណើរការស្វែងរកឃាតក ជាប់គាំង ឬគ្មានលទ្ធផលបែបនេះ ព្រោះឃាតក និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្ម លោក ជា វិជ្ជា មិនមែនជាបុគ្គលសាមញ្ញធម្មតា៖ «ការរកឃាតកមិនឃើញនេះ ដោយសារតែឃាតកហ្នឹងវាធំពេក វាមានអំណាច ដូចខ្ញុំជម្រាបអ៊ីចឹងថា ឃាតកនេះទាល់តែមានការផ្លាស់ប្ដូរសង្គម។ សង្គមមួយដែលមានឯករាជ្យ យុត្តិធម៌ តុលាការឯករាជ្យ តុលាការ មានឆន្ទានុសិទ្ធិ ដែលមានវិជ្ជាជីវៈ វាបានរៀន ចេះដឹងហើយយកវិជ្ជាជីវៈហ្នឹងមកបម្រើការ អាហ្នឹងវាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋហើយតែបើតុលាការនេះទាយតែសំណុំរឿងលុយកាក់ រឿងបក្ខពួក គឺវាអត់ងាយទទួលបានទេយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងឡាយដែលរិះគន់ទង្វើអសកម្មរបស់រដ្ឋាភិបាល»។
ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃទី២២ ខែមករា ក្រុមមន្ត្រីសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មន្ត្រីសង្គមស៊ីវិល និងមិត្តភ័ក្ដិ តែងជួបជុំគ្នាមុខរូបសំណាករបស់លោក ជា វិជ្ជា ស្ថិត នៅមុខវត្តលង្កា លើសួនច្បារខាងលិចវិមានឯករាជ្យ ដើម្បីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់លោក។ ការប្រារព្ធខួបនៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យអ្នកចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ត្រឹមតែ៥០នាក់និងកំណត់រយៈពេលជាង១ម៉ោងគឺចាប់ពីម៉ោង៨កន្លះព្រឹកដល់ម៉ោងជាង៩កន្លះ ក្រោមហេតុផលថា ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងទប់ស្កាត់ជំងឺកូវីដ-១៩។
លោក ជា មុនី សោកស្តាយដែលសាលាក្រុងភ្នំពេញ កម្រិតមនុស្សចូលរួមត្រឹម៥០ នាក់ ដែលទង្វើនេះបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពជាខ្លាំង៖ «រដ្ឋាភិបាល ចង់ធ្វើពិធីអីផ្សេងៗបិទផ្លូវធ្វើម៉ាសប្បាយ តែ ពិធីរម្លឹកគុណលោក ជា វិជ្ជា ដែលជាវីរជនកម្មករ - កម្មការិនីនេះ គឺជាការរឹតត្បិត ហើយកាលណារឹតត្បិតអ៊ីចឹង បានន័យថា គឺលាក់បាំងនូវអ្វីមួយហើយ។ តែខ្ញុំគិតថា ពួកអស់នេះ នឹងមានបាបកម្ម»។
លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅតូបលក់កាសែតក្រោយវត្តលង្កា ជិតភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រយៈពេល១៨ ឆ្នាំមកនេះ អាជ្ញាធរមិនបាននាំខ្លួនឃាតករពិតប្រាកដ និងអ្នកបញ្ជានៅពីក្រោយខ្នងយកមកផ្តន្ទាទោសនោះទេ ក្រៅតែពីឃាតករសិប្បនិម្មិតពីររូប គឺ ប៊ន សំណាង និង សុខ សំអឿន។ មុនឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា បានទទួលសារក្នុងទូរស័ព្ទដៃរបស់លោក គំរាមផ្ដាច់ជីវិត នៅក្នុងខែកក្កដា ឆ្នាំ២០០៣ បន្ទាប់ពីលោកប្រកាសឱ្យសមាជិកសហជីពសេរីកម្មករទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ លោក បានប្ដឹងទៅប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ ហើយប៉ូលិស បានឆ្លើយថា មិនហ៊ានចាត់ការទេ ព្រោះអ្នកគំរាមនោះជាមន្ត្រីមានឋានៈធំខ្ពស់ ហើយមន្ត្រីប៉ូលិសរូបនោះ បានណែនាំឱ្យលោក ជា វិជ្ជា ត្រូវរកកន្លែងមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី លោក ជា វិជ្ជា មិនព្រមចាកចេញពីប្រទេសកម្ពុជាទេ ព្រោះលោកចង់តស៊ូដើម្បីផលប្រយោជន៍កម្មករ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា មកទល់ពេលនេះ តុលាការ និងរដ្ឋាភិបាល គ្មានតម្រុយអ្វីថ្មីពាក់ព័ន្ធនឹងឃាតកម្មលោក ជា វិជ្ជា នោះទេ។ លោកបន្តថា ប្រសិនបើគ្រួសារសាច់ញាតិ និងមិត្តភក្ដិចង់បានយុត្តិធម៌ ត្រូវស្វែងរកភស្តុតាងដាក់ជូនមកអាជ្ញាធរដោយខ្លួនឯង៖ «យើងបានលឺសេចក្តីអំពាវនាវ ក៏ប៉ុន្តែរដ្ឋាភិបាល អំពាវនាវ ទៅវិញ បើសិនជាអង្គការមិនមែនរដ្ឋាភិបាល ឬញាតិមិត្តនៃក្រុមគ្រួសាររបស់ជនដែលមរណភាពទៅហើយនោះ មានភស្តុតាងអ្វីប្លែកឬចំណុចអ្វីដែលគួរអាចលើកមកពិចារណាបាន សូមមេត្តាអញ្ជើញជួយ ព្រោះករណីនេះនៅតែបើកចំហរហូត»។
ផ្ទុយពីការលើកឡើងនេះ សាច់ញាតិ និងមន្ត្រីសហជីព ចាត់ទុកថា នេះជាការគេចវេសពីការទទួលខុសត្រូវ មិនស្គាល់តួនាទីរបស់ខ្លួន គ្មានសីលធម៌ និងបង្កើនការចាប់ឈឺចាប់ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះបន្ថែមទៀត។ ពួកគាត់ បន្តថា រដ្ឋាភិបាល ត្រូវមានកាតព្វកិច្ច ទទួលខុសត្រូវចំពោះអំពើឃាតកម្មដ៏កក្រើកនេះ មិនមែនទម្លាក់បន្ទុកមកលើក្រុមគ្រួសារជនរងគ្រោះក្នុងការស្វែងរកភស្តុតាងនោះទេ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលជាមនុស្សជិតស្និទ្ធជាមួយលោក ជា វិជ្ជា សោកស្តាយដែលរដ្ឋាភិបាល ព្រងើយកន្តើយស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា ដោយទុកឲ្យឃាតករស់នៅក្រៅសំណាញច្បាប់អស់១៨ឆ្នាំមកទល់ពេលនេះ។ លោកបន្តថា ទោះបីជាគ្មានជំនឿលើរដ្ឋាភិបាលក្តី ក៏សាច់ញាតិ និងអ្នកគោរពស្រលាញ់លោក ជា វិជ្ជា មិនបោះបង់ចោលការទាមទារយុត្តិធម៌នោះទេ៖ «១៨ឆ្នាំ គ្មានចម្លើយ គ្មានពន្លឺយុត្តិធម៌សម្រាប់សពលោក ជា វិជ្ជា ក៏ដូចជាក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងពលរដ្ឋខ្មែរដែលទន្ទឹងរង់ចាំមើល យុត្តិធម៌សម្រាប់លោក ជា វិជ្ជា នេះ យើងមើលឃើញថា មានជាប់ពាក់ព័ន្ធនឹងមន្ត្រីដែលមានអំណាចធំនៅពីខាងក្រោយ។ យើងលើកឡើងបែបនេះ បន្ទាប់ពីមានសារគំរាមសម្លាប់លោក ជា វិជ្ជា នោះ យើងបានទៅជាមួយលោក ជា វិជ្ជា ទៅជួបជាមួយមន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ហើយយើងផ្តល់លេខទូរស័ព្ទផ្ញើសារនោះ ដល់គាត់ ។គាត់ ( ប៉ូលិស ) បានអះអាងថា អូ ! ម្ចាស់លេខទូរស័ព្ទនេះ មានឋានៈធំ ណាស់ គាត់មិនហ៊ានប៉ះពាល់ទេ សូមឲ្យលោករកកន្លែងមានសុវត្ថិភាពទៅ»។
គិតមកដល់ពេលនេះ មិនមែនមានតែសំណុំរឿងលោក ជា វិជ្ជា មួយទេ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានបរាជ័យក្នុងការស្វែងរកយុត្តិធម៌ពិតប្រាកដជូនជនគ្រោះនោះ។ សំណុំរឿងឃាតកម្មជាច្រើនទៀតលើប្រធានសហជីព អ្នកកាសែត តារាចម្រៀង អ្នកនយោបាយ និងចុងក្រោយគឺអ្នកវិភាគសង្គមដ៏ល្បីឈ្មោះគឺបណ្ឌិត កែម ឡី ក៏មិនត្រូវបានរដ្ឋាភិបាលវែកមុខរកជនល្មើសឃើញនោះឡើយ។ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន អាចមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងករណីធ្វើឲ្យមានវប្បធម៌និទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជារហូតមកទល់សព្វថ្ងៃនេះ៕
