សាច់ញាតិយុវជនម្នាក់ដែលស្លាប់ក្នុងពេលប៉ូលិសចាប់ខ្លួននៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្វែងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីឱ្យជួយរៀបចំបណ្ដឹងដាក់ទៅស្ថាប័នពាក់ព័ន្ធ។ សាច់ញាតិមានមន្ទិលថា ការស្លាប់នេះជាការវាយធ្វើទារុណកម្មធ្ងន់ធ្ងរនិងមិនអាចទទួលយកបានឡើយ។
សាច់ញាតិយុវជនដែលស្លាប់នៅខេត្តបន្ទាយមានជ័យអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវស៊ីជម្រៅលើរឿងនេះឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ឪពុករបស់ជនរងគ្រោះ លោក លាន លាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ សីហា ថា លោកបានស្វែងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ដើម្បីប្ដឹងទៅស្ថាប័នពាក់ព័ន្ធឱ្យជួយរកយុត្តិធម៌ដល់កូនប្រុស។ លោករៀបរាប់ថា កាលពីថ្ងៃទី១១ សីហា កូនប្រុសរបស់លោក គឺ លោក លាង ឡាង អាយុ២៨ឆ្នាំ បានទៅច្រូតស្មៅគោនៅក្បែរផ្ទះក្នុងភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ហើយត្រូវបានមន្ត្រីប៉ូលិសស្រុកមង្គលបូរីមានគ្នា ៣នាក់ ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។ លោកបន្តថា ភ្លាមៗក្រោយពេលទទួលដំណឹងលោកបានទៅសួរសុខទុក្ខកូននៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី។ លោកថា នៅទីនោះលោកបានលឺសំឡេងកូនស្រែកថ្ងូរក្នុងសភាពចុកចាប់ចេញពីក្នុងឡានរបស់ប៉ូលិស ហើយប៉ូលិសក៏បានបញ្ជូនកូនរបស់លោកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី និងបានស្លាប់នៅមន្ទីរពេទ្យតែម្ដង។ លោកចាត់ទុកការស្លាប់នេះថា ជាការវាយធ្វើទារុណកម្មធ្ងន់ធ្ងរ ពីព្រោះកូនរបស់លោកមានសុខភាពល្អ និងមិនមានជំងឺនោះឡើយនៅពេលសមត្ថកិច្ចចាប់ខ្លួន។
លោក លាន លាង៖ «វាអយុត្តិធម៌វាអត់មានថាកូនខ្ញុំគឺសុខភាពមាំមួន ចេញចូលច្រូតស្មៅធម្មតាទៅរាល់ថ្ងៃ ក្នុងមួយថ្ងៃពីរបីដឹករាល់ថ្ងៃ គឺសុខភាពគេធម្មតាគឺមិនដែលមានអាការកើតអីទេ គឺមិនដែលថា ឈឺផងបើនិយាយរួមទៅកូនខ្ញុំគឺមិនដែលថា ឈឺទិញថ្នាំឱ្យអស់មួយលេបផង។ បើបងប្អូនក្នុងភូមិទាំងអស់ព្រមទាំងខ្ញុំគិតថាប៉ូលិសវាយនឹងឯង បើប៉ូលិសមិនធ្វើទារុណកម្មម៉េចនឹងមានជាំពេញខ្លួន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអធិការនគរបាលស្រុកមង្គលបូរី លោក ស៊ីន ណារ៉ាក់ ដើម្បីសុំអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី១៦ សីហា។
ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញលិខិតបំភ្លឺនៅថ្ងៃទី១៤ សីហាថា មន្ត្រីប៉ូលិសស្រុកមង្គលបូរីបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លាង ឡាង ដើម្បីសាកសួរពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លិខិតបន្តថា ក្រោយមកជនរងគ្រោះបានសុំហូបបាយ ហើយហូបមិនទាន់អស់មួយកញ្ចប់ផងក៏ស្រាប់តែឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដប និងបានស្រែកថា ក្ដៅខ្លួនណាស់ៗរួចយកទឹកស្រោចពីលើខ្លួន។ ប៉ូលិសសង្ស័យថា បញ្ហានេះអាចជាការបែកថ្នាំញៀន ហើយភ្លាមនោះប៉ូលិសក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យនៅរសៀលថ្ងៃទី១១ សីហា។ លិខិតដដែលអះអាងថា ក្រុមគ្រូពេទ្យនិងនគរបាលជំនាញបានធ្វើកោសល្យវិច័យរកឃើញថា លោក លាង ឡាង ស្លាប់ដោយសារគាំងបេះ។
ទោះជាយ៉ាងណានៅក្នុងរូបថត និងវីដេអូដែលវិទ្យុអាស៊ីសេរីទទួលបានបង្ហាញថា ជនរងគ្រោះមានឈាមចេញតាមមាត់ និងជាំខ្មៅនៅលើដើមទ្រូង។
ជុំវិញរឿងនេះប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថា ជំងឺគាំងបេះដូងពុំមានឈាមចេញតាមមាត់ និងស្នាមជាំនៅលើដើមទ្រូងនោះឡើយ។ លោកសង្ស័យថា ករណីនេះអាចជាការវាយធ្វើទារុណកម្មធ្ងន់ធ្ងរបណ្ដាលឱ្យជនរងគ្រោះគ្រាំថ្លើមឬគ្រាំបេះដូងកកឈាមស្លាប់។
វេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «បើសិនជាឪពុកម្ដងនឹងថាគាត់មិនដែលមានជំងឺចេះដូងទេ គាត់សុខភាពល្អទេអាហ្នឹងជារឿងមួយហៅថា ការធ្វើទារុណកម្មក្រៅផ្លូវច្បាប់។ ក្រោយពីចាប់ហើយប្រហែលជាមានពាក់ព័ន្ធដឹងរឿងអីគេអាចនឹងបំបិទមាត់ជនរងគ្រោះ។ អីចឹងយើងគួរណាធ្វើការស៊ើបអង្កេតទាំងគ្នា យើងគួរបញ្ចប់វប្បធម៌ធ្វើទារុណកម្មគ្នាដោយមូលហេតុផ្សេង ដោយជាអំពើទុច្ចរិតដើម្បីបិទបាំងកំហុសរបស់ខ្លួនដែលខ្លួនធ្វើខុស ហើយបិទមាត់គេដើម្បីកុំឱ្យបញ្ចេញរឿងនឹងខ្ចរខ្ចាយអាហ្នឹងជារឿងមួយអយុត្តិធម៌ខ្លាំងណាស់»។

ចំណែកអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សមាគមរបស់លោកបានចុះស្រាវជ្រាវដល់ទីកន្លែងកើតហេតុ ហើយសង្ស័យការស្លាប់នេះបណ្ដាលមកពីការវាយធ្វើទារុណកម្មរបស់សមត្ថកិច្ចច្រើនជាងជំងឺ។ លោកបញ្ជាក់ថា សមាគមអាដហុកបានជួយសរសេរពាក្យបណ្ដឹងឱ្យសាច់ញាតិជនរងគ្រោះរួចហើយ ដើម្បីដាក់ប្ដឹងទៅក្រសួងមហាផ្ទៃ និងសាលាដំបូងខេត្តបន្ទាយមានជ័យឱ្យជួយរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងពេលឆាប់ៗ។
លោក ស៊ឹង សែនករុណា៖ «អ៊ីចឹងបើសិនជាករណីនេះមានការរកឃើញថា ជនដែលស្លាប់នឹងត្រូវបានប្រើប្រាស់នូវអំពើហិង្សាធ្វើទុក្ខទោសទារុណកម្មគឺនឹងទទួលទោសតាមផ្លូវច្បាប់ហើយ។ ហើយករណីនេះយើងឃើញថាមានការកើតឡើងជាពិសេសគឺក្រោយពីសមត្ថកិច្ចចាប់ខ្លួនទៅប៉ុស្តិ៍នគរបាលនឹងឯង ប្រព្រឹត្តបទល្មើសនឹងយកទៅវាយដុំធ្វើការបង្ខិតបង្ខំសួរចំលើយអីជាដើម»។
មួយរយៈចុងក្រោយនេះករណីជនសង្ស័យស្លាប់ និងរងរបួសក្នុងពេលប៉ូលិសចាប់ខ្លួនសួរចំលើយតែងកើតមានជាច្រើន ហើយសមត្ថកិច្ចមិនដែលចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ម្ដងណាឡើយ។
ជាឧទាហរណ៍កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ មានមុខរបរជាជាងផ្សាដែក រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងបានស្លាប់ ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង៣ម៉ោង។ ក្នុងករណីនេះ មន្ត្រីជាប់ពាក់ព័ន្ធក្នុងការធ្វើទារុណកម្មមិនត្រូវបានផ្ដន្ទាទោសឡើយ គឺបានត្រឹមដកចេញពីតួនាទី និងផ្ទេរពីកន្លែងចាស់ ដាក់ទៅកាន់តួនាទីថ្មីប៉ុណ្ណោះ។ ចំណែកកាលពីថ្ងៃទី២០ កក្កដា កន្លងទៅប៉ូលិសស្រុកថ្មគោលបានវាយធ្វើទារុណកម្មលើយុវជនម្នាក់បណ្ដាលរបួសធ្ងន់ធ្ងរ ហើយរហូតមកដល់ពេលសមត្ថកិច្ចក៏មិនទាន់ចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសនៅឡើយដែរ។
មន្ត្រីសង្គមស៊ីវិលបារម្ភថា ករណីធ្វើទារុណកម្មលើជនសង្ស័យបែបនេះ នឹងនៅតែកើតឡើងបន្តទៀត ប្រសិនបើការអនុវត្តច្បាប់ពុំមានប្រសិទ្ធភាព ដោយទុកឲ្យជនដៃដល់មានសេរីភាពរស់នៅក្រៅសំណាញ់ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។