អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្វាគមន៍ការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការលើលោក កឹម សុខា ប៉ុន្តែបន្តទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់លើមេបក្សប្រឆាំងរូបនេះ។ ក្រសួងយុត្តិធម៌ថា ករណីលោក កឹម សុខា គ្មាននរណាអាចសម្រេចជំនួសតុលាការបានទេ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចាត់ទុកការកែប្រែលក្ខខណ្ឌតុលាការលើករណីលោក កឹម សុខា ជាការវិវឌ្ឍទៅមុខមួយ ប៉ុន្តែអ្នកស្រីសោកស្តាយដែលតុលាការបន្តរឹតត្បិតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ លោក កឹម សុខា ជាពិសេសសេរីភាពក្នុងការដើរហើរ និងការប្រមូលផ្តុំ។ អ្នកស្រីអំពាវនាវជាថ្មីម្តងទៀតដល់តុលាការក្រុងភ្នំពេញបិទបញ្ចប់ការស៊ើបសួរឱ្យបានឆាប់រហ័សចំពោះករណីលោក កឹម សុខា ឬក៏ទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិរូបនេះ។
អ្នកស្រី រ៉ូណា ស្មីត ថ្លែងទៀតថា អ្នកស្រីនៅតែបារម្ភចំពោះជោគវាសនារបស់សកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨៥ នាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនក្រោមហេតុផលនយោបាយ។ អ្នកស្រីទទូចជាថ្មីទៀតដល់រដ្ឋាភិបាល និងគណបក្សនយោបាយទាំងឡាយ កាត់បន្ថយការរីករាលដាលនៃភាពតានតឹង និងស្វែងរកកិច្ចសន្ទនាក្នុងបរិយាសកាសសន្តិភាព ដោយអនុញ្ញាតឱ្យសំឡេងនយោបាយផ្ទុយអាចសម្តែងចេញបាន ព្រមទាំងបញ្ចៀសការរឹតត្បិតតទៅទៀតលើសិទ្ធិសេរីភាពខាងគំនិត ការបញ្ចេញយោបល់ និងការជួបប្រជុំដោយសន្តិវិធី។
អ្នកស្រី រ៉ូណា ស្មីត ចេញសេចក្តីថ្លែងការណ៍បែបនេះ ក្រោយពេលតុលាការក្រុងភ្នំពេញបានដកបម្រាមមួយចំនួនលើលោក កឹម សុខា កាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅ។ តុលាការបានអនុញ្ញាតឱ្យមេបក្សប្រឆាំងរូបនេះ អាចធ្វើដំណើរបាននៅក្នុងប្រទេស ប៉ុន្តែមិនឱ្យហួសពីព្រំប្រទល់ដែនរបស់កម្ពុជាឡើយ ហើយក៏មិនឱ្យលោកធ្វើសកម្មភាពនយោបាយបាននោះដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការអំពាវនាវរបស់អ្នកស្រី រ៉ូណា ស្មីត គឺជាសិទ្ធិសេរីភាពក្នុងការយល់ឃើញរបស់គាត់ ប៉ុន្តែលោកថា នឹងមិនមានឥទ្ធិពលលើការសម្រេចរបស់តុលាការកម្ពុជាឡើយ៖ «ការទម្លាក់ចោលបទចោទ ឬក៏មិនទម្លាក់បទចោទនោះ គឺជាសិទ្ធិអំណាចឯករាជ្យរបស់តុលាការដោយផ្អែកលើមូលដ្ឋាននៃការស្រាវជ្រាវ និងការស៊ើបអង្កេត មិនមានអ្នកណាអាចធ្វើការសន្និដ្ឋានជំនួស លោក កឹម សុខា ឬក៏បញ្ជាតុលាការឱ្យទម្លាក់ចោល ឬមិនទម្លាក់ចោលនោះបានទេ»។
ចំណែកតំណាងរបបក្រុងភ្នំពេញប្រចាំនៅអង្គការសហប្រជាជាតិវិញ បានឆ្លើយតបភ្លាមៗ ទៅនឹងសេចក្តីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្មីត ថា នេះជាការទាមទារដោយគ្មានមូលដ្ឋាន និងជាការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។ តំណាងរបបក្រុងភ្នំពេញប្រចាំអង្គការសហប្រជាជាតិចាត់ទុកសេចក្តីថ្លែងការណ៍របស់អ្នកស្រី រ៉ូណា ស្មីត ថាធ្វើឱ្យមានការភ័ន្តច្រឡំសាច់រឿងពីត្រូវមកខុស។
សមត្ថកិច្ចរបបក្រុងភ្នំពេញបានសម្រុកចូលចាប់ខ្លួន លោក កឹម សុខា ដល់ក្នុងផ្ទះទាំងកណ្តាលអធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ទាំងក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភា ។ តុលាការដែលស្ថិតក្រោមឥទ្ធិពលលោក ហ៊ុន សែន បានចោទប្រកាន់មេបក្សប្រឆាំងរូបនេះ ពីបទ "សន្ទិដ្ឋិភាព" ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បានជាប់ឃុំអស់រយៈពេលជាង ២ឆ្នាំ ទាំងការជាប់ឃុំក្នុងពន្ធនាគារ និងក្នុងផ្ទះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា រិះគន់ថា លក្ខខណ្ឌថ្មីរបស់តុលាការ នៅតែអាក្រក់សម្រាប់លោក កឹម សុខា ជាពិសេសលក្ខខណ្ឌដែលហាមមិនឱ្យមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពនយោបាយ ដោយសារតែគាត់គឺជាអ្នកនយោបាយស្រាប់។ លោកយល់ថា វិធានការនេះទំនងជាមិនអាចបញ្ចុះបញ្ចូលសហភាពអឺរ៉ុបឱ្យរក្សាការអនុគ្រោះពន្ធឱ្យកម្ពុជាបាននោះឡើយ៖ «លោក កឹម សុខា គាត់ជាអ្នកនយោបាយ ហើយបើហាមឃាត់គាត់មិនឱ្យធ្វើសកម្មភាពនយោបាយ អាហ្នឹងវារំលោភលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយហើយ។ អ្នកនយោបាយ បើហាមឃាត់មិនឱ្យធ្វើនយោបាយ វាមិនខុសអ្វីពីអ្នកដែលហូបបាយ ហាមគេមិនឱ្យហូបបាយទេ ឬមួយក៏អ្នកចម្រៀង ហាមគេមិនឱ្យច្រៀងទេ អាហ្នឹងវាពិបាកណាស់»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) យល់ថា ការបន្ធូរបន្ថយលក្ខខណ្ឌខ្លះសម្រាប់លោក កឹម សុខា នេះ ជាការបង្វែរកំហឹងរបស់សហភាពអឺរ៉ុបជុំវិញដំណោះស្រាយដ៏តិចតួច ដែលរបបក្រុងភ្នំពេញបានឆ្លើយតបទៅនឹងកង្វល់ក្នុងដំណើរការព្យួរការអនុគ្រោះពន្ធ EBA។ Human Rights Watch មើលឃើញថា នេះជាការឆ្លើយតបដ៏តិចតួចស្តួចស្តើង និងយឺតពេលណាស់ទៅហើយសម្រាប់ការសម្រេចចិត្តជំហានដំបូងរបស់សហភាពអឺរ៉ុបអំពីបញ្ហា EBA នៅថ្ងៃទី១២ វិច្ឆិកា។ អង្គការសិទ្ធិមនុស្សអន្តរជាតិដដែលនេះ ទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលសំណុំរឿងក្លែងក្លាយប្រឆាំងនឹងលោក កឹម សុខា ហើយអនុញ្ញាតឱ្យគាត់ធ្វើសកម្មភាពនយោបាយឡើងវិញដោយគ្មានឧបសគ្គ។
ចំណែកស្ថានទូតមហាអំណាចមួយចំនួន ដូចជា សហរដ្ឋអាមេរិក និងបារាំងជាដើម ក៏បានស្វាគមន៍ចំពោះការបន្ថយកាតព្វកិច្ចសម្រាប់លោក កឹម សុខា ដែរ ប៉ុន្តែពួកគេបន្តទាមទារឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិនយោបាយដល់មេបក្សប្រឆាំងរូបនេះវិញ។
ក្រៅពីករណី លោក កឹម សុខា ស្ថានទូតអាមេរិក និងអង្គការ Human Rights Watch ក៏បានអំពាវនាវដល់របបក្រុងភ្នំពេញដោះលែងសកម្មជនបក្សប្រឆាំងជាច្រើននាក់ ដែលត្រូវបានឃុំឃាំងតាមទំនើងចិត្តនោះ ឱ្យមានសេរីភាពវិញផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
