អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត នៅថ្ងៃទី៦ ខែឧសភា បានធ្វើទស្សនកិច្ចនៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ឬហៅថា មណ្ឌលអប់រំវិជ្ជាជីវៈព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជាកន្លែងអាជ្ញាធរបានចាប់ប្រមូលមនុស្សចាស់ និងកុមារនៅតាមចិញ្ចើមផ្លូវ អ្នកគ្មានទីជម្រក អ្នកប្រើប្រាស់គ្រឿងញៀន ស្ត្រីរកស៊ីផ្លូវភេទ និងជនវិកលចរិតជាដើម យកទៅអប់រំកែប្រែ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីនោះ។
អ្នកស្រី រ៉ូណា ស្មីត បានសរសេរនៅលើទំព័រហ្វេសប៊ុកថា ដំណើរទៅកាន់មណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះ មិនត្រូវបានប្រកាសឲ្យដឹងជាមុននោះទេ ដូច្នេះអ្នកស្រីបានមើលឃើញជាក់ស្ដែងអំពី ស្ថានភាពបច្ចុប្បន្ននៅមណ្ឌលនេះ។ អ្នកស្រីទទួលបានរបាយការណ៍ថា បច្ចុប្បន្នមានមនុស្ស ១៣២នាក់ កំពុងស្នាក់នៅទីនោះ ប៉ុន្តែអ្នកស្រី មិនទាន់វាយតម្លៃថា ស្ថានភាពមណ្ឌលនេះមាន ស្ថានភាពល្អ ឬអាក្រក់ជាងមុនឡើយ។
កាលពីខែសីហា ឆ្នាំ២០១៧ អ្នកស្រី រ៉ូណា ស្មីត ធ្លាប់ធ្វើទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺនេះម្ដងដែរ ដោយរកឃើញថា មានស្ថានភាពអាក្រក់ដោយមានមនុស្សច្រើនតាន់តាប់ ខ្វះខាតសេវាថែទាំសុខភាព ខ្វះទឹកស្អាត គ្មានអនាម័យ និងខ្វះម្ហូបអាហារ រួមទាំងការឃុំឃាំងមនុស្សខុសច្បាប់ជា ដើម។ អ្នកស្រីស្នើសុំក្រសួងសង្គមកិច្ចឱ្យខិតខំកែប្រែមណ្ឌលនេះឲ្យបានល្អប្រសើរជាងមុន។ ជាការឆ្លើយតបរដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច លោក វង សូត ក៏ព្រមទទួលយកអនុសាសន៍របស់អ្នកស្រីដែរ។
ក្រៅពីធ្វើទស្សនកិច្ចនៅមណ្ឌលព្រៃស្ពឺនោះ អ្នកស្រី រ៉ូណា ស្មីត ក៏បានឆ្លៀតពេលទៅជួបជាមួយអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឃាង សេង នៅរសៀលថ្ងៃដដែលនេះដែរ។ ក្នុងជំនួបនោះ លោក ឃាង សេង បានផ្ដល់ព័ត៌មានសង្ខេបជូនអ្នកស្រីអំពីយុទ្ធសាស្ត្រ និងផែនការ ដែលបានបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា តាមរយៈវិធានការផ្សេងៗ រួមមាន កំណែទម្រង់ច្បាប់ ការអប់រំប្រឆាំងអំពើពុករលួយ និងការបង្ការទប់ស្កាត់អំពើពុករលួយ។
បន្ទាប់ពីជំនួបនេះ អ្នកស្រី រ៉ូណា ស្មីត ក៏បានជួបជាមួយក្រុមសហគមន៍ការពារព្រៃឡង់មកពីខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដើម្បីចង់ដឹងអំពីកិច្ចការការពារព្រៃឈើរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
