ក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ ដែលជាផ្នែកមួយដ៏សំខាន់នៃគោលការណ៍សិទ្ធិមនុស្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣១។
ក្រុមអង្គការសង្គមស៊ីវិល ក៏មើលឃើញថា សិទ្ធិមនុស្សនៅកម្ពុជា នៅរយៈពេលចុងក្រោយ ពិសេសរយៈពេល ៦ខែដើមឆ្នាំ២០១៤ នេះ ជាស្ថានភាពសិទ្ធិមនុស្សមួយដែលមានលក្ខណៈរំលោភសិទ្ធិមនុស្សហួសហេតុ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
មន្ត្រីអង្គការសិទ្ធិមនុស្ស ចាត់ទុកថា ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះ ហើយរឹតតែរួមតូច។
ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់នៃអង្គការអាដហុក (adhoc) លោក នី ចរិយា មានប្រសាសន៍ថា ស្ថានភាពសិទ្ធិមនុស្ស ពិសេសរយៈពេលជាង ៦ខែឆ្នាំ២០១៤ នេះ មានស្ថានភាពរំលោភធ្ងន់ធ្ងរហួសហេតុ។
លោកកត់សម្គាល់ចំណុចគន្លឹះ៤ នៃការរំលោភសិទ្ធិមនុស្សនោះរួមមាន ទី១ សេរីភាពនៃការបញ្ចេញមតិបានធ្លាក់ចុះយ៉ាងដុនដាប ពិសេសការបិទទីលានប្រជាធិបតេយ្យ ដែលជានិមិត្តរូបនៃសេរីភាពបញ្ចេញមតិ ត្រូវបានហ៊ុមព័ទ្ធដោយរបងបន្លាលួសជុំជិតជាងកន្លះឆ្នាំ។ ទី២ ស្ថាប័នតុលាការដែលជាគន្លឹះក្នុងការធានាឲ្យមានការគោរពសិទ្ធិមនុស្ស ត្រូវបានប្រើប្រាស់ជាឧបករណ៍របស់គណបក្សកាន់អំណាច។ ទី៣ ជាឆ្នាំដែលមានមនុស្ស ៣១នាក់ ជាប់ចោទ និងខ្លះជាប់ទោសមនសិការ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលធានាថា នៅកម្ពុជា គ្មានអ្នកទោសនយោបាយ និងទី៤ ជនជាប់ចោទ និងអ្នកទោសមនសិការទាំងនោះ ត្រូវបានធ្វើទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត បើទោះបីជាកម្ពុជា បានផ្តល់សច្ចាប័ន និងជាប្រទេសហត្ថលេខីក្នុងការធានាប្រយុទ្ធប្រឆាំងនឹងការធ្វើទារុណកម្ម៖ «សំឡេង»។
ជនជាប់ចោទ និងអ្នកទោសមនសិការទាំង ៣១នាក់នោះ ត្រូវបាន លោក នី ចរិយា សំដៅទៅលើការចាប់ខ្លួនក្រុមកម្មករ និងសកម្មជនសិទ្ធិមនុស្សចំនួន ២៣នាក់ កាលពីដើមខែមករា នៅពេលដែលមានការប៉ះទង្គិចហិង្សានៅផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រ យ៉ាក ជីន នៅពេលដែលពួកគេតវ៉ាទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ។ ៨នាក់ផ្សេងទៀត គឺសំដៅទៅលើការចាប់ខ្លួនបេក្ខជនតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ កក្កដា នៅពេលដែលពួកគេតវ៉ាទាមទារសុំឲ្យរាជរដ្ឋាភិបាល បើកទីលានប្រជាធិបតេយ្យឡើងវិញ៖ «សំឡេង»។
ក្រុមអង្គការសង្គមស៊ីវិល ចំនួន ៣០ស្ថាប័នផ្សេងគ្នា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី២១ កក្កដា ដោយបានចាត់ទុកសកម្មភាពរបស់រាជរដ្ឋាភិបាលនៅពេលនេះ កំពុងធ្វើការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើរថយក្រោយ និងជះឥទ្ធិពលដល់សេរីភាពជាមូលដ្ឋានរបស់មនុស្ស ដូចជា ការប្រើសេរីភាពបញ្ចេញមតិ និងសកម្មភាពជួបប្រជុំគ្នា ជាដើម។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលត្រូវអង្គការសង្គមស៊ីវិល ចាត់ទុកថា ជាអ្នកទោសមនសិការមួយរូបដែលត្រូវចាប់ និងឃុំខ្លួនកាលពីដើមខែមករា គិតថា សេរីភាពបញ្ចេញមតិកាន់តែរឹតរួមទៅៗ។ លោកបន្តថា យុទ្ធសាស្ត្រថ្មីនោះ គឺរាជរដ្ឋាភិបាលបានប្រើកម្លាំងសន្តិសុខស៊ីឈ្នួល មកប្រើហិង្សាលើពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្ស នៅពេលដែលមានការតវ៉ា ឬការសម្ដែងមតិ ដើម្បីគេចវេសពីការទទួលខុសត្រូវ ពិសេសប្រើចុងប៊ិកអាទិទេពរបស់តុលាការ សម្រាប់គាបសង្កត់ទៅលើសកម្មជនសិទ្ធិមនុស្ស ទៅសកម្មជនកម្មករ ឬទៅលើអ្នកណាដែលមានភាពក្លាហានទាមទារបុព្វហេតុសិទ្ធិមនុស្ស និងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ៖ «សំឡេង»។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី សិក្សាឃើញថា នៅកម្ពុជា ពិតជាមានការរំលោភសិទ្ធិមនុស្សច្រើន និងឃោរឃៅមែន។ លោកបន្តថា ការរំលោភសិទ្ធិមនុស្សនោះ គឺជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសង្គម ពិសេសគឺទាក់ទងកាន់តែជ្រៅនឹងបញ្ហានយោបាយ ហើយវប្បធម៌នយោបាយតឹងរ៉ឹង គឺអនុវត្តតាមនយោបាយកុម្មុយនីស្ត៖ «សំឡេង»។
យ៉ាងណា អង្គការសង្គមស៊ីវិល គិតថា ស្ថានភាពសិទ្ធិមនុស្សអាចនឹងប្រសើរឡើងវិញនៅពេលដែលការចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចទម្លុះទម្លាយភាពទាល់ច្រកនយោបាយ ដែលអូសបន្លាយពេលជិត ១ឆ្នាំ។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់នៃអង្គការអាដហុក គិតថា ការរួមតូចនៃលទ្ធិប្រជាធិបតេយ្យ អាចនឹងពង្រីកខ្លួនធំឡើងវិញខ្លះ នៅពេលដែលរាជរដ្ឋាភិបាលបើកឲ្យប្រើប្រាស់ទីលានប្រជាធិបតេយ្យ និងដោះលែងបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ឲ្យមានសេរីភាពឡើងវិញ៖ «សំឡេង»។
នៅក្នុងកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ កក្កដា លោក ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់អ្នកកាសែតថា ការបើកទីលានប្រជាធិបតេយ្យឲ្យប្រើប្រាស់ឡើងវិញនោះ គឺអាចធ្វើបាននៅពេលដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលស្បថកាន់តំណែងក្នុងរដ្ឋសភាជាមុនសិន៖ «សំឡេង»។
បើទោះបីជាមិនទាន់មានពេលកំណត់ជាក់លាក់ពីថ្ងៃបើកទីលានប្រជាធិបតេយ្យ ឬថ្ងៃចូលស្បថកាន់តំណែងក្នុងរដ្ឋសភារបស់បេក្ខជនជាប់ឆ្នោតទាំង ៥៥រូប មកពីគណបក្សសង្គ្រោះជាតិ ក៏ស្ថានភាពនយោបាយកម្ពុជា ហាក់ធូរស្រាលច្រើន ខណៈដែលបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ៨រូប ដែលឃុំក្នុងពន្ធនាគារព្រៃស ត្រូវបានដោះលែងភ្លាមៗក្នុងរយៈពេល ២ម៉ោងប៉ុណ្ណោះ ក្រោយកិច្ចប្រជុំចរចារវាងថ្នាក់កំពូលនៃគណបក្សទាំងពីររួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។