អ្នក​ការពារសិទ្ធិមនុស្ស​ថា លោក​​ ហ៊ុន សែន គួរ​លះបង់​ចោល​គំនិត​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង ដើម្បី​ការ​ផ្សះផ្សារ​ជាតិ

0:00 / 0:00

អ្នកការពារសិទ្ធិ​មនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​សម្តែង​ការ​សោក​ស្តាយ​ដែល​មេដឹក​នាំ​របបក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រើ​ប្រាស់​សម្តី​ចង់​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯងម្តង​ហើយ​ម្តង​ទៀត​​។ ពួក​គេ​ស្នើឱ្យ​លោក​​បញ្ឈប់​ការ​ប្រើ​វោហារស័ព្ទ​បែប​នេះ​តទៅ​ទៀត ព្រោះ​នេះ​ជា​ការមាក់​ងាយ​អាយុជីវិត​ពលរដ្ឋ​ខ្លួន​ឯង ហើយ​​នៅក្នុង​ន័យ​ច្បាប់ ​នេះ​ជា​អំពើ​ឧក្រិដ្ឋ​ថែម​ទៀត​។ លោក​ ហ៊ុន សែន បាន​ថ្លែង​ពី​ប្រទេស​ជប៉ុន​ថា លោក​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​ចំពោះ​ការ​សម្លាប់ និង​ចាប់​អ្នក​ប្រឆាំង​ដាក់​គុក​ ព្រោះ​លោក​ធ្លាប់​ធ្វើ​រឿង​នេះ​រួច​ទៅ​ហើយ។

អ្នក​ការពារសិទ្ធមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ការ​ថ្លែង​របស់​ លោក​ ហ៊ុន សែន រឿង​ចង់​កាប់​សម្លាប់​អ្នក​ប្រឆាំង​នោះ ជា​ការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ពលរដ្ឋ​ខ្លួន​ឯង និង​បង្ហាញ​ពី​ភាព​កាច​សាហាវ​របស់​លោក​ក្នុង​នាម​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន សម្តែង​ការ​សោក​ស្តាយ​ដែល​​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ជាតិ លោក​ ហ៊ុន សែន បែរ​ជា​​ប្រើ​ភាសា​គ្រោតគ្រាត និង​មាក់​ងាយ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ខ្លួន​ឯង​បែប​នេះ។ លោក​ថា នៅ​ប្រទេស​ជឿន​លឿន​កុំ​ថា​ឡើយ​ដល់​ជីវិត​មនុស្ស​ សូម្បីតែ​ជីវិ​ត​សត្វ​ក៏​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ដែរ។ លោក​បន្ត​ថា លោក ហ៊ុន សែន គួរ​តែ​បញ្ឈប់​ការ​ប្រើ​ពាក្យ​ពេចន៍​ចង់​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯងបែប​នេះ​តទៅ​ទៀត​ ដើម្បី​កុំ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្មារតី និង​សតិអារម្មណ៍​របស់​ពលរដ្ឋ ស្រប​ពេល​ដែល​​កម្ពុជា​មិន​មាន​ច្បាប់​​ផ្តន្ទាទោស​ដល់​អាយុជីវិត​នោះ៖ «វា​ជា​សារ​មួយ​ដ៏គ្រោត​គ្រាត​ ដ៏អសុរស។ មុន​នឹង​ផ្ញើរសារអ្វី​មួយ​ យើង​ត្រូវ​គិត​អំពី​​ផ្លូវ​ច្បាប់​ផង​។ ​យើងមិន​ត្រូវ​ប្រើប្រាស់​សារ​បែប​នេះ​ទេ។ វា​ជា​គម្រូ​អាក្រក់​មួយ​សម្រាប់​យុវជន​ ហើយ​ខ្ញុំ​​គិត​ថាគួរ​តែផ្ញើរ​សារ​ល្អៗ​ឱ្យ​ស្រប​ទៅនឹង​ច្បាប់​ ហើយ​យើង​គួរ​តែ​ជជែក​គ្នា​។ ​មេដឹក​នាំ​បក្ស​កាន់​អំណាច​ ត្រូវ​តែ​បើក​បេះ​ដូង​ជជែកជាមួយ​មេដឹក​នាំ​​បក្ស​ប្រឆាំង ស្វែង​រក​ដំណោះស្រាយ​នយោបាយ​រួម​ កុំ​ឱ្យ​ស្រុក​យើង​ប្រឈម​ទៅ​នឹង​អនាគត​ដ៏​ខ្លី​។ ប្រសិន​បើ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ឡោម​ព័ទ្ធសេដ្ឋកិច្ច​ អ្នក​រង​គ្រោះ​ គឺ​ជន​រួម​ជាតិខ្មែរ»

មេដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន បាន​ប្រើប្រាស់​ភាសា​ចង់​កាប់​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​ជា​ថ្មី​ទៀត ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ក្នុង​ប្រទេស​ជប៉ុន​ កាល​ពីថ្ងៃ​ទី៧ តុលា។ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ សង្កត់​ធ្ងន់​ថា លោក​គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ​រឿង​សម្លាប់​មនុស្ស និង​ចាប់​មនុស្ស​មួយ​ចំនួន​ដាក់​គុក​នោះ ព្រោះ​នេះ​ជា​រឿង​ដែល​លោក​ធ្លាប់​បាន​ធ្វើ​រួច​ទៅ​ហើយ​ ដើម្បី​សង្គ្រោះ​​ប្រជាជន​រាប់លាន​នាក់​។ លោក​បន្ត​ថា ការ​យក​មនុស្ស ៤-៥ នាក់ ដែល​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅ​កាត់​ទោស​នោះ ជា​រឿង​ដែល​គ្មាន​ប្រយោជន៍​ឡើយ ដោយ​លោក​សុខ​ចិត្ត​សម្លាប់​មនុស្សទាំង​អស់​នោះវិញ​ល្អ​ជាង៖ «ទេ ! ដាក់​ហ្អែង​ប៉ុន្មាន​នាក់​គ្រវាត់​ចោល ដើម្បី​សង្គ្រោះ​ប្រជាជន​រាប់​លាន​នាក់​ មាន​រឿង​អ្វី​ត្រូវ​ខា្លច។ ដើម្បី​សង្គ្រោះកុំ​ឱ្យ​មាន​កើត​សង្គ្រាម​ មាន​អ្វី​ត្រូវ​ខ្លាច​ ? ខ្ញុំ​អត់​មាន​អ្វីខ្លាច​ត្រូវ​មិន​ហ៊ាន​និយាយ​នោះ​ទេ​។ អាណា​ត្រូវ​ចាប់​ញាត់​គុក ញាត់​ហ្អែង បើ​ហ្អែង​ធ្វើ​ខុស​មែន។ ហ្អែង​បង្កើត​សង្គ្រាម​ អញ​ទប់​សង្គ្រាម។ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​នៅ​ចាំ​បាន។ ២០១៣ បោះ​ឆ្នោត​ហើយ ពេល​ហ្នឹង​កំពុង​កើត​អ្វី ? គឺ​កំពុង​ចលាចល គ្រាន់​តែ​ការ​សុំ​ធ្វើ​ប្រធាន​សភា។ ​ការ​សុំ​ធ្វើ​ប្រធាន​សភា​នោះ គ្រាន់តែ​ជា​ការសុំ​ទេ ជាលេស​ទេ។ គោល​ដៅ​គឺ​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌ តែ​ធ្វើ​ ហ៊ុន សែន មិន​បែក​។ សំណាង​ពួក​ឯង​ហើយ ដែល​ឃ្លីប​វីដេអូ​បាន​ក្រោយ កំណត់​ថ្ងៃ ២៩ ខែ​ធ្នូ ជា​កំណត់​ថ្ងៃចុង​ក្រោយ។ បើ​ខ្ញុំ​ក្តាប់​វីដេអូ​ហ្នឹង​បាន ពួក​ហ្អែង​ងាប់។ អ្នក​ណា​ចង់​និយាយ​ពី​រឿង​រំលោភ​សិទ្ធិមនុស្ស ចុះ​សម្លាប់​គេ​​អស់រាប់​លាន ម្តេច​ក៏​អ្នក​ឯង​មិន​និយាយ​ពី​រឿង​សិទ្ធិ​មនុស្ស ? ខ្ញុំ​គ្រាន់​តែ​កម្ចាត់​អ្នក​ឯង​ប៉ុន្មាន​នាក់ ដើម្បី​ការពារ​ប្រជាជន​រាប់​លាននាក់​ រឿង​អ្វី​ថា​ខ្ញុំ​ធ្វើ​មិន​បាន

នេះ​ជា​លើក​ទីបីហើយ​ដែល​បុរសខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ ថ្លែង​ការណ៍​ជា​សាធារណៈ​បង្ហាញ​ការ​ស្តាយ​​ក្រោយ​ ដែល​លោក​មិន​បាន​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​ដែល​ជា​អ្នក​ដឹក​នាំ ឬ​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​។ កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ ​ ក៏​​ធ្លាប់​បាន​លើ​កឡើង​ថា ប្រសិនបើ​លោក​បាន​ដឹង​ជា​មុន អំពី​ផែនការ​​របស់​គណបក្ស​សង្គ្រោះជាតិ ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​រូបភាព “បដិវត្តន៍​​ពណ៌” នោះ លោក​នឹង​បញ្ជា​ឲ្យ​មនុស្ស​របស់​លោក សម្លាប់​ក្រុម​អ្នក​ប្រឆាំង​ទាំង​អស់​នោះ​ចោល តាំង​តែ​ពី​ពេល​ដែល​ពួក​គេ​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ២០១៣ មក​ម្ល៉េះ។ លោក​បន្ត​ថា ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ លោក​ស្តាយ​ណាស់​ដែល​លោក​មិន​បាន​សម្លាប់​អ្នក​ទាំង​នោះ។ លើស​ពី​នេះ​ទៅ​ទៀត មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ ​ក៏​ធ្លាប់​​បាន​គំរាម​ប្រើ​គ្រាប់​ រ៉ុក្កែត ធុន​បេអឹម ២១ (BM-21) ដើម្បី​កម្ចាត់​ក្រុម​ចលនា​សង្គ្រោះ​​​ជាតិ​របស់​លោក​ សម​ រង្ស៊ី ដែល​លោក​ចាត់​ទុ​ក​ថា ជា​ក្រុម​ភេរវករ ប៉ុន​ប៉ង​ផ្តួល​រំលំ​របប​របស់​លោក​ផង​ដែរ។ លោក​បាន​ប្រកាស​ក្តែងៗ ថា លោក​សុខចិត្ត​កម្ទេច​ក្រុម​ប្រឆាំង ១រយ ទៅ ២រយ​នាក់ ប្រសិន​បើ​ចាំ​បាច់ ដើម្បី​ការពារ​ជីវិត​មនុស្ស​ជា​ច្រើន​លាន​នាក់​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​ជាតិ និង​អន្តរជាតិ អះអាង​ដូច​គ្នា​ថា ពាក្យ​ ”បដិវត្តន៍​ពណ៌” នេះ គឺ​ជា​ការ​ប្រឌិត​​​​ឡើង​​របស់​របប​លោក​ ហ៊ុន សែន ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ទុក​បុក​ម្នេញ​លើ​អង្គការ​សង្គម​​ស៊ីវិល និង​​បំបិទ​សំឡេង​ឯករាជ្យ ដែលជា​ការ​គាស់​រំលើង​ឫស​គល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ចំណែក​ការ​រក្សា​សន្តិភាព និង​ការពារ​ជីវិត​ពលរដ្ឋ​រាប់​លាន​នាក់​នោះ គឺ​ជា​លេស​របស់​លោក​ ហ៊ុន សែន ដើម្បី​​ក្តោប​ក្តាប់​​​អំណាចត​ទៅ​ទៀត​តែ​ប៉ុណ្ណោះ។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ​ លោក ហ៊ីង សុខសាន្ត បដិសេធ​ថា គណបក្ស​សង្គ្រោះជាតិ​គ្មាន​​គម្រោង​ណាមួយ​ទៅ​ផ្តួល​រំលំ​រដ្ឋាភិបាល​ឡើយ​។ លោក​ថា គណបក្ស​នេះ​​បង្កើត​ឡើង​ដើម្បី​ចូល​រូម​ប្រកួត​ប្រជែង​​កម្មវិធី​នយោបាយ​ និង​ផ្តល់​ជា​ជម្រើស​សម្រាប់​ពលរដ្ឋ​ ក្នុង​ការ​ផ្លាស់​ប្តូរ​សង្គម​ទៅរក​ភាព​ប្រសើរ​ឡើង។ លោក​ថា ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន នេះ គ្រាន់​តែ​លេស​ដើម្បី​បិទ​បាំង​អំពើ​សាហាវ​ព្រៃផ្សៃ​​ដែល​លោក​ចង់​ធ្វើចំពោះ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន​​ ដើម្បី​រក្សា​អំណាចត​ទៅ​ទៀត​ប៉ុណ្ណោះ៖ «បើ​យើង​គិត​ពី​សីលធម៌ និង​គុណធម៌​របស់​អ្នក​ដឹកនាំ គឺ​បង្ហាញ​ថា គាត់​ជា​មេដឹក​នាំមួយ​ឃោរឃៅ ហើយ​គ្មាន​អ្វី​ខុស​ពី​ខ្មែរ​ក្រហម​នោះ​ទេ។ ឱ្យ​តែ​អ្នក​ប្រឆាំង​នឹង​ទស្សនៈ​ខ្លួន ខ្មែរ​ក្រហម​ចោទ​ថា ក្បត់​អង្គការ​ ហើយ​យក​ទៅ​សម្លាប់ ឬ​យក​ទៅ​កសាង​អ៊ីចឹង​ទៅ។ គាត់​មិន​បាន​ស្រាវជ្រាវ​ពិត​ប្រាកដ គាត់​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ប្រុង​ផ្តួល​រំលំ ចង់​ធ្វើ​សង្គ្រាម​ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​ការ​ចោទ​ប្រកាន់។ ទីពីរ​ច្បាប់​ជាតិ​របស់​យើង​ គឺ​យើង​អត់​មាន​ទោស​ប្រហារ​ជីវិត​ទេ ទោះ​បី​ជា​បុគ្គល​ណា​មួយ​មាន​កំហុស​ធ្ងន់​ធ្ងរ​យ៉ាង​ណា​ក្តី។ ដោយ​ឡែក​ គាត់​ចង់​កម្ទេច​មនុស្ស​អ៊ីចឹង​ មានន័យ​ថា គាត់​កំពុង​តែ​ថ្លែង​រំលោភ​ច្បាប់ ដែល​ស្ថិត​ក្នុង​របបដឹក​នាំ​របស់​គាត់»

លោក​ថា ប្រសិន​បើ​លោក​ ហ៊ុន សែន​ ហ៊ាន​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង​មែន​ លោក​អាច​​ប្រឈម​មុខ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្នុង​បទ​ចោទ​នៃអំពើ​​ឧក្រិដ្ឋណាមួយ​ដោ​យ​ចៀស​មិន​រួច​ឡើយ។ លោក​ស្នើ​ឱ្យ​មេដឹក​នាំ​របប​ឯកបក្ស​​រូប​នេះ បញ្ឈប់​ការ​ប្រើ​វោហាស័ព្ទ​បែប​នេះ​តទៅ​ទៀត ដើម្បី​កុំ​ឱ្យមាន​វប្បធម៌​ហិង្សា និង​សងសឹក​គ្នា ​ក្នុង​ចំណោម​អ្នក​នយោបាយ​ខ្មែរ៖ «គាត់​ពោល​ពាក្យ​ថា គាត់​ស្រឡាញ់​សន្តិភាព ប៉ុន្តែ​ក្នុង​ចិត្ត​របស់​គាត់ ក្នុង​ទ្រូង​របស់​គាត់​ពោរពេញ​ដោយ​ភ្លើង ពោរពេញ​ដោយ​ភាព​ក្តៅ​ក្រហាយ ហើយ​ប្រមាថ​ជីវិត​មនុស្ស​សត្វ​ទាំង​អស់​នេះ​ហាក់​បីដូច​ជា​អត់​មាន​តម្លៃ​អ្វី​សោះ។ គ្រាន់​តែ​ដើម្បីរក្សា​អំណាច​មួយ​ម៉ាត់​ ហ៊ាន​ដល់​ទៅ​ប្រមាថ​អ្នក​ដទៃ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​អ្នក​ប្រជែង​របស់​គាត់មាន​ភាព​ឈឺ​ចាប់​ មាន​ភាព​ក្តៅ​ក្រហាយ​ដែរ​ ហើយ​ការ​សងសឹក​នៅ​ក្នុង​សង្គម​ខ្មែរ នឹង​មិនចេះ​ចប់​ទេ។ ឯណា​ទៅ​ដែល​យើង​ថា ចង់​ឱ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ​ កុំ​ឱ្យ​មាន​វប្បធម៌​ទឹក​ឡើង​ត្រីស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ីត្រី​នោះ ? អ៊ីចឹង​ខ្ញុំ​គិត​ថា សុំ​ឱ្យ​គាត់​ហ្នឹង​ចាស់ៗ អស់​ហើយ​ប្រឹង​ធ្វើ​អ្វី​ដែល​ជា​កុសល ធ្វើ​ល្អ ហើយ​ឱ្យ​ពលរដ្ឋ​ ឬ​អ្នក​ជំនាន់​ក្រោយ​រៀន​សូត្រ​តាម ចៀសវាង​កុំ​ឱ្យមាន​ហិង្សា​បែប​នេះ​តទៅទៀត»

ថ្វីត្បិត​តែលោក ហ៊ុន សែន មិន​បាន​សម្លាប់​ក្រុម​មេដឹក​នាំ​បក្ស​ប្រឆាំង និង​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​​ឆ្នាំ២០១៣ ពិត​មែន ក៏​ប៉ុន្តែ​អាជ្ញាធរ​នៃ​របប​របស់​លោក​បាន​បាញ់​បង្ក្រាប​យ៉ាង​ឃោរឃៅ​ទៅលើ​ហ្វូង​បាតុករ​ដែល​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់​ដេរ នៅ​ផ្លូវ វេង ស្រេង ដែល​​តវ៉ា​ទាម​ទារ​តម្លើង​ប្រាក់​ខែ។ ហេតុការណ៍​ហិង្សា​នៅ​គ្រា​នោះ បាន​បណ្តាល​ឱ្យ​កម្មករ ៤នាក់​បាត់​បង់​ជីវិត មា្នក់​បាត់​ខ្លួន និង​ជិត ៤០នាក់​ផ្សេង​ទៀត​រងរបួស។ បន្ថែម​ពី​លើ​នេះ ថ្នាក់​ដឹក​នាំ​សហជីព និង​កម្មករ​ជាង ២០នាក់​ ក៏​​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត ៥ខែ ដោយ​រង​ការ​ចោទ​ពី​បទញុះ​ញង់​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។ ចំណែក​ឯ​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជិត ២០នាក់​ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ផង​ដែរ ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ និង​ចូល​រួម​ក្នុង​ចលនា​​កុប្បកម្ម​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ថ្នាក់​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ ទើប​តែ​​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ នៅ​ក្រោយ​​ពេល​ដែល​របបលោក​​ ហ៊ុន សែន​ បាន​បង្កើត​របបថ្មី​ឯក​បក្ស​ដោយ​ជោគជ័យ​ចេញ​ពី​ការ​បោះ​ឆ្នោត​បែប​បង្គ្រប់​កិច្ច​កាល​ពី​ថ្ងៃ​ទី២៩ កក្កដា​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។