បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​

ដោយ ឡេង ម៉ាលី
2021-03-24
Share
បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​ (ឆ្វេង) មេធាវី​អន្តរជាតិ​​លោក រី​ឆាត​ ​រ៉​ជើ​ស (​Rich​ar​d​ Ro​g​e​rs) និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច។
រូប៖ RFA និង​ហ្វេសប៊ុកព្រឹទ្ធសភា

បក្ស​កាន់​អំណាច​មិន​ជឿ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចាត់​ការ​បណ្ដឹង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ដីធ្លី និង​សិទ្ធ​មនុស្ស​នៅ​កម្ពុជា ដែល​កប់​ចោល​យូរ​ឆ្នាំ​មក​ហើយ​នេះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មេធាវី​អន្តរជាតិ​អះអាង​ថា រដ្ឋ​អាជ្ញា នៃ​តុលាការ​អន្តរជាតិ នឹង​ចាត់​ការ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ឆ្នាំ​នេះ។

តំណាង​បក្ស​កាន់​អំណាច​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ពាក្យ​ប្ដឹង របស់​មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើស (Richard Rogers) នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាំង​ពី​ដើម​មក ដោយសារ​អាជ្ញាធរ​កម្ពុជា​មិន​បាន​រំលោភ​​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​មនុស្ស ដូច​ការ​ចោទ​ប្រកាន់​នេះ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បញ្ជាក់​ថា ជម្លោះ​ដីធ្លី បាន​កើត​ឡើង​ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ និង​ការ​រំលាយ​កម្មសិទ្ធិ​ដីធ្លី នៅ​សម័យ​ខ្មែរ​ក្រហម។ លោក​បន្ត​ថា ជម្លោះ​ដណ្ដើម​ដីធ្លី​នេះ ក៏​ជា​ផ្នែក​មួយ ដោយសារ​មាន​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​ឲ្យ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ។ លោក​អះអាង​ថា រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​ជម្លោះ​នេះ​បាន​ច្រើន​លើស​លុប ហើយ​នៅ​សេសសល់​ជម្លោះ​ដីធ្លី​តិច​តួច​បំផុត កំពុង​កើត​មាន។

ចំណែក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​វិញ លោក សុខ ឥសាន អះអាង​ថា កម្ពុជា​មិន​ទាន់​អសន្តិសុខ​ធ្ងន់ធ្ងរ ដូច​ប្រទេស​មួយ​ចំនួន​នៅ​ឡើយ​ទេ។ លោក​ជំរុញ​មេធាវី​អន្តរជាតិ ឱ្យ​យក​ចិត្ត​ទុក​ដាក់ ​ប្ដឹង​ក្រុម​ប្រទេស​ណា ដែល​មាន​អសន្តិសុខ​ធ្ងន់ធ្ងរ​ជា​ជាង​ប្តឹង​រដ្ឋាភិបាល​កម្ពុជា៖ «ហើយ​រាជ​រដ្ឋាភិបាល លោក​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ហើយ​ រាប់​ម៉ឺន​ករណី​ហើយ ដោះស្រាយ​នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ទេ ហើយ​ចោទ យក​អា​រឿង​ទំនាស់​ដីធ្លី​ ធ្វើ​ជា​បាតុភាព​អសកម្ម​ហ្នឹង​ ជា​រឿង​ធំ​​ ខ្ញុំ​យល់​ថា បើ​តុលាការ​ចាត់​ការ​ទៀត ខ្ញុំ​អត់​យល់​ទេ រឿង​ហ្នឹង មិន​ដឹង​តុលាការ​អ្វី​ទេ។ ខ្ញុំ​មិន​​ថា តុលាការ​ហ្នឹង យក​រឿង​ហ្នឹង​មក ធ្វើ​ជា​រឿង​ធំ​ទេ»

កាល​ពី​ពេល​ថ្មីៗ​ នេះ​​ រដ្ឋ​​​អាជ្ញា​ម្នាក់​​ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ថា ខាង​តុលាការ​នឹង​ចាត់ការ​បណ្ដឹង ដែល​នៅ​មិន​ទាន់​ចាត់ការ​ទាំង​អស់ នៅ​ត្រឹម​ខែធ្នូ ឆ្នាំ​នេះ ក្នុង​នោះ ក៏​មាន​ករណី​រំលោភ​ដីធ្លី​នៅ​កម្ពុជា​មួយ​ដែរ។

មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើស ប្រាប់​អាស៊ី​សេរី​ថា រយៈ​ពេល ៧ឆ្នាំ​មក​នេះ លោក បាន​ខិតខំ​ប្រមូល​ភស្តុតាង​ជា​ច្រើន ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រព័ន្ធ។ ភស្តុតាង​ទាំង​នោះ បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ និង​ហិង្សា​ចេញពី​លំនៅឋាន ពី​ដីធ្លី​របស់​ពួក​គាត់។

លោក​មេធាវី​អះអាង​ថា ​អំពើ​ទាំង​នោះ គឺជា​ផ្នែក​មួយ នៃ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ ការ​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុង​រូបភាព​ជា​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ ក៏​ជា​ធាតុផ្សំ​នៃ​បទល្មើស ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ។

732dea82-8239-440a-805a-56ed6ba2b4e1.jpeg
មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​។

ក្រៅ​ពី​នេះ លោក អះអាង​ថា​​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន​ ​២​​ទៀត​ ​គឺ​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (​F​I​D​H​) ​និង​អង្គការ​ឃ្លាំមើល​ពិភពលោក​ (​G​l​ob​a​l​ ​Witness​) និងគាំទ្រដោយអង្គការជាតិ និង​អន្តរជាតិជិត ៥០ អង្គការ​និងស្ថាប័ន ​បាន​ផ្ញើ​លិខិត​ទៅ​ព្រះ​រាជ​អាជ្ញានៃតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ​ដោយ​ជំរុញ​​​ឲ្យ​គាត់​ពន្លឿន​ករណី​នៅ​កម្ពុជា​​ ឲ្យបាន​ឆាប់ដែរ​។

លោក រីឆាត រ៉យជើស ថាទោះបី​នៅ​ពេលនេះ​ ​ពួក​អភិជន​ ​និង​អ្នកមានអំណាច​ ​បាន​បន្ថយ​សកម្មភាព​រំលោភ​ដីធ្លី​ខ្លះ​ហើយ​ក្តី​ ​មិនមែន​បានន័យ​ថា​ ​បញ្ហា​ទាំងអស់​នេះ​ ​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ​។​ ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​រួច​ ​គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ ​ជនរងគ្រោះ​ត្រូវការ​យុត្តិធម៌​។​ ​ពួកគាត់​ត្រូវការ​អ្នក​ប្រព្រឹត្ត​ ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​៖ «​ដូច្នេះ​ អ្នកកាន់អំណាច​ទាំងនោះ​ ​មិន​អាច​​​យកលេស​ថា​ ​កាលពីមុន​ពួកគាត់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើនជាង​នេះ​ ​ឥឡូវ​ប្រព្រឹត្តិ​​តិច​ជាង​នោះ​ទេ​។​ ​វា​មិន​ខុស​ពី​បទឧក្រិដ្ឋ​សង្គ្រាម​ ​ដែល​ជន​ឧក្រិដ្ឋ​ ​បាន​ប្រព្រឹត្តិ​ម្ភៃ​សាមសិប​ឆ្នាំមុន​ក៏ដោយ​ ​ក៏​ចៀស​មិន​ផុត​ពី​ត្រូវ​យកមក​កាត់ទោស​នោះ​ដែរ​ ​ព្រោះ​ជនរងគ្រោះ​ ​ត្រូវការ​យុត្តិធម៌​។​ ​សូម​​​មើល​ករណី​ពួក​ខ្មែរក្រហម​។​ ​មេ​ខ្មែរក្រហម​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​នេះ​ ​តាំងពី​ជាង​៤​០​ឆ្នាំមុន​។​ ​តែ​តុលាការ​ ​នៅតែ​យក​ពួកគាត់​មក​កាត់ទោស​បាន​ ​ព្រោះ​ជនរងគ្រោះ​ ​ត្រូវតែ​ទទួល​បាន​យុត្តិធម៌​»

លោក រីឆាត រ៉ូជើស បាន​ប្ដឹងរដ្ឋាភិបាល ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ទៅ​តុលាការ​អន្តរជាតិ កាល​ពី​ឆ្នាំ២០១៤។ មេធាវី​អន្តរជាតិ​រូប​នេះ ក៏​តែង​តែ​រិះគន់​សកម្មភាព​បង្ក្រាប និង​សារ​គំរាម​សម្លាប់​ពលរដ្ឋ​ខ្មែរ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ។ ជាក់​ស្ដែង កាល​ពី​អំឡុង​ពេល​នៃ​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ឆ្នាំ២០១៩ លោក​មេធាវី រីឆាត រ៉ូជើស បាន​ព្រមាន​ថា បើ​កងកម្លាំង​ប្រដាប់​អាវុធ​ហ៊ាន​បាញ់​បង្ក្រាប​ជនស៊ីវិល ​ដែល​អម​ដំណើរ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មែន នោះ​គឺ​ជា​បទ​ឧក្រិដ្ឋ ហើយ​លោក​នឹង​ដាក់​បណ្ដឹង​បន្ថែម​ទៀត​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)

ជុំវិញ​ចំណាត់​ការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​​នឹង​ការ​រំលោភ​ដីធ្លី​នេះ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏​កំពុង​រង់ចាំ​មើល​ដំណើរការ​ក្តី​នេះ​ដែរ។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ​សង្កេត​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​ការ​ដោះ​ស្រាយ​កន្លង​មក គឺ​ពលរដ្ឋ​ច្រើន​លើសលប់ មិន​ពេញ​ចិត្ត​​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​ជា​ច្រើន ទទួល​យក​ដំណោះស្រាយ​ដែល​មិន​សម​ស្រប ដោយ​សារ​ពួក​គាត់​គ្មាន​ជម្រើស។ លោក វណ្ណ សូផាត យល់​ថា ពលរដ្ឋ​ចង់​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ក្រៅ​ប្រព័ន្ធ​តុលាការ និង​ដំណោះស្រាយ​សម​ស្រប ទើប​ជា​ការ​ប្រសើរ​ជាង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ៖ «អ៊ីចឹង​ឃើញ​ថា កន្លង​មក​នេះ វា​មិន​មែន​ជា​ជម្រើស មិន​មែន​ជា​ការ​ចង់​ទេ។ ប៉ុន្តែ​ដោយ​សារ​អស់​ជម្រើស​ប្រជាពលរដ្ឋ​ប៉ះពាល់​ដីធ្លី​ហ្នឹង គឺ​ថា គាត់​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ផ្សេង​ទៀត ដូច​ជា តាម​រយៈ​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​អ្វី​ ជាដើម»

របាយការណ៍​របស់​ក្រសួង​ដែន​ដី បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០០៥ ដល់​ចុង​ខែ​ធ្នូ ឆ្នាំ២០២០ គណៈកម្មការ​សុរិយោ​ដី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី បាន​ជាង​ពីរ​ម៉ឺន (២៣.០៥០) គ្រួសារ ស្មើ​​នឹង​ផ្ទៃ​ដី​ជាង​ប្រាំ​មួយ​ពាន់ (.៥២៣,៤៩) ហិកតារ។

ទោះ​ជា​យ៉ាង​ណា ក្នុង​រយៈ​ពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្ក្រាប​ឥត​ឈប់ឈរ​លើ​ពលរដ្ឋ និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ដែល​ហ៊ាន​ចេញ​តវ៉ា។ អាជ្ញាធរ​បាន​ចោទ​សហគមន៍​ដីធ្លី​ខ្លះ​ថា ជា​ក្រុម​ប្រឆាំង និង​ខ្លះ​ទៀត​ថា ជា​ក្រុម​រំលោភ​យក​ដី​រដ្ឋ ដី​ក្រុមហ៊ុន ឬ​រំលោភ​យក​ដី​អ្នក​មាន​អំណាច​ជា​ដើម។

មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​ប្ដូរ​វិធី​សាស្ត្រ​បង្ក្រាប​អ្នក​មាន​ជម្លោះ​ដីធ្លី​ពី​ការ​ប្រើ​ហិង្សា​ផ្ទាល់​ មក​ជា​វិធានការ​ព្រមាន និង​ប្ដឹង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​វិញ។ អាជ្ញាធរ និង​មន្ត្រី​តុលាការ​បាន​ចោទ​ប្រកាន់​សហគមន៍​ដីធ្លី ដែល​តែង​ចេញ​តវ៉ា​ញឹកញាប់ ពី​បទ​ញុះញង់ និង​ការ​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន នៅ​ប៉ុស្តិ៍​ប៉ូលិស ក្រោម​លក្ខខណ្ឌ​ឈប់​ឲ្យ​តវ៉ា​ជា​ដើម ជា​ពិសេស ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស ដោយសារ​តែ​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​របស់​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល