លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំដល់មន្ត្រីអាជ្ញាធរខេត្តពោធិ៍សាត់បង្កើនការទប់ស្កាត់នៃឧក្រិដ្ឋកម្មជួញដូរមនស្សដែលកំពុងកើតឡើងកាន់តែច្រើនស្ថិតនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។ ទោះបីជាយ៉ាងណា មន្ត្រីអាជ្ញាធរខេត្តពោធិ៍សាត់អះអាងថា នៅតំបន់ថ្មដាមិនមានករណីជួញដូរមនុស្ស និងការបង្ខាំងមនុស្សឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរ និងរដ្ឋាភិបាលហាក់គ្មានឆន្ទៈក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជានៅឡើយ។
លោក ស ខេង ឱ្យដឹងថា ក្រុមឧក្រិដ្ឋជនមួយចំនួនប្រតិបត្តិការអំពើជួញដូរមនុស្សនៅខេត្តព្រះសីហនុកន្លងទៅ គឺពួកគេបានគេចខ្លួន និងសំងំប្រតិបត្តិការនៅតាមតាមបណ្ដាខេត្តចំនួនដូចជា ខេត្តកណ្ដាល ស្វាយរៀង រាជធានីភ្នំពេញ ជាពិសេសទៅកាន់តំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ស ខេង ណែនាំដល់មន្ត្រីអាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវចាត់វិធានការទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សក្នុងតំបន់ថ្មដា ក្នុងស្រុកវាលវែង ដើម្បីកុំឱ្យក្រុមឧក្រិដ្ឋជនបន្តសកម្មភាពរីករាលដាលកាន់តែខ្លាំងឡើង ដូចជានៅខេត្តព្រះសីហនុ។
លោក ស ខេង៖ «តំបន់ថ្មដាយើង គឺយើងត្រូវសម្អាតពីឥឡូវទៅ។ កុំទុកឱ្យវាកាច់សម្បុក។ កាច់សម្បុកប្រកបដោយអំពើខុសច្បាប់។ កំពង់សោមកាច់សម្បុកទៅហើយ ថ្ងៃណាក៏ថ្ងៃកាប់សម្លាប់គ្នា ហើយខ្ញុំបានលើកឡើងថា កំពង់សោមរដ្ឋាភិបាលវិនិយោគសម្បើមណាស់រាប់ពាន់លានដុល្លារ តាំងពីវិនិយោគក្នុងផង ក្រៅផង រដ្ឋាភិបាលផងវិស័យឯកជនផង។ តែទីបំផុតមកវាទៅជាកន្លែងឧក្រិដ្ឋកម្មទៅវិញ ជួញដូរមនុស្សទៅវិញ យើងសោកស្ដាយណាស់»។
លោកលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ វិច្ឆិកា។
លោក ស ខេង ទទួលស្គាល់ថា មន្ត្រីអាជ្ញាធរមួយចំនួនគឺសមត្ថភាពពួកគេនៅមានកម្រិត ដោយសារតែក្រុមមន្ត្រីអាជ្ញាធរទាំងនោះមិនទាន់យល់ច្បាស់អំពីទម្រង់នៃអំពើជួញដូរមនុស្សដែលកំពុងកើតនៅកម្ពុជានៅឡើយ។ លោកបញ្ជាក់ថា ជនបរទេសភាគីច្រើនចូលកម្ពុជាដោយមិនមានលិខិតឆ្លងដែន និងប័ណ្ណការងារនោះទេ។ លើសពីនេះ ពួកគេមួយចំនួនត្រូវបានគេបោកបញ្ឆោតឱ្យធ្វើការឆបោកតាមអនឡាញខុសច្បាប់ ខណៈអ្នកខ្លះទៀតត្រូវបានថៅកែរឹតត្បិតសិទ្ធសេរីភាព ធ្វើទារុណកម្មវាយដំបង្ខំឱ្យធ្វើការងារច្រើនម៉ោងជាដើម។
មនុស្សដែលស្និទ្ធនឹងរដ្ឋាភិបាល លោក ហ៊ុន សែន និងមានងារជាឧកញ៉ា បានរងការចោទប្រកាន់ថា ជាមេខ្លោងនៅពីក្រោយនៃឧក្រិដ្ឋកម្មជួញដូរមនុស្សនៅខេត្តពោធិ៍សាត់នេះ នេះបើតាមទូរទស្សន៍អាល់ហ្សា ហ្ស៊ីរ៉ា (Al Jazeera) ផ្សាយកាលពីពេលថ្មីៗនេះ។ ទូរទស្សន៍ អាល់ហ្សា ហ្ស៊ីរ៉ា លាតត្រដាងថា ឧកញ៉ា ទ្រី ភាព មានអគារសហគ្រាសដែលមានសភាពងងឹតសម្រាប់ជួលឱ្យជនជាតិចិន ដើម្បីចាប់ជំរិតមនុស្សធ្វើទារុណកម្ម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់។ ពលរដ្ឋនៅតំបន់នោះអះអាងថា ពួកគាត់ធ្លាប់ឃើញមានការចាប់បញ្ជូនមនុស្សចូលបរិវេណអគាររបស់ លោក ទ្រី ភាព និងមានសំឡេងសម្រែកដោយសារតែការធ្វើទារុណកម្មទៀតផង។ អាស៊ីសេរីមិនទាន់អាចទាក់ទង លោកឧកញ៉ា ទ្រី ភាព ដើម្បីបកស្រាយបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី ២៤ ខែវិច្ឆិកា។
ស្របពេលដែលលោក ស ខេង ចេញមុខរិះគន់មន្ត្រីក្រោមឱវាទរបស់ខ្លួន និងឱ្យពួកគេបង្កើនវិធានការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ មន្ត្រីអាជ្ញាធរខេត្តពោធិ៍សាត់អះអាងថា នៅតំបន់ថ្មដា ក្នុងស្រុកវាលវែង គ្មានករណីជួញដូរមនុស្ស និងបង្ខាំងមនុស្សដូចជាការលើកឡើងរបស់លោក ស ខេង នោះទេ។
ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌ លោក ម៉ូ លីដា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៤ ខែវិច្ឆិកាថា កន្លងទៅលោកបានដឹកនាំកម្លាំងស៊ើបអង្កេតទៅតាមបណ្ដឹងជនរងគ្រោះដែលភាគីច្រើនជាជនជាតិចិន ប៉ុន្តែលោកថា ក្រុមជនជាតិចិនទាំងនោះពុំត្រូវបានគេបង្ខាំងខុសច្បាប់ ឬជួញដូរនោះទេ។
លោក ម៉ូ លីដា អះអាងថា នៅតំបន់ថ្មដា គឺមានក្រុមហ៊ុនមួយឈ្មោះ អឹម ឌី អេស (MDS) ដែលមានជនជាតិចិនភាគច្រើនធ្វើការងារនៅទីនោះ។ មេប៉ូលិសផ្កាយមួយរូបនិយាយថា នៅពេលដែលជនជាតិចិនធ្វើការងារនៅនោះចង់ចាកចេញពីក្រុមហ៊ុនត្រឡប់ទៅស្រុកកំណើតវិញនោះ គឺពួកគេបានដាក់ពាក្យប្ដឹងស្នើអន្តរាគមន៍ ដោយកុហកថាពួកគេត្រូវបានគេបង្ខាំង និងជួញដូរមនុស្ស។
លោក ម៉ូ លីដា៖ «ដូចថា ជនរងគ្រោះចិនហ្នឹងគាត់ថា ប្រាក់ខែរបស់គាត់ៗចាយអត់គ្រប់ ហើយគាត់ចង់ទៅស្រុកវិញ។ ទៅស្រុកវិញគាត់ អត់មានលុយទៅ ម្ល៉ោះហើយធ្វើប្ដឹងទៅសម្ដេចក្រឡាហោម ព្រោះពេលខ្លះគាត់មកហ្នឹងដោយខុសច្បាប់អត់មានឯកសារអីត្រឹមត្រូវទេ ផាសស្ព័រ (Passport) [ លិខិតឆ្លងដែន ] ក៏គ្មានអីក៏គ្មានដែរ។ ដល់អ៊ីចឹងគាត់ចង់ទៅស្រុកវិញ គាត់ត្រូវទៅរកផេក (Facebook Page) សម្ដេច ឬមួយក៏រកផេក (Facebook Page) ថ្នាក់ដឹកនាំ គាត់ដាក់ [ លិខិតប្ដឹង ] ទៅឱ្យជួយសង្គ្រោះ។ គាត់ថា គេហ្នឹង ក្រុមហ៊ុនហ្នឹងគឺបង្ខាំងមនុស្ស បង្ខាំងគាត់ បិទសិទ្ធសេរីភាពគាត់។ ដល់ពេលយើងចុះទៅស្រាវជ្រាវជាក់ស្ដែង យើងជួយសង្គ្រោះគឺអត់មាន»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តពោធិ៍សាត់ លោក សំ ច័ន្ទគា សោកស្ដាយដែលកម្ពុជាកំពុងក្លាយជាទីកន្លែងសម្រាប់ជនបរទេស ជាពិសេសជនជាតិចិនប្រព្រឹត្តបទឧក្រិដ្ឋតាមអំពើចិត្ត។ លោក យល់ថា ការប្រកាសរបស់លោក ស ខេង ដោយណែនាំឱ្យមន្ត្រីរបស់ខ្លួនបង្កើនការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្សនេះទំនងលោកធ្វើឡើងបំភ័ន្តភ្នែកអន្តរជាតិ ដើម្បីកុំឱ្យយកកម្ពុជាដាក់ចូលក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយកខ្វក់តែប៉ុណ្ណោះ។ មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញថា អាជ្ញាធរ និងរដ្ឋាភិបាល ហាក់គ្មានឆន្ទៈក្នុងការបង្ក្រាបមេខ្លោងធំៗនៅពីក្រោយឧក្រិដ្ឋកម្មជួញដូរមនុស្សនេះទេ។
លោក សំ ច័ន្ទគា៖ «រដ្ឋាភិបាល ប្រសិនជាមិនមានការសហការគ្នា មិនស្វាហាប់ក្នុងការចាត់ការហ្នឹងទេ ខ្លួននឹងមានឈ្មោះកាន់តែអាក្រក់ទៅៗ។ ប្រទេសខ្មែរអាចនឹងមានបញ្ហា នៅថ្ងៃខាងមុខគេនឹងដាក់គំនាប់ ដាក់ទណ្ឌកម្ម មកលើប្រទេសខ្មែរថែមទៀត។ យើងស្នើសុំឱ្យអាជ្ញាធរចាត់វិធានការឱ្យម៉ឺងម៉ាត់ដល់អ្នកជួញដូរហ្នឹង និងអ្នកនៅពីក្រោយខ្នងនៃបទឧក្រិដ្ឋការជួញដូរមនុស្ស យកមកផ្ដន្ទាទោស ដើម្បីស្ដារកិត្តិយសមុខមាត់ខ្មែរ»។
ថ្វីត្បិតអាជ្ញាធរបានជួយសង្គ្រោះជនបរទេសរាប់រយនាក់បញ្ជូនទៅប្រទេសកំណើតពួកគេជាបន្តបន្ទាប់យ៉ាងណាក្ដី ប៉ុន្តែ មកទល់នឹងពេលនេះ រដ្ឋាភិបាលនៅតែមិនទាន់រកឃើញមេខ្លោងធំៗជាប់ពាក់ព័ន្ធ ដែលជាម្ចាស់នៃអគារបង្ខាំង និងជួញដូរមនុស្សនេះ ដើម្បីបង្ហាញឱ្យមហាជនបានដឹងនៅឡើយ។
របាយការណ៍ស្ដីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីខែកក្កដា បានទម្លាក់ចំណាត់ថ្នាក់កម្ពុជា មកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។ អាមេរិករកឃើញថា កម្ពុជាដើរថយក្រោយ និងគ្មានឆន្ទៈក្នុងការលុបបំបាត់ការជួញដូរមនុស្សនេះទេ ដោយសារបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលបានរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជនដែលប្រព្រឹត្តនូវអំពើជួញដូរមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។