មន្ត្រីសង្គមស៊ីវិលជំរុញទៅគណបក្សនយោបាយដែលគ្រោងជួបជាមួយសហភាពអឺរ៉ុបប្រចាំកម្ពុជា គួរលើកឡើងពីធ្វើកំណែទម្រង់ក្បាលម៉ាស៊ីន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ហាប្រឈមរបស់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពនយោបាយ និងតម្លាភាពនៃការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
មន្ត្រីសង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោត និងគណបក្សនយោបាយលើកឡើងថា ពួកគេមិនសូវមានទំនុកចិត្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចផ្ដល់ការជឿជាក់ ឬជាអាជ្ញាកណ្ដាលដែលអាចផ្ដល់យុត្តិធម៌ដល់គណបក្សនយោបាយគ្រប់គូភាគីបាននោះទេ។ ពួកគេរំពឹងថា សហភាពអឺរ៉ុបប្រចាំកម្ពុជាដែលតែងតែងគាំទ្រដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ធ្វើ យ៉ាងណាមានការកែសម្រួលសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្កើតបរិយាកាសនយោបាយសេរី និងគ្មានការគំរាមកំហែងពលរដ្ឋម្ចាស់ឆ្នោតជាដើម។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថានិចហ្វិច (Nicfec) លោក សំ គន្ធាមី សង្កេតឃើញថា មានបញ្ហាសំខាន់ពីរដែលគណបក្សនយោបាយគួរប្រាប់ទៅសហភាពអឺរ៉ុបក្នុងជំនួបខាងមុខដើម្បីជួយអន្តរាគមន៍។ លោកបន្តថា បញ្ហាទី១នៅមូលដ្ឋាន គឺការងាររបស់គណបក្សនយោបាយដែលអាជ្ញាធរមូលដ្ឋានរំខាន ការបើកសិទ្ធិទូលំទូលាយដល់ពលរដ្ឋម្ចាស់ឆ្នោត។ លោកថា បញ្ហាទី២នៅថ្នាក់ជាតិ គឺធានាសិទ្ធិនយោបាយ កែសម្រួលសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធានាភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោត និងចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការឃ្លាំមើលការបោះឆ្នោត៖ «ស្ថាប័នមួយសំខាន់ណាស់សហភាពអឺរ៉ុប កន្លងមកគាត់ជួយ គ . ជ . ប ដែរតាសហើយគាត់ជួយសង្គមស៊ីវិលដើម្បីឲ្យយើងមានលទ្ធភាពឃ្លាំមើលសង្កេតការណ៍លើការបោះឆ្នោតហ្នឹងឯងទាំងបីដំណាក់កាលដូចខ្ញុំជម្រាបអ៊ីចឹង មុនបោះឆ្នោត បោះឆ្នោត រាប់សន្លឹកឆ្នោតនិងក្រោយ ការបោះឆ្នោត»។
សហភាពអឺរ៉ុបគ្រោងជួបពិភាក្សាជាមួយគណបក្សនយោបាយមួយចំនួន ស្ដីពីការងារបោះឆ្នោត នៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខ នៅទីស្នាក់ការរបស់សហភាពអឺរ៉ុប។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ីនប៉ិច លោក ញឿន រ៉ាដែន ឲ្យដឹងថា គណបក្សលោក បានទទួលលិខិតអញ្ជើញនោះហើយ។
ទោះយ៉ាងណា មកដល់ពេលនេះមានគណបក្សខ្លះបានទទួលលិខិតអញ្ជើញរបស់សហភាពអឺរ៉ុប ប៉ុន្តែក៏មានគណបក្សខ្លះទៀតមិនទាន់ទទួលលិខិតអញ្ជើញនៅឡើយទេ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ថា គណបក្សរបស់លោក មិនទាន់ទទួលបានលិខិតអញ្ជើញនោះទេ។
ស្រដៀងគ្នានេះដែរ ប្រធានស្តីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យដឹងថា គណបក្សលោកមិនទាន់ទទួលបានលិខិតអញ្ជើញពីសហភាពអឺរ៉ុបនៅឡើយទេ ប៉ុន្តែ លោកយល់ថា ជំនួបនោះទំនងសហភាពអឺរ៉ុប ចង់ដឹងពីជំហររបស់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ។ លោកបន្តថា ប្រសិនបើគណបក្សរបស់លោក មានវត្តមានក្នុងជំនួបនោះដែរ លោកនឹងលើកពីបញ្ហាបរិយាកាសនយោបាយមុនការបោះឆ្នោត ការកែសម្រួលស្ថាប័នបោះឆ្នោត និង បញ្ហាមួយចំនួនដែលអាចកើតឡើងក្រោយការបោះឆ្នោត៖ «តាមយើងដឹងពីមុនសហគមន៍អឺរ៉ុប មានប្រទេសជប៉ុន ដែលជាអ្នកជួយច្រើនក្នុងការបោះឆ្នោតហ្នឹងអ៊ីចឹងជាផ្នែកមួយសំខាន់ដែរ ប្រសិនជួយហើយការបោះឆ្នោតហ្នឹងមិនប្រព្រឹត្តិទៅដូចបំណងពួកគាត់ចង់ជួយឲ្យមានលទ្ធិប្រជាធិបតេយ្យឬក៏ការបោះឆ្នោតសេរីយុត្តិធម៌ទេ អាណឹងការជួយហ្នឹងក៏គ្មានន័យដែរ»។
សង្គមស៊ីវិល និងគណបក្សនយោបាយ ថា ការដែលពួកគេមិនទុកចិត្តលើស្ថាប័នបោះឆ្នោតព្រោះថ្នាក់ដឹនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសុទ្ធសឹងកើតចេញពីគណបក្សប្រជាជនកម្ពុជា។
ចំណែកស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ទោះគណបក្សរបស់លោកបានចូលរួមឬមិនបានចូលរួមក្នុងជំនួបជាមួយសហភាពអឺរ៉ុបក្ដី ប៉ុន្តែ លោកចង់ឃើញមានការលើកឡើង ពីទំនុកចិត្តរបស់ពលរដ្ឋ និងអ្នកនយោបាយលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបន្តថាបញ្ហាសំខាន់មួយសមភាពឬសមធម៌ ក្នុងការប្រកួតប្រជែង ព្រោះគណបក្សកាន់អំណាចមានធនធានសព្វបែបយ៉ាងក្នុងការគាបសង្កត់គូប្រកួតប្រជែង៖ «អំណាចហ្នឹងមិនមែនអំណាចធម្មតាទេទាំងអំណាចនយោបាយ ទាំងអំណាចតុលាការយើងឃើញហើយ កន្លងមក អាចប្រើប្រាស់ផ្លូវច្បាប់ដើម្បីគាប់សង្កត់ដូច្នេះយើងឃើញការប្រកួតប្រជែងនេះខ្វះសមធម៌»។
សហភាពអឺរ៉ុបប្រចាំកម្ពុជា នឹងស្ដាប់នូវទុក្ខលំបាក ឬបញ្ហារបស់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។ កិច្ចពិភាក្សានោះក៏មានចូលរួមពីស្ថានទូតរបស់រដ្ឋសមាជិកសហគមន៍-អឺរ៉ុបប្រចាំនៅកម្ពុជា រួមមានបារាំង (France) អាល្លឺម៉ង់ (Germany) ស៊ុយអ៊ែត (Sweden) និងសាធារណរដ្ឋឆែក (Czech Republic) ។
ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការធ្វើអត្ថាធិប្បាយពីអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា បានទេ នៅថ្ងៃទី១៩ ខែកុម្ភៈ។
ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ទោះយ៉ាងណា អ្នកជំនាញកិច្ចការបោះឆ្នោតសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចពេញដៃ មិនបានអើពើដោះស្រាយបញ្ហា ឬបង្កើតបរិយាកាសល្អសម្រាប់ការបោះឆ្នោតខាងមុខនោះទេ ទោះគណបក្សនេះ បានរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រកួតប្រជែងមានកម្លាំងប្រហាក់ប្រហែលចោលទៅហើយក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
