ក្រសួង​ការបរទេស​អាមេរិក៖ អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​រីករាលដាល​ក្នុង​សង្គម​កម្ពុជា​ ​ខណៈ​រដ្ឋាភិបាល​ពុំអើពើ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស

ដោយ មាន ឫទ្ធិ
2021.03.30
ក្រសួង​ការបរទេស​អាមេរិក៖ អំពើ​និទ្ទណ្ឌភាព​នៅតែ​បន្ត​រីករាលដាល​ក្នុង​សង្គម​កម្ពុជា​ ​ខណៈ​រដ្ឋាភិបាល​ពុំអើពើ​នឹង​អំពើ​រំលោភសិទ្ធិ​មនុស្ស រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) ថ្លែង​ក្នុង​ពេល​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​លើកទី៤៥ ស្តីពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២០ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅ​ក្រសួង​ការបរទេស​អាមេរិក។
រូប៖ ហ្វេសប៊ុក​ក្រសួងការបរទេស​អាមេរិក (U.S. Department of State)

ក្រសួង​ការបរទេស​អាមេរិក រកឃើញ​ថា អំពើ​និទ្ទណ្ឌភាព ឬ​ភាពគ្មាន​ទោសពៃរ៍​​​​នៅតែ​បន្ត​កើតមាន​ និង​រីករាលដាល​ក្នុង​សង្គម​កម្ពុជា​ដដែល ខណៈ​​រដ្ឋាភិបាល​បន្ត​រំលោភ និង​​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ការរកឃើញ​នេះ ត្រូវ​ក្រសួង​ការបរទេស​អាមេរិក លើកឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​លើកទី៤៥ របស់​ខ្លួន ស្តីពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ២០២០ ទើប​នឹង​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៣០ ខែមីនា។

ស្រដៀង​គ្នា​ទៅ​នឹង​លើក​មុនៗ​ដែរ ក្រសួង​ការបរទេស​អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ថា មាន​របាយការណ៍​គួរឲ្យ​ជឿទុកចិត្ត​បាន​ ដែលថា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុងនោះ​រួមមាន​ទាំង​មន្ត្រី​នគរបាល​ផង បាន​ប្រព្រឹត្តិ​នូវ​អំពើ​រំលោភ​បំពាន​នានា​ដោយ​មិន​ជាប់​ទោសពៃរ៍​ ហើយ​ករណី​ភាគច្រើន រដ្ឋាភិបាល​ពុំ​បាន​ចាត់​វិធានការ​ទាល់តែសោះ។

ក្រសួង​ការបរទេស​អាមេរិក រក​ឃើញ​ថា ក្នុង​ឆ្នាំ២០២០ កន្លងទៅ មាន​ករណី​រំលោភបំពាន​សិទ្ធិ​មនុស្ស​គួរឲ្យ​កត់សម្គាល់​ ដែល​ប្រព្រឹត្តិ​ដោយ​រដ្ឋាភិបាល ពាក់ព័ន្ធ​ទៅនឹង​ករណី​ធ្វើ​ទារុណកម្ម ការដាក់ទោសទណ្ឌ ការឃុំឃាំង​មនុស្ស​តាម​ទំនើងចិត្ត និង​ការប្រព្រឹត្តិ​ប្រឆាំង​នឹង​អ្នកទោស​នយោបាយ ជាដើម។ កម្ពុជា​នៅតែ​គ្មាន​ប្រព័ន្ធ​តុលាការ​​ឯករាជ្យ មាន​ការជ្រៀតជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​ជីវិត​ឯកជន​របស់​ពលរដ្ឋ តាមរយៈ​ការឈ្លប​យកការណ៍​​ពី​ការប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​មាន​ការ​រឹតត្បិត​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត ជាដើម។ រីឯ សិទ្ធិ​នយោបាយ​វិញ ក៏ត្រូវ​រដ្ឋាភិបាល​រឹតត្បិត​យ៉ាងខ្លាំង ផងដែរ។ ក្រសួង​ការបរទេស​អាមេរិក រកឃើញ​ថា រដ្ឋាភិបាល​កាត់បន្ថយ​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុងការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ទន្ទឹម​នឹងនោះ អំពើពុករលួយ​ក៏​កំពុង​រីក​រាលដាល ជាពិសេស​ក្នុង​ប្រព័ន្ធ​តុលាការ​តែម្តង។

របាយការណ៍​បាន​កត់សម្គាល់​​ថា យ៉ាងហោចណាស់​ក៏​មាន​មួយ​ករណី ​ដែល​រដ្ឋាភិបាល ឬ​ភ្នាក់ងារ​របស់​រដ្ឋាភិបាល បាន​ប្រព្រឹត្តិ​អំពើ​សម្លាប់​មនុស្ស​ក្រៅច្បាប់ ឬ​តាម​ទំនើងចិត្ត។ នោះ​គឺ​ករណី​លោក ទុយ ស្រស់ ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៥នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ហើយ​ដែល​លោក​បាន​ស្លាប់​ក្នុង​ពេល​ឃុំឃាំង កាលពី​ខែមករា ឆ្នាំ២០២០។ ក្រៅពីនោះ របាយការណ៍​ក៏​បាន​លើកឡើង​ពី​ករណី​ដែល​មន្ត្រី​យោធា និង​នគរបាល បាន​បំពាន​លើ​រាងកាយ និង​ផ្លូវចិត្ត ព្រមទាំង​វាយដំ​ធ្ងន់ធ្ងរ​លើ​អ្នកជាប់ឃុំ​ពី​បទឧក្រិដ្ឋ ជាពិសេស​ក្នុង​ពេល​សួរចម្លើយ។ ចំណែក​ករណី​ចាប់ខ្លួន​មនុស្ស​តាម​ទំនើងចិត្ត​វិញ ក្រសួងការបរទេស​អាមេរិក​ថា គិតត្រឹម​ខែ​កក្កដា ឆ្នាំ២០២០ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក បាន​កត់ត្រា​ថា មាន​ករណី​ចាប់ខ្លួន​មនុស្ស​តាម​ទំនើងចិត្ត ចំនួន ១៦ករណី ខណៈ​ករណី​ជាក់ស្តែង​អាច​មាន​លើសពី​នេះ ដោយសារតែ​ជនរងគ្រោះ​ភាគច្រើន​រស់នៅ​តំបន់​ជនបទ ហើយ​ពួកគេ​ពុំ​បាន​ដាក់​ពាក្យប្តឹង។

ក្រសួង​ការបរទេស​អាមេរិក​ រកឃើញ​ថា គិតត្រឹម​ខែសីហា ឆ្នាំ២០២០ អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក បាន​ប៉ាន់ស្មាន​ថា យ៉ាងហោចណាស់​មាន​អ្នកទោស​នយោបាយ ៤០នាក់ ក្នុងនោះ ២៣នាក់​ជា​មន្ត្រី ឬ​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​នេះ សរុប​ជាង ៨០​នាក់​ដែលត្រូវបាន​ចាប់ខ្លួន​កាលពី​ឆ្នាំ២០១៩ កន្លងទៅ ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​វិញ ក៏ប៉ុន្តែ​បទចោទ​ប្រឆាំងនឹង​ពួកគេ​មិន​ត្រូវ​បាន​ទម្លាក់​ចោល​នោះទេ ខណៈ​ពួកគេ​ទាំងនោះ​អាច​ប្រឈម​នឹង​ការចាប់ខ្លួន​វិញ​គ្រប់ពេល។

ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ​ចុងក្រោយ​របស់​ក្រសួង​ការបរទេស​អាមេរិក អំពី​ការបន្ត​ធ្លាក់​ចុះ​ដុនដាប​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​នៅឡើយ​ទេ គិតត្រឹម​យប់ថ្ងៃទី៣០ ខែមីនា។ ក៏ប៉ុន្តែ កន្លងទៅ ទាំង​មន្ត្រី​រដ្ឋាភិបាល និង​ទាំង​មន្ត្រី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល តែង​ច្រាន​ចោល​ការរកឃើញ​នានា​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាជាង​បើក​ការស្រាវជ្រាវ ពួកគេ​តែង​ហៅ​របាយការណ៍​ទាំងនោះ ថា ជា​របាយការណ៍​ដែល​មាន​ចរិត​នយោបាយ មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ដោយ​ពិនិត្យ​មើល​តែ​មួយ​ជ្រុង ខ្វះ​អង្គហេតុ ឬ​អង្គច្បាប់ ឬ​ក៏យក​អំណះអំណាង​ថា​ អ្វី​ដែល​បាន​កើតមាន​នៅ​កម្ពុជា គឺ​ជា​ការ «អនុវត្ត​ច្បាប់» ដើម្បី​រក្សា «សន្តិភាព» ឬ «សណ្ដាប់ធ្នាប់​សាធារណៈ ឬ​សន្តិសុខជាតិ» ជាដើម។

យ៉ាងណា រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) ថ្លែង​ក្នុង​ពេល​ផ្សព្វផ្សាយ​របាយការណ៍​ថា សហរដ្ឋអាមេរិក នឹង​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំងអស់​ដែល​ខ្លួន​មាន​ ដើម្បី​ការពារ​សិទ្ធិមនុស្ស និង​តម្រូវ​ឲ្យ​អ្នកប្រព្រឹត្តិ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ទទួលខុសត្រូវ៖ «លោក​ប្រធានាធិបតី បៃឌិន (Baiden) បាន​ប្តេជ្ញា​ចិត្ត​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​ចំណុច​ស្នូល​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក។ នេះ​ក៏​គឺជា​ការប្តេជ្ញាចិត្ត​ ដែល​ខ្ញុំ​ និង​ក្រសួង​ការបរទេស​ទាំងមូល​ យក​ចិត្ត​ទុកដាក់​ខ្ពស់​បំផុត។ យើង​នឹង​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំងអស់​ដែល​យើង​មាន​នៅ​ក្នុង​ការងារ​ការទូត​របស់​យើង​ ដើម្បី​ការពារ​សិទ្ធិ​មនុស្ស និង​ដើម្បី​ឲ្យ​មាន​ការទទួល​ខុសត្រូវ​ចំពោះ​ជន​ដែល​ប្រព្រឹត្តិ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។ របាយការណ៍​ដែល​យើង​ចេញផ្សាយ​នៅ​ថ្ងៃនេះ គឺ​គ្រាន់តែ​ជា​ផ្នែកមួយ​នៃ​កិច្ចការងារ​ទាំងនេះ។ គោលការណ៍​មួយ​នៃសិទ្ធិ​មនុស្ស គឺថា វា​មាន​តម្លៃជា​សាកល។ មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ទទួលបាន​ការគោរព​សិទ្ធិ​មនុស្ស​ទាំងនេះ មិនថា ពួកគេ​កើតនៅ​ទីណា ជឿលើ​អ្វី ស្រលាញ់​អ្នកណា ឬ​មាន​ចរិត​លក្ខណៈ​ដទៃទៀត យ៉ាងណា​នោះទេ»

លោក អេនថូនី ប្ល៊ីនឃិន បន្តថា របាយការណ៍​ប្រចាំ​ឆ្នាំ២០២០​នេះ ឆ្លុះបញ្ចាំង​ពី​ការពិត និង​បញ្ហា​ប្រឈម​ជាក់លាក់​​ដែល​បណ្ដា​ប្រទេស​នានា​ត្រូវតែ​ដោះស្រាយ ខណៈ​វីរុស​កូវីដ១៩ កំពុង​តែ​រីករាលដាល​ពាសពេញ​ពិភពលោក។ លោក​ថា រដ្ឋាភិបាល​មួយ​ចំនួន​បាន​ប្រើប្រាស់​វិបត្តិ​នេះ ធ្វើ​ជាលេស​​ក្នុងការ​រឹតត្បិត​សិទ្ធិ និង​ពង្រឹង​អំណាច​ផ្ដាច់ការ​របស់​ពួកគេ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ គូសបញ្ជាក់​ថា សិទ្ធិមនុស្ស​គឺជា​កាតព្វកិច្ច​ពាក់ព័ន្ធ​គ្នា​ជារួម និង​ថា ការដកហូត​សិទ្ធិ​ណា​មួយ អាច​បណ្ដាល​ឲ្យ​សង្គម​ទាំងមូល​​រងនូវ​ការប៉ះពាល់ ឬខូចខាត។ លោក​សង្កត់ធ្ងន់​ថា អំពើ​រំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​តែ​កើតមាន​ឡើង​ទាំងនេះ បង្ក​ឲ្យ​មាន​ផល​ខូចខាត​​មិន​អាច​រៀបរាប់​បាន ពោលគឺ​ហួស​ពី​ព្រំដែន​ជាក់លាក់​របស់​ប្រទេស​នីមួយៗ​ទៅទៀត។ លោក​ព្រមាន​ថា អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កន្លែង​ណាមួយ ដែល​គ្មាន​ការត្រួត​ពិនិត្យ អាច​រួមចំណែក​នាំ​ឲ្យ​កើតមាន​អំពើ​និទ្ទណ្ឌភាព​នៅ​គ្រប់​ទីកន្លែង​បាន។

ការរកឃើញ​របស់​ក្រសួង​ការបរទេស​អាមេរិក អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ មិន​ខុសគ្នា​​​ពីការ​រកឃើញ​របស់​គណៈកម្មការ​អឺរ៉ុប មុន​នឹង​ឈាន​ទៅ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ២០% កាលពី​ពេល​កន្លងទៅ ដែល​ថា មាន​ការរំលោភ​សិទ្ធិ​មនុស្ស «ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ» នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។